Friday, January 14, 2011

1/15 Koh Santepheap Daily

     
    Koh Santepheap Daily    
   
ហ៊ុន ហ៊ាន អតីតស្នងការប៉ូលិស ត្រូវបានចាប់បញ្ជូនទៅឃុំខ្លួន​នៅខេត្តសៀមរាប
January 14, 2011 at 6:27 PM
 
ហ៊ុន ហ៊ាន ត្រូវបានបញ្ជូនទៅឃុំខ្លួន​នៅខេត្តសៀមរាប

ខេត្ដបន្ទាយមានជ័យ ៖ តាម​ប្រភព​ព័ត៌​មាន​ក្រៅ​ផ្លូវ​ការ​នៅ​ឡើយ​​​ឱ្យ​ដឹង​ថា មន្ត្រី​ប៉ូលិស​​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​​បន្ទាយ​មានជ័យ​ម្នាក់​ទៀត​ត្រូវ​បាន​ឃាត់​ខ្លួន​​​នៅ​ថ្ងៃ​ទី​១៤ មករា គឺលោក​អនុសេនីយ៍​ទោ​ ទី ណាស៊ី ដែល​មាន​តួនាទី​ជា​ប្រធាន​​​​ផ្នែក​រដ្ឋ​បាល​ការិយា​ល័យ​​ប្រឆាំង​គ្រឿង​ញៀន​។ ទាក់ទិននឹង​ការ​ឃាត់​ខ្លួន​​មន្ត្រី​ប៉ូលិស​ម្នាក់​ទៀត​​​​​​នេះ​ មិន​​ត្រូវ​បាន​មន្ត្រី​​ផ្លូវ​ការ​ណាមួយ​​អះអាង​​​ដឹង​​ទេ ​ហើយ​ជុំវិញ​​ការ​ឃាត់​ខ្លួន​មន្ត្រី​រូបនេះ​ក៏​មិន​ដឹង​ថា មានការ​​ទាក់​ទិននឹង​សំណុំ​រឿង​គ្រឿង​ញៀន​ដ៏​ធំ​ដែល​អតីត​ស្នង​ការ​​លោក​ហ៊ុន ​ហ៊ាន និង​ស្នង​ការ​រង​លោក​ឈៀង សុន កំពុង​ត្រូវ​​ទទួល​​នូវ​ដំណើរ​​​ការ​ស៊ើប​​អង្កេត​នោះទេ ។

ប្រភព​ព័ត៌​មាន​ទាក់​ទិន​នឹង​អតីត​ស្នង​ការ​-​ស្នង​ការរង​​ប៉ូលិស​ខេត្ត​បន្ទាយ​មានជ័យ​នេះ​ បាន​ឱ្យ​ដឹង​ថា នៅ​ថ្ងៃទី​១៤ មករា អស់​លោក​​ទាំង​២​ត្រូវ​បាន​នាំខ្លួន​ពី​អង្គ​ភាព​ប្រឆាំង​​​អំពើ​ពុក​រលួយ​ទៅ​កាន់​​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​​ ហើយ​បើ​តាម​ប្រភព​ថា លោកទាំង​២​ក៏​ត្រូវ​បាន​លោក​ស្រី ​គង់ កួយ អនុ​ប្រធាន​​សាលា​​ដំបូង​ចេញដីកា​​ឃុំ​ខ្លួន​នៅពន្ធ​នាគារ​​ខេត្ត​សៀម​រាប​​។ នេះ​ជា​អ្នក​ទី២​និងទី៣​ហើយ​ដែល​អតីត​មន្ត្រី​ប៉ូលិស​​ខេត្ត​បន្ទាយ​មានជ័័យ​​​ត្រូវ​បាន​​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​​នៅពន្ធ​នាគារ​ខេត្ត​សៀម​រាប​ដែល​ជន​ទី​១​គឺ​លោក​នួន វណ្ណា អតីត​ប្រធាន​ពន្ធនា​គារ​ខេត្ត​បន្ទាយ​​មាន​ជ័យ។ ការ​សំរេច​ឱ្យ​ឃុំ​ខ្លួន​នៅ​ពន្ធនា​គារ​ខេត្ត​សៀម​រាប​នេះ គឺ​ដើម្បី​រក្សា​សុវត្ថិ​ភាព​ដល់​ពិរុទ្ធ​ដែល​មាន​អំណាច​​ខាង​ចាប់​ចង​ទាំង​នេះ​​ឱ្យ​គេច​ផុត​ពី​ការ​ប្រឈម​មុខ​​នឹង​ក្រុម​អ្នក​ទោស​ដែល​អាច​មាន​កំហឹង​ជាយថា​ហេតុ។ ការ​ព្យាយាម​ធ្វើ​ការ​សាក​សួរ​ទៅ​កាន់​មន្ត្រី​តុលា​ការ​ខេត្ត​សៀម​រាប-​ឧត្តរ​មាន​ជ័យ និង​មន្ត្រី​ពន្ធនា​គារ​ខេត្ត​សៀម​រាប ត្រូវ​បាន​ទទួល​ការ​បំភ្លឺ​ថា មិន​បាន​ដឹង​ថា អតីត​ស្នង​ការ​-​ស្នង​ការ​រង​ខេត្ត​​បន្ទាយ​មាន​ជ័យ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ខេត្ត​សៀម​រាប​ទេ។ មន្ត្រី​នានា​ដែល​បាន​សាក​សួរ​ពី​ដំណើរ​ការ​នៃ​នីតិ​វិធី​ចុង​​ក្រោយ​នេះ​ មិន​ត្រូវ​បាន​លំអិត​ឱ្យ​ដឹង​ជា​ផ្លូវ​ការ​នោះ​​ឡើយ។

ចំណែក​លោក​ម៉ឹក ដារ៉ា អតីត​ប្រធាន​មន្ទីរ​​ប្រឆាំង​គ្រឿង​ញៀន​នៃ​ក្រសួង​មហា​ផ្ទៃ​ និង​មន្ត្រី​ក្រោម​ឱវាទ​ម្នាក់​គឺ​លោក​ជា ​ឡេង តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា ត្រូវ​បាន​​បញ្ជូន​ទៅ​កាន់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​ហើយ​កាល​ពី​ថ្ងៃ​ទី​១៤ មករា។ មាន​ការ​កត់​សំគាល់​ថា បន្ទាប់​ពី​មាន​ការ​ឃាត់​ខ្លួន​មន្ត្រី​ប៉ូលិស​ថ្នាក់​ខ្ពស់​ជា​បន្ត​បន្ទាប់​ដែល​ទំនង​ជា​ទាក់​ទិន​​នឹង​សំណុំ​រឿង​គ្រឿង​ញៀន​ រហូត​មក​ដល់​ថ្ងៃ​ទី​១៤ មករា មន្ត្រី​ក្រសួង​មហា​​ផ្ទៃ​ក៏​ដូច​ជា​មន្ត្រី​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ មិន​បាន​ផ្តល់​ព័ត៌​មាន​ផ្លូវ​ការ​ណា​មួយ​ពាក់​ព័ន្ធ​នឹង​ការ​ឃាត់​ខ្លួន​ទាំង​នេះ​ទេ ដោយ​បាន​សំអាងថា កំពុង​មាន​ការ​ស៊ើប​អង្កេត​ និង​សាក​សួរ​មិន​អាច​ផ្តល់​ព័ត៌​មាន​លំអិត​ណា​មួយ​បាន​ទេ ​ ព្រោះ​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត។ លោក​​តន់ សីហ​តេជៈ ព្រះ​រាជ​អាជ្ញា​អម​​សាលា​ដំបូង​​ខេត្ត​បន្ទាយ​មាន​​ជ័យ ត្រូវ​បាន​ព្រឹត្តិ​បត្រ​ព័ត៌​មាន​​ដក​ស្រង់​ប្រសាសន៍​ថា លោក​ហ៊ុន ហ៊ាន និង​លោក​ឈៀង សុន ​ត្រូវ​បញ្ជូន​មក​តុលា​ការ​​នៅ​ថ្ងៃ​នេះ (១៤ មករា)។ លោក​តន់ សីហ​តេជៈ ត្រូវ​បាន​ដក​ស្រង់​សំដី​បន្ត​ថា សំណុំ​រឿង​នេះ​ត្រូវ​តែ​បញ្ជូន​មក​តុលា​ការ​មិន​ឱ្យ​ហួស​ថ្ងៃ​នេះ​ទេ ពី​ព្រោះ​អង្គ​ភាព​​ប្រឆាំង​អំពើ​ពុក​រលួយ​អាច​ឃុំ​ខ្លួន​ពួក​គេ​បាន​ត្រឹម​តែ​រយៈ​ពេល​៤៨​ម៉ោង​​ប៉ុណ្ណោះ៕

   
   
នាយ​កុយពិតជាសោក​ស្តាយ​ទ្រព្យ​សម្បត្តិដែល​រកបានដោយញើស​ឈាមផ្វាល់ ​ប៉ុន្តែមិន​ប៉ះ​ពាល់​
January 14, 2011 at 6:09 PM
 
តារា​កំប្លែង​​ដ៏​មាន​ប្រជា​ប្រិយ​ភាព​​ម្នាក់​ប្រចាំ​ព្រះ​រាជា​ណាចក្រ​កម្ពុជា គឺ​លោក​ជួង ជី ហៅ​នាយ​កុយ

ខេត្ត​​សៀម​រាប ៖ តារា​កំប្លែង​​ដ៏​មាន​ប្រជា​ប្រិយ​ភាព​​ម្នាក់​ប្រចាំ​ព្រះ​រាជា​ណាចក្រ​កម្ពុជា គឺ​លោក​ជួង ជី ហៅ​នាយ​កុយ ដែល​បាន​ជួប​គ្រោះ​អកុសល​​ត្រូវ​ចោរ​ប្លន់​យក​គ្រឿង​អលង្ការ​អស់​ពី​ខ្លួន​មាន​តំលៃ​ជាង​៣​ម៉ឺន​ដុល្លារ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៣ មករា នោះ​បាន​ថ្លែង​ថា លោក​មាន​ការ​សោក​ស្តាយ​បំផុត​ចំពោះ​ទ្រព្យ​សម្បត្តិ​ដែល​បាន​មក​ដោយ​កម្លាំង​ញើស​ឈាម​របស់​លោក​ដែល​បាត់​បង់ ប៉ុន្តែ​ទោះ​ជា​បែប​ណា មិន​ប៉ះ​ពាល់​ដល់​អាជីព​កំប្លែង​របស់​លោក​ទេ។
តារា​កំប្លែង​រូប​នោះ​បាន​​និយាយ​បែប​នេះ​នៅ​ក្នុង​បទ​សំភាសន៍​ដាច់​ដោយ​ឡែក​​មួយ ​ជា​មួយ​អ្នក​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព ​នៅ​គ្រា​ដែល​រូប​លោក​​ទៅ​សំដែង​ក្នុង​កម្ម​វិធី​មួយ ​រៀបចំ​​ឡើង​ដោយ​ក្រុម​ហ៊ុន​បារី​លុច​សារី នៅ​ឯ​ក្រុង​សៀម​រាប កាល​ពី​រាត្រី​ថ្ងៃ​ទី​១៣ មករា គឺ​នៅ​ក្រោយ​ពេល​ប៉ុន្មាន​ម៉ោង​តែ​ប៉ុណ្ណោះ​ដែល​រូប​លោក​ត្រូវ​បាន​​ចោរ​ដៃ​ឆើត​មួយ​ក្រុម​​ភ្ជង់​ប្លន់​នៅ​មុខ​យាន​ដ្ឋាន​មួយ​នា​រាជ​ធានី​ភ្នំពេញ។

​នាយ​កុយ​ មើល​ទៅ​ហាក់​ដូច​ជា​មាន​សភាព​ក្រៀម​ក្រំ​ចិត្ត​បន្តិច​មែន ប៉ុន្តែ​នៅ​លើ​ឆាក​រូប​​លោក​បាន​ប្រឹង​ប្រកាន់​ជំហរ​ដូច​ជា​ពុំ​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​រូប​លោក​សោះ ដោយ​បាន​ប្រឹង​សំដែង​ ជា​មួយ​ក្រុម​សំដែង​របស់​លោក​​អស់​ពី​ចិត្ត ធ្វើ​ឱ្យ​ទស្ស​និក​ជន​ដែល​ឈរ​យ៉ាង​កុះ​ករ​នៅ​ពី​មុខ​ឆាក​សំដែង​ ទប់​សំណើច​មិន​បាន​គ្រប់​ៗ​គ្នា ហើយ​ក៏​ពុំ​បាន​ដឹង​ថា លោក​កុយ​មាន​រឿង​គួរ​ឱ្យ​​អាសូរ​បែប​នេះ​ឡើយ។ ឆ្លើយ​ចំពោះ​សំនួរ​ដែល​សួរ​ថា តើ​អាច​មាន​ការ​ប៉ះ​ពាល់​ដល់​ការ​សំដែង​របស់​លោក​ដែរ​ឬ​យ៉ាង​ណា​ នៅ​ពេល​ដែល​​លោក​បាន​ជួប​ហេតុ​ការណ៍​អកុ​សល​ចោរ​ប្លន់​បែប​ហ្នឹង? តារា​កំប្លែង​នាយ​កុយ​បាន​ឆ្លើយ​ដោយ​ផ្តើម​នូវ​សំណើច​មួយ​ បែប​បង្ខំ​ថា "ខ្ញុំ​នៅ​តែ​មាន​ទឹក​ចិត្ត​សំដែង​ជូន​មហា​ជន​ដដែល ព្រោះ​ទ្រព្យ​សម្បត្តិ​ដែល​បាត់​បង់​ទាំង​អស់​ហ្នឹង​វា​ពិត​ណាស់​ បាន​មក​ពី​កម្លាំង​ញើស​ឈាម​របស់​​ខ្ញុំ​មែន ​ប៉ុន្តែ​វា​កើត​​ក្រោយ​ទេ មិន​អាច​ប្រដូច​ទៅ​នឹង​កិត្តិ​យស​ដែល​ខ្ញុំ​ប្រឹង​ប្រែង​តស៊ូ​ដោយ​លំបាក​ជាង​៣០​​ឆ្នាំ​មក​នេះ​ទេ ដូច្នេះ​ខ្ញុំ​មិន​បណ្តោយ​ឱ្យ​អាជីព​វា​បាត់​បង់​ងាយ​ៗ​ទៅ​បាន​ទេ។ ផ្ទុយ​ទៅ​វិញ​ខ្ញុំ​នឹង​ប្រឹង​ប្រែង​សំដែង​ឱ្យ​កាន់​តែ​ល្អ​ជាង​មុន ដូច​ឃើញ​ស្រាប់​ហើយ យប់​​នេះ​ខ្ញុំ​នៅ​តែ​ឡើង​ឆាក​សំដែង ហើយ​មហា​ជន​នៅ​តែ​គាំទ្រ​រូប​ខ្ញុំ​ដដែល"។

សូម​បញ្ជាក់​ថា តារា​កំប្លែង​រូប​នេះ​ត្រូវ​បាន​ក្រុម​ចោរ​ដែល​មាន​គ្នា​ប្រមាណ​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ម៉ាក​ហុង​ដា​ពណ៌​ខ្មៅ ប្រដាប់​ដោយ​កាំភ្លើង​ខ្លី​ធ្វើ​សកម្ម​ភាព​ភ្ជង់​ប្លន់​កាល​ពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ត្រង់ ​ថ្ងៃ​ទី​១៣ មករា នៅ​ក្នុង​យាន​ដ្ឋាន​ជួស​ជុល​រថយន្ត​យីហោ «សុខ ចំរើន» ស្ថិត​នៅ​តាម​ផ្លូវ​លេខ​១៨៦ សង្កាត់​ទឹក​ល្អក់​ទី​៣ ខណ្ឌ​ទួល​គោក ខណៈ​ពេល​ដែល​តារា​កំប្លែង​រូប​នេះ​​នៅ​ក្នុង​យាន​ដ្ឋាន​ដើម្បី​​មើល​ជាង​បាញ់​ថ្នាំ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់​ដាយ​របស់​​លោក​មួយ​គ្រឿង​ទៀត មុន​ពេល​លោក​ធ្វើ​ដំណើរ​​​ទៅ​សំដែង​នៅ​ខេត្ត​សៀម​រាប​តាម​ការ​អញ្ជើញ​របស់​ក្រុម​ហ៊ុន​បារី​លុច​សារី។

នាយ​កុយ​បាន​ប្រាប់​ពី​ហេតុ​ការណ៍​នោះ​ថា នៅ​ពេល​ដែល​ចោរ​ភ្ជង់​រូប​លោក​ដោយ​កាំភ្លើង​ គឺ​មាន​ការ​ភ័យ​ខ្លាំង​ណាស់ ហើយ​​លោក​បាន​ប្រាប់​ទៅ​ចោរ​ថា «កុំ​បាញ់​ចង់​យក​អ្វី​​យក​ទៅ​... សុំ​តែ​ទុក​ជីវិត​​បាន​ហើយ...»។ រួច​​លោក​ក៏​ដោះ​គ្រឿង​អលង្ការ​​មាន​នាឡិកា​ ​ខ្សែ​.ក ខ្សែ​ដៃ រួម​ទាំង​​ចិញ្ចៀន​២​វង់​មាន​ដាំ​ពេជ្រ​ទៅ​ឱ្យ​ក្រុម​ចោរ​ទាំង​អស់ ហើយ​ពួក​វា​ក៏​គេច​ខ្លួន​បាត់​ទៅ។ លោក​​កុយ​បញ្ជាក់​ថា «ទ្រព្យ​សម្បត្តិ​ដែល​ក្រុម​ចោរ​ប្លន់​ទៅ​​ដោយ​សុវត្ថិ​ភាព​នោះ​ បើ​សរុប​ជា​ទឹក​ប្រាក់​មាន​ចំនួន​ជាង​៣​ម៉ឺន​ដុល្លារ​អាមេរិក​ ដែល​វា​បាន​មក​ពី​ការ​សន្សំ​ដោយ​កម្លាំង​ញើស​ឈាម​របស់​ខ្ញុំ​ផ្ទាល់ គ្មាន​អំពើ​កេង​​ប្រវ័ញ្ចបង​ប្អូន​ណា​ម្នាក់​ទេ ខ្ញុំ​ស្តាយ​ណាស់​ តែ​អាយុ​ជីវិត​វា​សំខាន់​ជាង​អ្វី​ៗ​ទាំង​អស់»។ ស្ថិត​នៅ​ក្នុង​សភាព​ក្រៀម​​ក្រំ តារា​កំប្លែង​រូប​នេះ​បន្ត​ថា «ទង្វើ​របស់​ក្រុម​លោក​ចោរ​វា​ជ្រុល​ពេកហើយ​ ដែល​ប្លន់​មិន​រើស​មុខ សូម្បី​តែ​រូប​ខ្ញុំ​ជា​សិល្ប​ករ​​ធ្លាប់​បំរើ​មហា​ជន​ឱ្យ​មាន​អារម្មណ៍​សើច​ក្អាក​ក្អាយ​អស់​រយៈ​ពេល​ច្រើន​​ឆ្នាំ​មក​ហើយ​ក៏​​វា​ពុំ​មាន​ការ​លើក​លែង។ ក្នុង​ជីវិត​របស់​ខ្ញុំ​នេះ​បាន​សាង​កុសល​ច្រើន​ណាស់ គឺ​ខ្ញុំ​តែង​តែ​អាណិត​អាសូរ និង​ជួយ​ឧបត្ថម្ភ​ចំពោះ​ជន​ក្រីក្រ​ ចុះ​ហេតុ​អ្វី​ហេតុ​ការណ៍​អកុ​សល​នេះ​ធ្លាក់​មក​លើ​រូប​ខ្ញុំ​ទៅ​វិញ? អស់​លោក​ចោរ​អើយ​... ល្មម​ចេះ​ភ្ញាក់​ខ្លួន​ឈប់​ដើរ​ផ្លូវ​ខុស ងាក​មក​សាង​អំពើ​ល្អ​នឹង​គេ​វិញ​ទៅ​ដើម្បី​សន្សំ​កុសល​សំរាប់​ថ្ងៃ​ក្រោយ»៕

   
   
កិច្ចប្រជុំ​​ទេសចរណ៍​អាស៊ាននៅរាជ​ធានី​ភ្នំពេញ​​នឹងធ្វើយ៉ាង​​ណា​ឱ្យ​តំបន់អាស៊ាន​​​ក្�
January 14, 2011 at 6:00 PM
 

រាជធានីភ្នំពេញ ៖ ថ្ងៃ​ស្អែក​ទី​១៥ មករា​ ២០១១ ​រាជធានីភ្នំពេញនឹង​ទទួល​ធ្វើជា​ម្ចាស់​ផ្ទះ​បើក​កិច្ចប្រជុំរដ្ឋ​មន្ត្រី​​ទេសចរណ៍​​អាស៊ាន ​ដើម្បី​ជំរុញ​​វិស័យនេះ​ឱ្យក្លាយ​​ជា​កំលាំង​ចលករ​ដ៏ខ្លាំង​​ក្លាថែមទៀត ​ក្នុងការ​ស្វែង​រក​​ប្រាក់​ចំណូល​​សេដ្ឋ​កិច្ច​ និងអភិវឌ្ឍន៍​​​ប្រទេស​ជាតិ ។​ អគ្គ​នាយក​​ក្រសួង​​ទេសចរណ៍​​លោកទិត្យ ​ចន្ថា ​បាន​មាន​ប្រសាសន៍​​ឱ្យ​ដឹង​​កាលពីល្ងាច​ថ្ងៃ​ទី​​១៤ មករា ២០១១ នេះ​ថា កិច្ចប្រជុំ​​ថ្នាក់​​រដ្ឋ​មន្ត្រី​​​ក្រសួងទេសចរណ៍​​អាស៊ាន​នឹង​ចាប់​ផ្តើម​​ពីថ្ងៃទី​​១៥ ​ដល់​​​២១ មករា ​២០១១ ​នៅរាជធានីភ្នំពេញ​​​ដែល​នឹង​ជ្រើសរើស​​​យក​សណ្ឋាគារ​ជាច្រើន​​ ជា​ពិសេស​​​ទីក្រុងកោះពេជ្រ​​ធ្វើជា​ទីតាំង​ប្រជុំ ។ រដ្ឋ​មន្ត្រី​​​ទេសចរណ៍​​​អាស៊ាន​​នឹង​លើក​​​យក​ប្រធាន​​បទ​សំខាន់​​ៗ​ជា​ច្រើន​​ទាក់ទិន​នឹង​វិស័យ​​ទេសចរណ៍​​​គឺ​ធ្វើ​យ៉ាង​ណា​កែលំអ​ប្រព័ន្ធ​​​អេកូ​ទេសចរណ៍​​ក្នុង​បណ្តា​ប្រទេស​​អាស៊ានទាំងអស់​​ឱ្យ​មានការ​ទាក់​ទាញ និង​ស​ន្ទុះ​កាន់តែ​ខ្លាំង​ក្លា​​លើ​កំណើនទេស​ចរ​... ជាពិសេស​​ធ្វើយ៉ាង​ណា​ឱ្យអាស៊ាន​​ក្លាយ​​ជា​គោលដៅ​​ទេសចរណ៍​របស់ពិភពលោក មិន​​​ចាញ់អឺរ៉ុប​​ និង​ទ្វីប​ដទៃទៀត ។​

កិច្ចប្រជុំនេះ​​នឹង​លើកឡើង​​ផងដែរ ​ពីការ​ត​ភ្ជាប់​​​បណ្តាញ​​ធ្វើដំណើរ​​ទាំង​ផ្លូវគោក ​អាកាស និង​ទឹគ ពោលគឺ​​នឹងធ្វើ​ការតភ្ជាប់​​គ្រប់​​​មធ្យោ​បាយ​​ទាំងអស់ ដើម្បី​​ឱ្យ​វិស័យ​ទេស​ចរណ៍​អាស៊ាន​​​​ចាប់​ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៥ ក្លាយ​​ជា​គោល​ដៅ​​ទេសចរណ៍ដ៏​​ពិសេស​​របស់​មនុស្ស​​​​ក្នុង​ពិភព​លោក ។ ​​ដល់ពេល​នោះ​ទេសចរណ៍​នឹង​ក្លាយ​​ជា​ចលករ​​ផ្តល់​​អត្ថ​ប្រយោជន៍​​ប្រាក់ចំណូល​​សេដ្ឋ​កិច្ច​​ដល់ប្រទេស​ជាតិ​ដ៏​សំខាន់​បំផុត កាត់បន្ថយ​​ភាព​ក្រី​​ក្រ​ ជំរុញ​​​ការអភិវឌ្ឍន៍​​ប្រទេស​ជាតិ​នីមួយៗ​ឱ្យ​​​កាន់តែ​មានភាពជឿនលឿន​​ទៅមុខ ។ សូម​​បញ្ជាក់​ថា នៅថ្ងៃទី​​១៨ មករា ​សម្តេច​អគ្គមហាសេនាបតីតេជោហ៊ុន សែន ​​នឹង​អញ្ជើញ​​​ចូល​រួម​ជា​អធិបតី​ក្នុងកិច្ចប្រជុំ​នោះ​ផងដែរ ​ដើម្បី​​ផ្តល់​​អនុ​សាសន៍​​លើវិស័យ​​ទេសចរណ៍​​សំរាប់​បណ្តា​​ប្រទេស​​អាស៊ាន​ទាំងអស់ ។ ​បច្ចុប្បន្ន​​វិស័យ​ទេសចរណ៍​​​ជា​វិស័យ​​សំខាន់មួយ​រកប្រាក់​​ចំណូល​​សំរាប់​​សេដ្ឋកិច្ច​​​ជាតិ​លំដាប់ទី​២ និង​ផ្តល់​​ការងារ​កំលាំង​​ពលកម្ម​​ប្រមាណ​​៤០​ម៉ឺន​នាក់ ៕​

   
   
គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ​រុះរើ​ផ្ទះ​លួច​សង់​ថ្មី​លើ​ដី​បឹងកក់
January 14, 2011 at 5:41 PM
 
​
​
​
​
​
​

រាជធានីភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃទី​១៤ មករា កំលាំង​ចំរុះ​​របស់​គណៈ​​បញ្ជាការ​​ឯកភាព​​ខណ្ឌ​ដូនពេញ​​ ដឹកនាំ​ដោយ​លោក​សុខ ពេញ​វុធ ​​អភិបាល​​រង​ខណ្ឌ​ បាន​ចុះ​ទៅរុះរើ​ផ្ទះ​​លួច​​សង់​ថ្មី​លើ​ដី​បឹងកក់ ​ដែល​​​រាជរដ្ឋា​ភិបាល​កំពុង​រៀបចំ​គំរោង​​អភិវឌ្ឍន៍​ ។ ការចុះទៅ​​​រុះរើ​​​ផ្ទះ​លួច​សង់​ថ្មី​​​នេះ ត្រូវ​បាន​លោក​សុខ ពេញវុធ​ ​ឱ្យដឹង​ថា ​យោង​តាម​លិខិត​ជូន​​ដំណឹង​​​របស់​សាលា​ខណ្ឌ​​ដូនពេញ​ជាច្រើន​លើក និង​អនុវត្ត​តាម​​សេចក្តី​ប្រកាស​​របស់​សាលា​រាជធានីភ្នំពេញ និង​តាម​ការ​ស្នើ​​សុំ​របស់​​​មេធាវី​ ដើម្បី​សហការ​រុះ​រើ​បន្ទប់​​ និង​ផ្ទះ​​លបលួច​សង់​ថ្មី​បន្ថែម​ខុស​ប្រក្រតី​​ ក្រោយ​ពី​​ការ​អង្កេត​រួម​ជាផ្លូវ​ការ​លើ​ដី​អភិវឌ្ឍន៍​បឹងកក់​នេះ ។

លោក​អភិបាល​​រង​ខណ្ឌ​បញ្ជាក់​ថា ក្រោយ​ពី​មាន​ការ​អង្កេត​លើ​ចំនួន​​ផ្ទះ​ប្រជាពលរដ្ឋ​ស្នាក់​នៅ​​ពិត​ប្រាកដ​ហើយ​ ថ្មីៗ​នេះ​ស្ត្រី​ឈ្មោះ​​ផេង ភីរ៉ានី ​ស្នាក់​នៅ​ផ្ទះ​គ្មាន​​លេខ ភូមិ​៤ សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ​ បាន​​​លប​លួច​សង់​ផ្ទះ​បន្ថែម​ធ្វើ​អំពីឈើ​ប្រក់​ស័ង្កសី​ដែល​មាន​​ចំនួន​១៩​បន្ទប់​​ និង​បាន​​ជួល​​ទៅ​ឱ្យ​​អ្នក​​ដទៃ​ ព្រមទាំង​​សាច់ញាតិ​របស់​ខ្លួន​ ជាការ​បំភាន់​ការ​ដោះ​ស្រាយ​គោល​នយោ​បាយ​​តំបន់​អភិវឌ្ឍន៍​បឹងកក់ ។ សកម្មភាព​នេះ​ល្មើស​ទៅ​នឹង​ខ្លឹម​សារ​នៃ​លិខិត​ជូន​ដំណឹង​​​របស់់​រាជ​រដ្ឋា​ភិបាល​ និង​សាលា​រាជធានី​ភ្នំពេញ​​ទាំង​ស្រុង ហើយ​សាមីខ្លួន​នៅតែ​មានះ​រឹងរូស​​មិនព្រម​ធ្វើ​ការ​រុះរើ​ដោយ​ស្ម័គ្រ​​ចិត្ត​ទេ ។ 

ដូច្នេះ​​ដើម្បី​​ធានា​បាន​​នូវ​ប្រសិទ្ធភាព​​និង​ការ​អនុវត្ត​​លិខិត​លេខ​១២០០​ ស.ជ.ណ ចុះ​ថ្ងៃទី​​១៥ កញ្ញា​ ២០០៨ របស់​ទីស្តីការ​ណៈរដ្ឋ​មន្ត្រី​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​ សាលា​ខណ្ឌ​ដូនពេញ​ដែល​មាន​លោក​​សុខ សម្បត្តិ​ ជាអភិបាលខណ្ឌ​​និងជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ បាន​ចាត់​តាំង​រូប​លោកឱ្យ​បង្កើត​គណៈ​កម្មការមួយ​ដែល​​រួមមាន​សមត្ថកិច្ច​ចំរុះធ្វើ​កិច្ច​ការ​នេះ ។ នៅ​ព្រឹក​នោះ ​កំលាំង​ចំរុះ​មានការ​ប៉ះទង្គិច​គ្នា​ជា​ពាក្យ​​សំដី​​មួយ​ប្រាវ​​ដែរ ព្រោះ​​ភាគី​ខាង​អ្នក​ស្រីផេង ​ភីរ៉ានី​ ​បាន​រារាំង​​មិន​ចង់​ឱ្យ​​គណៈ​កម្មការ​រុះ​រើ​ផ្ទះ និង​បន្ទប់​​ដែល​អ្នក​ស្រី​លប​លួច​សង់​ថ្មីនោះ​ ​។ ​

មាន​ប្រភព​​ព័ត៌​មាន​អះ​អាងថា កន្លងមក​ក្រុម​ហ៊ុន​ស៊ូកាកូ​​អ៊ីន ក៏​ដូច​ជា​សាលា​រាជ​ធានីភ្នំពេញ​​​ដែរ​ បាន​ឧបត្ថម្ភ​​ប្រាក់​​ជា​គោលនយោបាយទៅ​​អ្នក​ស្រី​ផេង ភី​រ៉ានី ចំនួន៣ម៉ឺន​ដុល្លារ​រួច​ហើយ ដើម្បី​ឱ្យ​អ្នក​ស្រី​ចា​ក​ចេញ​ពីតំបន់​អភិវឌ្ឍន៍​​​នេះ​ទៅ​កសាង​ជីវិត​ថ្មី ។ ប្រាក់​ចំនួន​៣ម៉ឺន​ដុល្លារ​នោះគឺ​ ក្រុម​ហ៊ុន​ស៊ូកាកូ​​អ៊ីន​ជួយ​២ម៉ឺនដុល្លារ​​​​​ និង​សាលា​រាជធានីភ្នំពេញ​១ម៉ឺន​ដុល្លារ​ ​ដូច្នេះ​​មិន​មែន​សាលា​រាជ​ធានី និង​ក្រុម​ហ៊ុន​មិនបាន​គិត​គូរ​ដល់អ្នកស្រី​ផេង ភីរ៉ានី​នោះឡើយ ។
លោក​សុខ​​ ពេញវុធ ​បាន​ទទូច​​ និង​សំណូម​ពរ​ដល់​ប្រជា​ពលរដ្ឋ​ដែលស្នាក់នៅបណ្តោះ​អាសន្ន​លើដី​បឹងកក់​​ទាំង​អស់​ មេត្តា​យោគ​យល់​តាម​ការ​ដោះ​ស្រាយ​គោលនយោ​បាយ​រវាង​សាលា​រាជ​ធានី និង​បងប្អូន​ផង ។ ​ពេលនេះ​បងប្អូន​បាន​ដឹង​ហើយថា ​​រាជ​រដ្ឋា​​ភិបាល​បាន​ប្រគល់​តំបន់​​បឹងកក់​ទៅឱ្យ​​ក្រុម​ហ៊ុន​​ស៊ូកាកូ​​អ៊ីន​អភិវឌ្ឍន៍​ ហើយ​សាលា​រាជធានី​មិនឱ្យ​បងប្អូន​ចាកចេញ​ទៅ​ដោយខ្លួន​ទទេ​នោះឡើយ​ ​គឺបាន​ឧបត្ថម្ភ​ជា​ប្រាក់​គោលនយោ​បាយ​គ្រប់ៗ​គ្នាតាម​ការ​ព្រមព្រៀង ៕

   
   
បំបែក​សំបុក​ចែក​ចាយ​ និង​ប្រើ​ប្រាស់​គ្រឿងញៀន​នៅ​ជ្រៃ​ធំ
January 14, 2011 at 5:29 PM
 
បំបែក​សំបុក​ចែក​ចាយ​ និង​ប្រើ​ប្រាស់​គ្រឿងញៀន​នៅ​ជ្រៃ​ធំ
កំលាំង​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​​ ដឹក​នាំ​ដោយ​លោក​វរ​សេនីយ៍​ឯក​ លន់ សុផាត ស្នង​ការ​​រង​នគរ​បាល​ខេត្ត

ខេត្ត​កណ្តាល ៖ កំលាំង​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​​ ដឹក​នាំ​ដោយ​លោក​វរ​សេនីយ៍​ឯក​ លន់ សុផាត ស្នង​ការ​​រង​នគរ​បាល​ខេត្ត​ និង​ជា​ប្រធាន​​​លេខា​ធិការ​ដ្ឋាន​នៃ​គណៈ​កម្មាធិ​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​​​ខេត្ត​ បាន​ធ្វើ​ការ​ឆែក​ឆេរ​ផ្ទះ​ជួល​មួយ​កន្លែង​នៅ​ភូមិ​លេខ​៨ ឃុំ​សំពៅ​ពូន ស្រុក​កោះ​ធំ កាល​ពី​វេលា​ម៉ោង​៤​និង​១៥​នាទី​រសៀល ថ្ងៃ​​ទី​១៣ មករា ឆ្នាំ​២០១១ ។ ក្នុង​ប្រតិ​បត្តិ​ការ​នេះ​បាន​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​១៣​នាក់ ក្នុង​នោះ​មាន​មេ​ខ្លោង​ចែក​ចាយ​គ្រឿង​ញៀន​ចំនួន​៣​​នាក់ អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​​ចំនួន​៥​នាក់ និង​៥​នាក់​ទៀត​ស្ថិត​នៅ​ក្នុង​រង្វង់​ប្រតិ​បត្តិ​ការ​ ព្រម​ទាំង​រឹប​អូស​បាន​វត្ថុ​តាង​ថ្នាំ​​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តាមីន​ទឹក​កក ព្រម​ទាំង​​សំភារ​ប្រើ​ប្រាស់​មួយ​ចំនួន​ទៀត ។

លោក​វរ​សេនីយ៍​ឯក លន់ សុផាត បាន​ឱ្យ​ដឹង​ថា ដោយ​អនុ​វត្ត​តាម​បទ​បញ្ជា​របស់​លោក​នាយ​ឧត្តម​សេនីយ៍​​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ និង​យោង​តាម​​បញ្ជា​របស់​លោក​ឧត្តម​សេនីយ៍​ត្រី អ៊ាវ ចំរើន ស្នង​ការ​នគរ​បាល​ខេត្ត​ និង​ដោយ​មាន​ការ​​ឯក​ភាព​ពី​លោក​ព្រះ​រាជ​អាជ្ញា​​​អម​សាលា​ដំបូង​ខេត្ត កំលាំង​ជំនាញ​ដឹក​នាំ​ដោយ​​រូប​លោក​ ផ្ទាល់​​បាន​ចុះ​សហ​ការ​ជា​មួយ​ប៉ូលិស​​មូល​ដ្ឋាន​ ​និង​អាជ្ញា​ធរ​មូល​ដ្ឋាន ​បាន​​ធ្វើ​ការ​​ឆែក​ឆេរ​ផ្ទះ​ជួល​មួយ​កន្លែង​ដែល​សង្ស័យ​ថា ជាទី​តាំង​ចែក​ចាយ​​និង​ប្រើ​​​ប្រាស់​គ្រឿង​ញៀន ។ ក្រោយ​ពី​ធ្វើ​ការ​ឆែក​ឆេរ​ ជា​លទ្ធ​ផល​យើង​​រក​ឃើញ​​វត្ថុ​តាង​​​​មាន​ថ្នាំ​ញៀន ប្រភេទ​មេតំ​ហ្វេ​តាមីន​ទឹក​កក ទម្ងន់​៥០​ក្រាម និង​៦០​កញ្ចប់ សំភារ​វេច​ខ្ចប់ និង​សំភារ​​សំរាប់​ប្រើ​ប្រាស់​​មួយ​ចំនួន​ទៀត ព្រម​ទាំំង​បាន​​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​១៣​​នាក់ យក​មក​ធ្វើការ​សាក​សួរ ។

បន្ទាប់​ពី​ធ្វើ​ការ​សាក​សួរ​រក​ឃើញ​​ថា ក្នុង​​ចំណោម​មនុស្ស​១៣​នាក់ មាន​៣​នាក់ ជា​មេ​ខ្លោង​ចែក​ចាយ​ គឺ​១-ឈ្មោះ​សុខ គឹម​​លី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទី​លំនៅ​បច្ចុ​ប្បន្ន​​នៅភូមិ​លេខ​៨ ឃុំ​សំពៅ​ពូន ស្រុក​កោះ​ធំ ​២-ឈ្មោះ​​សំបូរ រតនៈ ហៅ​ផាម យ៉ាំង​ចូវ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទី​លំនៅ​ភូមិ​កោះ​ទាវ ឃុំ​សំពៅ​​ពូន ស្រុក​កោះ​ធំ និង​​៣-ឈ្មោះ​ង្វៀង យ៉ាំង​ហុង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជន​ជាតិ​​វៀត​ណាម ទី​លំនៅ​បច្ចុ​ប្បន្ន​នៅ​ស​ង្កាត់​លេខ​១២ ក្រុង​ហូជី​មិញ ប្រទេស​វៀត​ណាម ​។ ​ចំណែក​១០​នាក់​ទៀត​​មាន​អ្នក​​ប្រើ​ប្រាស់​គ្រឿងញៀន​៥​នាក់ និង​៥​នាក់​ទៀត​​ ស្ថិត​នៅ​ក្នុង​រង្វង់​ប្រតិ​បត្តិ​ការ​ ។

លោក​លន់ សុផាត បាន​​ឱ្យ​ដឹង​ទៀត​ថា ​ដោយ​​អនុ​វត្ត​តាម​គោល​នយោ​បាយ​​​ភូមិ​-ឃុំ​មាន​សុវត្ថិ​ភាព​ដែល​រាជ​រដ្ឋា​ភិបាល​​បាន​ដាក់​ចុះ​ ក្នុង​ចំណោម​​ចំណុច​ទាំង​៥​នោះ គឺ​មាន​ការ​លុប​បំបាត់​​​ការ​ជូញ​ដូរ និង​ប្រើ​ប្រាស់​​គ្រឿ​ង​ញៀន​ ទើប​ការិយា​ល័យ​របស់​លោក​​​ខិត​ខំ​ធ្វើ​ការ​ស្រាវ​ជ្រាវ​យ៉ាងយក​ចិត្ត​ទុក​ដាក់​បំផុត រហូត​ដល់​កំណត់​​មុខសញ្ញា​ និង​រក​ឃើញ​​ទី​តាំង​ចែក​ចាយ​ និង​ប្រើ​ប្រាស់​គ្រឿងញៀន​​ខាង​លើ​នេះ ។ ​ជន​ដែល​ត្រូវចាប់​ខ្លួន​រួម​នឹង​វត្ថុ​តាង​ត្រូវ​បានក​សាង​សំណុំ​រឿង​​​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ ៕

   
   
ប៉េអឹម​ស្រុកសង្កែ​ចាប់​សត្វ​ស្លាប​ជិត​១០០០ក្បាល​​ពេលមេ​ព្រៃ​ភ្លេច​បង្ក្រាប
January 14, 2011 at 5:07 PM
 
សត្វ​ស្លាប​សរុប​៨៤៥​​ក្បាល​មាន៤​ប្រភេទ​​គឺ​សត្វ​​ដុំដោរ សត្វ​​ត្លុម សត្វ​សំបក​ទំពាំង​​​និង​សត្វ​ស្មោញ
សត្វព្រៃ​​៨៤៥​ក្បាល រួម​ជាមួយ​ឈ្មួញ​៤​នាក់​ ត្រូវ​បាន​​ប្រគល់​​ទៅឱ្យ​ខណ្ឌ​​រដ្ឋ​បាល​ព្រៃ​ឈើ​បាត់​ដំបង​ជា​អ្នក​ចាត់ការ​បន្ត

ខេត្តបាត់ដំបង ៖ សត្វ​ស្លាប​​រស់​លើ​​​ផ្ទៃ​ទឹក​​តំបន់​បឹង​ទន្លេ​សាប​​ជិត​១០០០​ក្បាល​ដែល​ពួក​ឈ្មួញដឹកជញ្ជូន​តាម​រថយន្ត​បំរុងយក​ទៅទី​ផ្សារ​ត្រូវប៉េ​អឹម​ស្រុក​សង្កែ ស្ទាក់​ចាប់​​កាលពីព្រឹក​ថ្ងៃទី១៣ មករា តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​៥ ​ក្នុង​ភូមិស្វាយ​​កង់ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ។ ​មន្រ្តី​ប៉េអឹម​​ស្រុក​សង្កែ​ឱ្យ​ដឹង​ថា សមត្ថ​កិច្ច​ស្ទាក់​ចាប់​​​រថ​យន្ត​កូរ៉េ​២​គ្រឿង​ដឹកសត្វ​​ស្លាប​​ក្រោយ​ពី​មាន​ការ​ផ្តល់ព័ត៌​មាន​ថា ​​ឈ្មួញ​កំពុង​ដឹកតាម​​រថ​យន្ត​​ចេញ​ពីភូមិ​ស្ទឹង​​ចក ឃុំព្រៃ​តូច ស្រុក​​មោង​ប្ញស្សី​ឆ្ពោះ​ទៅកាន់​ផ្សារ​១៣មករា ​(ផ្សារ​ថ្មី) ក្រុង​បាត់ដំបង ។ សត្វ​ស្លាប​សរុប​៨៤៥​​ក្បាល​មាន៤​ប្រភេទ​​គឺ​សត្វ​​ដុំដោរ សត្វ​​ត្លុម សត្វ​សំបក​ទំពាំង​​​និង​សត្វ​ស្មោញ ។ សមត្ថ​កិច្ច​​ឃាត់​ខ្លួន​ស្ត្រី​​៤​នាក់​​ជា​ម្ចាស់​សត្វ​ព្រៃ​ ១-​ឈ្មោះ​​ញៀវ រឿន អាយុ​៥៥​ឆ្នាំ ​២-ឈ្មោះ​សឿន ហៀប ​អាយុ​៣២​ឆ្នាំ ​៣-​ឈ្មោះ​គុជ សឿន អាយុ​៥១​ឆ្នាំ ​និង​៤-ឈ្មោះ​ម៉ាក់ ម៉ៅ ​អាយុ​៣៥​ឆ្នាំ ជា​ឈ្មួញ​​កណ្តាល​​​ទិញ-​លក់​សត្វ​ស្លាប ។

បើ​តាម​ការ​ឆ្លើយ​សារភាព​របស់ឈ្មួញ​​​ទាំង៤​នាក់​ថា ពួកគេ​ដើរ​ទិញពីអ្នក​ភូមិ​​រស់នៅឃុំ​ព្រៃ​តូច​ ស្រុក​មោង​ប្ញស្សី​ដោយអ្នក​ភូមិ​​រក​បាន​ពីតំបន់ព្រៃ​រនាម ​បឹង​ទន្លេសាប ផង និង​នៅ​តាម​តំបន់​នានា​នៅ​ក្នុង​ភូមិ-ឃុំ​ពួកគេ​ផង ។ នេះ​ជា​លើក​ទី៤ ហើយ​ដែលពួកគេដឹក​ជញ្ជូន​សត្វ​ព្រៃ​ដោយ​ខុស​ច្បាប់​យក​ទៅលក់​លើ​ទី​ផ្សារ​នានា ក្នុង​ស្រុក​បាត់ដំបង ។ បច្ចុប្បន្ន​ស្ទើរ​គ្រប់ទី​ផ្សារ​ធំៗ​​ក្នុង​ក្រុ​​ង​​បាត់​ដំបង​​​គេប្រទះ​ឃើញ​សត្វ​ព្រៃ​ស្ទើរ​​គ្រប់ប្រភេទ​​ត្រូវ​គេ​ដាក់លក់​​​ ជាពិសេស​សត្វស្លាប​ដែល​រស់​នៅតំបន់​បឹង​ទន្លេសាប ។ គេឃើញ​មេព្រៃ​​ចេញ​​បង្ក្រាប​តែ​ម្តងគត់កាលពី​ខែមុន ហើយក៏​ស្ងាត់​ទៅ ។ មន្ត្រី​ប៉េ​អឹមស្រុក​សង្កែ​ឱ្យ​ដឹង​ថា សត្វព្រៃ​​៨៤៥​ក្បាល រួម​ជាមួយ​ឈ្មួញ​៤​នាក់​ ​ត្រូវ​បាន​​ប្រគល់​​ទៅឱ្យ​ខណ្ឌ​​រដ្ឋ​បាល​ព្រៃ​ឈើ​បាត់​ដំបង​ជា​អ្នក​ចាត់ការ​បន្តក្រោយពី​សមត្ថកិច្ច​សួរ​នាំ​ធ្វើ​កំណត់ហេតុ​រួចមក ៕

   
   
ចោរសមុទ្រ​​ធ្វើ​ឱ្យ​​សេដ្ឋ​កិច្ច​​ពិភពលោក​ខាត​បង់​​​ពី7ទៅ12ពាន់​លាន​ដុល្លារ​ក្នុងមួយឆ�
January 14, 2011 at 4:42 PM
 

យោង​តាម​​​ការ​សិក្សា​​មួយចេញផ្សាយ​​កាលពី​ថ្ងៃទី​​​​​​១៣ មករា ថា ការខូចខាត​​ដោយសារ​សកម្ម​ភាព​ចោរសមុទ្រ​​សំរាប់​សេដ្ឋ​កិច្ចពិភព​លោក​​មានប្រមាណ​​ជា​ពី​៧ទៅ​​១២ពាន់លាន​ដុល្លារ​ក្នុងមួយឆ្នាំ ។ ពួកចោរ​សមុទ្រ​​ដែលធ្វើ​សកម្មភាព​ខ្លាំង​​តាម​ផ្លូវ​​នាវា​ចរណ៍​ក្នុង​​ដែនសមុទ្រ​​របស់​សូម៉ាលី ​ត្រូវបាន​គេ​យល់​ថា ​ជាអ្នក​​ទទួលខុសត្រូវ​​លើ​​​៩៥% ​នៃការ​​ខាត​បង់​​​ជា​សាកល ។ នេះ​ជាការ​​បញ្ជាក់​របស់​របាយការណ៍​​មួយ​រៀបចំ​ដោយ​​អ្នកស្រាវជ្រាវ​​មួយរបស់​ ONE EARTH FUTURE FOUNDATION ជាមជ្ឈ​មណ្ឌល​​មួយ​សិក្សា និង​វិភាគ​​មានមូលដ្ឋាន​​នៅ​សហរដ្ឋអាមេ​រិក ។ សកម្មភាព​ចោរសមុទ្រ​​​ដទៃៗទៀត ​កើត​មានក្នុង​ដែនទឹក​​​​នៃឈូង​សមុទ្រ ហ្គីណេ និង​នៅ​​ច្រក​​សមុទ្រ​​ម៉ាឡាកា ចន្លោះ​​ឥណ្ឌូណេស៊ី ​និង​ម៉ា​ឡេស៊ី ។ ចាប់តាំង​ពីឆ្នាំ​​​២០០៦ មក​មាន​ការ​វាយ​ប្រហារ​​ប្រមាណជា​​​១.៦០០​​លើករបស់​ពួកចោរ​សមុទ្រ​ត្រូវ​​បាន​ជំរឿន​ឃើញក្នុង​​ដែនទឹកនៃ​​ពិភព​លោក​​ បណ្តាល​ឱ្យ​មនុស្សស្លាប់​​​យ៉ាង​តិច​​​៥៤​នាក់។ ​តំលៃ​បង់ខាត​សរុប​ត្រូវ​​​បន្ថែម​​ប្រាក់​លោះ​​សំរាប់​ការដោះលែង​​នាវា និង​បណ្តា​​សមាជិក​ក្រុម​​នាវិក ​​ប្រាក់​កំរៃ​​ទាមទារ​​​​ដោយ​បណ្តា​ក្រុម​ហ៊ុន​ធានារ៉ាប់រង ការប្តូរ​ផ្លូវ​ធ្វើ​​នាវា​ចរណ៍​​ក្នុង​សមុទ្រ​​​​ ការ​ចំណាយ​ខាង​កិច​្ចការពារ​​សន្តិសុខ​​ក្នុង​​នោះ​​មាន​​ការ​ល្បាត​​​របស់​កង​នាវា​ចម្បាំង ព្រម​ទាំង​​តំលៃបង់​​ឱ្យ​តុលាការ​​ ឬការ​បង់តំលៃ​​ដោយ​​​ប្រយោល​ទាំង​ឡាយ ។​
តំលៃ​សរុប​​នៃការ​​ខាតបង់​​ដោយ​សារ​ចោរ​សមុទ្រ​​​មានការកើនឡើង​​​គុណនឹង​​៥ ចាប់តាំង​ពី​ឆ្នាំ​​​២០០៥​មក ។ ការបង់ប្រាក់​​លោះ​គិតជា​​មធ្យម​​​ត្រឹមតែ​១៥០.០០០​​ដុល្លារ​​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​​២០០៥ តែក្នុង​ឆ្នាំ​​២០១០ ​ការបង់​ប្រាក់​លោះ​មាន​​​ដល់​​៥,៤​លានដុល្លារ ជាមួយនឹងការបង់​ប្រាក់​​លោះ​ច្រើន​​កំពូល​ដល់​​​៩,៥លាន​ដុល្លារ កាល​ពី​ខែ​វិច្ឆិ​កា​កន្លងមក​នេះ ​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​​នាវា​ដឹក​ប្រេង​​​កូរ៉េ​ខាងត្បូង​មួយគ្រឿង ៕

   
   
កូរ៉េ​ខាងត្បូង​​ទាមទារ​ឱ្យកម្ពុជា​​បង់ប្រាក់​ជាង​2លានដុល្លារ ដល់គ្រួសារ​​​អ្នកស្លាប់�
January 14, 2011 at 4:42 PM
 
យន្តហោះដែលធ្លាក់នៅកម្ពុជា
សាច់ញាតិអ្នករងគ្រោះជនជាតិកូរ៉េ

យោង​តាម​ទីភ្នាក់ងារ​ព័ត៌​មាន​យ៉ុនហាប​​​​របស់​កូរ៉េ​ខាងត្បូង​​កាលពីថ្ងៃទី​​១៤ មករា ​​ថា តុលាការ​ក្រុងសេអ៊ូល នា​ថ្ងៃទី​​១៤ មករា ​នោះ​បានទាមទារ​​ឱ្យក្រុម​ហ៊ុន​អាកាស​ចរណ៍​មួយ​​របស់​កម្ពុជា​​បង់​សំណង​​ចំនួន​​៣,២​ពាន់​លានវ៉ុន​ប្រហែល​​២,៨​លានដុល្លារ​អាេមរិក ​ដល់គ្រួសារ​​ពួក​​អ្នកដំណើរ​​​ដែលបាន​ស្លាប់​បាត់បង់ជីវិត​​ក្នុង​ឧប្បត្តិហេតុ​​ធ្លាក់​យន្តហោះ ​នៅក្នុងប្រទេស​កម្ពុជា ​កាលពី​​​ឆ្នាំ​​២០០៧ កន្លង​មក ។​
យន្តហោះ​​ប្រភេទ Antonov An-24 របស់​ក្រុមហ៊ុន PM Tair ដែល​​ដឹកអ្នក​ដ​ំណើរ​​​៤៤នាក់ ​ក្នុងនោះ​១៤​នាក់ជា​អ្នកទេស​ចរ​ជនជាតិកូរ៉េ​​ខាង​ត្បូងបានធ្លាក់​នៅតំបន់ព្រៃ​ភ្នំបូកគោ​​​ខេត្ត​កំពត​​​ភាគខាងត្បូង​ប្រទេស​កម្ពុជា ​កាលពី​ខែ​មិថុនា ឆ្នាំ​​២០០៧ ​កន្លង​មក ដោយ​សារ​បញ្ហា​​អាកាស​ធាតុអាក្រក់​បណ្តាល​ឱ្យ​ស្លាប់អ្នក​ជិះ​​ទាំង​អស់ ។​ យន្តហោះ​​​នោះ​ហោះចេញ​ពី​ព្រលាន​យន្តហោះ​​អន្តរជាតិ​ក្រុង​សៀមរាប​​​បំណងទៅ​កាន់​ខេត្ត​​ព្រះសីហនុ​​​ ប៉ុន្តែ​​បាត់ដាន​ទៅ​ធ្លាក់​នៅ ​ខេត្ត​
កំពត​​​ ។​
គេនៅ​ចាំ​​បាន​ថា ក្នុង​ឧប្បត្តិហេតុ​​​ធ្លាក់​យន្ត​ហោះ ​គួរ​ឱ្យរន្ធត់​​នោះ រយៈ​ពេល​​៣ទៅ​៤​ថ្ងៃ​​ ទើបរកឃើញ​​​គឺធ្លាក់ក្នុង​​ព្រៃ​យ៉ាងក្រាស់​ដោយ​​យន្តហោះ​​ផ្ទុះឆេះ បែកទៅជា​បំណែក​ ហើយ​​សព​ខ្លះ​ទើរ​លើមែកឈើ ។
នៅ​ឆ្នាំ​​២០០៨ ​សមាជិក​គ្រួសារ​ជនរងគ្រោះ​​កូរ៉េ​ខាងត្បូង​​១១​នាក់ បាន​ដាក់ពាក្យ​​ប្តឹង​ស្វះ​ស្វែង​រក​ការបង់ប្រាក់​​សំណង​​៤,៥​ពាន់​លាន​ដុល្លារ ​ដោយអះអាង​​ថា ឧប្បត្តិហេតុ​​​ធ្លាក់​យន្ត​ហោះ​​នេះ​បង្កឡើង​​ដោយ​ការ​ធ្វេសប្រហែស​​​របស់​​​ក្រុមហ៊ុន​អាកាសចរណ៍​​នោះ ព្រម​ទាំង​​ការ​ធ្វេ​ស​ប្រហែស​​របស់អ្នកបើកបរ ។ យន្តហោះ​នេះ​​បើក​​ដោយ​​ជនជាតិកម្ពុជា ហើយ​ក៏​​បា​នស្លាប់​​បាត់បង់ជីវិត​​​ដែរ ៕

   
   
បុរស​ជនជាតិ​​បារាំង​​ត្រូវ​បាន​​ចាប់​​ខ្លួន​​ពាក់​ព័ន្ធ​​​ទិញ​ពេស្យាចារ​កុមារ
January 14, 2011 at 4:35 PM
 
​បុរស​ជនជាតិ​​បារាំង​​ត្រូវ​បាន​​ចាប់​​ខ្លួន​​ពាក់​ព័ន្ធ​​​ទិញ​ពេស្យាចារ​កុមារ​
កំលាំង​​នគរបាលដោយ​​មាន​​ការ​ចូល​​រួមពី​ព្រះរាជ​អាជ្ញា​​អមសាលាដំបូង​​ខេត្ត​​បាន​ចុះទៅ​​​ឆែកឆេរ​ផ្ទះសំណាក់​​យីហោ​នីកា
ជនជាតិបារាំង​ម្នាក់​ឈ្មោះ ORDONEZ CAHACHO JUAN ភេទប្រុស ​អាយុ​​៤៩ឆ្នាំ
​កុមារីរងគ្រោះ​​​ឈ្មោះ​ង្វៀន ធីស៊ីប ​អាយុ​​​​១៣​ឆ្នាំ ​ជា​ជន​ជាតិ​វៀត​ណាម

ខេត្តព្រះសីហនុ ៖ ជនជាតិបារាំង​ម្នាក់​ឈ្មោះ ORDONEZ CAHACHO JUAN ភេទប្រុស ​អាយុ​​៤៩ឆ្នាំ ​ជា​អ្នក​​​​ទេសចរ​កាន់​លិខិត​​ឆ្លង​ដែន​​លេខ 09DL. 71311 ផុតកំណត់​​​ថ្ងៃទី​​​១៣ តុលា ​២០១៩ ​ត្រូវបានកំលាំង​សមត្ថ​កិច្ច​​នគរបាល​​ការិយាល័យ​​​ប្រឆាំងការ​ជួញដូរ​មនុស្ស​​និង​ការ​ពារ​អនីតិជននៃស្នងការ​​ដ្ឋាន​​នគរបាល​​ខេត្ត​ព្រះសីហនុ ​ធ្វើការ​ឃាត់ខ្លួន​​​​កាលពីវេលា​ម៉ោង​​​​១០​និង​​៣០នាតី​ព្រឹក​ថ្ងៃទី​​១៣ មករា ២០១១ នៅក្រុមទី​១១ ​ភូ​មិ​១ ​​សង្កាត់លេខ​៣ ​ពី​បទ​​ទិញដូរ​​ពេស្យាចារអនីតិជន ។ មន្ត្រី​នគរបាលការិយាល័យ​​ប្រឆាំងការ​ជួញ​ដូរ​​មនុស្ស និង​ការពារអនីតិជន​​បាន​ឱ្យ​​ដឹង​ថា ​កុមារីរងគ្រោះ​​​ឈ្មោះ​ង្វៀន ធីស៊ីប ​អាយុ​​​​១៣​ឆ្នាំ ​ជា​ជន​ជាតិ​វៀត​ណាម​ ​ស្នាក់នៅ​ផ្ទះ​ជួល​ក្នុង​ក្រុម​ទី​១១ ​ភូមិ​​១ ​សង្កាត់​​៣ ក្រុងព្រះសីហនុ ​ត្រូវបាន​ម្តាយ​​បង្កើត​​​របស់នាង​លួងលោម​យកទៅលក់​​ឱ្យ​បុរស​​ជនជាតិបារាំង​ខាងលើ ។ ​ពេលនោះ​ក៏ត្រូវ​​កំលាំង​មន្ត្រី​​​នគរបាល​ការិយាល័យ​​ចុះទៅ​ឃាត់​ខ្លួន​ភ្លាមៗ ដើម្បី​​យកមក​សាកសួរ ។

ប្រភព​​ដដែល​បន្ត​ទៀត​ថា មក​ដល់​ព្រឹកថ្ងៃទី​​១៤ មករា ​ជនសង្ស័យ​​ជនជាតិបារាំង​នេះពុំ​ព្រមទទួល​ស្គាល់​កំហុស​​​របស់​ខ្លួន​​ឡើយ ទើប​កំលាំង​​នគរបាល​​ការិ​យាល័យ​​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​​ និង​ការពារ​​អនីតិ​​ជន ដោយ​​មាន​​ការ​ចូល​​រួមពី​លោក​ប៊ូ​​ ប៊ុន​ហាង ​ព្រះរាជ​អាជ្ញា​​អមសាលាដំបូង​​ខេត្ត​​បាន​ចុះទៅ​​​ឆែកឆេរ​ផ្ទះសំណាក់​​យីហោ​នីកា ​ដែល​ជន​​ជាប់​​​សង្ស័យ​​ជួលស្នាក់នៅ​​ជា​ប្រចាំ​នៅបណ្តោយ​វិថី​​ឯក​រាជ្យ​​​ក្រុម​​​​២៥ ភូមិ​​៣ ​សង្កាត់​​៣ ដែល​មាន​​ម្ចាស់​ជា​ជន​ជាតិ​​បារាំង​ឈ្មោះ ORDONEZ JUANA អាយុ​​៥១​ឆ្នាំ ​ស្វែង​រក​​វត្ថុតាង​បទ​ល្មើស​ ។​ ការឆែកឆេរ​នោះសមត្ថ​កិច្ច​​បានរកឃើញ​​ស្រោម​អនាម័យ​ចំនួន​២ ​ទឹករំអិល Number Plus​​ ចំនួន​​១ និង​​កុំ​ព្យូទ័រ​១គ្រឿង​​ផងដែរ ។ ដោយ​តាមរយៈ​​ភស្តុ​តាង​​ទាំងនោះសមត្ថ​កិច្ច​​នគរ​បាល​​នៃការិយា​ល័យ​​​ប្រឆាំង​ការ​ជួញដូរ​​មនុស្ស និង​ការពារ​អនីតិ​ជន​នឹង​រៀបចំ​​កសាងសំណុំរឿង​​​តាមនីតិវិធី​ច្បាប់​​បន្តទៀត ៕

   
   
ប៉ូលិស​​ទំនើង​​ស័ក្តិ​​៤​កន្លះ​​ដេញបាញ់​មនុស្ស​ផ្អើល​​​ពេញ​ហាង​ រត់​គេច​គ្រាប់កាំ​ភ្
January 14, 2011 at 4:30 PM
 
ប៉ូលិស​​ទំនើង​​ស័ក្តិ​​៤​កន្លះ​​ដេញបាញ់​មនុស្ស​ផ្អើល​​​ពេញ​ហាង​
​
​

ខេត្តបន្ទាយមានជ័យ ៖ ​លោកប៉ូលិស​​ស័ក្តិ​​​៤​កន្លះម្នាក់ ​នាយ​ការិយាល័យ​​ប្រឆាំង​​ភេរវ​កម្ម​​​​ដែល​គេ​ស្គាល់​ថា​ជាកូនប្រុស​​អតីត​ស្នង​ការ​នគរបាល​​​ និង​ជា​អភិបាល​​រង​ខេត្ត​​បន្ទាយ​មាន​ជ័យ​ផងនោះ ​ត្រូវសមត្ថ​កិច្ច​​​​​​​ចាប់ខ្លួន​​​​ជាប់ចោទ​​ពីបទ​ប្រើប្រាស់​​​​អាវុធ​​ខុសច្បាប់​​បាញ់​បោះ​សេរី និង​ធ្វើសកម្មភាព​​ដេញ​បាញ់​ម្ចាស់​ភោជនីយដ្ឋាន​​​ជំនោរ​សែសិន ដែលជា​​ភោជនីយ​ដ្ឋាន​​​មួយ​កន្លែង​​​ទំនើប​ជាង​គេ​នៅ​ក្នុង​ក្រុង​សិរី​សោភ័ណ ​បណ្តាល​ឱ្យ​​​មនុស្ស​​​រត់ជាន់គ្នា ខណៈ​កំពុង​​​​​​សប្បាយ​​​ក្នុងពិធី​​​ជប់លៀង​​​ដែលក្នុង​ឱកាស​​​នោះ​​នាយក្រឹម​​ តារា​កំប្លែង​​ល្បីឈ្មោះ​​ក៏​រត់​​​ព្រលឹង​ចុងសក់​នឹង​គេដែរ ប៉ុន្តែ​​ក្រោយ​មក​​ នាយក្រឹម​​​បាន​លួងលោម​​ឱ្យ​បុរស​​ជើងខ្លាំង​នោះ ដាក់​កាំភ្លើង​ចុះ​វិញទើប​​ឈានទៅ​​ចាប់ខ្លួន ។​

ហេតុការណ៍​​បាញ់​បោះ​​សេរី​ដូច​​អ្នក​លេង​ខូវ​ប៊យ​នេះ​បានកើតឡើង​ កាលពី​​វេលាម៉ោង​​១០​​កន្លះយប់ ​ថ្ងៃទី​​​១៣ មករា ២០១១ ធ្វើ​ឱ្យ​ពិធី​​ជប់​​លៀង​​សប្បាយ​​ក្លាយ​​ជា​រាត្រី​​ព្រលឹង​ចុងសក់​​ ។ ​អ្នក​ខេត្ត​បន្ទាយ​មានជ័យ​​បានអះអាង​ថា ប៉ូលិស​​ទំនើង​​រូបនេះ​​តែង​តែ​​​បង្ករឿង​​​រ៉ាវ​បាញ់​បោះជាច្រើន​​លើក ច្រើនសា​ពុំខ្លាច​​ញញើត​​ច្បាប់​អ្វី​ទេ ឱ្យតែ​​​ផឹកស៊ី​ស្រវឹងម្តងៗ ​រហូត​ដល់​​អ្នក​ស្គាល់​​​គ្នា​​លែង​ហ៊ាន​​ផឹក​ជា​មួយ​​ទៅហើយ ។​ សកម្មភាព​បាញ់បោះ​​សេរីនោះ​កើតឡើង​​​ក្នុង​​ពិធីជប់លៀង​​ឡើងកាន់មុខ​តំណែង​​របស់លោក​​ប្រធាន​មន្ទីរអប់រំ​​យុវជន​​ និងកីឡា​ខេត្ត​បន្ទាយ​មានជ័យថ្មី ដោយ​បានរៀបចំ​​នៅ​​ភោជនីយដ្ឋាន​​ជំនោរ​​សែនសិន ក្នុងនោះ​​មានលោក​ឧកញ៉ា​​ តារា​កំប្លែង​​ល្បីឈ្មោះ​​លោកអ៊ូ ប៊ុណ្ណារ៉ាត់ ​ហៅ​នាយ​​ក្រឹម ​មន្ត្រី​​អប់រំ​ ​លោកគ្រូ ​មន្ត្រីគយ ​កង​រាជ​អាវុធ​ហត្ថ​​​ និងបុគ្គលិក​​ភោជនីយដ្ឋាន​​​ចូលរួម​​សប្បាយ​​យ៉ា​ងច្រើន​​កុះករ ។

បន្ទាប់​​ពី​កើត​មាន​​ជម្លោះ​​ពាក្យ​សំដី​​ហើយ​ឈាន​ទៅដល់​​​​​ការ​បាញ់​​បោះ​​ប្រហែល​​១០គ្រាប់ ​ធ្វើ​​​ឱ្យ​​មនុស្ស​​​​ទាំង​នោះ​​ខ្លះ​​លូន ក្រាប រត់បាត​ជើង​សព្រាត សូម្បីតែ​​​តារា​កំប្លែង​​ដ៏​ល្បី​​ឈ្មោះ​​នាយ​ក្រឹម​​ក៏រត់​​ស្ទើរ​​តែ​លស់​​ព្រលឹង​​ផងដែរ​...​​ប៉ុន្តែ​​ក្រោយ​មក​បាននាយក្រឹម​​​នេះ​ឯង​​ទៅលួងលោម​​ប៉ូលិស​ស័ក្តិ​​៤កន្លះ​​​ទំនើង​ឱ្យទំលាក់​កាំភ្លើង​​​ចុះ រួច​ហើយ​ឈានទៅ​​ធ្វើការ​ចាប់ខ្លួនតែ​ម្តង គឺ​ប៉ូលិស​​ទំនើង​​នេះឈ្មោះ​​សុខ ​សុគន្ធ ត្រូវ​បាន​​ឃុំ​ខ្លួន​​នៅការិយាល័យ​​បុគ្គលិក​ដើម្បីរៀប​ចំ​​បែបបទ​​​បញ្ជូនទៅ​ការិយាល័យ​​​​វិន័យ​របស់កង​កំលាំង​​នគរបាល​​ជាតិ និង​​​រង់ចាំ​​គោលការណ៍​​ពីថ្នាក់​លើ ចាត់ការ​តាមច្បាប់ ៕​

   
   
ឃាត់​ខ្លួន​ជាង​​កាត់​សក់​វៀត​ណាម​បៀត​បៀន​កេរ្តិ៍​ខ្មាសក្មេង​ស្រី​អាយុ១៤ឆ្នាំ
January 14, 2011 at 4:19 PM
 
ជន​ជាតិ​វៀត​ណាម​វ័យ​ចំណាស់​​​​ម្នាក់នេះ​ ជា​ជាង​កាត់​សក់ជាប់​ចោទបៀត​បៀន​​កេរិ៍្ត​​ខ្មាស​ក្មេង​ស្រី​

ក្រុងប៉ោយប៉ែត ៖ ជន​ជាតិ​វៀត​ណាម​វ័យ​ចំណាស់​​​​ម្នាក់ជា​ជាង​កាត់​សក់​ បាន​ត្រូវ​សមត្ថ​កិច្ច​ក្រុង​ប៉ោយ​ប៉ែត​​​ឃាត់​ខ្លួន​​​ដោយ​ចោទ​​ពីបទ​បៀត​បៀន​​កេរិ៍្ត​​ខ្មាស​ក្មេង​ស្រី​អាយុ​១៤ឆ្នាំ​ ។ ​លោក​អនុសេនីយ៍​ទោព្រំ ពិសិដ្ឋ ​នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​​ក្រុង​​ប៉ោយប៉ែត​ឱ្យដឹង​ថា បុរស​នោះ​ឈ្មោះ​ច្រាំង សេង អាយុ៦៧ឆ្នាំ ស្នាក់​នៅភូមិ​ក្បាល​​ស្ពាន ​សង្កាត់​ប៉ោយ​ប៉ែត ត្រូវ​បាន​ឃាត់​ខ្លួន​កាលពីរសៀល​ថ្ងៃទី១២ មករា ទៅ​តាម​ពាក្យ​បណ្តឹង​របស់ឈ្មោះ​ឈុន​ ថា ភេទប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិក្បាលស្ពាន ជាឪពុក​របស់​​ក្មេង​ស្រីរង​គ្រោះ​​អាយុ​១៤​ឆ្នាំ ។

មន្ត្រីសមត្ថកិច្ច​ប្រាប់​ថា​ ជាង​កាត់​សក់​តាម​ផ្ទះ​​រូបនោះបាន​សារ​ភាព​ថា ​បាន​​​អោបថើប​ក្មេងស្រី​រូបនោះ​លើ​អង្រឹង​ក្រោម​ដើម​ស្វាយ​នៅ​ក្រោយ​ផ្ទះ​របស់​នាង​នៅ​ពេលមិន​ឃើញ​មានឪពុក​ម្តាយ​របស់​នាងនៅ​ផ្ទះ ។ លោក​វរ​សេនីយ៍​ឯកអ៊ុំ សុផល អធិការ​ក្រុង​ប៉ោយប៉ែត​ឱ្យ​ដឹង​ថា បុរសជាប់​ចោទ​រូបនេះ​លោក​នឹង​ឱ្យ​សមត្ថកិច្ច​ជំនាញ​​កសាង​សំណុំ​រឿង​បញ្ជូន​​ទៅ​កាន់សាលា​ដំបូង​ខេត្ត ៕

   
   
ឆ្នាំ២០១០ខេត្ត​ក្រចេះ​គ្រោះ​ថ្នាក់​ចរាចរណ៍​ថយ​ចុះតែ​​ចំនួន​មនុស្ស​ស្លាប់​កើន​ឡើង​ជិ�
January 14, 2011 at 4:17 PM
 

ខេត្តក្រចេះ​ ៖ ​តាម​របាយ​ការណ៍​របស់​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​ខេត្ត​បង្ហាញ​ថា ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​​​បាន​ថយ​ចុះ​ក្នុង​​រយៈ​ពេល​មួយ​​ឆ្នាំ​​២០១០ ប៉ុន្តែ​​ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ឡើង​ជិត​ពាក់​កណ្តាល​បើ​ប្រៀប​ធៀប​​ទៅ​នឹង​ឆ្នាំ​២០០៩ ។ កាល​ពី​​ព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១១ នៅ​សាល​មហោ​ស្រព​​ខេត្ត​មាន​​បើក​​កិច្ច​ប្រជុំ​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​​ចរាចរណ៍​ផ្លូវ​គោក ក្រោម​អធិបតី​ភាពលោក​ធុន គ្រី អភិ​បាល​​ខេត្ត​ស្តីទី​ ដោយ​មាន​ការ​ចូលរួមពី​លោក​ឧត្តម​​សេនីយ៍​​ត្រី​ហឹម យ៉ាន​ ប្រធាន​​នាយក​ដ្ឋាន​​សណ្តាប់​ធ្នាប់​​សាធារណៈ លោក​ឧត្តម​​សេនីយ៍​ត្រី​​ជួង ស៊ាង​ហាក់ ស្នង​ការ​នគរ​បាល​​ខេត្ត​ និង​ជា​ប្រធាន​​លេខា​ធិកា​រ​ដ្ឋាន​ខេត្ត​ លោក​មេបញ្ជា​ការ​ មេ​បញ្ជា​ការ​រង​កង​​​​​កំលាំង​ប្រដាប់​អាវុធ​ អភិបាល​​រង​ស្រុក​-ក្រុង​ លោក​គ្រូ​អ្នក​គ្រូ​ និង​សិស្សា​នុសិស្ស​​ជិត​៣រយ​នាក់​ ។​

លោក​ឧត្តម​សេនីយ៍​​ត្រី​ជួង ស៊ា​ងហាក់ ​បាន​អាន​របាយ​ការណ៍​​ឱ្យ​ដឹងថា ចំនួន​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​​ចរាចរណ៍​​នៅទូទាំង​​ខេត្ត​មាន​ចំនួន​​៦៨នាក់ លើស​ពីឆ្នាំ២០០៩ដែល​មាន​ចំនួនតែ៣៨​នាក់​ប៉ុណ្ណោះ​​ស្មើ​នឹង​៤៤ភាគរយ​ តែចំនួន​គ្រោះ​ចរាចរណ៍​មាន​ចំនួន​​២០០​លើក គឺ​ថយ​ចុះ​បើ​ប្រៀប​ធៀប​​នឹង​ឆ្នាំ​២០០៩ ដែល​មាន​ចំនួន​២១៩​លើក ។ ថ្វីដ្បិត​គ្រោះ​ថ្នាក់​​ចរាចរណ៍​ថយ​ចុះ​​ចំនួន​១៩​លើកមែន​ ប៉ុន្តែ​បាន​បង្ក​ឱ្យ​ស្លាប់​​មនុស្ស​​​​​​៦៨​នាក់​ កើន​​ឡើង​ចំនួន​​៣០​នាក់ ហើយ​​មនុស្ស​​រងរបួស​​ និង​ការ​ខូច​ខាត​​ទ្រព្យ​សម្បត្តិ​ថយ​ចុះ​តែបន្តិច​​បន្តួច​ប៉ុណ្ណោះ ​ដែល​ករណី​​នេះ​នៅ​​​​តែ​ជា​​បញ្ហា​មួយ​មាន​ភាព​ប្រឈម​និង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ។

លោក​ឧត្តម​​សេនីយ៍​ត្រី​ហឹម យ៉ាន ប្រធាន​នាយក​ដ្ឋាន​​សណ្តាប់​ធ្នាប់​​សាធារណៈ​ បាន​មាន​ប្រសាសន៍​ថា មូល​ហេតុ​​ដែល​បង្ក​ឱ្យ​មាន​​គ្រោះ​ថ្នាក់​ចរាចរណ៍​ ​កើត​មាន​ជាបន្ត​បន្ទាប់​គ្រប់ទី​កន្លែង​ គឺបណ្តាល​មក​ពី​មូល​​ហេតុ​ជា​ច្រើន​ដូចជា អ្នក​បើក​បរ​មិន​ទាន់​យល់​ច្បាស់​អំពី​ច្បាប់​ចរា​ចរណ៍ និង​បំពាន​លើ​ច្បាប់​​ចរាចរណ៍ បើកបរ​ក្នុង​ល្បឿន​​លឿន​លើសការ​កំណត់​ និងការ​បញ្ជា​យាន​យន្ត​ស្ថិត​ក្នុង​ភាព​ស្រវឹងជាដើម​ ។ ជាមួយ​គ្នា​នេះ​ ស្រប​ពេល​ដែល​ហេដ្ឋា​រចនា​​សម្ព័ន្ធ​​មួយ​ចំនួន​នៅ​មិន​ទាន់​ស្ថាប​នា​រួច​រាល់​​ទើប​​ការ​ដាក់​បង្ហាញ​នូវ​ស្លាក​សញ្ញា​ចរាចរណ៍​នៅ​មាន​​​​​​​​ការ​យឺត​យ៉ាវ​ដល់​អ្នក​ធ្វើ​ដំណើរ ។ លោក​ឧត្តម​​សេនីយ៍​​បាន​លើក​ឡើង​ពីទិស​ដៅ​អនុវត្ត​បន្ត​ គឺ​ជំរុញ​និរន្តរភាព​​នៃ​ការ​អនុវត្ត​ច្បាប់​​ចរាចរណ៍​ផ្លូវ​​គោក​ឱ្យ​បាន​ម៉ឺង​ម៉ាត់​ ដោយ​រឹតបន្តឹង​បន្ថែម​​តាម​​វិធាន​ការ​​ច្បាប់​ ផ្គួប​ផ្សំ​​នឹង​វិធានការ​រដ្ឋ​បាល​​លើលក្ខណៈ​បច្ចេក​ទេស​របស់​​យាន​យន្ត​ និង​បន្ត​ផ្សព្វ​ផ្សាយ​ច្បាប់​ចរាចរណ៍​​​ផ្លូវ​គោក​​ឱ្យ​បាន​ទូលំទូលាយ និង​មាន​វិធានការ​​បញ្ឈប់​​ការ​ធ្វើ​អាជីវកម្ម​​របស់​យានដ្ឋាន​កែច្នៃ​ដំឡើង​រថយន្ត​​ដែល​ខុស​លក្ខណៈ​​បច្ចេកទេស​ ៕

   
   
កសិករ​នៅ​ស្រុក​ឱរ៉ាល់​​ទទួល​បាន​ទិន្នផល​ស្រូវ​ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ
January 14, 2011 at 4:14 PM
 
ប្រជាកសិករ​នៅ​ក្នុង​ស្រុក​ឱរ៉ាល់​មានការ​សប្បាយ​រីករាយ​​នឹង​ការ​ប្រមូល​ផល​​ស្រូវ​ឆ្នាំនេះ

ខេត្តកំពង់​ស្ពឺ ៖ ប្រជាកសិករ​នៅ​ក្នុង​ស្រុក​ឱរ៉ាល់​មានការ​សប្បាយ​រីករាយ​​នឹង​ការ​ប្រមូល​ផល​​ស្រូវ​ឆ្នាំនេះ​ព្រោះ​​តែទិន្ន​ផល​ស្រូវ​បាន​ច្រើន​​ជាង​ឆ្នាំ​កន្លង​ទៅ​ ដោយ​ផ្អែក​​លើសក្តា​នុពល​​ភូមិ​សាស្ត្រ​ និង​ដោយ​សារ​បច្ចេកទេស​នៃ​ការ​ផលិត ​។ ​តា​ម​ការ​​កត់​សំគាល់​លើ​បរិមាណ​ផល​ស្រូវ​ដែល​​ប្រមូល​​​បាន​ ប្រជាកសិករ​មិ​ន​បាន​ដឹក​ស្រូវ​ចូល​ក្នុង​ជង្រុក​​ទាំង​អស់​ទេ ព្រោះមាន​ឈ្មួញ​​ចុះ​ដើរ​ទិញ​តាម​ផ្ទះ​រួចជា​ស្រេច​ដោយ​ឱ្យ​១គីឡូ​ក្រាម​តម្លៃ​ចាប់ពី​៩០០​រៀល ទៅ១.០០០​រៀល​​ ជា​ប្រភេទ​ស្រូវ​ចំរុះ​​ ។

លោក​ណែម វ៉ាន់​ ​មន្ត្រី​​ជំនាញ​​ផ្នែក​​កសិកម្ម​​ បានថ្លែង​​ថា ដោយ​ការ​ផលិត​ស្រូវ​របស់​ប្រជា​ពលរដ្ឋ​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹម​ត្រូវ ​ទើប​​ធ្វើ​​ឱ្យទិន​្ន​ផល​ស្រូវ​​មាន​ការ​កើន​ឡើង​ ។ នេះក៏​ដោយសារ​​ប្រជា​ពលរដ្ឋ​​យើង​យល់​ដឹង​ពីការ​ថែទាំ​និង​ដាក់ជីធម្ម​ជាតិ តាម​ការ​ណែនាំ​បណ្តុះ​បណ្តាល​​ពីមន្ត្រី​​កសិកម្ម​​ស្រុក ​​សហការ​ជាមួយ​អង្គ​ការ​​​ដែល​ជា​ដៃគូ​អភិវឌ្ឍន៍​​ទូទាំង​ស្រុក​ទើប​ធ្វើ​ឱ្យ​ទិន្ន​ផល​​​​ទទួល​​បាន​ជា​វិជ្ជ​មាន​ ។ ទោះបីជា​យ៉ាង​ណា​​ តម្លៃ​​ស្រូវបែរជា​​ក៏​មាន​ការ​ធ្លាក់​​ចុះ​ជាង​​បណ្តាឆ្នាំ​​មុនៗ​ទៅវិញ​ ដែល​ធ្វើ​ឱ្យ​ប្រជា​កសិករ​មាន​ការ​ខក​ចិត្ត​ផងដែរ ។

លោក​ក៏ដូចជា​​ប្រជា​កសិករ​​ សូមសំណូម​​ទៅរដ្ឋា​ភិបាល​​និង​អង្គការ​​ដែល​​ជា​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​​ សូម​ជួយ​រក​មធ្យោបាយ​​យ៉ាង​ណា​កុំ​ឱ្យ​តម្លៃ​ស្រូវ​មាន​ការ​ធ្លាក់​ចុះ​និង​​រក​ទីផ្សារ​ដ៏ត្រឹម​ត្រូវ​​ចៀស​វាង​ការ​កេង​​ប្រវ័ញ្ច​​​ចំណេញ​​ហួស​ហេតុ​ពីឈ្មួញ​កណ្តាល​​ ព្រោះ​ថា​ ទំនិញ​​លើ​ទីផ្សារ​​សព្វ​​សារពើ​ បាន​ឡើង​​​ថ្លៃ​​គ្រប់​​បែបយ៉ាង​ដែល​ធ្វើ​ឱ្យ​សេដ្ឋ​កិច្ច​ពួកគាត់​​ប្រឈម​​នឹង​បញ្ហា​​ខាង​ជីវភាពនាពេល​​​បច្ចុប្បន្ន​ ។​​ លោក​បាន​គូស​បញ្ជាក់​ទៀត​ថា ​សព្វ​​ថ្ងៃ​នេះ ការ​ដឹកជញ្ជូន​​ស្រូវ​គឺមានភាព​គគ្រឹកគគ្រេង​ រហូត​​មាន​​​​ការ​កើន​ឡើង​លើសឆ្នាំ​កន្លង​​ទៅជា​ងពាក់​កណ្តាល​​ ។ ប្រជាកសិករ​​នៅ​ស្រុក​ឱរ៉ាល់​​​បាន​​បង្ហើប​ឱ្យដឹង​​ថា ពួកគាត់​ត្រូវ​​តែលក់​ស្រូវ​​​ខ្លះ​ពីព្រោះ​​នៅ​ជាប់​ជំពាក់​ប្រាក់​​គេ​ឬ​ក៏ដើម្បី​យកមក​ប្រើ​ប្រាស់​ដោះ​ស្រាយ​រាល់​បញ្ហា​​ផ្សេងៗ​ក្នុង​គ្រួសារ​​​ ។ ​ប្រជា​កសិករ​ខ្លះ​​ធ្វើ​​ស្រូវ​បាន​​លើស​ពីតំរូវ​​ការ​ក្នុង​គ្រួសារ​តែក៏​មាន​​ខ្លះះ​​មិន​គ្រប់​គ្រាន់​ដែរ ៕

   
   
ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​សម្តេច​តេជោ​ហ៊ុន សែន
January 14, 2011 at 4:11 PM
 

រាជធានីភ្នំពេញ​ ៖ ការ​ប្រកួត​​បាល់់​ទាត់​ពាន​រង្វាន់​សម្តេច​តេជោ​ហ៊ុន សែន វគ្គ​ជំរុះ​​៣២​ក្រុម​ដំបូង ​ដែល​ចាប់​ផ្តើម​​ធ្វើ​ការ​ប្រកួត​ចាប់ពី​ថ្ងៃទី​៧ មករា នៅ​​​​​មណ្ឌល​ចំនួន​៤ គឺមណ្ឌល​បាត់​ដំបង មណ្ឌល​កំពង់ធំ មណ្ឌល​​ព្រៃវែង​ និង​​មណ្ឌល​តាកែវ បាន​បញ្ចប់​ហើយកាលពីថ្ងៃទី១៣ មករា​ ។ តាម​ការ​រៀបចំ​របស់​គណៈកម្មការ​បច្ចេក​ទេស​​ គឺមណ្ឌល​​នីមួយៗ​មាន​​៨​ក្រុម​ចែក​ចេញ​ជា​២​គ្រុប​ ​ហើយ​ក្នុង​១គ្រុប​ ដែល​មាន​៤​ក្រុម​នោះ ចំរាញ់​​យក​តែ២​ក្រុម​ប៉ុណ្ណោះ​សំរាប់​ ឡើង​មក​ប្រកួត​វគ្គ​ ជំរុះ​១៤​ក្រុម​នៅ​រាជធានី​ភ្នំពេញ​ជាបន្ត​ទៀត ។ មណ្ឌល​បាត់​ដំបង​គ្រុប​A ក្រុម​ដែល​មាន​ឱកាស​​បាន​ឡើង​មក​ប្រកួត​នៅ​វគ្គ​​១៦​ក្រុម​​ជា​បន្ត​ទៀត​នោះ​មាន​ក្រុម​ព្រែក​ប្រា​ និង​ក្រុម​​ឫទ្ធិ​សែន​ និង​គ្រុប​B មាន​ក្រុម​បៀល​ប្រាយ​​យូណាយ​ធីត និង​ក្រុម​បាត់​ដំបង​ជា​ម្ចាស់​ផ្ទះ ។​

មណ្ឌល​​កំពង់ធំ​ គ្រុប​C មាន​ក្រុម​ព្រះ​ខ័នរាជ្យ​ និង​​ក្រុម​ឆ្នាំ​សមុទ្រ​ ។ គ្រុប D មាន​ក្រុម​ភ្នំពេញ​ក្រោន និង​ក្រុម​​នាគ​ខៀវ ។ មណ្ឌល​​ព្រៃវែង​ គ្រុប E  មាន​ក្រុម​​ខេត្ត​ស្ទឹង​ត្រែង​ និង​ក្រុម​ឆ្មាខ្មៅ​ ចំណែក​គ្រុប​F ​មាន​ក្រុម​ក្រសួង​ការពារ​ជាតិ និង​ក្រុម​ក្រសួង​​មហា​ផ្ទៃ​ ។ មណ្ឌល​តាកែវ គ្រុប​ G  មាន​ក្រុមណាហ្គា​ ​និង​​ក្រុម​ខេត្ត​តាកែវ ឯគ្រុប​H មាន​ក្រុម​គិរីវង់​​សុខ​សែន​ជ័យ​ និង​ក្រុម​ខេត្ត​កោះ​កុង ។ ក្នុង​ចំណោម​២​ក្រុមនៃក្រុម​​នីមួយៗ​ដែល​​បាន​លេង​​ឈ្នះ​ហើយ​ត្រូវ​ឡើង​មក​ដល់​​វគ្គ​ជំរុះ​១៦​ក្រុម​នៅពហុកីឡដ្ឋាន​ជាតិ​ជាបន្ត​ទៀត​នោះ គឺនឹង​ត្រូវ​ចាប់​ផ្តើម​ប្រកួត​ពីថ្ងៃទី​២២ ខែ​មករា ខាង​មុខ​នេះ​ហើយ ៕

   
   
ឆ្លងដែន​​ទៅ​ប្រទេស​​សៀម​តាម​រយៈ​ក្រុម​ហ៊ុន​​បញ្ជូន​​សព​មក​វិញ
January 14, 2011 at 4:08 PM
 
សពពលករ​​ចំណាក​ស្រុក​​ម្នាក់​ត្រូវ​បាន​​​​​ភាគី​សៀម​បញ្ជូន​​មក​វិញ​តាម​ច្រកទ្វារ​​ប៉ោយ​ប៉ែត

ក្រុង​ប៉ោយ​ប៉ែត​ ៖ សពពលករ​​ចំណាក​ស្រុក​​ម្នាក់​ត្រូវ​បាន​​​​​ភាគី​សៀម​បញ្ជូន​​មក​វិញ​តាម​ច្រកទ្វារ​​ប៉ោយ​ប៉ែត​ប្រគល់​ឱ្យ​ក្រុមគ្រួសារ​​យក​ទៅ​ធ្វើ​បុណ្យ​នៅឯស្រុក​កំណើត ។​ តាម​ការបំភ្លឺ​​ពីស្ត្រី​​ឈ្មោះ​ទឹម ថូ អាយុ​៤២ឆ្នាំ ត្រូវជា​​ប្រពន្ធ​របស់​សព​ បាន​ឱ្យ​ដឹងថា​ ប្តី​របស់​គាត់​ដែល​ស្លាប់​នេះ​មាន​ឈ្មោះ​​ឡៃ ថង់ អាយុ​៣៨ឆ្នាំ រស់​នៅ​​ភូមិ​ខ្លា​ឃ្មុំ ឃុំ​គោក​ធ្លក​លើ ស្រុក​ជីក្រែង​ ខេត្ត​សៀម​រាប បាន​​ទៅធ្វើ​ការ​នៅ​​ប្រទេស​​​សៀម​ដោយ​​ស្រប​ច្បាប់​ តាម​រយៈ​ក្រុម​ហ៊ុន​​យូមែន​ផៅវើរ​រយៈ​ពេល​ជាង​៣​ខែ​មក​ហើយ នៅ​​ខេត្ត​​ឈុនបុរី​ គឺធ្វើ​កម្មករ​លើក​អីវ៉ាន់​ដាក់​រថយន្ត ​។

តាម​ស្ត្រីជា​ប្រពន្ធ​​បន្ត​ថា ស្រាប់​តែ​នៅ ព្រឹក​ថ្ងៃទី​១៣ មករា ខាង​​ក្រុម​ហ៊ុន​​បាន​ទូរស័ព្ទ​​ប្រាប់​គាត់​ជា​ប្រពន្ធ​​ថា ឱ្យ​មក​​ចាំ​ទទួល​យក​សព ប្តី​នៅ​មាត់​ច្រក​​ទ្វារ​ប៉ោយ​ប៉ែត ។​ ស្ត្រី​ជា​ប្រពន្ធ​រូបនេះ​បាន​បន្ត​ថា ចំណែក​​មូល​​ហេតុ​នៃ​ការ​ស្លាប់​របស់​ប្តី​គាត់​ត្រូវ​ក្រុម​​ហ៊ុន​ប្រាប់​​ថា​ ប្តីរបស់​គាត់​បាន​ដេក​ស្លាប់​នៅ​វេលា​ម៉ោង​ប្រមាណ​១១​យប់​ ថ្ងៃទី​​១២ ​មករា ២០១១ នៅ​ក្នុង​បន្ទប់​ស្នាក់​នៅ ​ហើយ​​​នៅពេល​​​ព្រឹក​ឡើង​ដល់​​ពេល​ម៉ោង​​​ធ្វើ​ការ​​ទើប​​គេ​ដឹង​ ។ ​សពបុរស​រូបនេះ​​​ត្រូវ​បាន​ភាគី​សៀម​​បញ្ជូន​មក​វិញ​តាម​ច្រក​ប៉ោយ​ប៉ែតកាលពី​​​ថ្ងៃទី​១៣ មករា ដើម្បី​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណីនៅឯស្រុក​កំណើត ៕

   
   
ចាប់​ពិរុទ្ធ​ជន​ម្នាក់​តាម​ដីកា​របស់​​តុលាការ​ពី​បទ​បង្ក​របួស​ស្នាម
January 14, 2011 at 4:05 PM
 
ជន​ជាប់​ពិរុទ្ធ​​ឈ្មោះ​ឃុន វ័រ អាយុ​២៧​ឆ្នាំ​

ខេត្ត​ព្រៃ​វែង​ ៖ ជន​ជាប់​ពិរុទ្ធ​​ឈ្មោះ​ឃុន វ័រ អាយុ​២៧​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ព្រែក​ធំ​ ឃុំ​អ្នក​លឿង​ ស្រុក​ពាម​រក៍​ ត្រូវ​​ប៉ូលិស​ស្រុក​ចាប់​ខ្លួន​តាម​ដីកា​ ។ តាម​ការ​ឱ្យ​ដឹង​ពីមន្ត្រី​ប៉ូលិស​យុត្តិ​ធម៌​ស្រុក​ពា​​ម​រក៍​ថា កាល​ពី​ថ្ងៃ​ទី​៥ ខែ​មេសា​ ឆ្នាំ​២០០៨ នៅ​ក្នុង​ភូមិ​​មាន​ពិធី​ជប់​លៀង​ឡើង​ផ្ទះ​ថ្មី​ ហើយ​ឃុន វ័រ​ ​បាន​ចូល​រួម​ផឹក​ស៊ី​​សប្បាយ​ដែរ ​។ ពេល​នោះ​គេ​​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​​ឈ្មោះ​តោ ហើយ​វ៉ៃ​តប់​គ្នា​បង្ក​ឱ្យ​ឈ្មោះ​តោ រង​​របួស ​។ អ្នក​រង​របួស​បាន​​ដាក់​ពាក្យ​បណ្តឹង​​ទៅ​តុលា​ការ​ខេត្ត​ហើយ​តុលា​ការ​ចេញ​ដីកា​កោះ​ហៅ​ឱ្យ​ឈ្មោះ​ឃុន វ័រ ទៅ​បំភ្លឺ​ តែគេ​គេច​វេះ​​ជា​ច្រើន​ដង ព្រម​ទាំង​គេ​ច​ខ្លួន​បាត់​ ​។

នៅ​ថ្ងៃ​ទី​១១ មករា ឆ្នាំ​២០១១​​ ​គេ​ចូល​ស្រុក​វិញ​ក៏​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​តាម​ដីកា​បញ្ជូន​​ទៅ​ឱ្យ​តុលាការ ​។ នៅថ្ងៃ​ទី​១២ មករា ​ក្រុម​គ្រួសារ​ទៅ​អះ​អាង​ប្រាប់​ប៉ូលិស​យុត្តិ​ធម៌​ស្រុក​ពាម​រក៍​​ថា ឈ្មោះ​ឃុន វ័រ ​មិន​បាន​បង្ក​របួស​ស្នាម​ទៅ​លើ​ឈ្មោះ​គោ​​ឡើយ ​។ គេ​ឆ្ងល់​ថា បើ​មិន​បង្ក​របួស​ស្នាម​ទៅ​លើ​អ្នក​ដទៃ​ទេ​ ហេតុ​អ្វី​​គេច​ខ្លួន?​ មន្ត្រី​ប៉ូលិស​យុត្តិ​ធម៌​ស្រុក​​បញ្ជាក់​ថា មាន​តែ​តុលា​ការ​ទេ​ជា​អ្នក​សំរេច​យ៉ាង​ណា​នោះ​​ ។ មន្ត្រី​ប៉ូលិស​បាន​ឱ្យ​ជន​ល្មើស​ផ្តិ​ត​មេ​ដៃ​ដើម្បី​បំពេញ​សំណុំ​រឿង​​បញ្ជូន​ខ្លួន​គេ​​ទៅ​តុលាការ​ ៕

   
   
ធនា​គារ​ក្តាម​ត្រូវ​បាន​បង្កើត​នៅ​តាម​សហ​គមន៍​អ្នក​នេសាទ
January 14, 2011 at 3:52 PM
 
ធនា​គារ​ក្តាម​ត្រូវ​បាន​បង្កើត​នៅ​តាម​សហ​គមន៍​អ្នក​នេសាទ​
ធនា​គារ​ក្តាម​ត្រូវ​បាន​បង្កើត​នៅ​តាម​សហ​គមន៍​អ្នក​នេសាទ​

ខេត្ត​កំពត ៖ ការ​បង្កើត​ធនា​គារ​ក្តាម​នៅ​តាម​សហ​គមន៍​អ្នក​នេសាទ​សមុទ្រ​កាន់​តែ​ធ្វើ​​ឱ្យ​ក្រុម​អ្នក​នេសាទ​ និង​អាជីវ​ករ​​ប្រមូល​ទិញ​ក្តាម​យល់​ដឹង​ពី​ភាព​វិនាស​ហិន​ហោច​របស់​ក្តាម​សេះ​ ។ និយម​ន័យ​របស់​ធនា​គារ​ក្តាម​ គឺ​ជា​ពាក្យ​​មួយ​ស្ទើរ​តែ​មិន​ធ្លាប់​ឮ​ ​។ លោក​ស សូរិន ប្រធាន​ការិយា​ល័យ​​ជល​ផល​ខេត្ត​ប្រាប់​ឱ្យ​ដឹង​ថា ការ​បង្កើត​ធនា​គារ​ក្តាម​ចាប់​ដំណើរ​ការ​តាំង​ពី​ឆ្នាំ​២០០៨​មក​ម្ល៉េះ​ ​នៅ​តាម​សហ​គមន៍​៨​​ផ្សេងៗគ្នា​នៅ​ខេត្ត​កំពត​ និង​ខេត្ត​កែប ។ ធនា​គារ​ក្តាម​ គឺ​អ្នក​នេសាទ​ទាំង​ឡាយ​ដែល​ចាប់​បាន​​ក្តាម​មាន​ពង​ពី សមុទ្រ​ត្រូវ​​គណៈ​កម្ម​ការ​ធនា​គារ​ក្តាម​ទិញ​យកទៅ​​លែង​ក្នុង​បែ​(ទ្រុង)​ដើម្បី​ឱ្យ​​ក្តាម​ពង​ញាស់​​ជា​កូន​ ហើយ​លែង​ទៅ​ក្នុង​ទឹក​វិញ ​។

លោក​ស សូរិន​ អះ​អាង​ថា តាម​ការ​ពិនិត្យ​របស់​ក្រុម​​មន្ត្រី​​ជល​ផល​​បាន​រក​ឃើញ​ក្តាម​ញី​នីមួយៗ​មាន​ពង​ចំនួន​ជាង​មួយ​​លាន​គ្រាប់​ ហើយ​រយៈ​ពេល​​តែ​៧​ថ្ងៃ​ប៉ុណ្ណោះ​​អាច​ញាស់​ជា​កូន​ជ្រុះ​ទៅ​សមុទ្រ​វិញ ​។ នៅ​ឆ្នាំ​២០១០​កន្លង​មក​នេះ​មិន​បាន​ប្រមូល​ទិញ​ពី​ក្រុម​អ្នក​នេសាទ​​ទេ​ ដោយ​មាន​ក្រុម​ឃ្លាំ​មើល​​របស់​សហ​គមន៍​ឃើញ​ក្តាមមាន​​ពង​ហើយ​ត្រូវ​យក​មក​ដាក់​ក្នុង​បែ ។ ​ធនា​គារ​​ត្រូវ​ធ្វើ​កំណត់​ត្រា​ថា​តើ​​អ្នក​នេសាទ​ណា​បាន​ក្តាមពង​ទុក​ក្នុងបែ​ច្រើន​ជាង​គេ​នឹង​​ឱ្យ​អ្នក​នេសាទ​រូប​នោះ​ខ្ចី​ប្រាក់​ ដោយ​មិនគិត​​​ការ​ពី​ពួក​គាត់​ទេ ​។ ទោះ​បី​ជា​បែប​ណា​ក្តី​ក្រុម​​អ្នក​នេសាទ​ចាប់​បាន​ក្តាមមាន​ពង​តិច​តួច​បំផុត​ ។

លោក​ស៊ឹម ហ៊ឹម ប្រធាន​សហ​គមន៍​អ្នក​នេសាទ​ឃុំ​ត្រពាំង​​សង្កែ​ ស្រុក​ទឹក​ឈូ​មាន​ប្រសាសន៍​ថា សហ​គមន៍របស់​លោក​​​មិន​ទាន់​បាន​បង្កើត​ធនា​គារ​ក្តាម​នៅ​ឡើយទេ គឺ​មិន​ទាន់​​មាន​អង្គ​ការ​ជួយ​ជ្រោម​ជ្រែង ។ ​ម្យ៉ាង​ខ្វះ​ថវិកា​ធ្វើ​បែ សំ​រាប់​ដាក់​ក្តាម​ពង ​​។ ចំពោះ​សហ​គមន៍​អ្នក​នេសាទ​កំពង់​សាមគ្គី​​ ឃុំ​កូន​សត្វ​ គឺ​បង្កើត​ធនា​គារ​ក្តាម​បានហើយ​តែ​​ដួល​រលំ​ទៅវិញ​ ដោយ​សហ​គមន៍​​នោះ​ចង់​បាន​មុខ​មាត់​ឆាប់​រហ័ស​​ពេក​ធ្វើ​ឱ្យ​បាត់​ចំណូល​របស់​ក្រុម​អ្នក​នេសាទ​ ។
តាម​​របាយ​ការណ៍​ជា​ផ្លូវ​ការ​របស់​ជល​ផល​ខេត្ត​ឱ្យ​ដឹងថា មាន​ក្តាម​ពង​ជាង​១​តោន​ត្រូវ​បាន​ដាក់​ក្នុង​បែជំរុះ​កូន​ទៅ​ក្នុង​សមុទ្រ​វិញ​ ៕

   
   
រដ្ឋ​សភា​ស្វែង​យល់​ពី​ការ​ងារ​អប់រំ​វប្ប​ធម៌​ និង​ធម្ម​ការ
January 14, 2011 at 3:46 PM
 
​រដ្ឋ​សភា​ស្វែង​យល់​ពី​ការ​ងារ​អប់រំ​វប្ប​ធម៌​ និង​ធម្ម​ការ
​រដ្ឋ​សភា​ស្វែង​យល់​ពី​ការ​ងារ​អប់រំ​វប្ប​ធម៌​ និង​ធម្ម​ការ

រាជធានីភ្នំពេញ ៖ នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី​១៤ មករា មាន​រៀប​ចំ​កិច្ច​ប្រជុំ​ពិភាក្សា​​អំពី​ការ​ងារ​អប់រំ ការ​ងារ​វប្ប​ធម៌ និង​ការ​ងារ​ធម្ម​ការ ​រវាង​​មន្ត្រី​រដ្ឋ​សភា និង​មន្ត្រី​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ក្រោម​អធិបតីភាព​លោក​ជំទាវ​បណ្ឌិត​ខ្លូត ធីតា ​ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ។ លោក​ជំទាវ​បណ្ឌិត​ខ្លូត ធីតា បាន​​មាន​ប្រសាសន៍​ថា កិច្ច​ប្រជុំ​ពិភាក្សា​​នេះ​ គឺ​ធ្វើ​ឡើង​តាម​សំណើ​របស់​សម្តេច​​អគ្គ​មហា​ពញា​​​ចក្រី ហេង សំរិន ប្រធាន​រដ្ឋ​សភា​ ដែល​បាន​ចាត់​មន្ត្រី​រដ្ឋ​សភា​ចំនួន​៤​នាក់ ឱ្យ​មក​សាក​សួរ​រាជ​បណ្ឌិត្យ​សភា​ជួយ​គិត​មើល​លើ​ទិដ្ឋ​ភាព​សង្គម​បច្ចុ​ប្បន្ន​ ដែល​ទាក់​ទង​ទៅ​នឹង​ការ​ងារ​​អប់រំ ការ​ងារ​វប្ប​ធម៌ និង​ការ​ងារ​ធម្ម​ការ​ជា​មួយ​ការ​ងារ​នយោ​បាយ តើ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​យល់​ឃើញ​យ៉ាង​ម៉េច​ដែរ​ ។

លោក​ជំទាវ​ខ្លូត ធីតា បាន​បង្ហាញ​ថា ការ​ងារ​ទាំង​បី​ដែល​​ពាក់​ព័ន្ធ​​នឹង​​នយោ​បាយ​​នេះ គឺ​ពិត​ជា​ការ​ងារ​សំខាន់ និង​មាន​ប្រយោជន៍​ទាំង​អស់ ។ ​ការ​ងារ​​ទាំង​​បី​នេះ វា​ក៏​ជា​មូល​ដ្ឋាន​គ្រឹះ​​របស់​ការ​ងារ​នយោ​បាយ​ដែរ ពី​ព្រោះ​​ថា បើ​​សិន​ជា​មនុស្ស​មិន​បាន​អប់រំ​ខ្លួន​ឱ្យ​យល់​អំពី​វប្ប​ធម៌​​​របស់​​ជាតិ​ខ្លួន មិន​ស្គាល់​អំពី​សាសនា​ដែល​មនុស្ស​​​ត្រូវ​គោរព​មាន​លក្ខណៈ​ផ្សេងៗ​ពី​គ្នា​នោះ​ទេ មនុស្ស​​នោះ​ក៏​មិន​អាច​​ធ្វើ​នយោ​បាយ​បាន​ដែរ ។ ដូច្នេះ​​អ្វី​ៗ​​វា​សុទ្ធ​តែ​មាន​ទំនាក់​ទំនង​គ្នា​ទាំង​អស់ ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ គឺ​ថា តើ​មនុស្ស​នោះ​គេត្រូវ​មាន​ការ​ចេះ​ដឹង​​ក្នុង​កំរិត​ប៉ុន​ណា​ យល់​កំរិត​ណា បើ​យល់​ដឹង​មិន​ដល់​កំរិត​​ធ្វើ​អ្វីៗ​ក៏​មិន​ពូកែ​ដល់​កំរិត​ដែរ ។

មន្ត្រី​ខាង​រដ្ឋ​សភា​បាន​សួរ​ទៀត​​ថា ការ​ងារ​ទាំង​អស់​នេះ​ល្អ​ទៅ​បាន​ដោយ​សារ​​អ្វី? លោក​ជំទាវ​​បន្ត​ថា ​ការ​ងារ​នេះ​ល្អ​ទៅ​បាន គឺ​ដោយ​សារ​ថ្នាក់​ដឹក​នាំ​ប្រទេស​ជាតិ​ផង និង​អ្នក​ដែល​ត្រូវ​​គេ​គ្រប់​គ្រង​​ផង​ដែរ ត្រូវ​ចេះ​យល់​​ពី​គ្នា​​ និង​ពូកែ​ស្រាវ​ជ្រាវ​ ដូច​ជា​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន លោក​មិន​​ត្រឹម​តែ​ឆ្លាត​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​​​ស្គាល់​ច្បាស់​ពី​ការ​ងារ ​​ពូកែ​ស្រាវ​ជ្រាវ​​ តស៊ូ និង​ស្មោះ​ត្រង់​ចំពោះ​ជាតិ​មាតុ​ភូមិ ។ បើ​សិន​ជា​លោក​មិន​ស្មោះ​​ត្រង់​ចំពោះ​ជាតិ​មាតុ​ភូមិ​​ទេ ការ​ងារ​គ្រប់​គ្រង​របស់​គាត់​​ក៏​មិន​​ទទួល​បាន​ជោគ​ជ័យ​ដូច​បច្ចុ​ប្បន្ន​នេះ​ដែរ ៕

   
   
ឃ្លាត​ពី​តុ​អង្គុយ​ធ្វើ​ការ​1នាទី​កាត់​បន្ថយ​ជំងឺគាំង​បេះដូង
January 14, 2011 at 3:44 PM
 
បុគ្គលិកអង្គុយធ្វើការ

យោង​តាម​ការ​ស្រាវ​ជ្រាវ​មួយ​បាន​បង្ហាញ​ថា ការ​ក្រោក​ចេញ​ពី​តុធ្វើ​ការ​ហើយ​ទៅ​និយាយ​ជា​មួយ​មិត្ត​រួម​ការ​ងារ​របស់​អ្នក១នាទី​អាច​​​ជួយ​កាត់​បន្ថយ​អត្រា​នៃការ​កើត​ជំងឺគាំង​បេះដូង​។
បណ្តា​ជន​ដែល​ឈប់​សម្រាក​រយៈ​ពេល​ខ្លី​ពី​ការ​ងារ​ក្នុង​ចន្លោះ​ពេល​ដ៏​ទៀង​ទាត់​មួយ​ក្នុង​មួយ​ថ្ងៃ​ មាន​ការ​ប្រឈមតិច​តួច​បំផុត​ទៅ​​នឹង​ការ​ឡើង​ទម្ងន់​និង​ការ​ឡើង​ឈាម​។​លើ​សពី​នេះ​ទៀត​វា​ក៏​បាន​ជួយកាត់​បន្ថយ​អត្រា​នៃការ​កើត​ជំងឺ​សរសៃ​ឈាម​បេះ​ដូង​បាន​ផងដែរ​។
បណ្តា​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា មនុស្ស​​ដែល​ក្រោក​ឈរ​មួយ​រយៈ​ពេល​ខ្លី​ ដែល​ក្នុង​មួយ​ថ្ងៃ​បូក​សរុប​ទៅឈរ​ឱ្យបាន​​ជាង​២ម៉ោង​មាន​ទំហំ​ចង្កេះ​កាន់​តែ​តូច​ទៅ​រួមនឹង​សម្ពាធ​ឈាម​ចុះ​ទាប​ផងដែរ​។អំឡុង​នៃការ​ធ្វើ​ពិ​សោធន៍​ អ្នក​ស្រាវ​ជ្រាវ​បាន​សិក្សា​ទៅ​លើ​ទំលាប់​របស់​មនុស្ស​ពេញ​វ័យ​ចំនួន​៤.៧៥៧នាក់​។​អ្នក​ចូល​រួម​ធ្វើ​ពិ​សោធន៍​ម្នាក់​ត្រូវ​គេ​បំពាក់​ប្រ​ដាប់​ស្ទង់​មួយ​គឺជា​វត្ថុ​តូច​មួយ​ដែល​ពាក់​នៅលើ​ចង្កេះ​ដើម្បី​វាស់​ចំនួន​ពេល​វេលា​ដែល​ពួក​គេ​ដើរ​និង​រត់​ ។

ទំហំ​ចង្កេះ​ សម្ពាធ​ឈាម​ ​និង​កម្រិត​ប្រូ​តេអ៊ីន​ប្រតិករCនៅក្នុង​ឈាម​របស់​ពួក​គេ ​ក៏​ត្រូវ​បាន​គេ​វាស់​ស្ទង់​ផងដែរ​។ជា​លទ្ធផល​បន្ទាប់​ពី​ការ​វាស់​ស្ទង់​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ​ឃ្វីន​​ស៊្លែន​ប្រទេស​អូស្ត្រាលី​បាន​រក​ឃើញ​ថា អ្នក​ដែល​ឈប់​សម្រាក​ភាគ​ច្រើន​មាន​ទំហំ​ចង្កេះ​តូចជាង​អ្នក​ដែល​អង្គុយ​ធ្វើ​ការ​ជាប់​រហូត​ដល់​ទៅ​៤សង់​ទី​ម៉ែត្រ​ ៕

   
   
របរពេស្យា​នៅ​ហុល្លង់​ត្រៀម​​ទទួល​ដំណឹង​អាក្រក់​ពេល​រដ្ឋ​គ្រោង​ប្រមូល​ពន្ធ
January 14, 2011 at 3:38 PM
 
ស្រី្តពេស្យានៅហុល្លង់កំពុងរង់ចាំភ្ញៀវ
ស្រី្តពេស្យានៅហុល្លង់កំពុងរង់ចាំភ្ញៀវ
ស្រី្តពេស្យានៅហុល្លង់កំពុងរង់ចាំភ្ញៀវ

ពេស្យា​ចារ​ជា​មុខ​​របរ​ដ៏​កាក់​កប​មួយ​​នៅក្នុង​ទីក្រុង​អាំ​ស្ទែរ​ដាម​ ប្រទេស​ហុល្លង់​នៅ​ក្នុង​យុគ​សម័យ​ឆ្នាំ​១៦០០​ ដោយប្រទេស​​ហុល្លង់​នា​សម័យ​នោះ​អ្នក​ដើរ​តាម​សមុទ្រ​តែង​តែ​មក​រក​ការ​កំសាន្ត​សប្បាយ​​នៅ​ទី​ក្រុង​ខាង​លើ​យ៉ាង​ច្រើ​ន។ គួរ​បញ្ជាក់​ថា ប្រទេស​ហុល្លង់​បាន​ចុះ​បញ្ជី​​ដល់​អាជីព​​ខាង​លើ​ជា​មុខ​របរ​​ស្រប​ច្បាប់​កាល​ពី​១០​ឆ្នាំ​មុន​​ ប៉ុន្តែ​ទើប​​ប្រមូល​ពន្ធ​ក្នុង​ពេល​បច្ចុប្បន្ន​។ លោក​ស្រី​យាន​ណេក​ វើ​ហេក​ហ្គេន​ អ្នក​នាំ​ពាក្យ​នាយក​ដ្ឋាន​ពន្ធ​ដា​របាន​​ឱ្យ​ដឹង​ថា យើង​នឹង​ចាប់​ផ្តើម​ប្រមូល​ពន្ធ​ទៅ​លើ​ទី​តាំង​បន​ស្រី​ដែល​មាន​ទំហំ​ធំ​ ក្រោយ​មក​ក៏​បន្ត​ទៅ​ទី​តាំង​បំរើ​សេវា​កម្ម​ផ្លូវ​ភេទ​ខ្នាត​តូច។ សំរាប់​សកម្ម​ភាព​​លើក​នេះ​បាន​បង្ក​​ឱ្យ​កើតមាន​ការ​ប្រឆាំង​នៅក្នុង​ក្រុម​ស្ត្រី​ពេស្យា​ និង​ផ្នែក​ខ្លះ​ទៀត​ក៏​បារម្ភ​ថា តើ​ច្បាប់​ខាង​លើ​អាច​ចូល​ជា​ធរមាន​បាន​ឬ​អត់​?

នាង​សាម៉ង់​តា ដែល​មាន​អាជីព​ជា​អ្នក​បំរើ​ផ្លូវ​ភេទ​ក្នុង​ទី​ក្រុង​អាំ​ស្ទែរ​ដាមនិយាយ​ថា ចាត់​ទុក​ថា ជា​រឿង​ល្អ​មួយ​ដែល​ពួក​គេ​ធ្វើ​បែប​នេះ​ ហើយ​វា​ក៏​ជា​មុខ​របរ​មួយ​ដូច​គ្នា​ និង​យើង​ក៏​គួរ​បង់​ពន្ធ​។ ​នាង​បាន​បង់​ពន្ធ​អស់​រយៈ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ និង​មាន​អារម្មណ៍​ថា ខ្លួន​កំពុង​មាន​ការ​ប្រកួត​ប្រជែង​ដោយ​អយុត្តិ​ធម៌​ជាមួយ​ស្ត្រី​ផ្សេង​ដែល​​មិន​បាន​បង់​ពន្ធ​ ដែល​មនុស្ស​ភាគ​ច្រើន​(ស្ត្រី​ពេស្យា​) ភៀស​ខ្លួន​មក​ពី​តំបន់​អឺរ៉ុប​ខាង​កើត​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កាល​ពី​សប្តាហ៍​កន្លង​មក​កាសែត​ក្នុង​ស្រុក​បាន​ផ្សព្វ​ផ្សាយ​ទិន្ន​ន័យ​ដែល​បញ្ជាក់​ពី​អាជ្ញា​ធរ​ហុល្លង់​ថា អាជីព​ជា​ស្ត្រី​ពេស្យា​ត្រូវ​តែឈាន​ចូល​ក្នុង​ប្រព័ន្ធ​បង់​ពន្ធ​ដូច​អាជីព​ផ្សេង និង​បាន​បញ្ជាក់​ថា ម្ចាស់​មុខ​ជំនួញ និង​ស្ត្រី​ពេស្យា​ដាក់​តាំង​ក្នុង​ទូ​កញ្ចក់​ក្នុងក្រុង​​អាំ​ស្ទែរ​ដាម​ ត្រូវ​បង់​ពន្ធ​ដោយ​ផ្ទាល់​។

តាម​ទិន្ន​ន័យ​របស់​វិទ្យា​ស្ថាន​ស្ថិតិ​ជាតិ​បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា អាជីព​ជា​ស្ត្រី​ពេស្យា​អាច​រក​ចំណូល​បាន​ច្រើន​ជាង​៦៦០​លាន​យូរ៉ូ ក្នុង​មួយ​ឆ្នាំ បើ​គិត​ជា​ចំណូល​មធ្យម​មាន​ប្រហែល​៥០​យូរ៉ូ ក្នុង​ម្នាក់​ពី​ប្រជា​ជន​សរុប​១៦​លាន​នាក់​នៅ​ក្នុង​ប្រទេស​ហុល្លង់​។ ក្នុង​ច្បាប់​របស់​ហុល្លង់​អ្នក​បំរើ​សេវា​កម្ម​ផ្លូវ​ភេទ​(ពេស្យា​ចារ)​នឹង​ត្រូវ​កាត់​ពន្ធ​ក្នុង​អត្រា​១៩%​ពី​ថ្លៃ​សេវា​កម្ម​ធម្មតា​៥០​យូរ៉ូ ក្នុង​ការ​ធ្វើ​សេវា​កម្ម​​រយៈ​ពេល​​១៥​នាទី​។ ក្រៅ​ពី​នេះ​ ប្រាក់​ចំណូល​ក្រោយ​ពី​កាត់​ពន្ធ​ចាត់​ទុក​ថា ជា​ប្រាក់​ចំណូល​របស់​អ្នក​បំរើ​សេវា​កម្ម​​(ពេស្យា​)។ សំរាប់​អ្នក​ដែល​មាន​​ចំណូល​ទាប​ជាង​១៨.០០០​យូរ៉ូ​ក្នុង​មួយ​ឆ្នាំ​នឹង​ត្រូវ​កាត់​ពន្ធ​៣៣%​ និង​អ្នក​មាន​ចំណូល​ច្រើន​ជាង​៥៤.០០០​យូរ៉ូ ក្នុងមួយ​ឆ្នាំ​ត្រូវ​កាត់​ពន្ធ​ដល់​ទៅ​៥២%។
តាម​លទ្ធ​ផល​អង្កេត​កាល​ពី​ខែតុលា​កន្លង​មក​ឃើញ​ថា នៅ​ក្នុង​ទី​ក្រុង​អាំ​ស្ទែរ​ដាម​មាន​ស្ត្រី​ពេស្យា​ជិត​៨.០០០​នាក់​ និង​៣.០០០នាក់​ផ្តល់​សេវា​កម្ម​ជ្រើស​រើស​តាម​ទូ​កញ្ចក់​ ខណៈ​ដែល​ស្ថាប័ន​ប្រមូល​ទិន្ន​ន័យ​ធ្វើ​ការ​អង្កេត​ខាង​លើ​​មាន​ជំនឿ​​ថា ៤០%​នៃ​ស្ត្រី​ពេស្យា​ក្នុង​ទូកញ្ចក់​បាន​ចូល​ក្នុង​ប្រព័ន្ធ​បង់​ពន្ធ​រួច​ជា​ស្រេច ៕

   
   
ប៉ូលិស​​ទំនើង​​ស័ក្តិ​​៤​កន្លះ​​ដេញបាញ់​មនុស្ស​ផ្អើល​​​ពេញ​ហាង​ រត់​គេច​ព្រំដែនកាំ​ភ
January 14, 2011 at 3:38 PM
 
ប៉ូលិស​​ទំនើង​​ស័ក្តិ​​៤​កន្លះ​​ដេញបាញ់​មនុស្ស​ផ្អើល​​​ពេញ​ហាង​
​

ខេត្តបន្ទាយមានជ័យ ៖ ​លោកប៉ូលិស​​ស័ក្តិ​​​៤​កន្លះម្នាក់ ​នាយ​ការិយាល័យ​​ប្រឆាំង​​ភេរវ​កម្ម​​​​ដែល​គេ​ស្គាល់​ថា​ជាកូនប្រុស​​អតីត​ស្នង​ការ​នគរបាល​​​ និង​ជា​អភិបាល​​រង​ខេត្ត​​បន្ទាយ​មាន​ជ័យ​ផងនោះ ​ត្រូវសមត្ថ​កិច្ច​​​​​​​ចាប់ខ្លួន​​​​ជាប់ចោទ​​ពីបទ​ប្រើប្រាស់​​​​អាវុធ​​ខុសច្បាប់​​បាញ់​បោះ​សេរី និង​ធ្វើសកម្មភាព​​ដេញ​បាញ់​ម្ចាស់​ភោជនីយដ្ឋាន​​​ជំនោរ​សែសិន ដែលជា​​ភោជនីយ​ដ្ឋាន​​​មួយ​កន្លែង​​​ទំនើប​ជាង​គេ​នៅ​ក្នុង​ក្រុង​សិរី​សោភ័ណ ​បណ្តាល​ឱ្យ​​​មនុស្ស​​​រត់ជាន់គ្នា ខណៈ​កំពុង​​​​​​សប្បាយ​​​ក្នុងពិធី​​​ជប់លៀង​​​ដែលក្នុង​ឱកាស​​​នោះ​​នាយក្រឹម​​ តារា​កំប្លែង​​ល្បីឈ្មោះ​​ក៏​រត់​​​ព្រលឹង​ចុងសក់​នឹង​គេដែរ ប៉ុន្តែ​​ក្រោយ​មក​​ នាយក្រឹម​​​បាន​លួងលោម​​ឱ្យ​បុរស​​ជើងខ្លាំង​នោះ ដាក់​កាំភ្លើង​ចុះ​វិញទើប​​ឈានទៅ​​ចាប់ខ្លួន ។​

ហេតុការណ៍​​បាញ់​បោះ​​សេរី​ដូច​​អ្នក​លេង​ខូវ​ប៊យ​នេះ​បានកើតឡើង​ កាលពី​​វេលាម៉ោង​​១០​​កន្លះយប់ ​ថ្ងៃទី​​​១៣ មករា ២០១១ ធ្វើ​ឱ្យ​ពិធី​​ជប់​​លៀង​​សប្បាយ​​ក្លាយ​​ជា​រាត្រី​​ព្រលឹង​ចុងសក់​​ ។ ​អ្នក​ខេត្ត​បន្ទាយ​មានជ័យ​​បានអះអាង​ថា ប៉ូលិស​​ទំនើង​​រូបនេះ​​តែង​តែ​​​បង្ករឿង​​​រ៉ាវ​បាញ់​បោះជាច្រើន​​លើក ច្រើនសា​ពុំខ្លាច​​ញញើត​​ច្បាប់​អ្វី​ទេ ឱ្យតែ​​​ផឹកស៊ី​ស្រវឹងម្តងៗ ​រហូត​ដល់​​អ្នក​ស្គាល់​​​គ្នា​​លែង​ហ៊ាន​​ផឹក​ជា​មួយ​​ទៅហើយ ។​ សកម្មភាព​បាញ់បោះ​​សេរីនោះ​កើតឡើង​​​ក្នុង​​ពិធីជប់លៀង​​ឡើងកាន់មុខ​តំណែង​​របស់លោក​​ប្រធាន​មន្ទីរអប់រំ​​យុវជន​​ និងកីឡា​ខេត្ត​បន្ទាយ​មានជ័យថ្មី ដោយ​បានរៀបចំ​​នៅ​​ភោជនីយដ្ឋាន​​ជំនោរ​​សែនសិន ក្នុងនោះ​​មានលោក​ឧកញ៉ា​​ តារា​កំប្លែង​​ល្បីឈ្មោះ​​លោកអ៊ូ ប៊ុណ្ណារ៉ាត់ ​ហៅ​នាយ​​ក្រឹម ​មន្ត្រី​​អប់រំ​ ​លោកគ្រូ ​មន្ត្រីគយ ​កង​រាជ​អាវុធ​ហត្ថ​​​ និងបុគ្គលិក​​ភោជនីយដ្ឋាន​​​ចូលរួម​​សប្បាយ​​យ៉ា​ងច្រើន​​កុះករ ។

បន្ទាប់​​ពី​កើត​មាន​​ជម្លោះ​​ពាក្យ​សំដី​​ហើយ​ឈាន​ទៅដល់​​​​​ការ​បាញ់​​បោះ​​ប្រហែល​​១០គ្រាប់ ​ធ្វើ​​​ឱ្យ​​មនុស្ស​​​​ទាំង​នោះ​​ខ្លះ​​លូន ក្រាប រត់បាត​ជើង​សព្រាត សូម្បីតែ​​​តារា​កំប្លែង​​ដ៏​ល្បី​​ឈ្មោះ​​នាយ​ក្រឹម​​ក៏រត់​​ស្ទើរ​​តែ​លស់​​ព្រលឹង​​ផងដែរ​...​​ប៉ុន្តែ​​ក្រោយ​មក​បាននាយក្រឹម​​​នេះ​ឯង​​ទៅលួងលោម​​ប៉ូលិស​ស័ក្តិ​​៤កន្លះ​​​ទំនើង​ឱ្យទំលាក់​កាំភ្លើង​​​ចុះ រួច​ហើយ​ឈានទៅ​​ធ្វើការ​ចាប់ខ្លួនតែ​ម្តង គឺ​ប៉ូលិស​​ទំនើង​​នេះឈ្មោះ​​សុខ ​សុគន្ធ ត្រូវ​បាន​​ឃុំ​ខ្លួន​​នៅការិយាល័យ​​បុគ្គលិក​ដើម្បីរៀប​ចំ​​បែបបទ​​​បញ្ជូនទៅ​ការិយាល័យ​​​​វិន័យ​របស់កង​កំលាំង​​នគរបាល​​ជាតិ និង​​​រង់ចាំ​​គោលការណ៍​​ពីថ្នាក់​លើ ចាត់ការ​តាមច្បាប់ ៕​

   
   
ការ​ប្រកួត​​កីឡា​សិស្ស​ជ្រើស​រើស​ជើង​ឯក​បាល់​ទាត់​​ និង​បាល់​ទះ​នៅ​ស្រុក​ឱរ៉ាល់
January 14, 2011 at 3:34 PM
 
ការ​ប្រកួត​​កីឡា​សិស្ស​ជ្រើស​រើស​ជើង​ឯកបាល់​ទះ​នៅ​ស្រុក​ឱរ៉ាល់
ការ​ប្រកួត​​កីឡា​សិស្ស​ជ្រើស​រើស​ជើង​ឯក​បាល់​ទាត់​​ និង​បាល់​ទះ​នៅ​ស្រុក​ឱរ៉ាល់

ខេត្ត​កំពង់​ស្ពឺ ៖ កាល​ពី​ថ្ងៃ​ទី​១២ មករា នៅ​វិទ្យា​ល័យ​ជា​ស៊ឹម ស្រុក​ឱរ៉ាល់ ​មាន​​រៀប​ចំ​បើក​ការ​ប្រកួត​​កីឡា​​សិស្ស​​ជ្រើស​រើស​​ជើង​ឯក​បាល់​​ទាត់ បាល់​​ទះ​ប្រចាំ​ស្រុក ​​ដែល​ការ​ប្រកួត​នេះ​បាន​ចាប់​​ផ្តើម​ពី​ថ្ងៃ​ទី​១២ រហូត​ដល់​ថ្ងៃ​ទី​១៤ មករា ​ដោយ​មាន​ការ​ចូល​រួម​ពី​លោក​អភិ​បាល​ អភិ​បាល​រង​ស្រុក​​ មន្ត្រី​ បុគ្គ​លិក​ការិយា​ល័យ​អប់រំ​ លោក​គ្រូ អ្នក​​គ្រូ សិស្សានុ​សិស្ស​ និង​កង​កំលាំង​ប្រដាប់​អាវុធ​​ទូទាំង​ស្រុក​ឱរ៉ាល់ ។ លោក​ចាប ពៅ មន្ត្រី​ការិយា​ល័យ​អប់រំ​ស្រុក​តំណាង​​ឱ្យ​លោក​ព្រំ គឹម​ថុន ប្រធាន​ការិយា​ល័យ​អប់រំ​ យុវ​ជន​ និង​កីឡា ​បាន​មាន​​ប្រសាសន៍​ថា វិស័យ​អប់រំ​មាន​ការ​រីក​ចំរើន​​គួរ​ឱ្យ​កត់​សំគាល់​​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​កន្លង​ទៅ​នេះ ក្រោម​ការ​គ្រប់​គ្រង​របស់​ការិយា​ល័យ​​អប់រំ​ស្រុក។ ​នេះ​ក៏​ជា​លើក​ទី​៥​ផង​ដែរ ដែល​ការិយា​ល័យ​អប់រំ​បាន​រៀប​ចំ​កម្ម​វិធី​ប្រកួត​​ដើម្បី​​ចូល​រួម​លើក​កំពស់​​លើ​វិស័យ​​កីឡា និង​ជំរុញ​ឱ្យ​សិស្សា​នុ​សិស្ស​ចូល​ចិត្ត​លេង​កីឡា​ប្រាស់​ចាក​ពី​​អំពើ​អបាយ​​​មុខ​ផ្សេងៗ​ដូច​ជា គ្រឿង​​ញៀន ល្បែង​សីុ​សង​ដែល​បង្ក​​អសន្តិ​សុខ​ដល់​សង្គម​ជាតិ និង​បំផ្លាញ​អនាគត​ខ្លួន​ឯង ។

​ការ​រៀប​ចំ​ឱ្យ​មាន​ការ​ប្រកួត​នេះ​ក៏​ជា​ការ​ផ្តល់​ឱកាស​​​ឱ្យ​សិស្សានុ​សិស្ស​​ដែល​ជា​កីឡា​ករ​​ កីឡា​ការិនី​បាន​បញ្ចេញ​​នូវ​សមត្ថ​ភាព​​ទេព​កោសល្យ​​របស់​ខ្លួន​ និង​រឹត​ចំណង​ទំនាក់​ទំនង​រវាង​សិស្ស​សាលា​មួយ​ទៅ​សិស្ស​​សាលា​មួយ​ទៀត​ឱ្យ​កាន់​តែ​ស្និទ្ធ​ស្នាល​ថែម​មួយ​កំរិត​ទៀត ។ លោក​បន្ត​ទៀត​ថា បើ​ប្រៀប​ធៀប​​៤​ឆ្នាំ​មុន យើង​​សង្កេត​ឃើញ​ថា ការ​ប្រកួត​នៅ​ឆ្នាំ​ដំបូង​២០០៦-២០០៧ ​មាន​កីឡា​ករ​ កីឡា​ការិនី​ចូល​រួម​ប្រកួត​​ចំនួន​២៦៨​នាក់ ស្រី​៨៦​នាក់ ​តែ​មក​ដល់​​ឆ្នាំ​២០០៩-២០១០ កីឡា​ករ​ កីឡា​ការិនី​​​​ចូល​រួម​មាន​ចំនួន​​៦៥៨​នាក់ ស្រី​២៧២​នាក់ ។ លទ្ធ​ផល​នៃ​ការ​រីក​ចំរើន​នេះ​បាន​មក​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​មន្ត្រី​ជំនាញ​ នាយក​សាលា ​ក៏​ដូច​ជា​លោក​គ្រូ អ្នក​គ្រូ​ទាំង​អស់​ដែល​បាន​ជំរុញ និង​លើក​ទឹក​ចិត្ត​ដល់​​សិស្សានុ​សិស្ស​ឱ្យ​ស្រលាញ់​វិស័យ​កីឡា ។

កម្ម​វិធី​ប្រកួត​កីឡា​សិស្ស​ជ្រើស​រើស​ជើង​ឯក​បាល់​​ទាត់ និង​បាល់​ទះ ដែល​រៀប​ចំ​​ឡើង​បាន​យ៉ាង​រលូន​នេះ​មាន​ការ​ចូលរួម​ចំណែក​ពី​សប្បុរស​ជន​លោក​ចែម សា​រីម អភិ​បាល​ស្រុក​ឱរ៉ាល់​ លោក​ហេង ណារិទ្ធ​ បញ្ជា​ការ​រង​កង​រាជ​អាវុធ​ហត្ថ​ស្រុក លោក​សូ សុខុម ​មេ​បញ្ជា​ការ​​ផ្នែក​​សឹក​រង​ស្រុក និង​លោក​សូ ហ៊ឹម ប្រធាន​មណ្ឌល​សុខ​ភាព​ស្រុក​ឱរ៉ាល់ ។ លោក​ជា​ មឿន អភិ​បាល​រង​ស្រុក​ឱរ៉ាល់ ​បាន​ផ្តាំ​ផ្ញើ​ដល់​ប្អូនៗ​ដែល​ជា​កីឡា​ករ កីឡា​ការិនី និង​អាជ្ញា​កណ្តាល​​ទាំង​អស់​ឱ្យ​ប្រឹង​ប្រែង​​ធ្វើ​ការ​​ប្រកួត​​ដណ្តើម​យក​ជ័យ​​លាភី​ដោយ​​យុត្តិ​ធម៌​ និង​ត្រូវ​ចេះ​អត់​អោន​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ៕

   
   
ព័ត៌​មាន​​បន្ថែម​ជុំ​វិញ​អាជ្ញា​ធរ​សៀម​ប្រគល់​ពល​ករ​ខ្មែរ​៧​នាក់
January 14, 2011 at 3:28 PM
 
​
​
​
​

ក្រុង​ប៉ោយ​ប៉ែត ៖ ប្រជា​ពល​រដ្ឋ​ខ្មែរ​​​ចំនួន​៧​នាក់ ក្នុង​ចំណោម​​៣០​នាក់ ដែល​សមត្ថ​កិច្ច​​សៀម​បាន​​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​ជាង​៦​ល្ងាច ​ថ្ងៃ​ទី​១១ មករា ​នោះ ត្រូវ​បាន​ប្រគល់​ឱ្យ​អាជ្ញា​ធរ​ និង​សមត្ថ​កិច្ច​​កម្ពុជា​វិញ ​ហើយ​នៅ​វេលា​ម៉ោង​៦​និង​២០​នាទី​ល្ងាច ​ថ្ងៃ​ទី​១៣ មករា ។​ ពល​រដ្ឋ​ទាំង​៧​នាក់​នេះ​ត្រូវ​​សមត្ថ​កិច្ច​កម្ពុជា បាន​ទៅ​យក​​ពី​កន្លែង​ឃុំ​ខ្លួន​សៀម ក្នុង​ខេត្ត​ស្រះ​កែវ ដោយ​ខ្លួន​ឯង និង​​មិន​មាន​​​ការ​ជូន​ដំណើរ​ពី​ភាគី​សៀម​នោះ​ទេ ។ ពួក​គេ​ទាំង​៧​នាក់​ពេល​​មក​ដល់​លើ​ស្ពាន​មិត្ត​ភាព​កម្ពុជា​-ថៃ​ ត្រូវ​បាន​ទទួល​ និង​សួរ​​សុខ​ទុក្ខ​ពី​សំណាក់​​លោក​អ៊ុង អឿន អភិ​​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ និង​មន្ត្រី​ស្ថាប័ន​ពាក់​ព័ន្ធ​ ព្រម​ទាំង​កំលាំង​​គ្រប់​កង​ឯក​ភាព​ទូទាំង​ខេត្ត​ផង​ដែរ ។

​ប្រជា​ពល​រដ្ឋ​ទាំង​៧​នាក់​នោះ ១-ឈ្មោះ​សែម មករា អាយុ​២២​ឆ្នាំ មក​ពី​ខេត្ត​កំពង់​ចាម ២-ឈ្មោះ​តូច ទិត្យ អាយុ​១៩​ឆ្នាំ ​មក​ពី​ខេត្ត​កំពង់​ធំ ៣-ឈ្មោះ​ទន់ ធា អាយុ​២២​ឆ្នាំ មក​ពី​ខេត្ត​សៀម​រាប ៤-ឈ្មោះ​​យ៉ា ពៅ អាយុ​២៧​ឆ្នាំ មក​ពី ខេត្ត​ក្រចេះ ៥-ឈ្មោះ​​កា​ណាត់ អាយុ​២៣​ឆ្នាំ មក​ពី ខេត្ត​កំពង់​ចាម និង​ពីរ​នាក់​​​ទៀត​មិន​ផ្តល់​អត្ត​សញ្ញាណ ព្រោះ​ពួក​គេ​​រវល់​តែ​ត្រេក​អរ​​រត់​​ចុះ​ឡើង​ ​បន្ទាប់​ពី​​ទទួល​បាច់​ផ្កា​ពី​អាជ្ញា​ធរ​រួច ។ ពល​​ករ​ទាំង​នេះ​សុទ្ធ​តែ​​ប្រុសៗ​ ជា​កម្ម​ករ​​ធ្វើ​ស្បែក​ជើង​ជុំ​គ្នា​នៅ​ផ្សារ​ឡុង​គ្លឿ ស្រុក​អារញ្ញ ដោយ​ភាគី​សៀម​ចោទ​​ប្រកាន់​ពួក​គេ​​​ថា ​​ចូល​ទៅ​ទឹក​ដី​សៀម​​ដោយ​ខុស​ច្បាប់ ។

​តាម​ប្រភព​​ព័ត៌​មាន​ពី​សមត្ថ​កិច្ច​​បង្ហើប​ឱ្យ​ដឹង​​ថា ​កម្ម​ករ​ទាំង​​៧​នាក់​នោះ​ ត្រូវ​​​តុលា​ការ​​បង្គាប់​ឱ្យ​ដាក់​លុយ​ធានា​​នៅ​ក្រៅ​ឃុំ​ក្នុង​ម្នាក់ៗ​៣.៤០០​បាត ក្រោយ​ពី​ត្រូវ​​គេ​​នាំ​ឡើង​តុលា​ការ​សៀម​នៅ​ខេត្ត​​ស្រះ​កែវ កាល​ពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ មករា ។ ប្រភព​​ដដែល​បន្ត​ថា ការ​យឺត​យ៉ាវ​ក្នុង​ការ​ប្រគល់​ ព្រោះ​តែ​ភាគី​សៀម​ចង់​ដឹក​ពួក​គេ​ (៧​នាក់) តាម​រថយន្ត​​ទ្រុង​ដូច​ពល​ករ​ដទៃ​​ទៀត ប៉ុន្តែ​ត្រូវ​អាជ្ញា​ធរ​​សមត្ថ​កិច្ច​កម្ពុជា សុខ​ចិត្ត​សុំ​ដឹក​តាម​រថយន្ត​សមត្ថ​កិច្ច​មក​វិញ ៕

   
   
ឆេះ​ហាង​លក់​ទំនិញ​មួយ​នៅ​​​ភាគ​ខាង​ត្បូង​ចិនស្លាប់8នាក់
January 14, 2011 at 3:27 PM
 

អ្នក​​ពន្លត់​អគ្គីភ័យ​មូលដ្ឋាន​និយាយ​ថា ​ហាង​លក់​​ទំនិញ​មួយ​ក្នុងខេត្ត​​ហ្គង់​ដុងភាគខា​ងត្បូង​ប្រទេសចិន ត្រូវភ្លើង​ឆេះ​​កាល​ពីព្រឹក​ថ្ងៃទី​​១៤ មករា បណ្តាល​ឱ្យស្លាប់​​​​មនុស្ស​​​៨​នាក់ និង​ម្នាក់​ទៀត​​​រង​របួសធ្ងន់​ធ្ងរ ។ ​ក្នុងគ្រោះ​អគ្គីភ័យ​​នេះ​ភ្លើង​​បានឆេះ​​នៅជាន់ទី​១​នៃ​​អគារ​ហាង​នោះ កំពស់​៥ជាន់​​ស្ថិត​នៅ​តំបន់ប្រជុំជន​ Zhang mutou ក្នុងទីក្រុង​ Dongguan ។
តាមសេចក្តី​​រាយការណ៍​​ថា មនុស្ស​​​៣នាក់​​ត្រូវ​បាន​រកឃើញ​​ស្លាប់​​នៅកន្លែង​​កើតហេតុ​​ និង​​៥​នាក់ទៀត​​ស្លាប់ ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​។
អ្នក​ពន្លត់​​អគ្គីភ័យ​​បាន​ប្រើ​ពេល​​ជាច្រើន​​ម៉ោង​ដើម្បី​​ពន្លត់​​​ភ្លើង ហើយ​​​បាន​ជំលៀស​មនុស្ស​​​១៤​នាក់ ​ដែលរស់នៅ​លើអគារ​​នោះ ។ ទោះបី​ជា​​​បែបណា  ​គេ​នៅ​មិន​ទាន់ដឹង​​ច្បាស់​​​ពីមូល​ហេតុ​នៃ​​ការឆេះ​​ហាងនេះ​នៅឡើយ​ទេ ​ប៉ុន្តែ​​អ្នក​ខ្លះ​​អះអាង​ថា ​ដោយសារ​ទុស្សេ​​ខ្សែ​ភ្លើង ៕

   
   
ធនាគារ​ពិភពលោក​ ៖ កំណើនសេដ្ឋ​កិច្ច​ចិន​ធ្លាក់ចុះ​​​វិញនៅឆ្នាំ​​2011 និង​2012
January 14, 2011 at 3:27 PM
 

ធនាគារ​ពិភពលោក WB និយាយ​កាលពី​ថ្ងៃ​ទី​​១៣ មករា ​ថា អត្រា​​កំណើន​​ផល​ទុនក្នុងស្រុក​​សរុប (GDP) របស់ប្រទេស​ចិននឹង​ធ្លាក់​​ចុះ​នៅ​ត្រឹម​​​៨,៧ភាគរយ នៅ​ឆ្នាំ​​២០១១​នេះ ពី​១០​ភាគ​រយ​​កាលពីឆ្នាំ​​២០១០ ​ហើយ​បញ្ហា​​ប្រឈម​​ចំបង​នោះ​គឺត្រូវ​ធានា​​ឱ្យ​ប្រាកដ​ថា វិធាន​ការ​​ប្រឆាំង​អតិ​ផរណា​​មិន​​នាំ​ឱ្យ​​ GDP ធ្លាក់​ចុះ​ថែមទៀត ។​
WB ប៉ានស្មាន​ថា ផល​ទុនក្នុង​ស្រុកសរុប​ (GDP) លើ​​សាកល​លោក​​ដែលកើនឡើង​​​​៣,៩​ភាគរយ ​កាលពីឆ្នាំ​​២០១០ កន្លងមក​​នឹង​ធ្លាក់​ចុះ​​នៅត្រឹម​​​៣,៣​ភាគរយ នៅ​​ឆ្នាំ​​២០១១ មុនពេល​កើន​ឡើង​​ដល់​​៣,៦​ភាគរយ​​នៅឆ្នាំ​​​២០១២ ខាង​មុខ។ WB ឱ្យដឹង​ទៀត​ថា ចំពេល​កំពុង​មាន​វិធាន​ការ​​ប្រយុទ្ធ​​ប្រឆាំង​អតិផរណា​​ និងតំលៃ​អចលន​ទ្រព្យ​​​ចេះ​តែ​​កើនឡើង​នោះ​កំណើន​​សេដ្ឋ​កិច្ច​របស់ចិននឹង​ត្រូវរំពឹង​ថា​ នឹង​​ធ្លាក់​ចុះ​​​ដល់​​
៨,៤​% ​នៅឆ្នាំ​​២០១២ ខាងមុខនេះ​ ។ ប៉ុន្តែ​ទោះ​បី​​ជា​កំណើន​​ GDP ធ្លាក់ចុះ​​ក៏ដោយ ក៏​​​ចិន​នៅតែ​​ជា​​ប្រទេស​​មានសេដ្ឋ​កិច្ច​លូតលាស់​ជាង​គេ​នៅ​​​អាស៊ី​ដដែល ។​
ជាមួយគ្នានេះ​​តាមការព្យាករណ៍​​​របស់ធនា​គារពិភពលោក​​ WB ថា អត្រា​កំណើន​ជាទូទៅ​សំរាប់បណ្តា​​ប្រទេស​​កំពុង​អភិវឌ្ឍន៍​​​នៅអាស៊ី​​នឹង​​ធ្លាក់ចុះ​នៅត្រឹម​​​៨ភាគរយ​​ពី​​៩,​៣ភាគរយ ​កាល​ពីឆ្នាំ​​​​២០១០ កន្លងមក ។
លោក Hans Timmer នាយក​ផ្នែក​​ព្យាករណ៍​​ទស្សន​វិស័យ​ពីការអភិវឌ្ឍន៍​​​​របស់ WB ថ្លែង​ថា សំរាប់​ប្រទេស​​ចិន​​​ការព្រួយបារម្ភ​​ជា​ចំបងនោះ​គឺថាតើត្រូវ​​ធានា​​ឱ្យ​មានការ​ផ្តល់​ប្រាក់​​កម្ចី​​មាន​ការ​ថោក ដើម្បី​​ទប់ស្កាត់​ការ​ធ្លាក់​ចុះ​​សេដ្ឋកិច្ច​​នៅពេល​​រដ្ឋាភិបាល​​ចាត់វិធានការ​​ទប់​​ស្កាត់​​​អតិផរណា ៕

   
   
ត្រី​ប្រហុក​ខែ​ខ្នើត​នេះ​បាន​កើន​ឡើង​៤​ថ្ងៃ​​ប្រមូល​បាន​ជាង​២​ពាន់​តោន
January 14, 2011 at 3:20 PM
 
ត្រី​ប្រហុក​ក្នុង​ខែ​​ខ្នើត​​​នេះ​បាន​កើន​ឡើង​គួរ​កត់​សំគាល់
​

ខេត្ត​កំពង់​ឆ្នាំង ៖ លោក​កែវ ថា នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​​កំពង់​ឆ្នាំង បាន​អះ​អាង​ថា ត្រី​ប្រហុក​ក្នុង​ខែ​​ខ្នើត​​​នេះ​បាន​កើន​ឡើង​គួរ​កត់​សំគាល់​​បើ​ប្រៀប​ធៀប​ឆ្នាំ​កន្លង​ទៅ រយៈ​ពេល​៤​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​៥​ដល់​ថ្ងៃ​ទី​៨ កើត ​ខែ​បុស្ស​ ត្រូវ​នឹង​ថ្ងៃ​ទី​៩ ដល់​១២​ មករា ឆ្នាំ​២០១១​នេះ ត្រី​ប្រហុក​​ប្រមូល​បាន​២.០៤៤​តោន ​នៅ​តាម​បណ្តា​ឡូត៍​នេសាទ​​នានា​​ក្នុង​ខេត្ត​កំពង់​ឆ្នាំង ។ បើ​ប្រៀប​ធៀប​​ឆ្នាំ​២០១០ កន្លង​​ទៅ​រយៈ​ពេល​ដូច​គ្នា​​នេះ​ដែរ គឺ​បាន​កើន​ឡើង​ដល់​២០​ភាគ​រយ ។ ​

លោក​នាយ​ខណ្ឌ​​រដ្ឋ​បាល​ជល​ផល​កំពង់​ឆ្នាំង​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​៩ កើត​ ត្រូ​វ​នឹង​​ថ្ងៃ​ទី​១៣ មករា កន្លង​ទៅ​នេះ​ ត្រី​ប្រហុក​កំពុង​ត្រូវ​ទ្វេ​ដង រហូត​ដល់​ផុត​ខ្នើត​​ខែ​បុស្ស​នេះ ដែល​តំលៃ​១​គីឡូ​ក្រាម​ត្រឹម​៦០០​រៀ​ល​ទៅ​១.០០០​រៀល​ប៉ុណ្ណោះ នៅ​តាម​ប​ណ្តា​ឡូត៍​នេសាទ​ ។ លោក​បន្ត​ថា ​ទិន្ន​ផល​ត្រី​ឆ្នាំ​នេះ​សង្ឃឹម​ថា នឹង​កើន​ឡើង​ជាង​ឆ្នាំ​​ចាស់ ​នេះ​ក៏​ដោយ​សារ​អំណោយ​ផល​ទឹក​ទន្លេ​​ឡើង​​-​ស្រកផង និង​មួយ​វិញ​ទៀត គឺ​​មន្ត្រី​ជំនាញ​បាន​ប្រឹង​ប្រែង​អស់​លទ្ធ​​ភាព​ដើម្បី​​​ទប់​​ស្កាត់​ និង​​បង្ក្រាប​រាល់​បទ​ល្មើស​នេសាទ​មាន​ដូច​ជា​​​ឆក់ លប ឬ​អួន ស្បៃ​មុង ការ​កាប់​ព្រៃ​លិច​ទឹក​ជា​ដើម​ ។ល។

នៅ​តាម​ស្រុក​មួយ​ចំនួន​ដែល​មាន​ភូមិ​សាស្ត្រ​​ជាប់​មាត់​ទន្លេ​​ គេ​​​ឃើញ​​ប្រជា​ពល​រដ្ឋ​​​ជិះ​រទេះ​គោ គោ​យន្ត​ រ៉ឺម៉ក​ម៉ូតូ ខ្លះ​ម៉ូតូ​ផ្ទាល់​​ខ្លួន​បាន​នាំ​គ្នា​​មក​កាត់​ត្រី​ប្រហុក​យ៉ាង​ណែន​​ណាន់​តាន់​តាប់ ពិសេស​​នៅ​​ស្រុក​កំពង់​ត្រឡាច ។ ចំណែក​អាជ្ញា​ធរ​​មូល​ដ្ឋាន​តាម​​ដងទន្លេ​វិញ ក៏​ជួយ​​សំរួល​​​ឱ្យ​បង​ប្អូន​​ដែល​​​មក​ពី​ឆ្ងាយ​​មាន​កន្លែង​​សំរាក និង​​​​ស្នាក់​នៅ​ដើម្បី​​ធ្វើ​​ត្រី​ប្រហុក​ ​លើស​ពី​នេះ​ទៀត​​បាន​ចាត់​កំលាំង​ការ​ពារ​សុវត្ថិ​ភាព​​បង​ប្អូន​ទាំង​នោះ​ផង​ដែរ ។

គួរ​បញ្ជាក់​​ថា នៅ​ភូមិ​សែប និង​​ភូមិ​តា​ជេស​ ស្រុក​កំពង់​ត្រឡាច​ បង​ប្អូន​ដែល​​ទិញ​​ត្រី​ប្រហុក ​គាត់​ទិញ​ពី​​ក្រុម​ប្រជា​ពល​រដ្ឋ​បណ្តែត​មង​​នៅ​ទី​នោះ​តែ​ម្តង គឺ​មិន​បាន​ទិញ​​ពីឡូត៍​នេសាទ​ផ្ទាល់​​ទេ ព្រោះ​ត្រី​ប្រហុក​របស់​ឡូត៍​នេសាទ​​ទាំង​នោះ​គេ​លក់​​ទៅ​​ឱ្យ​ក្រុម​ឈ្មួញ​​វៀត​​ណាម​​តែ​​​ប៉ុណ្ណោះ ព្រោះ​​គេ​ទិញ​ច្រើន​​ ចំណែក​ប្រជា​ពល​រដ្ឋ​​មួយ​គ្រួសារ​​មក​ធ្វើ​​ត្រី​ប្រហុក​​ត្រឹម​តែ​​៣០​ទៅ​​៤០​គីឡូ​ក្រាម គឺ​​ត្រូវ​ទិញ​ពី​អ្នក​បណ្តែត​មង ៕

   
   
ជន​មុខ​សញ្ញា​ចោរ​កម្ម​​​ធ្វើ​សកម្ម​ភាព​ប៉ុន​ប៉ង​រំលោភ​ត្រូវ​​អស់​លក្ខណ៍
January 14, 2011 at 3:16 PM
 
សមត្ថកិច្ច​ស្រុក​សំបូរ បាន​​​​​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​

ខេត្តក្រចេះ ៖ សមត្ថកិច្ច​ស្រុក​សំបូរ បាន​​​​​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពី​បទ​ប៉ុនប៉ង​រំលោភ​​សេព​ស​ន្ថវៈ​ទៅ​លើ​នាង​ក្រមុំ​​​តែ​មិន​បាន​​សំរេច​ ។ ជនសង្ស័យ​ម្នាក់​នេះ​ជា​មុខសញ្ញា​របស់​ប៉ូ​លិស​លើ​ករណី​ចោរ​​កម្ម​ ដែល​តុលាការ​បាន​ចេញ​ដីកា​​តាម​ចាប់ខ្លួន​ផង​ដែរ ​។ ​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​៣​រសៀល​ ថ្ងៃ​ទី​១១ មករា នៅ​ចំណុច​​លើ​ច្រាំង​ទន្លេ ស្ថិត​ក្នុង​ឃុំ​កំពង់​ចាម ​ស្រុក​សំបូរ ។ តាម​ប្រភព​មន្ត្រី​ប៉ូលិស​ឱ្យ​ដឹង​ថា ជនសង្ស័យ​រូប​នេះ​ឈ្មោះ​ទូច ភា​រុំ ហៅ​ប្រុស អាយុ​២៧​ឆ្នាំ ​ស្រុក​កំណើត​នៅ​​ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី ​មុខ​របរ​មិន​ពិតប្រាកដ​ ។ ​

ប្រភព​ដដែល​​បាន​បន្ត​ថា កាលពី​វេលា​ម៉ោង​៣​រ​សៀល​ថ្ងៃ​ទី​១១ មក​រា ជន​សង្ស័យ​​​​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ទៅ​លើ​នារី​រង​គ្រោះ​អាយុ​១៦​ឆ្នាំ នៅ​ច្រាំង​ទន្លេ​​ ស្ថិត​ក្នុង​ឃុំ​កំពង់​ចាម ស្រុក​សំបូរ ខ​ណៈ​​​ដែល​នារី​រង​គ្រោះ​​បាន​​ចុះ​ទៅ​ច្រាំង​ទន្លេ​ ដើម្បី​យក​សន្ទូច​ឱ្យ​បង​ប្រុស ​ហើយ​ជន​នេះ​​ឆ្លៀត​ឱកាស​បាន​ធ្វើ​សកម្ម​ភាព​ចាប់​រំលោភ​​​តែ​​មិន​បាន​សំរេច​​ដូច​បំណង​ទេ ដោយសារ​ពេល​កំពុង​​ធ្វើ​សកម្ម​ភាព​នោះ​នារី​រង​គ្រោះ​បាន​រើ​​ប្រវាយ​ស្រែកហៅ​ឱ្យ​គេ​ជួយ ក៏​​ត្រូវ​បាន​បងប្រុស​​រត់ទៅ​ជួយ​ទាន់ ។ រីឯ​ជនសង្ស័យ​បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​ចាប់រំលោភ​មិន​បាន​សំរេច​ក៏​​រត់​ចូល​ព្រៃ​គេច​ខ្លួន ​តែ​ត្រូវ​ក្រុម​គ្រួសារ​របស់​នារី​រង​គ្រោះ​​ប្ដឹង​សមត្ថកិច្ច​ប៉ូលិស​​នៃ​អធិការ​​ដ្ឋាន​ស្រុក​តាម​​ចាប់​ខ្លួន​បាន​​​ក្នុង​រយៈ​​ពេល​មួយ​ថ្ងៃ​បន្ទាប់​ ។

មន្ដ្រី​ប៉ូលិស​បាន​បន្ត​​ទៀត​ថា ជនសង្ស័យ​​ជា​មុខសញ្ញា​​ដែល​ប៉ូលិស​កំពុង​​តាម​ប្រមាញ់​ឃាត់​ខ្លួន​​ទៅ​តាម​អំណាច​ដីការ​លេខ​២៣១.​ន​ខ​២០១០ ចុះ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១០ របស់​លោក​​តូច សា​ខឿន ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​​ខេត្ដ​ពី​បទ​ចោរកម្ម ដោយ​ជន​នេះ​និង​បក្ស​ពួក​​បាន​ធ្វើ​សកម្មភាព​លួច​ទូក​របស់​ប្រជា​ពលរដ្ឋ​នៅ​​ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី​ មួយ​គ្រឿង ដែល​បាន​​ប្រព្រឹត្ដ​នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១០ កន្លង​ទៅ ហើយ​រត់គេច​ខ្លួន ​។ ជន​​​ជាប់​ចោទ​ត្រូវ​​កំលាំង​សមត្ថកិច្ច​​កសាង​សំណុំរឿង​ចាត់​វិធាន​ការ​បន្ដរ​ទៅ​តាម​ផ្លូវច្បាប់​ ៕

   
   
ក្រុមអាវលឿង​​គំរាម​ធ្វើ​ការ​​​ប្រមូល​ផ្តុំ​​គ្នា​​រហូត​​ដល់​ លោកអាប់ភីស៊ីត ចុះ​ចេញ​​�
January 14, 2011 at 3:06 PM
 

សកម្មជន​ក្រុម​ឈ្មោះបណ្តាញ​​អ្នក​ស្នេហា​ជាតិ​ថៃ ឬ​ក្រុមអាវលឿង បានគំរាម​ថា ពួកគេ​នឹង​កេណ្ឌ​មនុស្ស​​ឱ្យ​បាន​​៥០.០០០​នាក់ ​ធ្វើបាតុកម្ម​នៅ​បរិវេណ​​​ខាងមុខក្រសួង​ការពារ​ប្រទេស ប្រឆាំង​​លោកនាយករដ្ឋ​មន្ត្រី​​អាប់ភីស៊ីត ​ហើយនឹង​​បន្ត​ការ​ធ្វើ​បាតុកម្មរបស់ពួក​​គេរហូត​ដល់​លោកអាប់ភីស៊ីត យល់ព្រម​​ចុះ​ចេញ​ពី​តំណែង ។ ក្រុមជ្រុល​និយម​សៀម​​នេះ​បាន​គំរាម​​​ដូច្នេះ​​ក្រោយពី​ពួកគេ​បញ្ចប់​ ការធ្វើ​បាតុ​កម្ម​នៅ​បរិវេណ​​ទល់មុខ​​ក្រសួងការ​បរទេស​​ និងនៅ​វិមាន​រដ្ឋាភិបាល​​ទាមទារ​ឱ្យ​​លោកអាប់ភីស៊ីត ​ឆ្លើយ​តប​តាមការទាមទារ​​របស់​ពួក​គេទាក់​ទិន​នឹង​ពលរដ្ឋ​ថៃ​​​៧​នាក់ដែល​ត្រូវ​បាន​​ចាប់ខ្លួន ដោយ​​អាជ្ញាធរ​​កម្ពុជាកាលពី​​ថ្ងៃ​ទី​​២៩ ធ្នូ កន្លង​មក ។
បាតុកម្ម​របស់ក្រុម​ជ្រុលនិយម​សៀម កាលពី​​ថ្ងៃទី​១៣ មករា ​ដឹកនាំ ដោយ​​លោក Chaiwat Sinsuwong ​បានហែ​ក្បួន​​ទៅ​កាន់​ក្រសួង​​ការបរទេស​​​នៅវេលា​​រសៀល​​ ដើម្បី​​ដាក់សំពាធ​​ឱ្យ​លោក​​កាស៊ីត ភិរម្យ រដ្ឋ​មន្ត្រី​​​ការបរទេស និង​លោកនាយករដ្ឋ​មន្ត្រី ​អាប់​ភីស៊ីត ចុះចេញពី​តំណែង​​ដោយក្រុមនេះ​ចោទប្រកាន់​​ពីបទ​បរា​ជ័យក្នុងការជួយ​សង្គ្រោះ​​ពលរ​ដ្ឋថៃ​​៧​នាក់នោះ ។​
ក្រោយពីប​ញ្ចប់​​ការធ្វើ​​​បាតុកម្មរបស់ខ្លួន ក្រុម​នេះ​​បានធ្វើ​កិច្ច​​ប្រជុំ​រយៈ​ពេល​មួយម៉ោង​ដើម្បី​​រិះរក​​មធ្យោបាយ​​ធ្វើយ៉ាង​ណា​ឱ្យ​​លោក​កា​ស៊ិត ភិរម្យ និង​លោកអាប់ភីស៊ីត ចុះចេញពី​តំណែង​​​​ឱ្យ​ខាងតែបាន ។​
លោក Chaiwat Sinsuwong អះអាង​ថា លោកអាប់ភីស៊ីត ​មិនគួរ​​ដឹកនាំប្រទេស​​តទៅ​ទៀត​​ទេ ក្រោយ​ពី​បានទទួលស្គាល់​ថា ​ពលរ​ដ្ឋ​​ថៃ​​ទាំង​៧​នាក់​​នោះ​បានឈ្លានពាន​ចូលទឹកដី​កម្ពុជា ដោយ​​ខុសច្បាប់ ។ ​លោកអះអាង​ទៀត​​ថា នឹងមាន​មនុស្ស​​​​ដល់​ទៅ​​៥០.០០០​នាក់ ចូល​រួម​ក្នុង​​ការប្រមូលផ្តុំ​​​លើក​ចុងក្រោយរបស់​ពួក
គេ ។​
ទាក់ទិនទៅនឹង​​គំរោង​​​របស់ក្រុមនេះ​​ដែល​គំរាម​​​ធ្វើបាតុកម្ម​ ​នៅ​ច្រក​​​ឆ្លងកាត់​ព្រំដែន​​កម្ពុជា-ថៃ ​នៅខេត្ត​​​ស្រះកែវ លោក Chaiwat និយាយ​ថា ​ក្រុមរបស់​លោក​នឹង​ពិភាក្សា​​គ្នា​បន្ថែមទៀត ​ហើយនឹង​ប្រកាសពី​ការសំរេ​ចចិត្ត​​​របស់​ពួកគេ​នៅ​​ម៉ោង​១១ព្រឹក​​​ថ្ងៃទី​​១៤ មករា ។​
ដោយឡែក​គេហទំព័រ MCOT របស់ថៃ​​កាលពី​ថ្ងៃទី​​១៣ មករា ​បានផ្សាយ​ថា ចំ​ពេល​កំពុង​មានភាពតានតឹង​​ជាថ្មី​រវាង​ប្រទេសថៃ និង​ប្រទេស​​កម្ពុជា​ក្រោយ​ពី​ការចាប់ខ្លួន​​ពលរដ្ឋ​​​ថៃ​៧​នាក់ ពីបទ​ចូលទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់​​លោក​កាស៊ីត ​ភិរម្យ ​រដ្ឋ​មន្ត្រី​​​ការ​បរទេស​ថៃ រំពឹង​​ថា រូបលោកនឹង​ជួប​ពិភាក្សា​​ជាមួយ​​សម​ភាគី​​​កម្ពុជា លោក​ឧបនាយករដ្ឋ​មន្ត្រី​​​ហោ​ ណាំ​ហុង ប៉ុន្តែ​លោក​កាស៊ីត មិនបាន​បង្ហើប​​ឱ្យ​​ដឹង​អំពីប្រធានបទ​​នៃការពិភាក្សា​នោះនៅឡើយ​
ទេ ។ ​បើតាមអ្នកវិភាគ​​​មួយចំនួន​ថា ការ​ពិភាក្សា​​​នោះ​​គឺគ្មានអ្វី​ក្រៅ​ពី​​បញ្ហា​​​ពលរដ្ឋ​​​​ថៃ​​៧​នាក់នោះ​ឡើយ​ ។
លោកកាស៊ីត បានព្រលយ​ពាក្យ​ដូចនេះ​​ក្រោយ​ពី​តុលាការ​កម្ពុជា​​​បានសំរេច​ផ្តល់​ការ​នៅក្រៅឃុំ​ដោយ​​បង់ប្រាក់​ធានាដល់​ជន​ជាប់​​​​ចោទ​២នាក់ក្នុងចំណោម​​​ជនជាប់​​ចោទ​​​៧​នាក់​គឺ​លោក Panich  Viketsreth សមាជិកសភា​គណ​បក្ស​​​ប្រជា​ធិបតេយ្យ​​​កំពុងកាន់​អំណាច​របស់​លោកអាប់ភីស៊ីត និង​អ្នកស្រី Naruemol Chitwaratana នៃបណ្តាញ​ប្រជាជន​ប្រឆាំង​អំពើ​​ពុករលួយក្រោយ​ពី​​ត្រូវ​ឃុំខ្លួននៅ​ពន្ធនាគារ​ព្រៃ.ស​ក្នុង​ប្រទេស​កម្ពុជា​អស់រយៈ​ពេល​​២​សប្តាហ៍ ។
គេហទំព័រ MCOT បានដក​ស្រង់​សំដី​លោកកាស៊ីត ដែលថ្លែង​ថា រូបលោកនឹង​ជួប​ពិភាក្សា​​ជាមួយ​លោក​ឧប​នាយករដ្ឋ​មន្ត្រី​​ហោ ណាំហុង ​រដ្ឋ​មន្ត្រី​​​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​​​នៃព្រះរាជាណាចក្រ​កម្ពុជា នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​​ណេស៊ី​ក្នុង​ឱកាស​នៃកិច្ច​​ប្រជុំ​ថ្នាក់​​រដ្ឋ​មន្ត្រី​ការបរទេស​នៃ​ប្រទេស​​នៅ​តំបន់​អាស៊ីអាគ្នេយ៍​​​ដែលគ្រោងធ្វើ​​​ចាប់ពី​ថ្ងៃទី​១៥ ដល់​​ថ្ងៃទី​១៧ មករា ។
តុលា​ការ​កម្ពុជា​​​កាលពីថ្ងៃទី​១៣ មករា កន្លង​មក​​​ បាន​​សំរេច​ឱ្យ​​ជនជាប់ចោទ​​សៀម​​២នាក់​ ក្នុង​ចំណោម​​​ជនជាប់​ចោទ​​៧​នាក់ នៅក្រៅ​ឃុំ​​ដោយការបង់​ប្រាក់​ធានា​ចំនួន​​១០.០០០​​​បាត ក្នុង​ម្នាក់​ប្រហែល​​១លាន​រៀល ​ប៉ុន្តែ​​ត្រូវ​ត្រៀម​ខ្លួន​ឡើង​តុលាការ​​​ទៀតនៅពេល​ត្រូវ​កោះហៅ ។​
ក្រោយពី​លោក Panich Wikitsreth បាន​​នៅក្រៅឃុំ​​ដោយ​​ការបង់​ប្រាក់​​ធានា​​​លោក​​នាយករដ្ឋ​មន្ត្រី​​​អាប់ភីស៊ីត ​បានទូរស័ព្ទ​​ទៅលោក​​ឱ្យ​​ពាំនាំ​​សារ​លិខិត​​របស់លោក​ (អាប់ភីស៊ីត) ទៅ​ប្រាប់​​ពលរដ្ឋ​​៥​នាក់​​​ទៀត​ថា រដ្ឋាភិបាល​​​នឹង​ខិតខំ​​ប្រឹងប្រែង​​​ឱ្យអស់ពី​​សមត្ថ​​ភាព​ដើម្បី​​​ជួយ​ពួក​​គេ ៕

   
   
លោក​ម៉េ​ដវេ​ដេវ​ទទួលស្គាល់​ថា ការតស៊ូ​ប្រឆាំង​អំពើ​ពុករលួយ​ទៅមុខ​តិចតួច
January 14, 2011 at 3:01 PM
 
ប្រធានាធិបតីរុស្ស៊ី

ប្រធានាធិបតី​រុស្ស៊ី​​លោកឌី​មីទ្រី​ម៉េដវេដេវ ​ទទួលស្គាល់​កាលពីថ្ងៃទី១៣ មករា ​ថា ការ​តស៊ូ​​ប្រឆាំង​អំពើ​ពុក​រលួយ​​ដែលចាត់​ទុកថា ​ជា​ឧប​សគ្គ​​សំខាន់​​ចំពោះ​វិនិយោគ​​បរ​ទេស​នោះ​មានការ​រីក​ទៅ​មុខ​តិច​តួច​នៅ​រុស្ស៊ី ។ ​ប្រមុខ​រដ្ឋ​រុស្ស៊ី​​ដែល​អាណត្តិ​របស់​លោក​ត្រូវ​បញ្ចប់​ក្នុង​ឆ្នាំ​២០១២បាន​ធ្វើ​ការ​ប្រយុទ្ធ ដើម្បី​​លុប​បំបាត់​​ចោល​​អំពើ​ពុក​រលួយ​ដែលនោះជា​អាទិ​ភាព​មួយ​ក្នុង​ចំណោម​​អា​ទិភាព​​របស់លោក​​ពេល​លោកឡើង​កាន់អំណាច​ក្នុង​ក្តី​សង្ឃឹម​​ធ្វើ​​សេរីភា​វូ​នីយ​កម្ម​ប្រព័ន្ធ​នយោបាយ​ជា​មរតក​បន្សល់​ទុក​ដោយ​អ្នកកាន់​អំណាច​មុន​លោកគឺ ​លោក​វ៉្លា​ឌីមៀរ ពូទីន​​ បច្ចុប្បន្ន​ជានាយក​រដ្ឋ​មន្ត្រី។
ក្នុងឱកាស​នៃកិច្ច​ប្រជុំ​មួយ​របស់​ក្រុម​ប្រឹក្សា​​ប្រឆាំង​អំពើពុករលួយ​លោកម៉េដ​វេដេវ​ថ្លែង​ថា ​លោក​អ្នក​ដឹង​ច្បាស់​ហើយពីសភាពការណ៍ ។ យើង​ទទួលស្គាល់ថា យើង​ទទួលបានជ័យ​ជំនះ​តិច​តួច​ក្នុង​​ទិសដៅនេះ ។
យោង​តាម​ចំណាត់ថ្នាក់​របស់អង្គ​​ការ​តម្លា​ភាព​អន្តរ​ជាតិ​ដែលមានទីស្នាក់​ការ​នៅទី​ក្រុង​ប៊ែរឡាំង​ថា រុស្ស៊ី​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី១៥៤​ក្នុងចំណោម​ប្រជាជាតិ​១៧៨​ដែលមាន​អំពើ​​ពុក​រលួយ​លើ​ពិភព​លោក​​។​ ក្នុង​ឆ្នាំ​២០១០ រុស្ស៊ី​ ស្ថិតិមក​នៅ​ចំណាត់ថ្នាក់ទី១៤៦ ៕

   
   
សាលា​ក្តី​​គំរោង​បើក​សវនា​ការ​ល​សំណុំ​រឿង​002ខែ​មិថុនា
January 14, 2011 at 2:58 PM
 

រាជធានីភ្នំពេញ ៖ យោងតាមមន្រ្តីសាលាក្តីខ្មែរក្រហមឲ្យដឹងថាសាលាក្តីគម្រោង ការបើកសវនាការជម្រះទោសសំណុំរឿង០០២ នៅខែមិថុនា ឆ្នាំ២០១១ ។ ក្នុង​សំនុំ​រឿង​០០២​មាន​ជន​ជាប់​ចោទ​៤​រូប​គឺ​លោក​ អៀង​ សារី ​លោក ខៀវ សំផន លោក នួន ជា និងលោកស្រី អៀង ធីរិទ្ធ ។ ​សាលាក្តី​បន្ត​ថា​ដើម​បណ្ដឹង​សំណុំ​រឿង​០០២ ចំនួន​​២.១២៤​នាក់​ កំពុង​ចង់​ដឹង​ និង​ចង់​បាន​សំណង​ជំងឺ​ចិត្ត​ជាក់​ស្ដែង​ ចំពោះ​អ្វី​ដែល​ពួក​គាត់​បាន​រង​គ្រោះ​​នៅ​ក្នុង​របប​ខ្មែរ​​ក្រហម​កន្លងមក នៅគ្រាដែលសំណុំរឿង ០០២ នឹងផ្ដើមជម្រះទោសនៅខែមិថុនា ឆ្នាំ២០១១ ខាងមុខ ។ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១០ប្រជាពលរដ្ឋរងគ្រោះនៅក្នុងរបបខ្មែរក្រហមមកពីខេត្តកំពត និងខេត្តកំពង់ចាម ថតរូបអនុស្សាវរីយ៍ជាមួយមន្ត្រីសាលាក្ដីខ្មែរក្រហម នៅសាលសវនាការនៃសាលាក្ដីខ្មែរក្រហម នារាជធានីភ្នំពេញ ។

ស្របពេលជាមួយគ្នានេះដែរអង្គភាពគាំពារជនរងគ្រោះនៅ ក្នុងរបបខ្មែរក្រហមនៃសាលាក្ដីខ្មែរក្រហម មានគម្រោងការបើកវេទិកាថ្នាក់តំបន់សំខាន់មួយ លើកទី២ នៅក្នុងខេត្តកំពត នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១១ ខាងមុខនេះ ដើម្បីពិភាក្សាផ្ដោតលើការទាមទារសំណងជំងឺចិត្តនៅក្នុងសំណុំរឿង ០០២ ដែលនឹងចាប់ផ្ដើមបើកការជម្រះទោសលើអតីតមេដឹកនាំក្នុងរបបខ្មែរ ក្រហមជាន់ខ្ពស់ មានលោក អៀង សារី លោក ខៀវ សំផន លោក នួន ជា និងលោកស្រី អៀង ធីរិទ្ធ នៅខែមិថុនា ឆ្នាំ២០១១ ខាងមុខ ។

ដើមបណ្ដឹងរដ្ឋប្បវេណីសំណុំរឿង ០០២នេះ មានចំនួន ២.១២៤នាក់ នៅក្នុងនោះមានជនជាតិខ្មែរ ជនជាតិចាម ខ្មែរកម្ពុជាក្រោម និងជនជាតិវៀតណាម ដែលជាជនរងគ្រោះនៅក្នុងរបបខ្មែរក្រហម កាលពីចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ ១៩៧៩ កន្លងទៅ ។ គេនៅចាំបានថាសាលាក្តីបានបើកវេទិកាថ្នាក់តំបន់លើក ទី១ បានធ្វើទ្បើងនៅក្នុងខេត្តក្រចេះ និងវេទិកាលើកទី២នេះ នៅក្នុងខេត្តកំពត និងមានប្រជាពលរដ្ឋចំនួន ៣៥០នាក់ចូលរួមមកពីខេត្តចំនួន៥ ក្នុងនោះមានខេត្តកែប ខេត្តកំពត ខេត្តតាកែវ ខេត្តកោះកុង និងខេត្តព្រះសីហនុ ដែលនឹងបានជួបជាមួយព្រះរាជអាជ្ញា ចៅក្រម និងមន្ត្រីរដ្ឋបាលនៃសាលាក្ដីខ្មែរក្រហម តំណាងស្ថានទូតអាល្លឺម៉ង់ និងស្ថានទូតបារាំង នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១១ ខាងមុខនេះ។

មន្ត្រីសាលាក្តីបន្តថា នៅក្នុងសំណុំរឿង០០១ របស់ ឌុច មេគុកទួលស្លែង គឺមានដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ៩០នាក់ បើធៀបទៅនឹងសំណុំរឿង០០២ មានដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ២.១២៤នាក់ គឺសំខាន់បំផុតគឺថា ការបណ្ដុះបណ្ដាលបងប្អូនដែលជាដើមបណ្ដឹងរដ្ឋប្បវេណីនៃសំណុំរឿង០០២ គាត់ត្រៀមខ្លួន ដើម្បីចូលរួមនៅក្នុងសំណុំរឿង០០២ តើគាត់ត្រូវត្រៀមលក្ខណៈយ៉ាងដូចម្ដេចក្នុងនាមគាត់ជាដើមបណ្ដឹង រដ្ឋប្បវេណី? តើសហការជាមួយខាងមេធាវីដើមបណ្ដឹង រដ្ឋប្បវេណី។

មន្ត្រីសម្របសម្រួលនៃអង្គភាពគាំពារជនរងគ្រោះ លោក អ៊ឹម សុភា បានមានប្រសាសន៍ថា កន្លងមកដើមបណ្ដឹងរដ្ឋប្បវេណីសំណុំរឿង០០២នេះ បានដាក់សំណុំឯកសារទាមទារសំណងជំងឺចិត្តចំនួន ៤ប្រភេទ មានដូចជា ទី១ ការអប់រំ ទី២ ឯកសារកត់ត្រាទុក ទី៣ ការធ្វើឲ្យមានការចងចាំជាទូទៅ និងទី៤ ការស្ដារនីតិសម្បទាផ្លូវចិត្ត ឬវិបត្តិផ្លូវចិត្តដល់ជនរងគ្រោះ ៕

   
   
កាត់បន្ថយ​ឯកអភ័យ​ឯកសិទ្ធិ​​មួយ​ផ្នែក​​របស់​ប្រមុខ​​រដ្ឋាភិបាល​​អ៊ីតាលី
January 14, 2011 at 2:47 PM
 
ប្រមុខរដ្ឋាភិបាលអ៊ីតាលី

អភ័យ​ឯកសិទ្ធិ​​ពុំត្រូវទទួលការ​កាត់ក្តី​នៅ​តុលា​ការ​​ដែលប្រមុខ​​រដ្ឋាភិបាល​​អ៊ីតាលី​​ លោក​ស៊ីល​វីយ៉ូ ប័រលូស្កូនី​ ​ទទួល​បាន​រហូត​ដល់​​ពាក់​កណ្តាល​​ខែ​តុលា ត្រូវ​បានតុលាការ​​ធម្មនុញ្ញ​​អ៊ីតាលី​​ដកចេញ​​មួយ​ផ្នែក​​កាល​ពី​​ថ្ងៃទី១៣ មករា ។​ យោងតាម​បណ្តា​ម៉ាស៊ីន​​ឃោសនា​ក្នុង​ស្រុក​ថា ចៅក្រម​​ទាំង​​​១៥​រូប ​របស់តុលាការ​​​ធម្មនុញ្ញ​​បានជ្រើសរើស​​​យក​ដំណោះស្រាយ​​សំរបសំរួល​មួយ​​រវាង​ការ​​បដិសេធ​​​ ឬ​ការយល់ព្រម​​នៃ​ច្បាប់​​​​មានឈ្មោះ​ថា «ការ​រារាំង​​ស្របច្បាប់» ​ដែល​អាច​​ឱ្យ​​​​លោកប័រលូស្កូនី ​ចៀស​ផុត​​​ពីការឡើង​​តុលាការ​​បើ​ដរាបណា​​លោកនៅ​ធ្វើប្រមុខ​​រដ្ឋាភិ​បាល ។​ ​តុលាការ​សំរេច​​កាត់បន្ថយ​​ការអនុវត្ត​​​ច្បាប់​នេះ​​ដែលអនុម័ត​​កាលពីខែ​មេសា កន្លងមក​​នេះ ហើយមាន​​សុពល​ភាព​​រហូត​ដល់​ខែ​តុលា ​ឆ្នាំ​​២០១១ ​តែ​ពុំ​លុបចោល​​សុពល​ភាពនៃ​ច្បាប់​នេះឡើយ ។ តុលាការ​លុបចោល​​ជា​ពិសេស​​នូវលក្ខណៈ​​ស្វ័យប្រវត្តិ​​ដែលអាច​​ឱ្យ​​លោក​ប័រ​លូស្កូនី​ ​ចៀស​ផុត​​ពី​ការឡើងតុលាការ​ ខណៈ​ដែល​ប្រមុខ​​រដ្ឋាភិបាល​​​​រូបនេះ​​ជា​កម្មវត្ថុ​​នៃ​រឿង​ក្តី​​​២ នៅទីក្រុង​​មីឡាន​ពីបទ​ក្លែង​​បន្លំ​​​​ពន្ធ និង​អំពើ​​​ពុករលួយ​​របស់សាក្សី ។ ​ប្រមុខ​រដ្ឋាភិបាល​​​អ៊ីតា​លី​ទទួល​​ការ​ចោទ​ប្រកាន់​​ពីបទ​សូកប៉ាន់ ​អតីត​មេ​ធាវី​​មួយរូប ​លោក DAVID MILLS ដើម្បី​​ឱ្យ​មេធាវី​​​​រូបនេះ​​ផ្តល់​ភស្តុ​តាង​​​ក្លែង​ក្លាយ ។ លោក​ក៏​​​ជាប់សង្ស័យ​​ដែរ ​ពីបទ​ពង្វាង​​យកមូលនិធិ​​ និង​ក្លែង​​​បន្លំ​ពន្ធ​ក្នុង​ការ​លក់​សិទ្ធិ​ទូរទស្សន៍ ៕

   
   
លើក​គ្នា​អប​អរ​ពី​ជោគ​ជ័យ​នៃ​ការ​តវ៉ា​ក្រោយ​សង្កថា​របស់​ប្រធានា​ធិបតី​ទុយ​នី​ស៊ី
January 14, 2011 at 2:45 PM
 
បាតុកម្មហិង្សានៅទុយនីស៊ី

កាល​ពី​យប់​ថ្ងៃ​ទី​១៣ មករា ក្រោយ​ពី​​សង្កថា​តាម​ទូរ​ទស្សន៍​របស់​ប្រធានា​ធិបតី​ទុយ​នី​សីុ​ដែល​បញ្ជាក់​ថា លោក​នឹង​មិន​ឈរ​ឈ្មោះ​សំរាប់​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​ឆ្នាំ​២០១៤​ ទៀត​ ហើយ​ប្រកាស​​ពី​ការ​បញ្ចុះ​តំលៃ​នំបុ័ង​ និង​ផ្តល់​សេរី​ភាព​ដល់​ការ​បញ្ចេញ​មតិ​ហ្វូង​មនុស្ស​បាន​លើក​គ្នា​ស្រែក​អប​អរ​​ពី​ជោគ​ជ័យ​នៃ​ការ​តវ៉ា​របស់​ខ្លួន​។
ក្រោយ​ចប់​សង្កថា​នាយ​ប់​ថ្ងៃ​ទី​១៣ មករា នោះ​របស់​លោក​ប្រធានា​ធិបតី​បេន​អាលី ប្រជា​ជន​រដ្ឋ​ធានី​ទុយ​នី​ស​ជា​ច្រើន​ពាន់​នាក់​ពុំ​អើ​ពើ​នឹង​បំរាម​គោចរ​បាន​លើក​គ្នា​មក​កាន់​កណ្តាល​ទី​ក្រុង​ និង​តាម​​បណ្តា​មហា​វិថី​ជាយ​ក្រុង​សំដែង​ចលនា​រីក​រាយ​យ៉ាង​ខ្លាំង​ ដោយ​នាំ​គ្នា​ស្រែក​ពី​ជ័យ​ជំនះ​នៃ​ការ​តវ៉ា​របស់​ពួក​គេ​ ហើយ​មាន​ការ​ចុច​ស៊ីប្លេ​យាន​យន្ត​យ៉ាង​កង​រំពង។ ក្នុង​សង្កថា​​លោក​ប្រធានា​ធិបតី​បេន​អាលី​បាន​សំរាល​ភាព​តាន​តឹង​នៅ​ទី​ក្រុង​ទុយ​នីស​ និង​តំបន់​ជុំ​វិញ​ ដោយ​ប្រកាស​ពី​ការ​សំរេច​​​ចិត្ត​សំខាន់ៗ​ជា​ច្រើន​។ សេចក្តី​សំរេច​ចិត្ត​ដំបូង​គេ​លោក​ថា លោក​នឹង​មិនឈរ​ឈ្មោះ​​​បោះ​ឆ្នោត​សំរាប់​អាណត្តិ​ទី​៦​ក្នុង​ឆ្នាំ​២០១៤​​ទៀត​ឡើយ ហើយ​ក្នុង​ពេល​លោក​នៅ​កាន់​អំណាច​លោក​នឹង​រៀប​ចំ​ឱ្យ​មាន​លទ្ធិ​ប្រជា​ធិបតេយ្យ​។ លោក​ថ្លែង​ថា លែង​មាន​ប្រធានា​​ធិបតី​​​អស់​មួយ​ជីវិត​ ដូច​ការ​ចែង​នៃ​រដ្ឋ​ធម្ម​នុញ្ញ​ទៀត​ហើយ​។ លោក​បញ្ជាក់​ថា ​សភាព​ការណ៍​បច្ចុប្បន្ន​ចាំ​បាច់​ត្រូវមាន​​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្រើន​។
មនុស្ស​៦៦​នាក់​បាន​ត្រូវ​ស្លាប់​តាំង​ពី​ចាប់​ផ្តើម​ភាព​ចលា​ចល​នៅ​ទុយ​នី​ស៊ីស្ទើរ​តែ​​ពេញ​មួយ​ខែ​មក​។ នេះ​ជា​តួ​លេខ​របស់​សហ​ព័ន្ធ​អន្តរ​ជាតិ​នៃ​សម្ព័ន្ធ​សិទ្ធិ​មនុស្ស FIDH ។ តុល្យ​ការ​នេះ​មាន​ការ​​កើន​ឡើង​ ដោយ​នារសៀល​ថ្ងៃ​ទី​១៣ មករា បាតុ​ករ​ម្នាក់​ទៀត​ត្រូវ​ប៉ូលិស​បាញ់​ស្លាប់​ក្នុង​សង្កាត់​មួយ​នៃ​ទី​ក្រុង​ទុយ​នីស ៕

   
   
រដ្ឋ​មន្ត្រី​​ការពារ​ប្រទេស​កូរ៉េ​​ខាងត្បូង​ និងអាមេរិក​​នឹង​ជួប​ពិភាក្សា​​​​ពី​​ការ
January 14, 2011 at 2:45 PM
 

រដ្ឋ​មន្ត្រី​​ការពារ​ប្រទេស​​កូរ៉េ​ខាងត្បូង និង​រដ្ឋ​​មន្ត្រី​​ការពារ​ប្រទេស​សហរដ្ឋអាមេរិក​​​គ្រោង​​ជួប​ពិភាក្សា​​គ្នាអំពីការ​​ជំរុញ​​​ការ​កំញើញ​​ប្រឆាំង​​​ការ​បង្ក​​​ហេតុ​​​​​របស់កូរ៉េ​​ខាង​ជើង ។​
រដ្ឋ​មន្ត្រី​​​​ការពារ​ប្រទេស​​សហរដ្ឋអាមេរិក​​ លោក​​រ៉ូប៊ែត ហ្គេត ​ដែលអញ្ជើញ​​ទៅ​​​បំពេញ​ទស្ស​ន​កិច្ច​​​នៅ​ទីក្រុង​ប៉េកាំង និង​​ទីក្រុង​​តូក្យូ នឹង​ឈប់​សំ​ចត​រយៈ​ពេល​ខ្លី​​ក្នុងទីក្រុង​​សេអ៊ូល នៅថ្ងៃ​ទី​​​១៤ មករា ​​ដើម្បីជួប​ពិភាក្សា​​ជាមួយ​សម​ភាគី​​​​កូរ៉េ​​ខាងត្បូង​​លោក Kim Kwan-Jin ​ជាការ​​ជួប​គ្នា​​​​លើកដំបូង​​ចាប់តាំង​ពី​លោក​ Kim  Kwan-Jin កាន់តំណែង​​ជា​រដ្ឋមន្ត្រី ​ការពារ​ប្រទេស​​​ពីខែ​ធ្នូ​ ឆ្នាំ​​២០១០ មក ។
តាមប្រភពព័ត៌មាន​​ថា ប្រមុខ​​ការពារ​ប្រទេស​​ទាំង​​២​នឹង​ពិភាក្សា​​គ្នាអំពី​ការ​កំញើញ​​ប្រឆាំង​កូរ៉េ​​ខាងជើង​​កុំ​ឱ្យកូរ៉េខាង​ជើង​បង្ក​ហេតុ​​ទៀត ។​
បច្ចុប្បន្ន​​​ក្រុងសេអ៊ូល​​ និងក្រុង​​វ៉ា​ស៊ីនតោន​​បាន​​សហការ​គ្នា​​ដើម្បី​ឆ្លើយ​តប​​ចំពោះ​​​ភាព​តាន​តឹង​​​​ចេះ​តែ​​កើនឡើង​​នៅឧបទ្វីប​កូរ៉េ ដោយ​ធ្វើ​​​សម​យុទ្ធ​​​យោធា​រួមគ្នា​​​ជា​ច្រើន​កាលពីចុង​ឆ្នាំ​​២០១០​ ៕

   
   
ផឹកទឹកត្នោតជូរ​​​ស្រវឹង​ខឹង​ម្តាយ​មិន​ឱ្យ​លុយ​​​ដុត​ផ្ទះ​ចោល​ឆេះ​​ម៉ដ្ឋ
January 14, 2011 at 2:32 PM
 
បានដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ម៉ដ្ឋ
បុរសម្នាក់ត្រូវ​បានប៉ូលិស​​​ស្រុក​កោះធំ​ចាប់ខ្លួន​

ខេត្តកណ្តាល​ ៖ ​បុរសម្នាក់ត្រូវ​បានប៉ូលិស​​​ស្រុក​កោះធំ​ចាប់ខ្លួន​កាលពី​វេលាម៉ោង​​១០​និង​​១៥នាទីព្រឹក ​ថ្ងៃទី​​​១៣ មករា ២០១១ ​បន្ទាប់ពី​​បុរស​រូបនោះ​​ផឹកទឹកត្នោត​ជូរ​​ស្រវឹង​ត្រឡប់មក​ផ្ទះវិញ រករឿង​​ម្តាយ ហើយ​​​បានដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ម៉ដ្ឋ ​កាលពីវេលាម៉ោង​​៩​និង​​៣០នាទីយប់​​ថ្ងៃ​ទី​​១២ ធ្នូ នៅភូមិ​​ស្វាយ​​តាមេម ឃុំព្រែក​ស្តី ស្រុក​​កោះធំ ។ ផ្ទះដែលត្រូវ​​បុរស​​ចិត្ត​ភ្លើង​​​ដុត​ឆេះ​ម៉ដ្ឋ​​រួមទាំង​​​សំភារ​ប្រើប្រាស់​​ផងនោះ​ទំហំ​​៤ម៉ែត្រ គុណ​​​នឹង​​៥​ម៉ែត្រ ​គឺ​ផ្ទះ​​តៀមផ្ទាល់ដី​ធ្វើអំពីឈើ​​ប្រក់​​ស័ង្កសី​​ ។

លោក​សឹក ស៊្រុន ​នាយ​ផ្នែក​ព្រហ្មទណ្ឌ​​ស្រុក​កោះធំ​​បាន​ឱ្យ​ដឹង​ថា ​ជនដែលត្រូវ​ឃាត់ខ្លួន​​ឈ្មោះ​​ថូ ​សុខ​លីម អាយុ​​​២៤​ឆ្នាំ ​មុខរបរ​នេសាទ។ ការឃាត់ខ្លួន​បុរសនេះគឺធ្វើ​​​តាមពាក្យ​បណ្តឹង​​ម្តាយ ឈ្មោះ​​ពេញ ផាន ​អាយុ​​៤៥​ឆ្នាំ ​រស់នៅ​​ភូមិ​-ឃុំ​​កើតហេតុ​​ខាងលើ ។ ​យោង​តាម​​សំដី​ម្តាយ​ឈ្មោះ​​ពេញ ផាន ឱ្យ​​​ដឹង​​ទៀត​ថា នៅ​ល្ងាច​ថ្ងៃទី​​១២ មករា ​កូនចង្រៃ​ឈ្មោះ​​ថូ សុខ​លីម ​បានចេញពីផ្ទះ​​ទៅហូប​ទឹកត្នោត​ជូរ​ជាមួយមិត្ត​​ភក្តិ​​នៅក្នុងភូមិ​ ។ ​លុះត្រឡប់មក​ផ្ទះវិញ​​នៅ​ម៉ោង​​៩​​​និង​​៣០នាទី​​យប់ឈ្មោះ​​​ថូ សុខ​លីម មាន​សភាព​ស្រវឹង​​ជោគ​ជាំ ហើយបាន​ឈ្លោះ​​​ប្រកែក​​ជាមួយ​​រូបគាត់​ជា​ម្តាយ​​ពីរឿង​​សុំ​​លុយ​ធ្វើ​សោ​ហ៊ុយ​ទៅភ្នំពេញ​​ដើម្បី​​​រកការ​​ងារ​ធ្វើ​​ ប៉ុន្តែ​​​រូប​គាត់​​​មិនព្រម​​ឱ្យ​​​​ ព្រោះខ្លាច​វា​យកទៅចាយ​ទៀត...​ក៏​កើត​​​ជា​ជម្លោះ​​​​ទាស់​ពាក្យ​សំដី​គ្នា​​​ឡើង ហើយ​គាត់​​ក៏​​ដើរចេញ​​ទៅផ្ទះ​អ្នកជិត​ខាង​​​​បាត់​ទៅ​បន្តិច​ក្រោយ​​មកស្រាប់តែ​​​គេ​ផ្អើល​​អា​កូនចង្រៃ​​នេះ​ដុត​ផ្ទះ​ចោលតែ​ម្តង ៕

   
   
សាច់​ញាតិ​ វីរៈ​ ស៊ុមខ្វាមឃីត មិនត្រូវ​អនុញ្ញាតឱ្យចូលសួរ​សុខ​ទុក្ខ​ ខណៈ​ជនជាប់​ចោទ​ថៃ៣
January 14, 2011 at 11:53 AM
 
វីរៈ ស៊ុមខ្វាមឃីត ពេលចូលតុលាការ

រាជ​ធា​នី​ភ្នំ​ពេញ​ ៖  សាច់​ញាតិ​ និងមិត្តភក្តិ​របស់​ជនជាប់​ចោទ​ថៃ​ឈ្មោះ វីរៈ ស៊ុមខ្វាម​ឃីត ដែលកំពុង​ជាប់​ឃុំនៅគុក​ព្រៃ.ស​ក្នុង​រាជធានី​ភ្នំ​ពេញ ត្រូវ​បានឆ្មាំ​គុក​បណ្តេញចេញ​ទៅ​ក្រៅ​បរិវេណ​ មិន​អនុញ្ញាត​​ឱ្យចូល​ទៅ​ជួប វីរៈ ស៊ុម​ខ្វាមឃីត ទេ ខណៈពួកគេ​ប៉ុន​ប៉ងចូល​ទៅរក​​សួរ​សុខ​ទុក្ខ​កាលពី​វេលាម៉ោង​១០ ព្រឹក ថ្ងៃទី១៤ មករា​ ២០១១ នៅពន្ធនាគារ​ព្រៃ.ស ។ ចំណែក​ជនជាប់​ចោទថៃ​៣នាក់​ក្នុងចំណោម​៥នាក់ ដែល​លេចឮដំណឹងថា​ មេធាវីការពារ​ក្តីរបស់​ពួក​គេ​កំពុង​ស្វះ​ស្វែង​ឱ្យមានការអនុញ្ញាតស្ថិត​នៅ​ក្រៅ​ឃុំ​នោះ ក៏​ពុំទាន់​ទទួល​បាន​លទ្ធផល​វិជ្ជមាន​នៅឡើយ​ដែរ។​
ជាមួយ​គ្នា​នេះ​អ្នក​កាសែតបរទេស​ និងកម្ពុជា​ជា​ច្រើន ដែលបាន​ទៅរង់ចាំ​កកកុញ​នៅ​មុខ​បរិ​ វេណពន្ធនាគារព្រៃ.ស​ដើម្បីចង់ដឹងពី​លទ្ធផល ទាំងការចូល​ទៅសួរ​សុខទុក្ខ​ វីរៈ ស៊ុមខ្វាមឃីត និង​ការដោះ​លែងជនជាតិថៃ​៣នាក់ផង​នោះ ត្រូវ​បានចាកចេញ​វិញ​ទាំង​ការ​ខក​ចិត្ត​ ។​ ឆ្មាំ​ពន្ធនាគារ​ព្រៃ.សបាននិយាយ​ប្រាប់ថា​ មិន​មាន​ការដោះ​លែង ឬអនុញ្ញាត​ឱ្យ​ជនជាតិ​ថៃ៣នាក់​ក្នុង​ចំណោម៥នាក់​ស្ថិត​នៅ​ក្រៅ​ឃុំ​នោះទេ នាព្រឹក​នេះ​ (ទី១៤ មករា​ ២០១១)​ ចំណែក​ឯសាច់​ញាតិរបស់ឈ្មោះ​ វីរៈ ស៊ុមខ្វាមឃីត​ ក៏មិនត្រូវ​អនុញ្ញាតឱ្យចូល​សួរសុខទុក្ខដែរ ព្រោះគ្មានលិខិត​អនុញ្ញាតពីក្រសួង​មហាផ្ទៃ ឬលិខិតអនុញ្ញាតពី​តុលាការ...ប៉ុន្តែ​គេមានលិខិតអនុញ្ញាតពីស្ថាន​ទូតថៃតែប៉ុណ្ណោះ ។
លោក ប៉ិច វិច្ឆិកា មេធាវីការពារក្តី​ជនជាប់​ចោទថៃ​៣នាក់​ក្នុងចំណោម​៥នាក់ បានមាន​ប្រសាសន៍​ថា​ មកដល់វេលាម៉ោងថៃត្រង់​​ ទី១៤ មករា ២០១១ នេះ លោក​មិនទាន់​ទទួលបាន​ព័ត៌មានពីខាង​តុលាការ​ពាក់ព័ន្ធនឹងការ​អនុញ្ញាត​ឱ្យជនជាប់ចោទថៃ៣នាក់ស្ថិត​នៅក្រៅឃុំ​នៅ​ឡើយទេ ៕

   
   
កាស៊ីត ភីរម្យ រំពឹង​ថា​នឹងជួប​ឧបនាយក​រដ្ឋមន្រ្តី ហោ ណាំហុង ខណៈក្រុម​អាវ​លឿង បង្កើន​ការ​�
January 14, 2011 at 11:53 AM
 
លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងលោកកាស៊ីត ភីរម្យ

ប្រភពពីប្រទេសថៃ ៖  យោងតាម​បណ្តាញ ព័ត៌មាន​ក្នុងប្រទេសថៃ​បានឱ្យ​ដឹង​ថា លោក កាស៊ីត ភីរម្យ រដ្ឋមន្រ្តី​ការបរទេស​ថៃរំពឹង​ថា​ នឹងបាន​ជួបជាមួយលោក​ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស​កម្ពុជា នាឱកាស​ប្រជុំរដ្ឋមន្រ្តី​ការបរទេស​​ ដែលនឹង​ប្រព្រឹត្ត​ទៅ​ឆាប់ៗនេះ​ក្នុងប្រទេសឥណ្ឌូណេស៊ី ។
ក្រុមអ្នក​តាមដាន​បានលើក​ឡើងថា​ ការជួប​គ្នារវាង​ប្រមុខការទូត​ទាំង​២ កម្ពុជា-ថៃ នោះ អាននឹងកើតមាន​ពិតប្រាកដ...ហើយថាពួក​លោកនឹង​ពិភាក្សាគ្នាផងដែរ ទាក់ទិន​នឹងជនជាប់​ចោទថៃ៧នាក់ ដែលជាប់ឃុំក្នុងប្រទេសកម្ពុជា​ ប៉ុន្តែលទ្ធផល​យ៉ាងណានោះ​ពិបាកស្មានណាស់។
ជាមួយ​គ្នានេះ​ផង​ដែរ​ បណ្តាញ​អ្នកស្នេហា​ជាតិ​ថៃហៅថា ក្រុម​អាវ​លឿង បានអះអាង​ថា ពួក​គេនឹង​ប្រមូលមនុស្ស​យ៉ាងហោច​ណាស់៥ម៉ឺន​នាក់ ធ្វើបាតុកម្មនៅ​មុខវិមានរដ្ឋាភិបាលនា ទីក្រុងបាងកក សប្តាហ៍ក្រោយ ប្រយោជន៍ ទាម​ទារ​ឱ្យលោក​នាយករដ្ឋមន្រ្តី អាប់ភីស៊ីត វេចាជីវ៉ា និងលោក​កាស៊ីត ភីរម្យ រដ្ឋមន្រ្តី​ការ​បរទេសចុះចេញពី​តំណែង ពាក់ព័ន្ធនឹង​កំសោយ​ក្នុងការ​ធ្វើឱ្យ​ពលរដ្ឋថៃ៧​នាក់រួចខ្លួនពី​ការចាប់​ឃុំឃាំង​របស់​អាជ្ញាធរ​កម្ពុជា​កាលពីព្រឹកថ្ងៃទី​២៩ ធ្នូ ២០១០ ៕

   
   
នាយករដ្ឋ​មន្ត្រី​ជប៉ុន​ត្រូវ​ប្រកាស​ពីការរុះ​រើ​រដ្ឋាភិបាល​លោក
January 14, 2011 at 10:59 AM
 
នាយក​រដ្ឋ​មន្ត្រី​​ជប៉ុន​​លោក​ណា​អូតូ​កាន​ ថ្លែង​កាលពី​ថ្ងៃ​ទី១៣ មករា

នាយក​រដ្ឋ​មន្ត្រី​​ជប៉ុន​​លោក​ណា​អូតូ​កាន​ ថ្លែង​កាលពី​ថ្ងៃ​ទី១៣ មករា ថា លោក​នឹង​រុះ​រើ​រដ្ឋាភិបាល​​របស់​លោក​ ដើម្បីបង្កើត​​រដ្ឋាភិបាល​​​ដែល​ខ្លាំង​មួយ ។ ​ក្នុងកិច្ច​ប្រជុំ​មួយ​របស់គណបក្សកាន់​អំណាច​​​នៅជី​បា​លោក​​បាន​ថ្លែង​ថា ការ​រុះ​​រើ​រដ្ឋាភិបាល​​នឹងថ្នាក់​ដឹ​កនាំ​របស់​គណបក្ស​ប្រជាធិបតេយ្យ​​និង​​ត្រូវ​ធ្វើនា​ថ្ងៃទី១៤ មករា ដើម្បី​បង្កើត​ក្រុម​ដែលរឹងមាំ​​មួយក្នុង​គោលបំណង​​ធ្វើ​ការ​កែ​ទំរង់​​ប្រទេស ។ លោកកាន​បាន​បដិ​សេធ​​ពាក្យ​ដែល​ថា ការ​ផ្លាស់ប្តូរ​នេះដើម្បី​​ផ្លាស់ប្តូរសមាជិក២​រូប​របស់​រដ្ឋាភិបាល​ក្នុង​នោះ​រួម​មានប្រមុខ​ខុទ្ទ​កា​ល័យ​លោក​សេន​ហ្គោគូ យ៉ូ​ស៊ីតូ ដែលទទួល​ការ​ដក​សេចក្តី​ទុកចិត្តដោយ​ព្រឹទ្ធ​សភា​គ្រប់គ្រង​ដោយ​គណ​បក្សប្រឆាំង​កាលពី​ខែវិច្ឆិកាកន្លង​មកនេះ ។

ក៏​ប៉ុន្តែ​លោកកាន​ត្រូវ​ការ​​នូវ​ការ​គាំទ្រ​របស់​គណ​បក្ស​ប្រឆាំង​ ដើម្បី​ឱ្យមានការ​អនុម័ត​លើថវិការដ្ឋាសំរាប់ឆ្នាំ​​សារពើ​ពន្ធ២០១១ ដែល​ចាប់​ផ្តើម​ពី​ថ្ងៃទី១ មេសា​ ខាង​មុខនេះទៅ​ដោយ​ទាម​ទារ​ឱ្យ​មានការ​ចាកចេញ​របស់បណ្តា​រដ្ឋ​​​មន្ត្រី​ដែល​ដក​សេចក្តី​ទុកចិត្ត ។ ថវិកា​រដ្ឋ​នេះ​មាន​ដល់ទៅ​ប្រមាណជា៩២.៤០០.០០០.០០០.​០០០ យេន ។ លោក​សេនហ្គោគូ អាចត្រូវ​ជំនួស​ដោយ​លោកយូគីអូ អឺដា បច្ចុប្បន្ន​ជា​អគ្គ​លេខា​ធិការ​​រង​របស់គណបក្សប្រជាធិបតេយ្យ ៕

   
   
សមត្ថ​កិច្ច​​ចាប់ខ្លួន​យុវសិស្ស​​ដែលវាយ​ និង​គប់​​ដុំ​ថ្ម​​សំលាប់​មនុស្ស
January 14, 2011 at 10:57 AM
 
ជនសង្ស័យ​​ដែលត្រូវ​ចាប់​​ខ្លួន​ ឈ្មោះយ័ន គុយ​ហេងដែល​ជា​ជន​ដៃ​ដល់​​វាយ និង​គប់ដុំ​ថ្ម​សំលាប់​ទៅលើ​​យុវជន​ម្នាក់

រាជធានីភ្នំពេញ ៖ យុវសិស្ស​​វិទ្យាល័យ​​ជា ស៊ីម ​សន្ធរម៉ុក ម្នាក់ដែល​ជា​ជន​ដៃ​ដល់​​វាយ និង​គប់ដុំ​ថ្ម​សំលាប់​ទៅលើ​​យុវជន​ម្នាក់ កាលពី​វេលា​ម៉ោង​​១០​និង​​១៥​នាទី​យប់ថ្ងៃទី​​​១០ មករា នៅ​មុខ​​​មន្ទីរ​ពេទ្យ​​ព្រះ​កុសុមៈ ​ក្នុងសង្កាត់​​ទឹកល្អក់​ទី​២ ខណ្ឌ​ទួលគោក ត្រូវសមត្ថ​កិច្ច​ខណ្ឌ​​ទួលគោក ​សហ​​ការ​ជាមួយ​ស្នង​ការ​​ដ្ឋានខេត្ត​ព្រះសីហនុ​ និង​ស្នង​ការ​​ខេត្តកំពត ​ស្រាវជ្រាវ​​ចាប់ខ្លួន​បាន​កាល​ពី ​​វេលាម៉ោង​​​១២​ថ្ងៃ​ត្រង់​​ថ្ងៃទី​​​១៣ មករា ​នៅ​ចំណុច​​ភូមិ​ព្រែក​​​អំពិល ឃុំ​កោះតូច ស្រុកទឹក​ឈូ ខេត្ត​កំពត ។​

ជនសង្ស័យ​​ដែលត្រូវ​ចាប់​​ខ្លួន​ ឈ្មោះយ័ន គុយ​ហេង ភេទ​ប្រុស អាយុ​​១៩​ឆ្នាំ ​ជាសិស្ស​ថ្នាក់​ទី​១២ ​វិទ្យាល័យ​ជា ស៊ីម សន្ធរ​ម៉ុក ​មានទីលំនៅ​​ផ្ទះជួល​​លេខ​៤៤ ផ្លូវ​លេខ​១៣៨ ​សង្កាត់ទឹក​ល្អក់​​ទី​១ ខណ្ឌ​ទួលគោក ​និង​មាន​ស្រុកកំណើត​​នៅ​មណ្ឌល​ទី​៣ សង្កាត់​​​លេខ​២ ក្រុង​ព្រះសីហនុ ​ខេត្ត​ព្រះសីហនុ ។​ គួររំលឹក​ថា កាលពីវេលាម៉ោង​​១០​និង​​១៥នាទី​យប់ ​ថ្ងៃ​ទី​​១០ ​មករា ​ជនសង្ស័យ​​ រួម​ទាំង​​បក្សពួក​ប្រមាណ​​​៦​ទៅ​​៧​នាក់ ​បានធ្វើ​សកម្ម​ភាព​គប់ និង​វាយ​ទៅ​លើ​ឈ្មោះ​​ជា ហ៊ុល ​ហៅតឿ ​ភេទ​ប្រុស អាយុ​​២៣​ឆ្នាំ ​មានទីលំនៅ​ផ្ទះជួល សង្កាត់​ទឹក​ល្អក់​ទី​១ ខណ្ឌ​ទួលគោក ​បណ្តាល​ឱ្យ​​ស្លាប់នៅ​ពេលបញ្ជូន​ទៅកាន់មន្ទីរ​ពេទ្យ​​​ព្រះកុសុមៈ ​បាន​ប្រមាណ​​​ជាង​​៥ម៉ោង ។ បន្ទាប់ពី​វាយសំលាប់​​មនុស្សរួច​មក​​​ ជន​សង្ស័យ​​បានរត់​​គេ​ចខ្លួន​ទៅស្រុកកំណើត​​ខេត្ត​​ព្រះសីហនុ​ ​ហើយពេល​ដឹង​ខ្លួន​ថា សមត្ថកិច្ច​​​កំពុង​ស្វែង​​រក​តាមចាប់​​​​​ ក៏​​គេ​ចខ្លួន​​ទៅផ្ទះ​បង​ប្អូន​​ខេត្ត​កំពត​បន្ត​​​ទៀត ត្រូវសមត្ថកិច្ច​តាមចាប់​​បានតែ​ម្តង ៕​

   
   
អ្នកលេង​​កាំភ្លើង​​​អាកា​បាញ់​រះកក្រើក​​ភូមិ​បង្ក​ឱ្យ​​មនុស្ស​ភ័យ​​ខ្លាច​រត់​​ស្ទើរ�
January 14, 2011 at 10:49 AM
 
​បុរស​ម្នាក់​​បានយក​​កាំភ្លើង​​អាកា​​បាញ់រះ​​កក្រើក​​​​ពេញភូមិ​​​ទៅលើ​គ្រួសារ​មួយ​
ហេតុការណ៍​​បាញ់រះ​​នោះត្រូវ​ងាប់​មេគោ​​១ក្បាល ​និង​រង​របួស​​មេគោ​​១​ក្បាលផងដែរ

រាជធានីភ្នំពេញ ៖ ​បុរស​ដែល​​គេ​​ស្គាល់​មុខ​ច្បាស់​​ម្នាក់​​បានស្ពាយ​​កាំភ្លើង​​អាកា​​បាញ់រះ​​កក្រើក​​​​ពេញភូមិ​​​ទៅលើ​គ្រួសារ​មួយ​មានគ្នា​ពីរ​នាក់​ប្តី-​ប្រពន្ធ​​​ បណ្តាល​​ឱ្យ​​​រត់​ប៉ផាប់​ពភីងស្ទើរ​​​លស់​ព្រលឹង​​ និង​បង្ក​​ឱ្យប្រជា​ពលរដ្ឋ​​​ភ័យ​រន្ធត់​យ៉ាង​ខ្លាំង កាលពី​វេលាម៉ោង​​១២​និង​​៥៥​នាទី​រំលង​អធ្រាត្រ​​ឈានចូល​ថ្ងៃទី​​១៤ មករា ​២០១១ ស្ថិត​​ក្នុងភូមិ​ត្រពាំង​​ថ្លឹង សង្កាត់​​ពន្សាំង ខណ្ឌដង្កោ ។​ បុរស​រងគ្រោះ​​​ឈ្មោះ​អឿន សំអូន ហៅ​យក់ អាយុ​​២៦​ឆ្នាំ ​មាន​ប្រពន្ធ​ឈ្មោះ​​ជា ចាន់​ អាយុ​​​​២៤​ឆ្នាំ ​ស្នាក់នៅ​​ភូមិ​​កើត​ហេតុ​ខាងលើ ​បាន​និយាយ​​​​ឱ្យ​​ដឹង​ថា ​បុរស​​​ជនដៃ​ដល់​ត្រូវ​បាន​ស្គាល់​មុខ​​ និង​ឈ្មោះ​​ច្បាស់​ណាស់ ប៉ុន្តែ​​មិន​ទាន់​បង្ហើប​​​​ឱ្យ​ដឹង​​នៅឡើយទេ ​ព្រោះទុក​ឱ្យប៉ូលិស​​​ស៊ើបអង្កេត​​ក្រសោប​ជននេះ ។

កាលពី​វេលា​រំលង​អធ្រាត្រ​​​បុរសនោះ​បានមកធ្វើ​​ជា​​សួរ​រក​លុយ និង​​គំរាម​​រកប្លន់ ​ប៉ុន្តែ​​​ពួកគាត់​ពីរនាក់ប្តី-​ប្រពន្ធ​​​បាន​អង្វរករ​​ថា ​អត់លុយទេ​...​ក្រីក្រ​ណាស់​...​ស្រាប់​តែ​​​ជ​ន​នោះ​ដេញ​បាញ់​​យក​ម៉ា​ឈ្នះ​​ដៃ​​តែម្តង បណ្តាល​​ឱ្យពួកគាត់​រត់​គេច​ស្ទើរ​​ដាច់ខ្យល់ ។​ ហេតុការណ៍​​បាញ់រះ​​នោះត្រូវ​បានគេ​សរុប​ប្រហែល​​​១៦​ទៅ​១៨​គ្រាប់​​ មានស្នាម​​ធ្លុះ​​ធ្លាយ​​នៅ​លើ​​ផ្ទះជន​​រងគ្រោះ​​​ងាប់​មេគោ​​១ក្បាល ​និង​រង​របួស​​មេគោ​​១​ក្បាលផងដែរ ​ហើយឥឡូវនេះ​​ប៉ូលិស​កំពុង​តាមរក​មុខសញ្ញា​​អ្នក​លេង​​កាំ​ភ្លើង​​វែង​យ៉ាង​​ញាប់ដៃ​​ញាប់ជើង ៕

   
   
យ៉ុង ចាន់កន្និកា ផ្កា​មួយទង​នៅតែ​រីក​ក្នុង​សួន​សិល្បៈ
January 14, 2011 at 10:48 AM
 
កញ្ញា​​យ៉ុង ចាន់​កន្និកា
កញ្ញា​​យ៉ុង ចាន់​កន្និកា ច្រៀងនៅលើវេទិកាប្រគំតន្ត្រី

រាជធានីភ្នំពេញ ៖ ក្នុង​វ័យ​​​២២​ឆ្នាំ កញ្ញា​យ៉ុង ចាន់កន្និកា ​បា​ន​​ដុះដាល​ចេញពី​សាកល​វិទ្យា​ល័យ​​ភូមិន្ទវិចិត្រ​​សិល្បៈ​កាលពីឆ្នាំ​​​២០០០ ​​។ មុនពេល​រីកដុះ​ដាល​ក្នុងអាជីព​ចំរៀង​ នាង​​​ប្រឡង​​ច្រៀង​ក្នុង​កម្មវិធី «ពន្លក​តារា» របស់​ស្ថានីយ​​ទូរទស្សន៍​​ប៉ុស្តិ៍​លេខ​៥ ​ជាប់​ចំណាត់ថ្នាក់​​​លេខ​២ ដោយ​​​ច្រៀង​បទ «ស្នេហ៍​ក្រោមម្លប់​ជ្រៃ» ។ តាំង​ពីពេល​នោះ​​មក នាង​​​បណ្តែត​ជីវិត​ចូលប្រឡូក​ក្នុង​​វិស័យ​សិល្បៈ​ចំរៀង​​​រហូត​ដល់​​សព្វ​ថ្ងៃនេះ ។ នាង​​ថត​សម្លេង​​ចូលស៊ីឌី​​ និងថត​​កាយ​វិកា​រ​ខារ៉ាអូខេ ​ឱ្យ​ផលិត​កម្ម​ជា​ច្រើន​​ទាំង​ក្នុង និងក្រៅ​​ប្រទេស ដូចជា​ផលិត​កម្ម​ SSB រៃមាស តោមាស SM ជាដើម ​។

ដោយសារ​តែ​​មាន​រូប​សម្ផស្ស​​​ស្រស់​ស្អាត​​ មាន​ទឹកដមសម្លេង​​ពីរោះ​​ធ្វើ​ឱ្យ​ប្រិយមិត្ត​​​ទស្សនិក​ជន​គាំទ្រ​​នាង​យ៉ាង​​ច្រើន​​​រហូត​មាន​កេរ្តិ៍​​​​ឈ្មោះ​ល្បី ។ ជាពិសេស​នោះ នាង​​​កាន់តែ​​ល្បី​ខ្លាំង​តាម​រយៈ​​បទ «វា​ចាស្រី​​​ឡង់សេ» ។ ​ក្រោយ​​ពេល​មាន​កេរ្តិ៍​ឈ្មោះ​​​​​ល្បី​​មក កញ្ញាស្រីតូច្រឡឹង​​ចាន់​កន្និកា ​ធ្លាប់​​បាន​ចេញទៅ​សម្តែង​​នៅ​​ប្រទេស​បារាំង​​​​២ដង ​និង​ប្រទេស​អូស្ត្រាលី​​​​២ដង​ ។  កញ្ញា​​យ៉ុង ចាន់​កន្និកា ​​លេចមុខ​​ក្នុង​​វិស័យ​សិល្បៈ​​​​ចំរៀង​​តាំង​ពី​​​​នៅក្មេង​រហូត​​​ពេលនេះ ពេញ​វ័យ​​ហើយ​​​កាន់តែ​លូតលាស់​​ខ្លាំង​ឡើង​ក្នុង​​​អាជីព​របស់​​ខ្លួន ។ នាង​ប្រកាន់​​យក​អាជីព​​នេះ​យ៉ាង​ខ្ជាប់ខ្ជួន​ ហើយ​បាន​​​​សម​បំណង​របស់ខ្លួន​។

ក្រៅ​ពីបង្ហាញ​​មុខ​​តាមកម្មវិធី​ប្រគំតន្ត្រី​​របស់​ស្ថានីយ​​ទូរទស្សន៍​​​នានា គេឃើញ​​នាង​​ផងដែរ​ក្នុង​កម្មវិធីខារ៉ាអូខេ​របស់ស្ថានីយ​​ទូរទស្សន៍​​មួយ ។​​ កញ្ញា​​យ៉ុង ចាន់​កន្និកា ​ក្រៅពីអាជីពជា​តារា​ចំរៀង​​​ និង​សំដែង​​កាយវិកា​រ​ខារ៉ាអូខេ នាង​​​មានហាង​លក់​សំលៀកបំពាក់​​ទាន់សម័យ​​ និង​ហាង​​អ៊ុត​សក់​មួយ​នៅ​​សង្កាត់​បឹង​កេងកង​ទី២ ខណ្ឌ​ចំការមន ។  ទាក់ទិន​នឹងរឿង​ស្នេហា​ កញ្ញា​យ៉ុង ចាន់​កន្និកា អះអាង​ថា ​នាង​មិនទាន់​មាន​​ជាប់​​ពាក់ព័ន្ធ​​ជាមួយបុរស​​ណា​ម្នាក់​​ទេ ៕

   
   
នៅខេត្ត​​កំពង់ធំ​​ឪពុកម្តាយ​​ស្វែង​​រកកូនក្រមុំ​​ដល់ខេត្ត​​បាត់ដំបង
January 14, 2011 at 10:36 AM
 
ឪពុក​ម្តាយ​បង្ហាញ​រូបថត​កូន​ស្រីដែល​កំពុង​តាមរក​
រូបថត​កូន​ក្រមុំ​ដែល​បាន​បាត់​ខ្លួន​

ខេត្តបាត់ដំបង​ ៖ ប្តីប្រពន្ធ​​មួយគ្រួសារ​​នៅ​ឯខេត្ត​​កំពង់​ធំ បានប្រឹងប្រែង​​​យ៉ាង​ខ្លាំង​​​ដើម្បី​​ស្វែង​រក​​កូនក្រមុំ​​របស់គាត់​ដែល​បាន​បាត់ខ្លួន​​កាលពី​ព្រឹក​​ថ្ងៃទី​​១១ មករា ​ខណៈ​ដែលនាង​ជិត​ដល់ថ្ងៃ​​ចូលរោងការ​ទៅហើយ​នោះ ។
ប្តីប្រពន្ធ​​នេះបាន​​មកកាន់​ស្នងការ​​ដ្ឋាន​​​ខេត្ត​បាត់ដំបង​នៅ​រសៀល​​ថ្ងៃទី​១៣ មករា ​​ដើម្បី​​ដាក់ពាក្យ​​​បណ្តឹង​​សុំ​ឱ្យ​​​សមត្ថ​កិច្ច​​ជួយអន្តរាគមន៍​​​ ក្រោយ​​ពីពួកគាត់ដឹង​ថា កូន​ស្រី​​គាត់ត្រូវ​​គេល្បួង​​​នាំមក​កាន់​ខេត្តបាត់ដំបង ។ ប្តី ប្រពន្ធ​នេះ​​​បាន​បង្ហាញ​​​ និងចែក​​រូប​ថត​កូនស្រី​​របស់​​គាត់ជា​ច្រើន​​សន្លឹក​នៅ​តាម​ទីប្រជុំជន​​នានា​ក្នុង​ក្រុងបាត់ដំបង​​ ដើម្បី​ស្នើ​​ដល់​មជ្ឈដ្ឋាន​​​នានា​ជួយ​ពិនិត្យ ​និង​ជួយ​ផ្តល់​​​ព័ត៌មាន​​បើសិន​ប្រទះ​ឃើញ​​​​រូបនាង​នៅ​កន្លែង​​ណាមួយ ។​

​គ្រួសារ​​នេះប្តីឈ្មោះ​​គុំ គេន ​អាយុ​​​៣៩ឆ្នាំ ​និង​ប្រពន្ធឈ្មោះ​​ប៉ែន គា អាយុ​​៣៧​ឆ្នាំ ​រី​ឯ​កូនស្រី​​​ដែលបាត់ខ្លួនឈ្មោះ​គួន គន្ធា អាយុ​​១៩​ឆ្នាំ ​រស់នៅ​ភូមិ​​បឹង​រលំ ​ឃុំឈើទាល ស្រុកសណ្តាន់​​ ខេត្ត​កំពង់ធំ ។ ​តាម​ការ​​បំភ្លឺ​ពី​​អ្នកស្រី​​ប៉ែន គា ជា​ម្តាយ​​នាង​ក្រមុំ​នេះ​បាន​ឱ្យ​ដឹង​ថា កូនស្រី​​គាត់បាត់​​ខ្លួន​កាលពី​​ព្រឹកថ្ងៃ​ទី​​​១១ មករា ​ក្រោយពី​​រូបគាត់​​​​ជូននាង​ឡើង​រថយន្ត​​​ពីខេត្តព្រះវិហារ​​ឱ្យត្រឡប់​​​មក​ផ្ទះ​នៅ​ឯ​ខេត្ត​​​កំពង់ធំ ។ ​ប៉ុន្តែ​នាង​មិន​ចូល​ផ្ទះ​ ហើយ​អ្នក​​ស្រីបាន​ដឹង​នៅ​វេលាម៉ោង​​៧​យប់ថ្ងៃ​ដដែល​​​​ក្រោយពី​គាត់​​ទូរស័ព្ទ​មិនចូល ។

​អ្នកស្រី​​ប៉ែន គា ​បានបញ្ជាក់​​ថា ​ក្រោយពី​ដឹង​ថា បាត់​កូនស្រី​​មិនឃើញ​​ចូល​ផ្ទះ​ អ្នកស្រី ​​និងស្វាមី​​​បាន​ស្វះ​ស្វែង​​​រក​កូនស្រី​​គ្រប់ទីកន្លែង​​​ តែ​គ្មាន​​តំរុយ​​សោះ លុះ​ក្រោយ​មក​ទើប​មាន​​​​​ដំណឹង​ពី​អ្នក​រត់​​តាក់ស៊ី​​ថា កូនស្រីគាត់​បានជិះ​តាក់ស៊ី​​​មកកាន់​ខេត្ត​​បាត់ដំបង ​ហើយគេ​ឃើញ​​មាន​នារី​វ័យ​​​ក្មេង​​​២នាក់​​ស្លៀកពាក់​​​ខ្លី​​មក​ចាំ​ទទួល​នាង​​នៅ​ចំណត​​រថយន្ត​​ផ្សារ​បឹង​​ឈូក ក្រុង​បាត់ដំបង​ ។ គ្រួសារ​នេះ​និយាយ​ថា ​គាត់បាន​បង្ហាញ​​រូបថត និង​​ចែក​ចាយ​​រូបថត​​នាងគ្រប់ទីកន្លែង​​​ និង​តាម​​​ផ្ទះ​សំណាក់​​ផង ដើម្បី​​ឱ្យគេ​​ជួយ​ផ្តល់​​ដំណឹង​នេះ​បើ​គេ​ប្រទះ​ឃើញ​កូនស្រី​​របស់គាត់ ។​ អ្នកស្រី​​ប៉ែន គា ​បាន​បញ្ជាក់​ទៀត​ថា កាលពី​​១ខែ​​មុន គាត់​ដឹង​ថា ​មានស្ត្រីម្នាក់​​​នៅ​បាត់ដំបង​​ទូរស័ព្ទ​​​ច្រឡំលេខ​​​ចូលទូរស័ព្ទ​​​កូនស្រីគាត់ ហើយ​តាំង​ពី​​ពេលនោះ​មក គាត់​ឮ​កូនស្រីទំនាក់ទំនង​​​គ្នា​ជាមួយ​ស្ត្រី​នោះ​ជា​បង​ធម៌​​​​ ប្អូនធម៌​​រហូតមក ។ គាត់សង្ស័យ​​ថា ​កូនស្រីគាត់​​​អាច​ត្រូវ​​ស្ត្រី​រូបនោះ​​ទំនាក់ទំនង​​ឱ្យ​​មក​កាន់​ខេត្ត​​​បាត់ដំបង​នេះហើយ។​

អ្នកស្រី​និយាយ​ថា កូនស្រីគាត់​បានបិទ​ទូរស័ព្ទ​​​​មិន​អាច​ទាក់ទង​បានទេ​រហូត​មក​ដល់​ពេលនេះ ។ អ្នកស្រី​​ប្រាប់​ថា ​កូនស្រី​គាត់​​​ដែល​​បាត់ខ្លួន​នេះ​នឹង​ចូល​​រោងការ​​នៅក្នុងខែ​​ក្រោយ​នេះហើយ ។ ​គ្រឿងអលង្ការ​​ និងសំភារ​​ផ្សេងៗ​​ដែល​មាន​ជាប់​ខ្លួន​​​កូនស្រី​គាត់មាន​​តំលៃ​ប្រហែល​​ជិត​​១.០០០​ដុល្លារ ​ដូច្នេះ​បើបង​ប្អូន​ប្រទះឃើញ​​​នាង​ សូម​​ជួយ​ផ្តល់​​ដំណឹង​​តាម​ទូរស័ព្ទ​​លេខ ០៨៨ ៩១០ ៣៣២១, ០៨៨ ៩៣០ ៩៧៣២ អ្នកស្រី​នឹង​ជូន​សគុណ​ជា​ទីគាប់​ចិត្ត ។ ការ​តាម​រក​កូន​នេះ​មិន​ទាន់​មាន​ពន្លឺ​នៅ​ឡើយ​ទេ ៕   

   
   
ពួកអ្នកគាំទ្រ​​​លោក​ហ្សេបាបូ​​វាយប្រហារ​​លើ​រថយន្ត អ.ស.ប​ នៅកូដ​ឌីវ័រ
January 14, 2011 at 10:30 AM
 
ពួកអ្នកគាំទ្រ​​​លោក​ហ្សេបាបូ​​វាយប្រហារ​​លើ​រថយន្ត អ.ស.ប​ នៅកូដ​ឌីវ័រ​

កង​កំលាំង​ដែលស្មោះ​ត្រង់នឹង​​ប្រធានាធិបតី​​​ផុតអាណត្តិ​​កូដឌីវ័រ ដែលពុំ​​ព្រម​ចាកចេញ​​ពី​អំណាច​​បានចាប់​ផ្តើម​​កាលពីថ្ងៃទី​​១៣ មករា ​វាយប្រហារ​​ និង​ដុត​​រថយន្ត​​ទាំង​ឡាយរបស់ អ.ស.ប ​នៅប្រទេស​នេះ​ដែលញ៉ាំង​​ឱ្យ​មាន​ភាព​តាន​តឹង​​រវាង​រដ្ឋ​អំណាច​គ្រប់គ្រង​​ដោយ​លោក​ហ្សេ​​បាបូ និង​អង្គការអន្តរជាតិ​​ ដែលគាំទ្រ​​​ប្រធា​នាធិបតី​​ឈ្នះឆ្នោត​​​លោក​អាឡាស់ ​សាន អ៊ូ​អា​តា​រ៉ា ។

អគ្គ​លេខាធិការ អ.ស.ប ​សំដែង​​ការ​ព្រួយ​បារម្ភ​​យ៉ាង​ខ្លាំង​​ចំពោះការ​ចាប់​ផ្តើម​​វាយប្រហារ​​ និងដុត​​បណ្តា​​រថយន្ត​របស់ អ.ស.ប ​ដោយ​​កង​កំលាំង​​រៀប​រយ និង​មិនរៀប​រយ​​របស់​លោក​ហ្សេបាបូ ។ ​អ្នកនាំ​ពាក្យរបស់​​លោក​បាន គីមូន លោក MARTIN NESIRKY ​ថ្លែង​នៅ​​ទីក្រុង​​ញូវយ៉ក​​ថា មានការ​វាយប្រហារ​​ប្រភេទ​នេះ​ចំនួន​​៦លើក ​កាលពី​​ថ្ងៃទី​​១៣ មករា ក្នុងនោះ​រថ​យន្ត​យោធាមួយគ្រឿង​របស់ អ.ស.ប ​ត្រូវដុត​​បំផ្លាញ ។​ យោងតាម​បណ្តា​អ្នកទទួលខុសត្រូវ​​​អ.ស.ប ​ថា រថយន្ត​​សង្គ្រោះ​មួយគ្រឿង​រង​ការ​​គប់​ដុំ​ថ្ម ​បណ្តាល​ឱ្យ​​អ្នកបើក​​​ និងគ្រូពេទ្យ​​​ម្នាក់​​ត្រូវ​​របួស ។​

បណ្តា​អ្នក​​​ទទួលខុសត្រូវ​​ អ.ស.ប ​អះអាង​ថា ​កង​កំលាំង​​ស្មោះ​​ត្រង់នឹង​​លោកហ្សេ​បាបូ ​បាន​ផ្លាស់ប្តូរ​​​យុទ្ធវិធី ដោយ​​​មិនធ្វើ​​ការប្រឈម​​​មុខ​ខាងយោធា ​​តែ​​ជំរុញ​ឱ្យប្រជា​ជនជា​អ្នក​​វាយ​ប្រហារ​​លើ​បណ្តា​រថយន្ត​​របស់ អ.ស.ប ​វិញ។ ​ប្រការ​នេះ​​ធ្វើ​ឱ្យ​ស្មុគស្មាញ​​ដល់​ភារកិច្ច​របស់​ពួក​មួយខៀវ អ.ស.ប ដែលមានទាហាន និង​ប៉ូលិស​​​១០.០០០​នាក់ ​ក្នុងការ​តបត​វិញ​​ចំពោះ​ការ​វាយប្រហារ​​​ទាំង​នេះ​ ព្រោះ​​ អ.ស.ប ​ពុំ​ចង់​ឱ្យ​បណ្តា​​ជនស៊ីវិល​​ត្រូវរបួស ៕​​

   
   
ចោរភ្ជង់​ប្លន់​នាយ​កុយ​កណ្តាល​រាជ​ធានី​ភ្នំពេញ​អស់​ជាង៣ម៉ឺនដុល្លារ
January 14, 2011 at 10:28 AM
 
កំពូល​តារា​​កំប្លែង​​ប្រចាំ​ប្រទេស​កម្ពុជា ​នាយកុយ ដែលមានឈ្មោះ​​ក្នុងបញ្ជី​​ជាតិ​ជួង ជី អាយុ​​៥៤​ឆ្នាំ
នៅ​មុខ​យាន​ដ្ឋានជួសជុល​​​រថយន្ត​​សុខ ចំរើន ​តាមផ្លូវ​លេខ​​២៦១ ​កែងនឹង​ផ្លូវ​លេខ​១៦៦ ​សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក
នៅ​មុខ​យាន​ដ្ឋានជួសជុល​​​រថយន្ត​​សុខ ចំរើន ​តាមផ្លូវ​លេខ​​២៦១ ​កែងនឹង​ផ្លូវ​លេខ​១៦៦ ​សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក
កំពូលតារា​កំប្លែង​នាយ​កុយ ​ត្រូវ​ចោរ​​៤នាក់​តាមប្លន់​​ប្រមូល​យកអស់​ជាង​៣ម៉ឺន​​ដុល្លារ នៅមុខ​​យាន​ដ្ឋាន​ជួសជុលរថយន្ត​​
គ្រឿង​​អលង្ការ​​មានខ្សែ​.ក​​១​ខ្សែ​ធំ ចិញ្ចៀន​​​ពេជ្រ​​២វង់ ​នាឡិកា​​១គ្រឿង ខ្សែ​ដៃ​​១ខែ ​សរុ​​បជាទឹកប្រាក់​​ជាង​​​​៣ម៉ឺន​ដុល្លារ
រូបថតអនុស្សាវរីយ៍ការសំដែងរបស់នាយកុយលើឆាក

រាជធានីភ្នំពេញ ៖ តារា​កំប្លែង​លោក​ជួង ជី ហៅ​ នាយកុយ ត្រូវ​​​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​​៤​នាក់ មាន​​កាំភ្លើង​ខ្លី​ចំនួន​២​ដើម បាន​ធ្វើ​សកម្ម​​ភាព​ភ្ជង់​ប្លន់​​​យ៉ាង​​ស្ងៀម​ស្ងាត់​ដោះ​យក​គ្រឿង​អលង្ការ​អស់​ពី​ខ្លួន​គិត​ជា​​​ប្រាក់​​​ប្រមាណ​ជាង​៣​ម៉ឺន​ដុល្លារ ហើយ​គេច​ខ្លួន​បាត់​យ៉ាង​រហ័ស​ ។ ​អំពើ​ប្លន់​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២​និង​៣០​នាទី​​កណ្តាល​ថ្ងៃត្រង់​ ថ្ងៃ​ទី​​១៣ មករា នៅ​ក្នុង​យាន​ដ្ឋាន​ជួស​ជុល​រថយន្ត​យីហោ​សុខ​ចំរើន ​ស្ថិត​នៅ​តាម​ផ្លូវ​លេខ​២៦១ កែង​ផ្លូវ​លេខ​១៨៦ សង្កាត់​​ទឹក​ល្អក់​ទី​៣ ខណ្ឌ​ទួល​គោក ខណៈ​ពេល​​ដែល​​នាយកុយ ​​ជិះ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស្ស័រ ពណ៌​ស្លែ​មួយ​គ្រឿង ​ទៅ​​ឈប់​មុខ​យាន​ដ្ឋាន​​ ហើយ​ចុះ​ទៅ​ឈរ​មើល​ជាង​បាញ់​ថ្នាំ​រថយន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ មួយ​គ្រឿង​​ដែល​​​គាត់​យក​ទៅ​ឱ្យ​ជាង​បាញ់​ថ្នាំ​រយៈ​ពេល​៣​ថ្ងៃ​មក​ហើយ ។

លោក​ជួង ជី ហៅ​​កុយ អាយុ​៥៤​ឆ្នាំ ជា​តារា​កំប្លែ​ង​មាន​ឈ្មោះ​ល្បី​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​​មាន​លំនៅ​​ឋាន​លេខ​២៤ ផ្លូវ​លេខ​២៧១ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ​​ដោយ​សារ​តែ​អាជីព​ជាអ្នក​កំប្លែង​ល្បី​ឈ្មោះ​​​លោក​ជួង ជី មាន​ជីវ​ភាព​ធូរ​ធារ ​និង​ជា​អ្នក​​លេង​ខ្លួន​ផង បាន​​ពាក់​គ្រឿង​អលង្ការ​ពេជ្រ​មាន​តំលៃ​ ​មានប្លាក​ដៃ​ និង​​ខ្សែ.ក​មាស​យ៉ាង​​ធំ មាន​ចិញ្ចៀន​​​ពេជ្រ​ ព្រមទាំង​​នាឡិ​កា​​ដៃ​​ដាំពេជ្រ គួរ​ឱ្យ​​ញាក់​សាច់​​ទៀតផង ។
តាម​​មន្ត្រី​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា ក្រុម​ចោរ​មាន​បក្ស​ពួក​ចំនួន​៤​នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ មាន​កាំភ្លើង​ខ្លី​ចំនួន​២​ដើម ​សុទ្ធ​តែ​ពាក់​​ម៉ាស់​មុខ និង​ពាក់​មួក​ការពារ​សុវត្ថិ​ភាព​បាន​ធ្វើ​សកម្ម​ភាព​ចូល​ភ្ជង់​ប្លន់​​លោក​នាយ​កុយ​ដល់​ក្នុង​យាន​ដ្ឋាន រួច​ជិះ​​គេច​ខ្លួន​​​ទៅ​បាត់ ។ គ្រឿង​​អលង្ការ​ដែល​ត្រូវ​ចោរ​ប្លន់​យក​ទៅ​នោះ​ត្រូវ​សមត្ថ​កិច្ច​​ឱ្យ​ដឹង​ថា រួម​មាន​ខ្សែ.ក​មាស​​១​ខ្សែ​ ចិញ្ចៀន​ពេជ្រ​ចំនួន​២​វង់ ខ្សែ​ដៃ​១​ខ្សែ ​និង​នាឡិកា​ដៃ​១​គ្រឿង ដែល​សរុប​ជា​ទឹក​​ប្រាក់​ប្រមាណ​ជាង​៣​ម៉ឺន​ដុល្លារ ។ ទោះ​បី​​ជា​យ៉ាងណា​បន្ទាប់​ពី​ត្រូវ​ក្រុម​ចោរ​ភ្ជង់​​​ប្លន់​​យកអស់​ នាយ​កុយ ពុំ​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​​ប៉ូលិស​ទេ គឺ​គាត់​បាន​ជិះ​រថយន្ត​​ទៅ​ផ្ទះ​រៀបចំ​​ធ្វើ​ដំណើរ​​​ទៅ​ខេត្ត​សៀម​រាប ដើម្បី​ចូល​រួម​លេង​ឆាក​កំប្លែង​​ទី​នោះ​ និង​មិន​ដឹង​ថា លោក​មាន​អារម្មណ៍​​សំដែង​​ឱ្យ​​គេ​សើច​បាន​ ឬ​យ៉ាង​ណា​នោះ​ទេ ។

តាម​ព័ត៌​មាន​ឱ្យ​ដឹង​ថា រយៈ​ពេល​៣​ថ្ងៃ​មក ហើយ​លោក​ជួង ជី ហៅ​កុយ ​បាន​យក​រថយន្ត​​ម៉ាក​ហ៊ី​យ៉ាន់​ដាយ ​មាន​ស្លាក​លេខ​​ភ្នំពេញ 3A-5772 ទៅ​ឱ្យ​​ជាង​បាញ់​ថ្នាំ​នៅ​យាន​​ដ្ឋា​នជួស​ជុល​​រថយន្ត​សុខ​​ចំរើន ជា​​​កន្លែង​កើត​ហេតុ​ខាង​លើ ។ ​នៅ​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​១៣ មករា ​​នាយ​កុយ​ បាន​ជិះ​រថយន្ត​​មួយ​គ្រឿង​ពណ៌​ស្ករ រួម​ជា​មួយ​មិត្ត​ភក្តិ​​ទៅ​មើល​រថយន្ត​របស់​គាត់​ក្នុង​យាន​ដ្ឋាន​ម្តង​​មក​ហើយ ។ លុះ​ទៅ​វេលា​មុន​ពេល​កើត​ហេតុ ​​នាយ​កុយ បាន​ជិះ​រថយន្ត​មា៉ក​ឡង់​គ្រីះ​ស្ស័រ ពណ៌​ស្លែ មួយ​គ្រឿង​​តែ​ឯង មក​ឈប់​​អែប​មុខ​​យាន​ដ្ឋាន​រួច​ដើរ​ចូល​ទៅ​មើល​ជាង​ជួស​ជុល​រថយន្ត​របស់​ខ្លួន ហើយ​ត្រូវ​ក្រុម​ចោរ​​ចូលទៅ​ធ្វើ​សកម្ម​ភាព​ប្លន់​តែ​ម្តង ។ តាម​សាក្សី​ជា​ជាង​​ជួសជុល​រថយន្ត​បាន​ឱ្យ​ដឹង​ថា នៅ​ពេល​ដែល​នាយ​កុយ ​ទៅ​ដល់​មិន​ទាន់​បាន​ប៉ុន្មាន​ផង ស្រាប់​តែ​មាន​ក្រុម​ចោរ​ប្លន់​ចំនួន​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ម៉ាក​ហុង​ដា ពណ៌​ខ្មៅ ​សុទ្ធ​​​តែ​បិទ​ស្លាក​លេខ​ជិត ​ពាក់​មួក​សុវត្ថិ​ភាព និង​​ពាក់​​​ម៉ាស់​មុខ​បាន​មក​ឈប់​មុខ​យាន​​ដ្ឋាន​ ហើយ​៣​នាក់​បាន​ដើរ​ចូល​ទៅ​ក្នុង​ធ្វើ​សកម្ម​ភាព​ប្លន់ ​ឯ​ម្នាក់​ឈរចាំ​ម៉ូតូ​នៅ​ខាង​ក្រៅ ។

តាម​ព័ត៌​មាន​បន្ត​ទៀត​ថា ខណៈ​​ពេល​នោះ​គេ​ឃើញ​​ចោរ​ប្លន់​ម្នាក់​ បាន​ចូល​ទៅ​ភ្ជង់​​កាំ​ភ្លើង​ខ្លី​ចំ​ទ្រូង​​នាយ​កុយ ហើយ​ដៃ​​ម្ខាង​លូក​ទាញ​ដោះ​យក​​ខ្សែ.ក​ ។ ភ្លាម​នោះ នាយ​កុយស្រែក​​​ថា «ចាំ​អញ​ដោះ​ឱ្យ» ​ព្រម​ទាំង​​ដោះ​ខ្សែ.ក​ឱ្យ​ទៅ​ក្រុម​ចោរ​ បន្ទាប់​មក​ក៏​ដោះប្លាក​ដៃ​ នាឡិកា និង​ចិញ្ចៀន​ទំលាក់​ទៅ​លើ​ដី​ ហើយ​​ក្រុម​ចោរ​បាន​រើស​យក​​ទាំង​អស់​ រួចក៏​​ដើរ​​តំរង់​ម៉ូតូ​ជិះ​គេច​ខ្លួន​បាត់​ទៅ ដោយ​សុវត្ថិភាព​ ។ តាមព័ត៌មាន​​បន្តទៀត​ថា បន្ទាប់ពីក្រុម​ចោរ​​​ចេញ​ទៅបាត់ ​នាយ​កុយ ក៏​បាន​ឡើង​ជិះរថយន្ត​​របស់ខ្លួន​ត្រឡប់ទៅផ្ទះវិញ​​ដែរ យ៉ាង​ស្ងៀម​ស្ងាត់​ ។ ក្រោយ​​មក​ក៏មានការ​ភ្ញាក់ផ្អើល​​ ហើយ​សមត្ថ​កិច្ច​បា​នចុះទៅ​​សួរនាំនាយកុយ ​ដល់​ផ្ទះ​នៅ​មុខ​មន្ទីរ​ពេទ្យ​ព្រះកុសុមៈ ។ លុះ​​ក្រោយ​មក​នាយ​កុយ ក៏​បានធ្វើដំណើរ​​ចេញ​ពីផ្ទះ​ដោយ​ប្រាប់​សមត្ថ​កិច្ច​​​ថា ជាប់​រវល់​ទៅខេត្តសៀមរាប ។

​តាមការ​សន្និដ្ឋាន​ ក្រុម​ចោរ​​អាច​តាម​ដាន​​លោក​នាយកុយ ​ជា​យូរ​ថ្ងៃ​មក​ហើយ ​ជា​ឱកាស​​ល្អ ក៏បាន​​ធ្វើ​សកម្ម​ភាព​​​ចូល​ភ្ជង់​ប្លន់​តែម្តង ។​ តាមសំដី​លោក​នាយ​កុយ ​ឱ្យ​ដឹង​​​តាមទូរស័ព្ទ​​ប្រាប់កោះសន្តិភាព​ថា នៅ​ពេល​ដែលរូប​លោក​កំពុង​តែ​មើល​​​ជាង​ជួ​ស​ជុល​​​រថយន្ត​​ ស្រាប់តែ​​​ក្រុម​ចោរ​​ចូលទៅ​ភ្ជង់​គំរាម​​បាញ់សំលាប់​​ និង​​ទាញ​ដោះយកខ្សែ​.ក​ ​តែ​លោក​ប្រាប់​ចោរ​ថា «​កុំ​បាញ់​... ចាំ​អញ​ដោះ​ឱ្យ» ​ហើយ​រូបលោក​ក៏​បាន​ដោះ​​ខ្សែ.ក​​ឱ្យ ហើយ​​ដោះនាឡិកា ប្លាក​ដៃ ចិញ្ចៀន​ពេជ្រ ​រួមទាំង​​ទូរស័ព្ទ​​​២គ្រឿង បោះចូល​ទៅ​​ក្រោម​រថយន្ត​កូរ៉េ​ ហើយត្រូវ​ក្រុមចោរយក​​ជើង​​​កាយ​រើស​យកទាំងអស់​ ។ ​តែ​ទូរស័ព្ទ​​​២ គ្រឿង​ចោរ​រើស​ហើយ​មិន​​យកទេ វា​ទុក​ឱ្យវិញ ​។​

លោកនាយកុយ ​បាន​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​​​លោក​​​ត្រូវចោរ​ប្លន់​​ លោក​បាន​ជិះ​រថយន្ត​​ទៅ​ផ្ទះ ហើយ​​ត្រូវសមត្ថកិច្ច​​​ចុះទៅ​សួរ​នាំ​ដល់​ផ្ទះ ។​ ក្រោយ​មក លោក​ក៏​បាន​​ធ្វើដំណើរ​​​ទៅ​ខេត្ត​​សៀម​រាប ​ចូលរួម​ក្នុងកម្មវិធី​​បារីលុច​សារី ​ដែល​ក្រុម​ហ៊ុនបាន​អញ្ជើញ​ទៅ​​បើក​ឆាកកំប្លែង​​​ ។ ​នៅ​វេលាម៉ោង​​៤​និង​​៦​នាទីល្ងាច​​ថ្ងៃ​​ដដែល​ លោក​ប្រាប់​​ថា ​​ធ្វើ​ដំណើរ​​​ទៅដល់​ខេត្ត​កំពង់​ធំហើយ ។ លោកនាយ​កុយ ឱ្យ​​ដឹង​​ទៀ​តថា ​គ្រឿង​​អលង្ការ​ដែលចោរប្លន់​​​​យក​មានតំលៃ​ជាង​​៣ម៉ឺនដុល្លារ​ ។ អំពើ​ប្លន់​​​បែបនេះ​ គឺ​ជា​ការ​កត់​សំគាល់​​មួយ​នៅ​ប្រទេស​កម្ពុជា ដោយ​សារ​តែ​ជា​ករណី​ប្លន់​ទៅ​លើ​តារា​កំប្លែង​ឈរ​​លំដាប់​លេខ​​១ គឺ​នាយ​កុយ ។ ​តាម​ពិត​​ទៅ​ ទ្រព្យ​សម្បត្តិ​​ដែល​​ក្លាយ​ជា​ចំណី​ចោរ​ទាំង​កណ្តាល​ថ្ងៃ​ត្រង់​នេះ គឺ​ជា​ទ្រព្យ​សម្បត្តិ​​ដែល​បាន​​មក​ដោយ​​សុចរិត​បំផុត មិន​បាន​ទៅ​ប្រព្រឹត្ត​​​អំពើ​ពុក​រលួយ​ ឬ​កេង​ប្រវ័ញ្ច​ដល់​នរណា​ម្នាក់​​ឡើយ ទី​បំផុត​បាន​ក្លាយ​ជា​ចំណី​ចោរ​ទៅ​វិញ ៕

   
   
ជនជាតិ​ថៃ​ទល់​ដែន​ប្រមូល​ផ្តុំ​គ្នា​ប្រឆាំង​ពួក​អាវ​លឿង
January 14, 2011 at 10:00 AM
 
សិស្ស-និស្សិត រាប់​ពាន់​នាក់​រង់ចាំ​បំបែក​ពួក​អាវ​លឿង
ច្រកទ្វារប៉ោយប៉ែតនាព្រឹកថ្ងៃទី១៣ មករា
ប្រជាពលរដ្ឋខ្មែរ៧នាក់ត្រូវបានភាគីថៃដោះលែង
លោកផានិក និងអ្នកស្រីណារឿមមុល ត្រូវ​បានអនុញ្ញាតឱ្យនៅក្រៅឃុំ ជា​បណ្តោះ​អាសន្ន​

ទីបំផុតការ​ប្រកាស​​តតូង​តតាង​របស់មេដឹក​នាំ​​ពួកអាវ​លឿង​ថា នឹង​កេណ្ឌ​គ្នា​​មកអុកឡុក​​តំបន់ព្រំដែន​​ក្នុង​ខេត្តស្រះកែវ ទល់មុខ​ច្រកទ្វារ​​អន្តរជាតិ​​ប៉ោយ​ប៉ែតបានត្រូវ​​​បង្ខំចិត្ត «លេប​ទឹក​មាត់​ដ៏ស្អុយ» របស់ខ្លួនវិញហើយ ​នោះ​គឺ​​ការ​ពន្យា​រ​ពេល​​​ដោយ​មិន​ទាន់កំណត់​​កាលបរិច្ឆេទ​​​ជា​ថ្មី​​​​ថា ធ្វើ​​នៅ​ថ្ងៃ​ណាទេ ។​ ការប្រកាស​​ពន្យារពេល​​​​នេះ ដោយ​​​សារតែ​មាន​ការ​​​ជំទាស់​​ដ៏ខ្លាំង​​ក្លាពីសំណាក់​​ប្រជាពលរដ្ឋ​​​​​ថៃ​រស់​នៅ​​តាម​បណ្តោយព្រំដែន​​​ជាប់​ប្រទេស​កម្ពុជា ​បានប្រមូល​ផ្តុំ​គ្នា​រាប់​ពាន់​​នាក់​រង់ចាំ​​ស្វាគមន៍​​​​​សំពង​ពួកអាវ​លឿង​ ព្រោះតែ​​ពួកនេះ​បង្ក​​ឱ្យ​មានការប៉ះពាល់​ដល់​ការ​​រស់នៅ​​របស់ពួក​​គេ មិន​ខុសពី​​​​​អ្នក​ខេត្ត​​ស៊ី​​សាកេតកាលពីប៉ុន្មាន​ឆ្នាំ​​​​មុន​បាន​នាំគ្នា​​​បញ្ចេញ​​ប្រតិ​កម្ម​ និងក្លាយ​​ជា​ហិង្សា​​​បំបែក​​ហ្វូង​​ពួកអាវ​លឿង​​​ដែលនាំគ្នា​​​យាយី​​អុក​ឡុក​​ធ្វើ​​​​ឱ្យ​ជីវភាព​​ពួកគេប្រឈម​​នឹងការលំបាក ។​

​យោង​តាម​កាសែតឌឹណេស្សិនរបស់​ថៃ ថ្ងៃ​ទី​១៣ មករា ផ្សាយ​ថា ពលរដ្ឋ​​ថៃ​នៅទល់ដែន​ប្រមាណ​១.៥០០​នាក់​​មកពី​ស្រុក​ចំនួន​​​៤ នៅ​ខេត្ត​ស្រះកែវ ​​ជាប់​តំបន់​​ព្រំដែន​​​កម្ពុជា-ថៃ ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​បរិ​វេណ​ទល់​មុខ​​សាលាស្រុក​​​អារញ្ញ និង​​នៅ​តាម​បណ្តោយ​ព្រំដែន ​ដើម្បី​ធ្វើ​បាតុ​កម្ម​​ប្រឆាំង​​​​​បណ្តាញ​អ្នកស្នេហាជាតិ​​ថៃ ឬ​ក្រុម​​អាវ​លឿង ដែល​គំរាមធ្វើ​​ដំណើរ​​​មក​កាន់​ស្រុក​អារញ្ញ​ ហើយ​ធ្វើ​បាតុ​កម្ម​​ឱ្យបិទ​ច្រក​ឆ្លង​កាត់​ព្រំដែន​​អារញ្ញ​​ប៉ោយប៉ែត ។
អ្នក​ភូមិ​​​ទល់ដែនថៃ​ទាំង​នោះ​និយាយ​ថា ​​​ការ​ទទួល​ខុសត្រូវ​​ចំពោះ​​ការជួយពលរដ្ឋ​​ថៃ​​៧​នាក់​​ដែលកំពុង​​ជាប់ឃុំឃាំង​​នៅ​គុកព្រៃ.ស​ក្នុង​ប្រទេស​​​កម្ពុជា​គឺស្ថិត​​​​លើ​រដ្ឋាភិបាល​ និងក្រសួង​ការបរទេស ប៉ុណ្ណោះ​ មិន​មែន​ស្ថិត​​លើក្រុមអាវ​លឿង​ស្អី​នោះ​​ទេ និង​​ជាពិសេស​គឺស្ថិត​លើទិដ្ឋ​​ភាពច្បាប់​ ។ ​អ្នកដែល​​រស់​នៅ​​​តាម​​បណ្តោយ​​ព្រំដែន​​​​ថៃ​នឹង​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​​​​សេដ្ឋ​​កិច្ច​ ​ឬ​គ្រោះថ្នាក់​​ផ្សេង​ទៀត ប្រសិនបើក្រុម​​អាវ​លឿង​​ធ្វើបាតុ​កម្ម​នៅ​តំបន់ព្រំដែន ។​
ជាមួយគ្នានេះ ​នាយប៉ូលិស​​ខេត្តស្រះកែវ ​លោក Theerayuth Thammasaroj បាន​បញ្ជា​​ឱ្យ​ប៉ូលិស​​នៅស្រុក​​​ជាប់ព្រំដែន​​ចំនួន​​៤​បង្កើត​​ប៉ុស្តិ៍​​ឆែក​ឆេរ ដើម្បី​​ឆែកឆេរ​​​រថ​យន្ត​​ចេញ-ចូល​តំបន់​ព្រំដែន​​ក្រែង​​មានលាក់អាវុធ​បង្ក​ភាពអសន្តិ​​សុខ​ ។ ​បញ្ជី​​ឈ្មោះ​សមា​ជិក​បណ្តាញ​អ្នកស្នេហា​ជាតិ​ថៃ និងស្លាក​​លេខ​រថ​យន្ត​របស់ក្រុម​នេះ​ត្រូវ​បាន​​ចែកជូន​​​ទៅ​ឱ្យ​ប៉ូលិស​​ដែល​ឈរជើង​នៅ​តាមប៉ុស្តិ៍​​ឆែកឆេរ​​​ក្នុងទឹកដី​​​ខ្លងឡឹក ឬ​ក្នុង​​ស្រុក​អារញ្ញ​​ទាំង​មូល ដើម្បី​​បង្ក​លក្ខណៈ​ងាយស្រួល​​ផ្នែក​សណ្តាប់ធ្នាប់​​ ធ្វើយ៉ាង​ណា​ឱ្យ​វាស្ថិតក្នុង​​​ភាព​ជា​ប្រក្រតី​ ។

  • លោកស៊ូថេប ៖ ពួកអាវ​លឿង​មិន អាច​បិទ​ច្រក​ព្រំដែន​បាន​​ឡើយ​

ជាមួយគ្នានេះ កាសែតបាងកកប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​​១៣ មករា នោះដែរ បាន​ដកស្រង់​សំដី​​លោកស៊ូ​ថេប ​ធឿ​ក​ស៊ូបាន់ ​ឧ​ប​នាយក​រដ្ឋ​មន្ត្រីថៃ​​​​ដែល​​ថ្លែង​​​​​ថា រដ្ឋាភិ​បាល​​​ក្រោម​​​ការដឹកនាំ​របស់​លោក​អាប់ភីស៊ីត ​វ៉េ​ចាជីវ៉ា នឹង​មិន​អនុញ្ញាត​​​ឱ្យ​​បណ្តាញ​​អ្នក​​ស្នេហា​ជាតិ​​ថៃ ឬ​ក្រុមអាវលឿង​នោះ​​បិទ​ប៉ុស្តិ៍​​​​ឆែកឆេរ​​ព្រំដែន​សំខាន់​ៗ នៅ​​ស្រុក​អារញ្ញ​ខេត្ត​ស្រះកែវ​ឡើយ ​ព្រោះ​ការបិទ​​ព្រំដែន​នេះ​ជា​ការរំលោភបំពាន​​សិទ្ធិ​​​​ពលរដ្ឋ​​ថៃ​ផ្សេង​ទៀត​ដែល​រស់នៅ​​តាម​បណ្តោយ​​ព្រំដែន ។ ​ឧប​នាយក​រដ្ឋ​មន្ត្រី​​​ថៃ​រូបនេះ​បាន​បញ្ជា​ឱ្យ​អាជ្ញា​ធរ​នៅ​តំបន់​ព្រំ​ដែន​​បំពេញ​តួនាទីរៀង​ខ្លួន​​ដូច​ធម្ម​តា ។​

ដោយឡែក នៅ​ព្រឹក​ថ្ងៃទី​​១៣ មករា ផង​ដែរ​ ​ក្រុម​ជ្រុល​និយម​​​​អាវលឿង​​សៀម​បានទៅ​ប្រមូល​ផ្តុំ​គ្នា​​នៅបរិវេណ​​ទល់មុខ​​វិមានរដ្ឋាភិបាល ​ក្នុងទីក្រុង​​​បាង​កក ដើម្បី​​​ទាមទារ​​ឱ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​​អាប់ភី​ស៊ីត ​ឆ្លើយ​តប​​​តាម​​ការ​ទាមទារ​​របស់​ពួកគេ​​ទាក់ទិន​នឹង​​ពលរដ្ឋ​​ថៃ​​​៧​នាក់ ដែលកំពុង​​ជាប់ឃុំឃាំង​​នៅពន្ធនាគារ​​ព្រៃ.ស ក្នុងរាជធានីភ្នំពេញ ។ ក្រុម​ជ្រុល​​និយម​នេះ ក៏​មានផែនការ​​ដាក់​ញត្តិ​ថ្វាយ​ព្រះ​​មហាក្សត្រ​​ភូមិ​បុល អាឌុលយ៉ាដេត ​ចោទ ប្រកាន់​​រដ្ឋាភិបាល​​​លោក​​អាប់ភីស៊ីត ​ពីបទ​បរា​ជ័យ​ក្នុង​ការជួយ​ពល​រដ្ឋ​ថៃ​​៧​នាក់​​នោះ ។​

លោក Chaiwat Sinsuwong ​មេដឹកនាំ​​សំខាន់មួយរូបរបស់​​បណ្តាញ​អ្នកស្នេហា​​ជាតិថៃ ​ក្រុម​អាវលឿង កាលពីថ្ងៃទី​​១២ មករា និយាយ​ថា ក្រុម​របស់​ខ្លួន​នឹង​ធ្វើ​បាតុកម្ម​​បិទច្រក​ព្រំដែន​​អចិន្ត្រៃយ៍​​អារញ្ញ-​ប៉ោយប៉ែត​​​ ជាពិសេស​បិទច្រក​ព្រំដែន​ណាដែល​ផ្តល់​​​ផលប៉ះពាល់​ដល់​កម្ពុជា​ ដើម្បី​​គាប​សង្កត់​​កម្ពុជា​​ឱ្យដោះលែង​​​ពលរដ្ឋ​ថៃ​​៧​នាក់នេះ ។ ប៉ុន្តែ​​ទោះបី​​បែបណា គំរោង​របស់​ក្រុម​​​ជ្រុល​និយម​​នេះ​នឹង​ត្រូវបរាជ័យ​យ៉ាង​អាម៉ាស់​​ ព្រោះមិន​អាច​ធ្វើ​ទៅ​​បាន​ឡើយ ​។ ​

  • ​សេចក្តីរាយការណ៍​​ពីប៉ោយប៉ែត

នៅថ្ងៃទី​​១៣ មករា ​ប្រជាពលរដ្ឋ​​កម្ពុជា​ដែល​ឆ្លង​ទៅ​មក​ធ្វើការ​ ​រកស៊ី​​នៅផ្សារ​​រុងក្លឿ​​លើ​ទឹកដី​សៀម ​មុនពេល​បើកច្រក​ទ្វារ​ព្រំដែនឃើញ​ថា ​មាន​ចំនួន​​​តិច​ជាង​សព្វ​មួយដង ដោយមិន​​​មាន​ការ​រង់ចាំ​​​ត្រៀបត្រាកកកុញ​ដូច​​កាលពី​​ពេលមុនៗ​​​​ទេ គឺ​​ពេល​​បើកទ្វារ​ព្រំដែន​នាំគ្នា​​​​ចូល​ត្រឹម​​​មួយប្រាវ​ក៏​​​អស់ ។ ប៉ុន្តែ​​​នៅម៉ោង​​ប្រហែល​​៧​និង​​៣០នាទីព្រឹក ​គឺក្រោយពេល​​បើកទ្វារ​ព្រំ​ដែន​​​កន្លះម៉ោង​ ​ប្រជាពលរដ្ឋ​​ខ្មែ​រចូលទៅ​ហូរហែ​​ដូច​សព្វ​មួយដងវិញ ។
ដោយឡែក​​​​​ភ្ញៀវ​​​អន្តរជាតិ​ ពិសេស​​ភ្ញៀវ​​ថៃ​​ដែលតែង​​​ចូលមកលេង​នៅកាស៊ីណូ​​សំរាប់ថ្ងៃ​​ទី​១៣ មករា ​​បើ​​គិតត្រឹម​​ម៉ោង​​១២​ថ្ងៃ​ត្រង់ ​មាន​ការថយចុះ​​យ៉ាង​គំហុក គឺស្ទើរតែ​​​៧០% ដោយ​រថយន្ត​​ដែល​រង់ចាំ​ដឹកភ្ញៀវ​ចូល​​កាស៊ីណូ​នីមួយៗ​​បាន​ឈប់​សំចត​ពុំសូវ​​មានសកម្ម​ភាព​ក្នុងការ​​ដឹក​​​​​ជញ្ជូន​ទេ ។ ​ជាការពិតគឺគ្រប់គ្នា​​មាន​ការ​​​បារម្ភ​​ពី​ការ​គំរាម​របស់ក្រុម​​អាវលឿង​សៀម​ ។

ចំពោះ​ការ​​ថយចុះ​​ចំនួនភ្ញៀវ​​ថៃ​នេះ​មិន​ចំពោះ​​តែ​ភ្ញៀវ​​​ចូលលេង​​កាស៊ីណូ​​ទេ សូម្បីតែ​​ភ្ញៀវ​​ថៃ​​ដែលត្រូវ​ទៅកំសាន្ត​​កន្លែង​ផ្សេងៗ​​តាម​​​បណ្តា​ខេត្ត​​ក៏មាន​​ការ​ថយចុះ​ដែរ ។ ក្រុមសន្តិសុខ​​​កាស៊ី​ណូ​ដែលឈរ​ការពារ​​​​នៅកន្លែង​ដឹកភ្ញៀវ​​​ចូលកាស៊ីណូ​​ជាច្រើន​​នាក់​​ប្រាប់​ថា​ ភ្ញៀវ​​ចូល​លេង​​កាស៊ីណូ​មាន​ចំនួនថយ​ចុះ​​ស្ទើរតែ​​ជាង​ពាក់កណ្តាល​​​ ។ ចំណែក​ឯទិន្នន័យ​​​ចំនួន​ភ្ញៀវ​​ថៃ​​​​ចូលមក​កម្ពុជា​តាមរយៈ​​ក្រុម​ហ៊ុន​​ទៅខេត្ត​​សៀម​រាប​សំរាប់ថ្ងៃទី​​១៣ មករា ​​​ដែលទទួលបាន​​​ពី​មន្ត្រី​​ប៉ូលិស​​ទេសចរ​ច្រក​​ទ្វារ​អន្តរជាតិ​​ប៉ោយប៉ែត ​ក៏មាន​ចំនួន​​ចុះ​ទាប​​ផង​ដែរ ។ សំរាប់​ទំនិញ​​ដែលកម្មករ​អូស​​រទេះ​​នាំ​ចូល​​ពី​សៀម​​ ក៏មាន​ចំនួន​ថយចុះ​ ឯ​រថយន្ត​​ដឹកទំនិញ​​​សព្វសារពើ​ចូូល​មក​ពីសៀម​​សំរាប់​វេលា​ព្រឹក​​​ចាប់ពីម៉ោង​​​៧​ដល់ម៉ោង​​​១០​និង​​៤០​នាទី ​មាន​សភាព​ស្ងប់ស្ងាត់​​ លុះ​ចាប់ពី​​ម៉ោង​​១០​និង​​៤០​នាទី​​​​​មក ទើប​មាន​ការ​ដឹកជញ្ជូន​​ចូល​មក​ធម្មតា ។ ​

ចំនួនភ្ញៀវចំរុះ​​​​ជាតិសាសន៍​​សំរាប់​ថ្ងៃ​​​ទី​១២ មករា ​មានចំនួន​​៤៣៥​នាក់ ប៉ុន្តែ​​​សំរាប់​​​ថ្ងៃទី​​​១៣ មករា ភ្ញៀវ​​ចំរុះ​មាន​​ចំនួន​​ត្រឹមតែ​​​​២៣៨នាក់​ប៉ុណ្ណោះ​ ។ នេះ​បើ​​តាម​របាយកាណ៍​​ដែល​ទទួល​បាន​ពី​​ប៉ូលិស​ទេសចរ​ច្រកទ្វារ​ប៉ោយប៉ែត​​​​ ហើយ​បើ​​ប្រៀបធៀប​​​នឹង​ថ្ងៃទី​​១២ មករា ​​ឃើញ​​ថា មានការថយចុះ​ស្ទើរ​​តែពាក់កណ្តាល​​ ។ បើ​តាម​​ការ​ឱ្យ​​ដឹង​ពីមន្ត្រី​​​​ជំនាញច្រកទ្វារ​ប៉ោយប៉ែត​​ថា ទំនិញ​​នាំ​ចូល​ពីសៀម​​សំរាប់ថ្ងៃ​​​​១៣ មករា ​មាន​ការថយចុះ​បន្តិច ។
​ហេតុ​ដែល​បណ្តាល​ឱ្យ​​មានការ​ស្ងប់​ស្ងាត់​ចំនួន​ភ្ញៀវ​​ក៏ដូចជា​ទំនិញ​​ចេញ-ចូល​​មាន​​​ថយ​ចុះ​នេះគឺ​កើត​​ដោយសារ​​លេច​ឮ​ថា ​ក្រុមអាវលឿង​​គ្រោងធ្វើ​ព្យុះ​​​ភ្លៀង​​ក្នុងស្រុក​​អារញ្ញ​ ឬ​តាម​​បន្ទាត់​ព្រំដែន​​​ជាប់​កម្ពុជា​ ។​

  • សភាពការណ៍​​លើទឹកដីថៃ

ស្រប​ពេលដែល​​លេច​ឮ​​ព័ត៌មាន​​ថា ក្រុម​អា​​វ​លឿង​​មួយចំនួន​​មក​ស្រុក​អារញ្ញ​​និង​មួយ​ចំនួនធំ​ទៀត​​​នឹង​បន្ត​​មកពី​​តាមបណ្តា​ខេត្ត​​​ផ្សេងៗ​​​នោះ​មន្ត្រី​​​​ទំនាក់ទំនង​​​ព្រំដែន​​​កម្ពុជា​​ឱ្យ​ដឹង​ថា ​តាំង​ពី​​រសៀល​​​ថ្ងៃ​ទី​១២ មករា រហូត​​មក​ទល់​ថ្ងៃ​ទី​​១៣ មករា ​សមត្ថ​កិច្ច​​​និង​ប្រជាពលរដ្ឋ​​​ថៃ​បាន​ពង្រឹង​​កំលាំង​យ៉ាងច្រើន​​​សន្ធឹកសន្ធាប់​​​​នៅចំណុច​​​ផ្លូវបំបែក​​ជាបួន ចំណុច​​នាឡិកា​​​ក្នុង​ស្រុកអារញ្ញ​​នៃ​ខេត្តស្រះកែវ ដើម្បី​ទប់​ទល់​​ជាមួយក្រុម​អាវ​លឿង ។ ​កន្លែង​​ផ្លូវ​បំបែក​​នោះមានប្រជាពលរដ្ឋ​​មកពី​តាមបណ្តា​​ភូមិ​-ឃុំ​​មួយចំនួន​តាមស្រុក​​​​​ដែល​ជាប់​​ព្រំដែន​​នៃខេត្តស្រះកែវ ​នៅ​​ចាំ​ទប់ទល់​​ស្វាគមន៍​ដោយហិង្សា​​ជាមួយ​​ពួកអាវលឿង​​​ ។ ​

​នៅ​ក្នុង​​​ផ្សារ​រុងក្លឿ​​ទឹកដី​ថៃ ប្រជាពលរដ្ឋ​​​ដែល​ចេញ​​ពីផ្សារ​រុងក្លឿ​​និយាយ​ថា ​សំរាប់​ព្រឹក​​​ថ្ងៃ​ទី​​១៣ មករា ​​អាជីវករ​លក់​​ដូររបស់​ថៃ​មាន​ចំនួន​​ថយ​​​ចុះច្រើន​​ស្ទើរតែ​​ស្ងាត់ គឺ​​មានតែ​​ខ្មែរ​ចូល​ទៅច្រើន​​ជាង ។​​ ចំណែក​​ឯតាម​បន្ទាត់ព្រំដែន​​ខាង​ជើង​ផ្លូវ​​ជាតិ​លេខ​​៥ ចាប់ពីក្រុង​​ប៉ោយប៉ែត​​ទៅស្រុក​​អូរជ្រៅ​​បើតាម​​​​ការ​ឱ្យ​ដឹង​ពីកំលាំង​​ជួរមុខ​​​តាម​​ទូរស័ព្ទ​ថា ​នៅថ្ងៃ​​១៣ មករា ​ពុំ​ទាន់​​មានអ្វី​​កើតឡើងទេ ប៉ុន្តែ​​មាន​ការ​ប្រុង​​ជើង​ការ​ខ្ពស់​​ដដែល ។ ​សំរាប់​ច្រករបៀង​គ្រប់​​ច្រក​​ត្រូវ​​​​ភាគី​សៀមហាម​ឃាត់​​មិន​ឱ្យឆ្លង​ទៅ​មកទេ ព្រោះ​ខ្លាច​​​កើត​មាន​​បញ្ហា ។ ​តាមព័ត៌មាន​​​​ចុងក្រោយ​​​​ឱ្យ​ដឹ​ង​ថា ពល​រដ្ឋ​ខ្មែរ​​​​៧​នាក់​​ដែលអាជ្ញាធរ​​សៀម​ចាប់​ខ្លួន​​បញ្ជូន​ទៅ​​តុលាការ​​នោះ​​ ត្រូវ​​​អភិបាលខេត្ត​​​ស្រះកែវ ​​នាំ​​ខ្លួនមក​​ប្រគល់​ឱ្យ​អាជ្ញាធរ​​ខេត្ត​បន្ទាយមានជ័យ​​​លើស្ពាន​​​មិត្តភាព​ច្រក​ប៉ោយ​ប៉ែត​វិញហើយ​ ៕​

  • ជនជាតិ​សៀម​ជាប់ចោទ២​នាក់​ ត្រូវ​បានអនុញ្ញាតឱ្យនៅក្រៅឃុំ ជា​បណ្តោះ​អាសន្ន​ក្នុង​ចំណោម​៧​នាក់       

រាជធានីភ្នំពេញ​ ៖ ជនជាប់​ចោទ​ជនជាតិ​សៀម​​២​នាក់ ​នៅ​ព្រឹក​ថ្ងៃទី​១៣ មករា ត្រូវ​បាន​​តុលាការ​កម្ពុជា​​សំរេច​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​​ជា​បណ្តោះ​អាសន្ន​ តែស្ថិត​ក្រោម​ការ​តាម​ដាន​​របស់​តុលាការ​គឺមាន​ន័យថា​ បើ​ពេលណា​តុលា​ការ​​កោះ​​ហៅ​នឹង​ត្រូវ​បង្ហាញ​ខ្លួន ។ ជនជាតិ​សៀម​​ដែល​ត្រូវ​បាន​ធានា​​ឱ្យ​នៅ​ក្រៅ​ឃុំ​នេះ គឺលោក​ផានិក វិគិតសេត ជាអ្នក​តំណាង​រាស្ត្រ​ក្រុង​បាង​កក មកពី​គណបក្ស​ប្រជាធិបតេយ្យ​ និង​អ្នក​ស្រី​ណារឿម​មុល ជិតវ៉ារ៉ាត់តាណា ជា​មេ​ផ្ទះ ។ ជនជាប់​ចោទ​សៀម​ទាំង​២​នាក់ ត្រូវ​បាន​ស្ថានទូត​ថៃ​ប្រចាំកម្ពុជា​​​ទៅ​ទទួល​យក​ពី​ពន្ធ​នាគារ​ព្រៃស​នៅ​វេលា​ម៉ោង​ជាង​៩​ព្រឹក​ ។ មិន​មាន​ព័ត៌​មាន​លំអិត​ឱ្យ​ដឹង​ក្រៅពីនេះ​ទេ​ថា តើ​ជន​៥​នាក់​ទៀត​​នឹងអាច​ត្រូវ​ធានា​ឱ្យ​នៅ​ក្រៅឃុំ​ឬបែបណា​នោះទេ ពិសេស​ជន២​នាក់​គឺ​​វីរ៉ា​ស៊ុម​ខ្វាម​ឃីត និង​អ្នក​ស្រី​រ៉ាត់​ទ្រី ប៉ៃប៉ូតាណា​ប៉ៃបូន ដែល​ជាប់​ចោទ​ពីបទ​ចារកម្ម​ ទំនង​មិន​អាច​​មាន​សិទ្ធិ​​​នៅ​ក្រៅ​ឃុំ​ទេ ។​

លោក​អាប់​ភីស៊ីត ​​វេចាជីវ៉ា នាយក​រដ្ឋ​មន្ត្រី​​​​ថៃ​ ត្រូវ​បាន​ដក​ស្រង់​សំដី​ដោយ​កាសែត​ថៃ​ថា លោក​បាន​ដឹង​ថា ជនជាតិ​ថៃ​២​នាក់​ក្នុង​ចំណោម​​៧​នាក់ ត្រូវ​បាន​តុលាការ​កម្ពុជា​ផ្តល់​ការ​ធានា​​ឱ្យ​នៅ​ក្រៅ​ឃុំ​ ប៉ុន្តែ​កំពុង​រង់​ចាំ​លទ្ធ​ផល​ការ​ដាក់​​ឱ្យ​នៅ​ក្រៅឃុំ​នូវ​ជនជាតិ​ថៃ​​៥​នាក់​ដែល​​នៅ​សល់​ ព្រោះ​យើង​ត្រូវ​ការ​ជួយ​ទាំងអស់​គ្នា ។ កាសែត​ថៃ​កាលពី​ថ្ងៃទី​១៣ មករា បាន​ផ្សាយ​ថា បច្ចុប្បន្ន​ ជនជាតិ​ថៃ​ទាំង​២​នាក់ ដែល​ទទួល​បាន​​ការ​ធានា​ឱ្យ​នៅ​ក្រៅ​ឃុំ​ បាន​ចាក​ចេញ​ពីពន្ធ​នា​គារ​ និង​ស្ថិត​នៅ​ក្នុង​​ស្ថាន​ទូត​ថៃ​ក្នុង​រាជ​ធានី​ភ្នំពេញ ។ លោក​​ផានិក វិគិតសេត ជាតំណាង​រាស្ត្រ​​ក្រុង​បាងកក មកពី​គណបក្ស​ប្រជាធិប​តេយ្យ​​បាន​ជួប​ប្រពន្ធ​​និងកូន​វិញ តែ​សំរាប់​ជនជាតិ​ថៃ​៥​នាក់​ដែល​នៅ​សល់​ បច្ចុប្បន្ន​មិន​ទាន់​មានការ​ពិចារណា​លើ​ពាក្យ​​ស្នើ​​សុំ​ឱ្យ​នៅ​ក្រៅ​ឃុំទេ ។ ទោះជាយ៉ាងណា​ក៏ដោយស្ថាន​ទូត​និងមន្ត្រី​គ្រប់​រូប​ត្រៀម​ខ្លួន​ក្នុង​ការ​តស៊ូរឿង​ក្តី​ដើម្បី​ឱ្យ​ជនជាតិ​ថៃទាំង​៥​នាក់​រួចផុត​ពី​រឿង​ក្តី​និង​ត្រឡប់់​​ទៅ​ប្រទេស​ថៃឱ្យ​បាន​ឆាប់ ។

កាសែត​ដដែល​បាន​បន្ត​ថា ទាក់​ទិន​​នឹង​រឿង​រ៉ាវ​ធ្វើ​បាតុកម្ម​បិទ​ព្រំដែន​របស់​ក្រុម​អាវ​លឿង​ លោក​ស៊ូថេប ធឿកស៊ូបាន់​ ឧបនាយក​រដ្ឋ​មន្ត្រី​ថៃ​បាន​ឱ្យ​ដឹង​ថា ការ​ជួយ​ជនជាតិ​ថៃ​ទាំង​៧​នាក់​នៅ​កម្ពុជា​ គឺ​នាយករដ្ឋ​មន្ត្រី​បាន​ប្រគល់​តួនាទី​ឱ្យ​ក្រសួង​ការបរទេស​ដំណើរ​ការ​​ដើម្បី​កុំ​ឱ្យ​កើត​មាន​ភាព​ច្របូក​ច្របល់​ និង​មាន​ជំនឿ​​ចិត្តថា​ការពិភាក្សា​ ​ចរចា​ ឬសហការ​ការងារ​​ជាវិធី​សាស្រ្ត​ដ៏​ល្អ ។ ចំណែក​​ករណី​ក្រុម​​អាវ​លឿង​​មានគំរោង​ធ្វើ​បាតុ​កម្ម​​បិទ​ច្រក​ព្រំដែន​កម្ពុជា-​ថៃ គួរតែ​ធ្វើ​ការ​ពិចារណា​កុំ​ឱ្យ​ខុស​​ច្បាប់ ។​ ​ការ​ប្រើ​កំលាំង​បិទ​ច្រក​ចេញ-ចូល​តាម​ព្រំដែន​​ជា​រឿង​មិន​ត្រឹម​ត្រូវ​​ ដូច្នេះ​​ក្រុម​អាវ​​លឿង​​ដែល​យក​កម្លាំង​មក​ប្រើ​ប្រាស់​មិនអាច​ធ្វើ​បាន​ឡើយ ៕

 ( ប៊ុនណាក់+សុខលី+អរុណ )

   
   
...កាប់​គល់​លាស់​ត្រួយ... បន្ទាប់ពីបទបញ្ជាធ្វើបាន១ប្រាវ ភ្លេចវិធានការភ្លៀងរលឹម
January 14, 2011 at 9:56 AM
 

សភា​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​យើង​​បាន​អនុម័ត​​ច្បាប់​​ដ៏​ល្អ​ផូរផង់​ជាច្រើន ​ប៉ុន្តែ​​ច្បាប់​​ទាំងនេះ​ហាក់ដូចជានៅ​លើ​តែ​ក្រដាស​​​គ្មាន​​ន័យ​​ ព្រោះច្បាប់​​ខ្លះ​នោះ​ពុំ​ត្រូវ​​បាន​យកមក​​ប្រើ​ប្រាស់​​សំរាប់​ដាក់​ទោស​ទណ្ឌ​​ដល់ការ​ប្រព្រឹត្ត​​​ល្មើស​​ដូច​ជា​ការ​​​ឃុបឃិត​​រវាង​មន្ត្រី​​​ទុច្ចរិត ​ជាមួយ​ឈ្មួញ​​​​​ខិល​ខូចក្នុង​អាជីវកម្ម​ឈើខុស​ច្បាប់ សត្វព្រៃ​​បទល្មើស​​នេសាទ​​ ​ការនាំ​ចូល​ទំនិញ​​​ខូចគុណភាព​ ការគេច​ពន្ធ និង​ការដឹក​​ទំនិញ​​លើ​ស​ចំណុះ​​ដែល​ធ្វើ​​​​ឱ្យ​​ខូច​ផ្លូវ​​ បាក់ស្ពាន​​​ជា​ដើម ។ ការខ្វះ​ឆន្ទៈ និង​ខ្វះ​ចំណាត់ការ​​បានក្លាយ​​ជា​កត្តា​ជំរុញ​​មន្ត្រី​ខិល​ខូច​​ ក៏ដូចជា​​​ជន​ទុច្ចរិត​​​ប្រព្រឹត្ត​​ល្មើស​ក្លាយ​​ជា​ទំលាប់​ដើម្បី​​ជា​ប្រយោជន៍​​​​បុគ្គល ​និងបក្សពួក​ខ្លួន ។

ការ​បង្ក្រាប​​ព្រៃឈើ​​ទ្រង់ទ្រាយ​​ធំនា​ពេល​កន្លង​មក ​និងការ​​បោស​សំអាត​​រាល់​ការ​ប្រើប្រាស់​​ស្លាក​លេខ​​យាន​យន្ត ខ.ម និង​ ន.ប ​និង​ពិសេស​​ជាងនេះទៀត​​នោះ គឺការ​គេច​វេះ​ពីការបង់​ពន្ធ​​ដូចជា​ពន្ធ​​​​នាំចូល ពន្ធ​លើ​មធ្យោបាយ​​យាន​យន្ត​​ជាដើម។ល។ ​គឺមិន​អាច​ខ្វះបាន​​ពី​​បទ​បញ្ជា​​ខ្លាំងៗ​​​របស់​​សម្តេច​តេជោ​​នាយករដ្ឋ​មន្ត្រី​នោះទេ​ ទើប​ឃើញ​​​សកម្មភាព​​បង្ក្រាប​​​មាន​ភាពសកម្ម និង​មាន​​ប្រសិទ្ធ​ភាព​ ដូច​ជា​ការបង្ក្រាប​​លើ​បទ​​ល្មើស​ព្រៃ​ឈើ​​ស្លាកលេខយានយន្ត ខ.ម និង​ ន.ប ​ការ​កាត់​កន្ទុយ​​​​រថយន្ត​ ដែលច្នៃ​​ដើម្បី​ដឹកលើស​​ទំនង់​ជា​ដើម។ល។ ទោះបី​ជាបែបណា ​ភាពអសកម្ម​​​ទាំង​នេះ​​បែរ​ជា​​លាស់​ត្រួយ​​​លូតលាស់​ឡើងវិញ ​ដែលយើង​​ឃើញ​រៀង​រាល់​​ថ្ងៃ ដូចជា​បទល្មើស​​​ព្រៃឈើ​​ ការ​ប្រើប្រាស់​​​ស្លាកលេខ​យានយន្ត ខ.ម និង​ ន.ប លើ​ដង​ផ្លូវ​​ពិសេ​សក្នុង​​រាជធានី ភ្នំពេញ ព្រមទាំង​​ការឃើញ​​រាល់ថ្ងៃ​​​ការប្រើ​រថ​យន្ត​​ដឹកទំនិញ​​ដ៏វែង​​របស់ក្រុមហ៊ុន​​មួយ​ចំនួន​​​ ពិសេស​ក្រុមហ៊ុន​​ដែលតែង​តែលើក​​ដាក់​ទំនិញ​​​នៅ​តាមបណ្តោយ​ផ្លូវ​​​២០០៤ ខណៈ​ពេល​ដែល​​​ចំណាត់​ការ​​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​​កំពុង​តែ​​លែង​ដៃ​លើ​ការងារ​ដែល​ជា​ប្រយោជន៍​​ជាតិ សង្គម ដែលសាធារណៈ​ជន​គាំទ្រ ​ហើយចំណាត់​​​ការ​របស់​អាជ្ញា​ធរ​លើ​បទ​​លហុខ្លះ​​​កំពុង​​​បន្តគ្មាន​​​ថ្ងៃ​​ស្រាកស្រាន្ត​​ដូចជា ​ការផាកពិន័យ​លើ​ម៉ូតូ​មិន​ដាក់​កញ្ចក់ មិនពាក់មួកសុវត្ថិភាព​​ជាដើម ។

ទោះ​ជា​យ៉ាង​ណា​ ប្រជាពលរដ្ឋ​​​មានការ​​គាំទ្រ​​ទាំង​ស្រុង និង​ស្អប់​ខ្ពើម​​រាល់សកម្មភាព​​អសកម្ម​​​ទាំង​ឡាយ​​ដែលផ្ទុយ​​នឹង​ច្បាប់ មិនថា​​ការមិនពាក់​​មួក​សុវត្ថិភាព​ក្នុងពេលបើកបរ​​​ មិនដាក់​​កញ្ចក់ ​ការ​យក​ឈ្មោះ​​​វត្ត​ធ្វើ​ជា​​​ស្លាក​​លេខ​យាន​​យន្ត​ជា​ដើម ។ ពិតជាគួរឱ្យថ្កោល ទោសណាស់ ។ ទន្ទឹមនឹង​​នេះ ក៏មានក្តី​​សង្ឃឹម​ដែរ​ថា ​អាជ្ញា​ធរ​​គួរយក​​ច្បាប់​ដែល​​មាន​បច្ចុប្បន្ន​​​មក​អនុវត្ត​ និង​បន្ត​​អនុវត្ត​​លើ​បទបញ្ជា​​របស់សម្តេច​​តេជោ​​​នាយករដ្ឋ​មន្ត្រី​​​​ឱ្យ​​បាន​ខ្ជាប់ខ្ជួន ​សំដៅ​​បោស​សំអាត​​​សកម្មភាព​អសកម្ម​​ដើម្បីជា​ផល​ប្រយោជន៍​ជាតិ និងសង្គម ៕​    

   
   
ចំនួនអ្នកស្លាប់​ដោយ​​សារគ្រោះ​​ទឹកជំនន់​​ និងការ​បាក់​ដី​នៅប្រេស៊ីល​​ឡើងដល់​​៤៦៤នាក់
January 14, 2011 at 9:53 AM
 
គ្រោះ​ធម្មជាតិ​​ទឹក​​ជំនន់​ ការ​​បាក់ដី និង​ខ្យល់ព្យុះ​​ ដែល​វាយប្រហារ​លើ​ទីក្រុង​​រីយ៉ូ​ដឺ​ហ្សា​ណេរ៉ូ

អាជ្ញាធរមូលដ្ឋាន​និយាយ​​កាលពីល្ងាច​ថ្ងៃទី​​១៣ មករា ថា គិតត្រឹម​ថ្ងៃទី​​១៣ មករា ​ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះ​ធម្មជាតិ​​ទឹក​​ជំនន់​ ការ​​បាក់ដី និង​ខ្យល់ព្យុះ​​ ដែល​វាយប្រហារ​យ៉ាងធ្ងន់​ធ្ង​រ​ លើ​ទីក្រុង​​រីយ៉ូ​ដឺ​ហ្សា​ណេរ៉ូ របស់ប្រទេស​ប្រេស៊ីល កើនឡើង​​ដល់​​៤៦៤​​នាក់ហើយ ។​ គ្រោះធម្មជាតិនេះ​ជា​បាតុ​ភូត​ធម្មជាតិ​​ធ្ងន់ធ្ងរ​បំផុត ​វាយ​ប្រហារ​រដ្ឋ​រីយ៉ូ​ក្នុងប្រវត្តិ​​សាស្ត្រ​​របស់​​ប្រទេស​ប្រេស៊ីល ។​ វា​​ធ្វើ​ឱ្យ​ពលរដ្ឋ​​ប្រេស៊ីល​​ជួប​ផលវិបាក​​ធ្ងន់​ធ្ងរ​​ដោយ​ផ្លូវ​​ថ្នល់ត្រូវ​កាត់​ផ្តាច់​ ហើយគ្មាន​ភ្លើងអគ្គិសនី​​​ និងទឹកស្អាត​ប្រើប្រាស់​ ។

​មនុស្ស​​​១៣.០០០​នាក់​បាន​បង្ខំ​ចិត្ត​​​ចាកចេញពី​ផ្ទះ​សំបែង​​របស់ខ្លួន ហើយ​​៦.០០០​នាក់ទៀត​ត្រូវ​​​រស់​​នៅ​ក្នុង​ជំរកបណ្តោះអាសន្ន​​​​តាម​សាលា​រៀន​​​និងកន្លែង​​ផ្សេង​ៗ ។​ ជាមួយគ្នានេះ កាលពីព្រឹកថ្ងៃទី​​១៣ មករា កន្លង​មក ​ប្រធានាធិបតី​​ប្រេស៊ីល​​ដែលទើ​ប​ឡើង​​កាន់តំណែង​លោកស្រី​ឌីល​ម៉ា រ៉ូស​សៃហ្វ ​និង​អភិ​បាល​រដ្ឋរីយ៉ូ​​ បានអញ្ជើញ​​ទៅ​កាន់​​តំបន់​រងគ្រោះ​​ ហើយលោកស្រី​រ៉ូហ្វ​​សេហ្វ បាន​សន្យា​ថានឹងជួយ​​តំបន់​រងគ្រោះ​​ទាំង​នោះ ។​​ អាជ្ញាធរ​​រដ្ឋ​រីយ៉ូ​​ឱ្យដឹង​ទៀត​ថា ចំនួនអ្នកស្លាប់​​អាច​កើនឡើង​ច្រើន​​ថែម​ទៀត​ ខណៈ​ក្រុម​​​អ្នក​ជួយសង្គ្រោះ​កំពុង​ស្រាវ​ជ្រាវ​​​រក​ជនរងគ្រោះ​ដែល​កប់ក្នុងដី ៕​

   
   
រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​​កូវ៉ែ​​ត​​​​សុំ​លាលែង​​ចេញពីតំណែង
January 14, 2011 at 9:50 AM
 
រដ្ឋ​មន្ត្រី​​មហា​ផ្ទៃ​​​កូ​វ៉ែត លោក Sheikh Jaber Khaled Al-Sabah

មន្ត្រី​រដ្ឋាភិបាល​និយាយ​ថា រដ្ឋ​មន្ត្រី​​មហា​ផ្ទៃ​​​កូ​វ៉ែត លោក Sheikh Jaber Khaled Al-Sabah បានដាក់ពាក្យ​​សុំ​លាលែង​​​ចេញពី​តំណែង​​កាលពីថ្ងៃទី​​១៣ មករា កន្លងមក ​ដោយសារ​​ការ​ស្លាប់​​អ្នកទោស​​ម្នាក់ដែល​តាមការចោទប្រកាន់​​​ថា ស្លាប់​ដោយសារ​ការ​ធ្វើទារុណ​កម្ម​របស់​ប៉ូលិស ។ មន្ត្រី​ដដែល​បានប្រាប់ទីភ្នាក់ងារ​​សារ​ព័ត៌​​មាន​​បារាំង AFP ថា លោក Sheikh Al-Sabah បាន​ដាក់​ពាក្យ​​​សុំ​លាលែង​​ចេញ​ពី​តំណែង​​ជូន​លោក​នាយករដ្ឋ​​មន្ត្រី​​ ដើម្បីធ្វើ​ការ​​​សំរេច​​ថា តើ​ត្រូវ​​​ទទួល​យក​​សំណើ​​​នេះ​ ឬ​ក៏អត់ ។​

ទោះបីជា​បែបណា លោក Sheikh Al-Sabah មិន​​ធ្វើ​​​​អត្ថាធិប្បាយ​​លើ​ព័ត៌​មាន​​​អំពី​​ការ​ដាក់ពាក្យ​​សុំ​លាលែង​​ចេញពី​​តំណែង​​​របស់​លោក​ទេ ប៉ុន្តែ​​គេហទំព័រ​​​មួយ​បាន​ចេញ​ផ្សាយ​​ព័ត៌មាន​​ដោយ​ដកស្រង់​សំដីលោក​ដែលថ្លែង​ថា ​«ខ្ញុំ​​បានដាក់ពាក្យ​​សុំ​លាលែង​​ចេញ​ពី​តំណែង​​ដើម្បី​​​ជា​ការ​ទទួល​ខុសត្រូវ​ចំពោះ​​​​កាតព្វ​កិច្ច​​​របស់ខ្ញុំ ។ ខ្ញុំ​​មិនសម​​ដឹក​នាំក្រសួង​​ដែល​ផ្តល់​​ទុក្ខ​លំបាក​ដល់​ពលរដ្ឋ​​នោះទេ» ។​ សមាជិក​សភាគណបក្ស​​ប្រឆាំង​​អ៊ិស្លាម​​​បាន​ស្វាគមន៍​​សំណើ​​​របស់​លោក Sheikh Al-Sabah ។ គណៈ​កម្មការ​​មួយដែលតែង​តាំង​​ដោយ​ក្រសួង​មហាផ្ទៃ​​​​កូវ៉ែត រកឃើញ​ថា អ្នកទោស​​ដែលស្លាប់​​នោះឈ្មោះ Mutairi បានស្លាប់​នៅប៉ុស្តិ៍​​ប៉ូលិស​​ ហើយត្រូវ​បានសង្ស័យ​​ថា ស្លាប់​ដោយ​​សារ​​ការធ្វើ​​​ទារុណ​កម្ម ៕​

   
   
រឿង​មាន់​ពង​លើ​ស្រូវ សង្គម​ស៊ី​វិល​គាំទ្រ​ដែល​ចាប់ខ្លួន​មន្ត្រី​ខិលខូច​ដោយ​អង្គភាព​ប
January 14, 2011 at 9:39 AM
 
លោក ជា ឡេង និង លោក ម៉ឹក ដារ៉ា

រាជធានីភ្នំពេញ ៖ ការឃាត់​ខ្លួន​លោក​ឧត្តម​​សេនីយ៍​​ឯក ម៉ឹក ដារ៉ា ដែលជា​អគ្គ​​លេខា​ធិការ​​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ ​និង ជា​ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ រួមជាមួយ​​សហការី​របស់​លោក​គឺ​ស័ក្តិ​៤កន្លះ​ ជា​ ឡេង កាលពី​​ថ្ងៃទី​១២ មករា បាន​ធ្វើ​ឱ្យ​មានការ​ចាប់​អារម្មណ៍​​ពីគ្រប់​មជ្ឈដ្ឋាន ​បន្ទាប់​ពី​​ការ​ឃាត់​ខ្លួន​អតីត​ស្នង​ការ​ និង​ស្នង​ការ​រង​ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​មិន​មាន​​ប្រភព​​ផ្លូវ​ការ​ណាមួយ​​បាន​ប្រកាស​ឱ្យ​ដឹងនៅ​ឡើយ ពីទោស​កំហុស​ដែល​ត្រូវ​ចោទ​ប្រកាន់​​ដោយ​គ្រាន់​តែ​​ប្រភព​ក្រៅ​ផ្លូវ​ការ​​ឱ្យ​ដឹង​ថា មានការ​ទាក់​ទិន​​​នឹង​បញ្ហា​គ្រឿង​ញៀន​ ។ ទោះ​បីជា​បែប​ណា បញ្ហា​សង្ស័យ​ពីការ​ទាក់​ទិន​នឹង​គ្រឿង​ញៀន​​ដូច​គ្នា ​ក៏ត្រូវ​​​បាន​គេ​ផ្តោត​ទៅ​លើ​​ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​​គឺ​លោក​ឧត្តម​សេនីយ៍​​ឯក​ម៉ឹក ដារ៉ា ​​និង​មន្ត្រី​ក្រោម​ឱវាទ មួយ​រូប​ដែល​មាន​តួនាទី​​ស្នូល​របស់​ខ្លួន​សំរាប់​ការ​​​បង្ក្រាប​ ​បែរជា​មាន​ទោស​ក្នុង​បទទាក់​ទិ​ន​​នឹង​គ្រឿង​ញៀន​ទៅវិញ ។ ​តាម​ប្រភព​មិន​ផ្លូវ​ការ​​ឱ្យ​ដឹង​​នៅ​ថ្ងៃ​ទី​១៣ មករា ​ថា​ លោក​​​ម៉ឹក ដារ៉ា ​ត្រូវ​បាន​នាំ​ខ្លួន​​ទៅ​​សាក​សួរ​នៅអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ហើយ​ក្នុង​ថ្ងៃ​ដដែល​នេះក៏​បានបញ្ជូន​មក​កាន់​​​នាយកដ្ឋាន​អន្តរាគមន៍​ក្រសួង​មហាផ្ទៃ​វិញ ។ ចំណែក​​មន្ត្រី​ក្រោម​ឱវាទ​​ឋានៈ​ប្រធានការិយា​ល័យ​គឺ​លោក​ជា ឡេង ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​កន្លែង​ផ្សេងគ្នា ។ 

លោក​​ឧត្តម​សេនីយ៍​​ឯកខៀវ​ សុភ័គ អ្នក​នាំពាក្យ​​​ក្រសួង​​មហា​ផ្ទៃ​ បាន​មាន​ប្រសាសន៍​​ប្រាប់​អ្នក​កាសែត​ថា នៅ​ថ្ងៃទី​១២ មករា សមត្ថ​កិច្ច​នគរ​បាល​នៃអគ្គ​​ស្នង​ការ​ដ្ឋាន​​នគរ​បាល​ជាតិ​របស់​ក្រសួង​មហា​ផ្ទៃ​ បាន​សហការ​ជាមួយ​អង្គភាព​​ប្រឆាំង​​អំពើ​ពុក​រលួយ​ កោះអញ្ជើញ​លោក​ឧត្តម​សេនីយ៍​ឯក ម៉ឹក ដារ៉ា ដើម្បីមក​​សាក​សួរ​ព័ត៌​មាន​​មួយ​ចំនួន​ ហើយ​រហូត​មក​ដល់​ព្រលប់​ថ្ងៃទី​​​១២ មករានោះ​ ​លោក​ឧត្តម​សេនីយ៍​​ឯក ម៉ឹក ដារ៉ា ​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​​គ្រង​របស់​សមត្ថ​កិច្ច​ក្រសួង​មហា​ផ្ទៃ​នៅ​ឡើយ ។ យ៉ាង​ណា​ក៏​ដោយ​ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​​ មិន​បាន​អត្ថា​ធិប្បាយ​​លំអិត​​ជុំវិញ​សំណុំ​​រឿង​​ពុក​រលួយ​​ ពាក់​ព័ន្ធ​​នឹងបញ្ហា​​​គ្រឿង​ញៀន​ដ៏ធំ​​នៅ​ខេត្ត​បន្ទាយ​មានជ័យ ថា​តើ​ជាប់​ពាក់​ព័ន្ធ​នឹង​មន្ត្រី​ជាន់​ខ្ពស់​ក្នុងជួរ​រដ្ឋា​ភិបាល​ ឬក៏​មានការ​ចាប់​ឃាត់​ខ្លួន​​ឧត្តម​សេនីយ៍​​ណា​ផ្សេង​​ទៀត​នោះទេ ។

សូម​រំលឹក​ថា ​លោក​ឧត្តម​សេនីយ៍​ត្រី​​ហ៊ុន ​ហ៊ាន ​អតីត​ស្នង​ការ​នគរ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​​លោក​វរសេនីយ៍​​ឯក ឈៀង សុន ស្នង​ការ​រង​ខេត្ត​បន្ទាយ​មានជ័យ ត្រូវ​បាន​ដក​ហូត​មុខ​តំណែង​​​កាលពី​ថ្ងៃទី​៧ មករា និងត្រូវឃាត់​ខ្លួន​ជាបន្តបន្ទាប់​ ។ ​កាលពី​ថ្ងៃអង្គារ​​ទី១១ មករា​​​ អតីត​​​មេប៉ូលិស​ខេត្ត​បន្ទាយមានជ័យ ជាប់​ព្រំ​ដែន​​​ប្រទេស​ថៃ​ទាំង​២រូប​ ត្រូវ​បាន​បញ្ជូន​ចេញពី​ក្រសួង​មហាផ្ទៃ​​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​របស់​លោក​ឱម យ៉ិនទៀង ។​
ការ​ចាប់​ខ្លួន​អតីត​មេប៉ូលិស​ខេត្ត​បន្ទាយ​មាន​ជ័យ​ខាង​លើ​នេះ ត្រូវ​បាន​គេ​បង្ហើប​ឱ្យ​ដឹងថា អាច​ជាប់​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​គ្រឿង​ញៀន​ដ៏ធំមួយ​ ដែល​មេប៉ូលិស​​ទាំង២រូប​​បាន​ដោះ​​លែង​ជន​ល្មើស​ជា​ថ្នូរ​នឹង​លុយ​សូក​ប៉ាន់​យ៉ាង​ច្រើន។ ​លោក​ស៊ាន បូរ៉ាត  អនុ​ប្រធាន​​អង្គភាព​​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកកាសែត​​​ នៅ​ក្រសួង​ព័ត៌​មាន ក្នុង​ពេល​ចុះ​ផ្សព្វ​ផ្សាយ​​​​ច្បាប់​​​ពីការ​ប្រកាស​ទ្រព្យសម្បត្តិ​ថា ​អតីត​មេប៉ូលិស​​ខេត្ត​បន្ទាយ​មានជ័យ និងជន​សង្ស័យ​​​មួយ​ចំនួន​ ដែល​ជាប់​ពាក់​ព័ន្ធ​​នឹង​សំណុំ​រឿង​គ្រឿង​ញៀន​នេះ ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ពុក​រលួយ ។ ក្រោយ​ការ​សាក​សួរ​ចប់​សព្វ​គ្រប់​ អ្នកទាំង​នោះ នឹង​ត្រូវ​​បញ្ជូន​​ទៅតុលាការ​​ដើម្បី​កាត់​ទោស ។​

មន្ដ្រី​សង្គម​ស៊ី​វិល​គ្រោង​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​គាំទ្រ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​បាន​ចាប់​មន្ដ្រី​ខិលខូចសមាគម​ការពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ក​ម្ពុជា​ គ្រោង​នឹង​ចេញ​សេចក្ដីថ្លែង​ការណ៍​រួម​មួយ​នៅ​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ ​ដើម្បី​លើក​ទឹក​ចិត្ដ​ដល់​សមាជិក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​បា​នប​ញ្ចេញ​ស្នាដៃ​ក្នុង​ការ​បំពេញ​ភារកិច្ច​វែកមុខមន្ត្រីអសកម្ម​​យក​មក​​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ​។ ការ​ថ្លែង​យ៉ាង​ដូច្នេះ​គឺនៅ​ចំ​ពេល​ដែលរាជ​​រដ្ឋា​ភិបាល​​កម្ពុជា​កំពុងបើក​យុទ្ធនា​ការឃាត់​ខ្លួន​​មន្ដ្រីជាន់ខ្ពស់​ជា​ច្រើននាក់​ ក្នុង​នោះ​មាន​ចាប់ពី​មន្ដ្រី​ថ្នាក់​មធ្យម រហូត​ដល់​ថ្នាក់ឧត្ដម​សេនីយ៍​ បន្ទាប់​ពី​រក​ឃើញ​ថា​ មាន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​អំពើ​ពុក​រលួយ និង បទល្មើស​យោធា​ផង​ដែរ​ ។

ប្រធាន​កម្មវិធី​ស៊ើបអង្កេត​បទ​រំលោភសិទ្ធិ​មនុស្ស​របស់​សមាគម​អា​ដ​ហុ​ក​ប្រចាំ​រាជធានី​ភ្នំពេញ លោក ចាន់ សា​វ៉េ​ត កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែមករា បាន​ថ្លែង​ថា សមាគម​ «អា​ដ ​ហុ​ក​» រួម​ទាំង​សមាគម​ការពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​គម្រោង​ចេញ​សេចក្ដីថ្លែងការណ៍​រួម​មួយ ដើម្បី​​សំដែង​នូវ​ការ​កោត​ស​សើ​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ចំពោះ​សកម្មភាព​លេចធ្លោ​មួយចំនួនក្នុង​ការ​ចាប់់ខ្លួនមន្ត្រី​អសកម្ម​​យក​មក​ប្រឈម​​នឹង​ផ្លូវច្បាប់ ​។ លោក​បាន​បន្ដ​ថា ​យើង​នឹង​រៀបចំ​លិខិត​នេះ​នៅ​​ស​ប្ដា​ហ៍​ក្រោយ ដោយ​មូលហេតុ​សង្គម​ស៊ី​វិល​ទាំងអស់ មា​នការ​គោរព​កោត​សរសើ​រ​​យ៉ាង​ខ្លាំង​នូវ​ស្នាដៃដ៏​ប៉ិន​ប្រសប់​ក្នុង​ការ​វែកមុខ​​មនុស្ស​អាក្រក់ដែល​បាន​លាក់ខ្លួន​ជា​យូរ​មក​ហើយ​​ក្នុង​ជួរ​រដ្ឋាភិបាល ។ ​អ្នក​ទាំងនោះ​ភាគ​ច្រើន​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ឬ​នៅ​ពី ក្រោយ​ខ្នង​ក្រុម​ឧក្រិដ្ឋជន ដូច​ជា​ជួញដូរ​គ្រឿង​ញៀន អំពើ​ពុក​រលួយ បង្កជា​ហានិ​ភ័យ​យ៉ាង​ច្រើន​ដល់សង្គម​ជាតិ​យើង ជា​ពិសេស​អំពើ​រំលោភ​​សិទ្ធិ​មនុស្ស​ ដែល​ជា​មូលហេតុ​ចំបង​ក្នុង​ការ​​អូស​ច្បាប់​ប្រទេស​ឱ្យធ្លាក់​ទៅ​រក​ភាព​កំសោយ ។

ប្រធាន​កម្មវិធី​ស៊ើបអង្កេត​រូប​នេះបាន​បន្ថែម​​ទៀត​ថា តាម​ការ​កត់សំគាល់​ឃើញ​ចាប់​តាំងពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​ចាប់​​​ផ្ដើ​ម​ដំណើរ​ការ​ជា​ផ្លូវ​ការរហូត​មក​ អង្គភាព​នេះ​បាន​ចាប់ខ្លួន​មន្ដ្រី​ចំនួន៧រូប​ហើយ ហើយ​ពេល​ថ្មី​ៗ​នេះ​មាន​ឧត្ដម​សេនីយ៍​ផ្កាយ​៣​យោធា​ចំនួន២នាក់​ និង​ឧត្ដម​សេនីយ៍ប៉ូលិស​ចំនួន​២នាក់​ដូច​គ្នា ក្រៅពី​នេះ​នៅ​មាន​ប្រធាន​គុក និង​​​ព្រះរាជអាជ្ញា​មួយ​រូប​ផង​ដែរ ។ កាលពី​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ២០១០ រដ្ឋសភា​ដែល​ជា​ស្ថា​ប័ន​កំពូល​នៃ​ប្រទេស​កម្ពុជា បាន​អនុម័ត​ច្បាប់ស្ដី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​មាន៩ជំពូក និង៥៧មាត្រា ។ បន្ទាប់​ពី​ច្បាប់​នេះ​ត្រូវបាន​ប្រកាស​​​ឱ្យ​ប្រើ​ រាជរដ្ឋាភិបាល​បាន​បង្កើត​ឱ្យ​មាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ និងអង្គ​ភាពប្រឆាំង​អំពើ​ពុក​រលួយ​​ដែល​មាន លោកឱម យ៉ិន​ទៀង ជា​ប្រធាន ដើម្បី​បោស​សំអាត​រាល់អំពើ​ពុក​រលួយ ហើយ​មាន​មន្ដ្រី​រដ្ឋា​ភិបាល​មួយ​ចំនួន​ត្រូវ​បាន​ចាប់ខ្លួន​ជា​បន្ដបន្ទាប់​ដោយ​ដើមហេតុ​ចេញពីការ​ប្រព្រឹ​ត្តិ​អំពើ​ពុក​រលួយ មុន​នឹង​លេច​ចេញ​នូវ​បទល្មើស​ផ្សេង​ៗ​ទៀត ។

គួរ​កត់​សំ​ផង​ដែរ​ថា លោក​សា​មិត្ដ វីរៈ និង​លោក​ពើយ ប៉ែល ដែល​អះអាង​ខ្លួន​គាត់​ទាំង​ពីរ​​នាក់​ថា​ជា​ឧត្ដម​សេនីយ៍​ យោធា​ ត្រូវ​បាន​ចាប់​ខ្លួន​​ជា​បន្ដបន្ទាប់​កាលពី​ថ្ងៃ​ទី១០និង១២ ខែមក​រា តាមអំណាច​ដីកាអយ្យ​ការ​យោធា​ដោយ​ចោទប្រកាន់​ថា​ ពួក​គាត់​ទាំង​ពីរ​នាក់​ បាន​ប្រព្រឹត​្ត​បទ​ល្មើស​យោធា​ជា​ច្រើន​ករណី​ ។ ទន្ទឹម​​នឹង​នេះ​​ខាងឧត្ដ​មសេនីយ៍ប៉ូ​លិ​ស​ក៏មានការ​ចាប់ខ្លួន​ជា​បន្ដបន្ទាប់​ដែរ ដោយ​កាល​ពី​ថ្ងៃ​ទី១០ ខែ មក​រា ស្នងការ​-​ស្នងការ​រង​ខេត្ដបន្ទាយ​មាន​ជ័យ​ គឺ​លោក​ឧត្ដ​សេនីយ៍​ត្រី ហ៊ុន ហ៊ាន និង​លោក​វរសេនីយ៍ ឈៀង សុ​ន ដែល​មុន​នេះ​លោក​ទ​ទូល​បន្ទុកជា​ប្រធាន​ការិយា​ល័យ​ភស្ដុ​ភារ និងហិ​រញ្ញវត្ថុពី​បទ​ប្រព្រឹត្តអំពើ​ពុក​រលួយ ។ ​ក្រោយ​បន្ដិច​មក លោក​ឧត្ដម​សេនីយ៍ឯក ម៉ឹក ដារ៉ា ជា​អគ្គលេខា​ធិការ​នៃ​អា​ជា្ញធរ​ជាតិ​ប្រ​យុ​ទ្ធ​​ប្រឆាំង​គ្រឿងញៀន រួម​ទាំង​មន្ដ្រី​ថ្នាក់​ក្រោម​ម្នាក់​ទៀត​របស់​លោក​ក៏ត្រូវ​បាន​ចាប់ខ្លួន​ ប​ញ្ជូន​ទៅ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​សាកសួរ​ផង​ដែរ ។​ ក្រៅពី​នោះ​នៅ​មាន​លោកនួន វ​ណ្ណា អតីត​ប្រធា​នពន្ធនា​គារ​ខេត្ដបន្ទាយមានជ័យ រួម​ទាំង​លោក​តុ​ប ចាន់​សេរី​​វុ​ធ ​អតីត​ព្រះរាជ​អា​ជ្ញា​អម​សាលា​ដំបូង​ខេត្ត​ពោធិ៍​សាត់ ក៏​ត្រូវ​បាន​ចាប់​ខ្លួន​និង​ឃុំ​នៅ​ក្នុង​ពន្ធ​នាគារ​រួចមក​ហើយ​ដែរ​ ។

អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៃ​ប្រទេស​កម្ពុជា លោកកែវ រ៉េមី បាន​ថ្លែ​ង​ប្រាប់​​តាម​ទូរ​ស័ព្ទកាលពី​ថ្ងៃ​ទី​១៣ មករា ថា លោក​​នួន វ​ណ្ណា និង​លោក​តុ​ប ចាន់​សេរី​វុ​ធ ទាំង​​​២នាក់​នេះ​ត្រូវ​បាន​ចងក្រង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​រួច​ហើយ ចំណែក​ករណី​លោក​​​ឧត្ដម​​សេនីយ៍​ប៉ូលិស​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នា​ពេល​​ថ្មី​ៗ​នេះ​ កំពុងតែស៊ើបសួរ​ដើម្បី​បន្ដ​នីតិ​វិធី ។ ដោយឡែក​ទាក់ទិន​នឹងការ​ចាប់ខ្លួន​ឧត្ដម​សេនីយ៍​យោធា​ក្លែងក្លាយ​ គឺ​លោក​ពើយ ប៉ែល និងលោកសា​មិត្ដ វីរៈ នោះ​ លោក​កែវ រ៉េ​មី​ ប្រាប់​ឱ្យ​ដឹង​ថា​ វា​ទំនងជាគេ​មិន​បញ្ជូន​មក​កាន់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុករលួ​យ​ទេ ពីព្រោះ​ពួក​គាត់​ជាប់​ពាក់​ព​ន្ធ័​ជាមួយ​បទល្មើស​យោធាគឺជា​​សមត្ថ​កិច្ច​តុលាការ​សឹក ៕       

   
   
អំណោយ​សប្បុរសជន៣០ដុល្លារ​ជូនដល់ទារក​កើតមក​គ្មាន​លលាដ៍​ក្បាល
January 14, 2011 at 9:32 AM
 
ភ្នាក់ងារ​កោះសន្ដិភាព​ប្រគល់​ប្រាក់​អំណោយ

ខេត្តស្វាយរៀង ៖ ​អំណោយសប្បុរស​ជន​ដែលមាន​​ទឹកប្រាក់​​ចំនួន​៣០​ដុល្លារ​ ត្រូវ​បាន​ភ្នាក់ងារ​​​កោះសន្តិភាព​ លោក​វ៉ាន់ ប៊ុនធឿន កាល​ពី​​ថ្ងៃទី​​១២ មករា ​​វេលាម៉ោង​​៩ព្រឹក​​​ ​យក​​ទៅ​​ប្រគល់​​ជូន​ម្តាយ​​ទារក​អភ័ព្វ​កើតមក​​គ្មាន​លលាដ៏​ក្បាល ​ចេញខួរ​នៅ​ខាងក្រៅ​ ឈ្មោះ ​សរ សម្ផស្ស ​​អាយុ​​១៩​ឆ្នាំ ​នៅ​ភូមិព្រះ​ទន្លេ ​សង្កាត់​សង្ឃ័រ ​ក្រុងស្វាយ​រៀង ។ ​ប្រាក់​​អំណោយ​នេះ​កោះសន្តិភាព​បានទទួលពី​លោក​ខាន់ សុផេង ​នៅ​​រាជធានីភ្នំពេញ ។​

​គួររំលឹក​ថា ទារក​អភ័ព្វ​​នោះ​​បាន​ប្រសូត​ចេញ​ពីផ្ទៃ​​ម្តាយ​​​កាលពីថ្ងៃទី​​៣១ ធ្នូ ​ឆ្នាំ​២០១០ ​វេលាម៉ោង​​១២ថ្ងៃ​ត្រង់ ​នៅមណ្ឌល​សុខ​ភាព​សង្ឃ័រ ហើយ​ដោយ​សារ​​ជីវភាព​​ក្រីក្រ​​​​ ស្ត្រី​​ជា​ម្តាយ​បាន​ត្រឡប់​មក​អាំង​ភ្លើង​​នៅ​ផ្ទះ​តាមក្បួន​​បុរាណ​​​ ហើយ​ទារក​​នោះ​ក៏​បានស្លាប់​ទៅវិញ​នៅ​ថ្ងៃទី​​៣ មករា ​ឆ្នាំ​២០១១ ​វេលាម៉ោង​​៣រសៀល ។ បច្ចុប្បន្ន​​ស្ត្រី​ជា​ម្តាយ​ពុំទាន់​មាន​សុខ​ភាព​ល្អ​នៅឡើយ​​ទេ ។ ​

នាង​ សរ សម្ផស្ស ​និង​ម្តាយ​របស់នាង​មាន​ចិត្ត​ត្រេកអរ​យ៉ាង​ខ្លាំង​​ ខណៈ​ដែល​កំពុង​​ខ្វះខាត​​មាន​សប្បុរសជន​​ផ្តល់​​ក្តី​មេត្តា​ជួយ​ឧបត្ថម្ភ​​​អំណោយ​​ដ៏ថ្លៃ​ថ្លា​​​ជា​ប្រាក់​ដល់​រូប​នាង​ ដើម្បីទិញ​ថ្នាំ​​​ផឹក​ព្យាបាល​បន្ត និង​សល់​ប្រាក់​​មួយ​ចំនួន​​​នាង​នឹង​​ធ្វើចង្ហាន់​​​ប្រគេន​​​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​​មគ្គ​ផល​ដល់កូន​ប្រុសអភ័ព្វ​​នេះ​ពេល​​កើត​​​ជាតិ​​ណាៗ​​​សូម​ឱ្យ​​​មាន​រូប​រាង​កាយ​ល្អ​ដូចគេ ។ នាង​បាន​​​ជូន​ពរ​ដល់​​សប្បុរស​ជន​​ឱ្យ​ជួប​​នូវ​​​ពុទ្ធពរ​បួន​ប្រការ​គឺ​ អាយុ វណ្ណៈ ​សុខៈ ពលៈ កុំបី​ឃ្លៀង​ឃ្លាត​ឡើយ ៕                   

   
   
អធិបតេយ្យភាព​របស់​កម្ពុជា​ សៀម​ត្រូវ​តែ​គោរព ការ​ចាប់​ខ្លួន​ជន​ជាតិ​សៀម​ទាំង ៧​នាក់ មិ
January 14, 2011 at 9:25 AM
 

ក្នុងរយៈ​ពេល​ជិត​ពីរ​សប្តាហ៍​​កន្លងទៅនេះ ​មានការធ្វើ​សេចក្តី​អត្ថាធិប្បាយ​​​​ជា​ច្រើនក្នុង​​ចំណោម​​មជ្ឈដ្ឋាន​​ជាតិ ​និងអន្តរជាតិ​ជុំវិញ​​ការ​​​ចាប់ខ្លួន​​ជនជាតិថៃ​​ទាំង​៧​នាក់​ដោយ​អាជ្ញាធរ​កម្ពុជា កាលពីថ្ងៃទី​​២៩ ធ្នូ ឆ្នាំ​​២០១០ ​ដែលជន​ជាតិថៃ​​ទាំង​​៧​នាក់​ ក្នុងនោះ​​មាន​វីរ៉ា ស៊ុម​ខ្វាម​ឃីត ​ដែល​ជា​មេដឹកនាំ​​ម្នាក់នៃ​​ចលនា​​សម្ព័ន្ធ​​ប្រជា​ជន​​ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​​​ថៃ និង​​ម្នាក់​ទៀត ​ជាសមាជិក​សភា​​មកពីគណ​បក្ស​ប្រជា​ធិបតេយ្យ​​​ដែលកំពុង​​គ្រប់គ្រង​​អំណាច​របស់​ប្រទេសថៃ ​បានឆ្លង​​​ចូល​មក​ក្នុង​​​ទឹកដី​កម្ពុជា ដោយ​ខុសច្បាប់ ​ហើយបាន​ចូលមក​​ក្នុង​​តំបន់​យោ​ធា​​របស់កម្ពុជា ។ ​ការចាប់ខ្លួន​​ជនជាតិថៃ​​ទាំង​៧​នាក់​​នេះ ​បានធ្វើឡើង​បន្ទាប់ពី​ទំនាក់​ទំនង​​រវាង​ប្រទេស​កម្ពុជា និង​ថៃ​មាន​ភាព​​​ល្អ​ប្រសើរ​​​​​ បន្ទាប់​​ពី​មាន​ជំនួប​ច្រើនលើក​​រវាង​នាយក​រដ្ឋ​​មន្ត្រីនៃ​​ប្រទេសទាំង​ពីរ ដែលបាន​​ធ្វើ​ឱ្យស្ថាន​​ការណ៍​វិល​ត្រឡប់​​ទៅរក​ដូចមុន​ថ្ងៃ​​​១៥ កក្ក​ដា ​ឆ្នាំ​​​២០០៨​វិញ ។ ក៏ប៉ុន្តែ​សារ​ព័ត៌​មាន​​ថៃ​ខ្លះ​​បាន​លើកឡើង​​ថា ការចាប់ខ្លួន​ជនជាតិថៃ​​ទាំង​​៧​នាក់ ​​បាន​​ធ្វើឡើង​​ក្នុងទឹកដី​ថៃ ដែលការ​​លើក​ឡើង​នេះ ផ្ទុយ​ពី​ការ​ពិត​ទាំង​​ស្រុង ។

​មតិ​ជាតិ និង​អន្ដរជាតិ​បាន​យល់​ដឹង​យ៉ាង​ច្បាស់​ថា ខ្សែបន្ទាត់​ព្រំដែន​អន្ដរជាតិ​រវាង​កម្ពុជា និង​ថៃ​ត្រូវ​បាន​កសាង​ឡើង​ដោយ​អនុសញ្ញា​​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា ឆ្នាំ​១៩០៧ ហើយ​ផែនទី អន្ដរជាតិ​ឆ្នាំ​១៩០៨ ត្រូវ​បាន​ផលិត និង​ចែក​ចាយ​ដល់​ប្រទេស​ពាក់ព័ន្ធ និង​ដល់​បណ្ដា​ប្រទេស ដទៃ​ទៀត​ដូច​ជា​អង់គ្លេស សហរដ្ឋអាមេរិក អា​ល្លឺ​មង់ និង​រុ​ស្ស៊ី​។​ល​។ ហើយ​ប្រទេស​ទាំង​ពីរ​កម្ពុជា និង​ថៃ​ បាន​ប្រើប្រាស់​ផែនទី​អន្ដរជាតិ​ឆ្នាំ​១៩០៨​អស់​រយៈពេល​ជាង​១០០​ឆ្នាំ​មក​ហើយ​។ ពិសេស​នៅ​ក្នុង​ឆ្នាំ​១៩៦២ ក្នុង​រឿង​ក្ដី​អំពី​ប្រា​សាទ​ព្រះវិហារ តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ក្រុង​ឡា​អេ បាន​ប្រើ​ប្រាស់​ផែនទី​ឆ្នាំ​១៩០៨ ដើម្បី​សម្រេច​ក្ដី ហើយ​បាន​រក​ឃើញ​នូវ​សុពលភាព និង​​នីត្យានុកូលភាព អន្ដរជាតិ​នៃ​ផែនទី​ឆ្នាំ​១៩០៨ ដែល​ផែនទី​​ឆ្នាំ​១៩០៨ មាន​តម្លៃលើស​លប់​​លើ​បញ្ញត្ដិ​នៃ​កិច្ចព្រមព្រៀង​អន្ដរជាតិ​ស្ដី​ពី​ព្រំដែន​ឥណ្ឌូចិន កម្ពុជា និង​ថៃ​ ឆ្នាំ​១៩០៤ និង​១៩០៧​។ ខ្សែបន្ទាត់​ព្រំដែន​អន្ដរជាតិ​រវាង​កម្ពុជា និង​ថៃ​មាន​អាយុ​ជាង​១០០​ឆ្នាំ​ ជា​ខ្សែបន្ទាត់​ព្រំ​ដែន​​ច្បាស់លាស់ និង​ស្ថា​រ​ពរ ដែល​គ្មាន​តំបន់​ជម្លោះ​អ្វី​ឡើយ​រវាង​ប្រទេស​ទាំង​ពីរ​។

​ការ​ឆ្លង​ចូល​ទៅ​ក្នុង​ទឹកដី​កម្ពុជា​ដោយ​ខុស​ច្បាប់ និង​ចូល​ទៅ​ក្នុង​តំបន់​យោធា​កម្ពុជា​ដោយ ជនជាតិ​ថៃ​ទាំង​៧​នាក់ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន​ក្នុងភូមិ​ជោគជ័យ ​ឃុំ​​អូ​រ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្ដ​បន្ទាយ​មាន​ជ័យ ដែល​ជា​ភូមិសាស្ដ្រ​ស្ថិត​ក្នុង​ទឹក​ដី​កម្ពុជា​។ រូបភាព​វី​ដេ​អូ​ឃ្លីប ​ដែល​ត្រូវ​​អា​ជ្ញា​ធរ​កម្ពុជា​រឹបអូស​បាន ​ដែល​ថត​ដោយ​ជនជាតិ​ថៃ​ទាំង​​៧​នាក់ បាន​បង្ហាញ​យ៉ាង​ច្បាស់​លាស់​អំពី​ទីតាំង​នៃ​ភូមិសាស្ដ្រ​នោះ គឺ​ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា​ពិតប្រាកដ ដែល​គេ​មិន​អាច​ប្រកែក​បាន​។ យោង​​តាម​រូបភាព​វី​ដេ​អូ​ឃ្លីប​ គឺជា​ភ​ស្ដុតាង​មួយ​បាន​បង្ហាញ​នូវ​អំពើ​នៃ​ការ​ឆ្លង​ចូល​ដោយ​ខុស​ច្បាប់ និង​ចូល​ទៅ​ក្នុង​តំបន់​យោធា​កម្ពុជា​ដោយ​ជនជាតិ​ថៃ​ទាំង​៧​នាក់ ដែល​អំពើ​ទាំង​នេះ​បាន​រំលោភ​ទាំងស្រុង​ទៅ​លើ​​អធិប​តេយ្យ និង​ធ្វើ​ឱ្យ​ប៉ះពាល់​​ដល់​សន្ដិសុខ​ជាតិ​របស់​កម្ពុជា​។ ការ​ឆ្លង​ចូល​​មក​​ក្នុង​ទឹកដី​ក​ម្ពុជា និង​ចូល​ក្នុង​តំបន់​យោធា​កម្ពុជា​ដោយ​ជនជាតិ​ថៃ​ទាំង​៧​នាក់ គឺជា​អំពើ​ធ្វើ​ឡើង​តាម​ផែនការ​គិត​ទុក​ជា​មុន​របស់​ជនជាតិ​ថៃ​ទាំង​៧​នាក់​នេះ​។

​ក្រោយ​ពី​បាន​ចាប់ខ្លួន​ជនជាតិ​ថៃ​ទាំង​៧​នាក់​នេះ និង​ដោយ​បាន​ពិនិត្យ​មើលឃើញ​នូវ​ភស្ដុ​តាង​ដែល​អាជ្ញាធរ​កម្ពុជា​រឹបអូស​បាន គឺ​មន្ដ្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ថៃ ក្នុង​នោះ​រដ្ឋមន្ដ្រី​ការ​បរទេស​ថៃ កា​ស៊ី​ត ភិ​រ​ម្យ ក៏​បាន​ទទួល​ស្គាល់​​ថា ជនជាតិ​ថៃ​ទាំង​៧​នាក់​នោះ ពិតជា​បាន​ឆ្លង​​ចូល​ទៅ​ក្នុង​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់ និង​បាន​ចូល​ទៅ​ក្នុង​តំបន់​យោធា​កម្ពុជា​មែន​ក្នុង​ពេល​​ចាប់ខ្លួន​នោះ​។ នៅ​ថ្ងៃ​ទី​១១ ខែមករា​ តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អាយ​អិន​ អិន អន​ឡាញ​របស់​ថៃ ដោយ​ស្រង់​សំដី​របស់​ឧត្ដម​សេនីយ៍ទោ ថៈ​វ៉ា​ត់​ឆៃ ស​មុត​សា​ខន បាន​ថ្លែង​ថា «ថៃ​ត្រូវ​ទទួលស្គាល់​ថា ថៃ​៧​នាក់​បាន​បំពាន​ចូល​​ទឹកដី​កម្ពុជា​តាម​អំពើ​ចិត្ដ ដែល​មិន​បាន​ជូនដំណឹង​ដល់​សមត្ថកិច្ច​ជា​មុន ប្រសិនបើ​បាន​ជូនដំណឹង​ជា​មុន​នោះ​ក៏​នឹង​គ្មាន​បញ្ហា​ពិបាក​ដោះស្រាយ​តាម​ក្រោយ​ទេ​។ បើសិន​នរណា​ចូល​ក្នុង​ទឹកដី​ថៃ​ក្នុង​លក្ខណៈ​បែប​នេះ ក៏​ត្រូវ​ចាប់ខ្លួន​ដូច​គ្នា ព្រោះ​ជា​រឿង​សេចក្ដី​ថ្លៃថ្នូរ ត្រូវ​តែ​ផ្ដល់​កិត្ដិយស​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​»។
​នៅ​ក្នុង​ពិភពលោក​សម័យ​ទំនើប​នេះ រដ្ឋ​ស៊ី​វិ​ល័យ​មួយ​ត្រូវ​ប្រកាន់​យក​នីតិរដ្ឋ​ក្នុង​ទំនាក់​​ទំនង​អន្ដរជាតិ​របស់​ខ្លួន​ជាមួយ​បណ្ដារដ្ឋ​នានា ដើម្បី​រក្សា​បាន​សុខ​សន្ដិភាព ស្ថិរ​ភាព និង​សណ្ដាប់ ធ្នាប់​ពិភពលោក​។ ដូច្នេះ​ហើយ​ ករណី​ជនជាតិ​ថៃ​ទាំង​៧​នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ទឹក​ដី​កម្ពុជា គឺ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ប្រព័ន្ធ​ច្បាប់​របស់​កម្ពុជា ក្នុង​ឋានៈ​កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ​មួយ​។

ករណី​នេះ គ្រាន់តែ​ជា​សមត្ថកិច្ច​ធម្មតា​របស់​ប្រទេស​នីមួយ​ៗ ហើយ​អា​ស្រ័យ​ទៅ​តាម​ច្បាប់​របស់​ប្រទេស​នោះ ក្នុង​ចំណាត់ការ​តាម​នីតិវិធី​ធម្មតា​នៃ​តុលាការ​របស់​ប្រទេស​នីមួយ​ៗ ដែល​ប្រទេស​ដទៃ​ទៀត​ត្រូវ​តែ​គោរព ហើយ​មិន​អាច​ប្រទេស​ដទៃ​ទៀត​លូកដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​មួយ​បាន​ឡើយ​។ ​​រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​ថៃ​ទំនងជា​បាន​យល់​ដឹង​អំពី​ប្រព័ន្ធ​ច្បាប់​កម្ពុជា ​ដោយ​បាន​ណែ​នាំ​ឱ្យ​ក្រសួងការបរទេស​ថៃ​យកចិត្ដទុកដាក់​អំពី​ជនជាតិ​ថៃ​ទាំង​៧​នាក់​នេះ ហើយ​ព្រម​ជាមួយ​គ្នា​នោះ ថៃ​ក៏​ត្រូវ​តែ​រក្សា​នូវ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំ​ង​ពីរ​។ នេះ​ជា​ឥរិយាបថ​ធម្មតា​ក្នុង​ទំនាក់ទំនង​អន្ដរជាតិ​ដែល​រដ្ឋាភិបាល​ថៃ​ត្រូវ​ប្រកាន់​យក​ ដើម្បី​រក្សា​ចំណង​មិត្ដភាព​រវាង​រដ្ឋ​និង​រដ្ឋ ហើយ​ប្រទេស​ទាំង​ពីរ​សម្លឹង​មើលឃើញ​នូវ​ផលប្រយោជន៍​យូរអង្វែង​ក្នុង​ក្របខណ្ឌ​នៃ​កិច្ច​សហប្រតិបត្ដិការ និង​ការ​អភិវឌ្ឍ​ដែល​មាន​តម្លៃ​លើស​លប់​​ពី​ករណី​ធម្មតា​មួយ ដែល​ត្រូវ​ដំណើរ​ការ​តាម​នីតិ​វី​ធី​ច្បាប់​៕    

ដោយ ៖ ឡុង សាគុណ

   
   
ប្រជាពលរដ្ឋ​ក្រីក្រ អ្នក​ផ្ទុក​មេរោគ​អេដស៍ កុមារ​កំព្រា ជនពិការ​ចាស់ជរា និង​អ្នក​គ្មាន
January 14, 2011 at 9:09 AM
 
លោក​ជំទាវ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ក្នុង​ពិធី​ចែក​អំណោយ​កាកបាទ​ក្រហម
ប្រជាពលរដ្ឋ​ទាំង​ជាង​២​ពាន់​គ្រួ​សារបាន​ទទួល​អំណោយ
លោក​ជំទាវ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ក្នុង​ពិធី​ចែក​អំណោយ​កាកបាទ​ក្រហម
លោក​ជំទាវ​បណ្ឌិត​ចែក​អំណោយ​ដល់​ជន​ពិការ

ខេត្ត​ឧត្តរមាន​ជ័យ ៖ លោក​ជំទាវ​បណ្ឌិត​ ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា បាន​​អញ្ជើញ​ចុះ​ចែក​អំណោយ​ដល់​ប្រជា​ពល​រដ្ឋ​ក្រីក្រ អ្នក​ផ្ទុកមេរោគ​អេ​ដស៍ កុមារ​កំព្រា ជន​​ពិការ និង​ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​២.០៥២​គ្រួសារ​​មក​ពី​ស្រុក​-​ក្រុង​ចំនួន​៥ ក្នុង​ខេត្ដឧត្ដរ​មាន​ជ័យ​ ដែល​ពិធី​ចែក​អំណោយ​នោះ បាន​ធ្វើ​ឡើង​នៅ​សាលា​បឋម​សិក្សា​សំរោង ស្ថិត​ក្នុង​សង្កាត់​​សំរោង ក្រុង​សំរោង ខេត្ដឧត្ដរមានជ័យ កាល​ពី​ថ្ងៃ​ទី​១៣ ខែមករា ។ ​ប្រជាពលរដ្ឋ​ទាំង​អស់នោះ​មក​ពី​ស្រុក​-​ក្រុង​ចំនួន​៥ មាន​ក្រុង​សំរោង ស្រុក​បន្ទាយ​អំពិល ស្រុក​​ចុងកាល់ ស្រុក​អន្លង់​វែង​ និង​ស្រុក​ត្រពាំ​ង​ប្រាសាទ ដោយ​ក្នុង​១​គ្រួសារ​ៗ​ទទួល​បាន​អង្ករ​៣០​គីឡូក្រាម មី​យើង​១០​កញ្ចប់ ត្រីខ​៥​កំប៉ុង សារុង​១ ក្រមា​១ អាវយឺត​ដៃ​វែង​១ មុង​១ ភួយ​១ កំណាត់​ស​១​ដុំ​ នំ​បុ័ង​សាប​២ ទឹកបរិ​​សុទ្ធ​ឱរ៉ាល់​​២​ដប និង​ថវិកា​ចំនួន​៤​ម៉ឺ​ន​រៀល ​។

ដោយ​ឡែក​​ជន​ពិការ​៧​នាក់ ម្នាក់​ៗ​ទទួល​បាន​​រទេះ​១​គ្រឿង ថវិកា​១​ម៉ឺន​រៀល​។ ​ចំណែក​រទេះ​ជន​ពិកា​រ​៤៣​គ្រឿង​ទៀត​ បាន​ផ្ដល់​ជូន​កាកបាទក្រហម​ខេត្ដ​​សម្រាប់​ទុក​ចែក​ជូន​ជន​ពិការ​​នៅ​ពេល​ក្រោយ​។​ ក្រៅពី​នេះ​នៅ​មាន​ថ្នាំ​ពេទ្យ​​មួយ​ចំនួន​ទៀត​ត្រូវ​បាន​​ផ្ដល់​ជូន​មន្ទីរពេទ្យ​បង្អែក ​និង​​ចែក​ថវិកា​ជូន​លោកគ្រូ អ្នកគ្រូ​ និង​យុវជន​កាក​បាទក្រហម អ្នក​ស្ម័គ្រ​ចិត្ដ ព្រមទាំង​សិស្សានុសិស្សផង​ដែរ។ ក្នុង​នោះ​ក៏​មាន​ការ​​ប្រ​គល់​ជូន​រថយន្ដ​១​គ្រឿង​ដល់​​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្ដ​ឧត្ដរ​មាន​ជ័យ ​ដែល​ជា​អំណោយ​របស់​​លោក​នាយ​ឧត្ដម​សេនីយ៍ គន់ គី​ម នាយ​សេនាធិកា​រ​ចម្រុះ​នៃ​កង​យោធ​ពលខេមរភូមិន្ទ​ និង​ក្រុមការងារ​ថ្នាក់​កណ្ដាល​​ចុះ​ជួយ​ខេត្ដឧត្ដរ​មានជ័យ។

​នៅ​ក្នុង​ឱកាស​នោះ​លោក​ប៉ិច សុ​ខិ​ន អភិ​បាល​ខេត្ដ​ និង​ជា​ប្រធានកិត្ដិយស​សាខា​កាក​បាទ​ក្រហម​កម្ពុជា ខេត្ដឧត្ដរមានជ័យ​ បាន​មាន​ប្រសាសន៍​​ថា ក្នុង​នាម​គណៈ​អភិបាលខេត្ដ ក្រុម​ប្រឹក្សា​ខេត្ដ មន្ដ្រីរាជការ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ប្រជាពលរដ្ឋ​ និង​ក្នុង​នាមខ្លួន​លោក​ផ្ទាល់​សូម​សម្ដែង​នូវ​​កត​ញុតាធម៌​ និង​​ការ​គោរព​ដឹង​គុណ​ដ៏​ស្មោះ​អស់ពីដួងចិត្ដ​ចំពោះ ​ទឹកចិត្ដ​មនុស្ស​ធម៌​ដ៏​ប្រពៃ​ថ្លៃថ្លា​គ្មាន​ពីរ​ របស់​លោក​ជំទាវ​ប្រធាន​កាក​បាទក្រហមកម្ពុជា ​ដែល​តែងតែ​នឹក​រលឹក​ និង​ព្រួយបារម្ភ​ជា​និច្ច​ អំពី​សុខទុក្ខ​របស់​ប្រជាជន​។

លោក​បាន​បញ្ជាក់​ថា ទឹកចិត្ដ​ និង​សកម្មភាព​ដ៏​ប្រសើរ​ថ្លៃថ្លា​របស់​លោក​ជំទាវ​បាន​ឆ្លុះ​ប​ញ្ចាំ​ង​នូវ​គោលបំណង​យ៉ាង​ជាក់លាក់​​នោះ​គឺ​មនុស្ស​ធម៌។ មហា​​កិត្ដិនាម​ដ៏​ល្បីល្បាញ​នេះ​ បាន​រសាត់​ជ្រួត​​ជ្រាប​​សុស​សាយ​នៅ​ក្នុង​ស្រទាប់​កូន​ខ្មែរ​ទាំង​​អស់់​​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ មិនតែ​ប៉ុណ្ណោះ​​នៅ​​លើ​ឆាក​អន្ដរ​ជាតិ​ថែម​ទៀត​ រហូត​ដល់​លោក​ជំទាវ​បាន​ទទួល​នូវ​ការ​លើក​សរសើរ​ និង​ផ្ដល់​នូវ​កិត្ដិនាម​ជា ​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ​ប្រយុទ្ធ​ប្រឆាំង​​នឹង​ជំងឺ​អេដស៍​​នៅ​​តំបន់​​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ទៀត​ផង ។

ពេល​​ជួប​​សំណេះសំណាល​​ជាមួយ​ប្រជា​ពល​រដ្ឋ​នៅ​ទីនោះ លោក​ជំទាវ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន បាន​សម្ដែង​​នូវ​​ភាព​​​រីករាយ និង​ក្ដី​នឹករលឹក​ដល់​ប្រជា​ពលរដ្ឋ​ទាំង​អស់ និង​​បាន​ជម្រាប​ជូន​នូវ​ការ​សាក​សួរ​​សុខទុក្ខ​ របស់​សម្ដេច​អគ្គ​មហា​ទាំង​បី​ដែល​សម្ដេច​​តែងតែ​គិតគូរ​​ពី​សុខទុក្ខ​ប្រជាពល​រដ្ឋ​​ទូ​ទាំង​​ប្រទេស។ ​លោក​ជំទាវ​បាន​មាន​ប្រសាសន៍​​ថា ការ​គិតគូ​រ​ដល់​ប្រជាពលរដ្ឋ​ និង​ចែក​អំណោយ​ដល់​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ ​គឺ​យើង​តែងតែ​ធ្វើ​គ្រប់​ខេត្ដ​-​ក្រុង ទោះ​បី​លោក​ជំទាវ​មិន​បាន​អញ្ជើញ​មក​ជួប​សំណេះ​សំណាល​ និង​ចែក​ដោយ​ផ្ទាល់​ក្ដី​ ក៏​នៅ​មាន​​តំណាង​កាកបាទ​ក្រហម​កម្ពុជា​គ្រប់​លំដាប់​ថ្នាក់​ រួម​ទាំង​ថ្នាក់​សាខា​​ផង​បាន​អញ្ជើញ​ចុះ​ជួយ​ដោយ​​ផ្ទាល់​ ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ជួប​ការ​លំបាក​​ទាន់​ពេល​វេលា។

​លោក​ជំទាវ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ​បាន​ជម្រាប​​ជូន​ប្រជាពលរដ្ឋ​ថា រាល់​ជំនួយ​ឧបត្ថម្ភ​ដែល​បាន​យក​មក​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​​នា​រយៈ​កាល​កន្លង​មក​​ក៏​ដូច​ជា​ថ្ងៃនេះ ​គឺ​សុទ្ធតែ​បាន​មក​ពី​ការ​ចូលរួម​ចំណែក​គ្រប់​បែប​យ៉ាង​ពី​សំណាក់​សប្បុរស​ជន​ទាំង​ក្នុង ​និង​ក្រៅប្រទេស​តាម​រយៈ​ការ​អំពាវ​នាវ​​របស់​លោក​ជំទាវ​ផ្ទាល់។ លោក​​ជំទាវ​បាន​បន្ដ​​ថា នៅ​ក្នុង​សកម្មភាព​មនុស្ស​ធម៌​នេះ​ដែរ​ ក៏​មិន​​អាច​កាត់​ផ្ដាច់​បាន​ឡើយ​​ពី​ការ​ចូលរួម​សហ​ប្រតិ​បត្ដិការ​របស់​អាជ្ញា​ធរ​គ្រប់​លំដាប់ថ្នាក់ កង​កម្លាំងប្រដាប់អាវុធ​ដែល​​កន្លង​មក​បាន​ពុះពារ​គ្រប់​ការ​លំបាក ​ដើម្បី​ធានា​ដល់​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពេល​ជួប​គ្រោះ​ធម្មជាតិ​ ឬ​ឧប្បត្ដិ​ហេតុ​​ផ្សេង​ៗ​បាន​ទាន់​ពេល​វេលា។ ​ពាក់ព័ន្ធ​ដល់​ការ​រ​ស់រាន​មានជីវិត​ឡើង​វិញ របស់​​ប្រជាជាតិ​កម្ពុជា​ បន្ទាប់​ពី​របប​ប្រល័យ​ពូជ​សាសន៍​ត្រូវ​​ផ្តួល​រំលំ​ លោក​ជំទាវ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន បាន​រំលឹក​ដល់​ថ្ងៃ​ទី​៧ មក​រា ឆ្នាំ​១៩៧៩ ដែល​​ជា​ថ្ងៃ​រំដោះ​ប្រជា​ពល​រដ្ឋ​កម្ពុជា​ទូ​ទាំង​ប្រទេស​​ ឱ្យ​រួច​ផុត​ពី​ការ​សម្លាប់​រង្គាល​នៃ​របប​យង់​ឃ្នង​ឃោរឃៅ​៣​ឆ្នាំ​៨​ខែ​​​និង​២០​ថ្ងៃ។ ដូច្នេះ​ប្រជាពលរដ្ឋ​ដែល​បានរ​ស់រាន​​មានជីវិត​បាន​ចាត់​ទុក​ថ្ងៃ​ទី​៧ មក​រា គឺជា​ថ្ងៃកំណើត​ទី​២ របស់​ខ្លួន។

លោក​ជំទាវ​បណ្ឌិត​​បាន​ថ្លែង​​ដោយ​ក្តី​​មោទន​ភាព​យ៉ាង​ជ្រាល​ជ្រៅ​ក្រៃ​លែង ​ចំពោះ​ភាព​ជោគ​ជ័យ​នៃ​បេសក​កម្ម​មនុស្សធម៌​របស់​កាកបាទ​ក្រហម​​កម្ពុជា​ ចាប់ពី​ថ្នាក់​កណ្ដាល​រហូត​ដល់​ថ្នាក់​សាខា អនុ​សាខា​កាកបាទ​​ក្រហម​រាជធានី​-​ខេត្ដ​ទាំង​​២៤ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​ភារ​កិច្ច​ទៅ​តាម​គោល​ដៅ​រៀង​ៗ​ខ្លួន ​រួម​ទាំង​ការ​គាំទ្រ​​ពី​រាជរ​ដ្ឋា​ភិបាល ដៃគូ​នានា ក៏​ដូច​ជា​ពី​គ្រប់​មជ្ឈដ្ឋាន​សប្បុរស​ជន​ ក្នុង​គោលដៅ​តែ​មួយ​ដូច​ៗ​គ្នា​ គឺ​អភិ​វឌ្ឍ​ប្រទេស​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ពលរដ្ឋ។

​ជាមួយ​គ្នា​នោះ​ដែរ​លោក​ជំទាវ​​បណ្ឌិត​បាន​សំណូម​ពរ​​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​មាន​បំណង​ចង់​​ចេញ​ទៅ​រក​ការងារ​ធ្វើ​ ឬ​ប្រកប​របរ​រកស៊ី​នៅ​ប្រទេស​​ថៃ​​ដោយ​គ្មាន​ច្បាប់ទម្លាប់​ សូម​មេត្ដា​កុំ​ទៅ​ឱ្យ​សោះ​។ ​លោក​ជំទាវ​ចាត់​ទុក​ថា ការ​អំពាវនាវ​បែប​នេះ ​គឺ​​ក្នុង​គោលបំណង​ដើម្បី​ថែរក្សា​​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​បងប្អូន។ ព្រោះ​ថា ការ​ជ្រើសរើស​វិធី​បែប​នេះ​គ្មាន​ផល​ល្អ​ណា​មួយ​​សម្រាប់​យើង​ឡើយ​ ប្រសិនបើ​យើង​ចូល​ទៅ​​ក្នុង​ទឹកដី​ប្រទេស​មួយ​នោះ​ គឺ​នឹង​នាំ​ឱ្យ​យើង​ជួប​គ្រោះថ្នាក់​​ទៅ​វិញ​ទេ ហេតុនេះ​គួរ​​ស្វែង​រក​ការងារ​ធ្វើ​ ឬ​ប្រកប​របរ​រកស៊ី​នៅ​ក្នុង​ប្រទេស​យើង​វិញ​ប្រសើរ​ជាង។ ក៏​ដូច​ជា​ការ​អំពាវនាវ​ទូទៅ​ដែរ​ លោក​ជំទាវ​​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ផ្ដោត​ជា​សំខាន់​ទៅ​លើ​បញ្ហា​គ្រឿងញៀន ជំងឺ​អេ​ដស៍ អំពើ​ហិង្សា​ក្នុង​គ្រួសារ ការ​ថែទាំ​សុខ​ភាព​ ក្នុង​ខណៈ​ស្ដ្រី​មាន​ផ្ទៃពោះ​ គឺ​ក្នុង​គោល​បំណង​​តែ​មួយ​គត់​​ដើម្បី​សង្គម​គ្រួសារ​ក៏​ដូច​ជា សង្គម​ជាតិ​ទាំង​មួ​ល​ជួប​សុភមង្គល ភាព​សុខដុម​រមនា ​និង​ការ​អភិ​វឌ្ឍ​ក្រោម​ទឹកមុខ​ប្រកប​ដោយ​​ភាព​ញញឹម​សប្បាយ​​រីករាយ​ជា​រៀង​រហូត។ ​នៅ​ក្នុង​ឱកាស​នោះ ​លោក​ជំទាវ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ​បាន​ជូន​ថវិកា​ចំនួន​៥​ម៉ឺន​ដុល្លារ​បន្ថែម​ពី​លើ​ថវិកា​សប្បុរស​ជន​៥​ម៉ឺន​ដុល្លារ ​សរុប​ទាំងអស់​១០​ម៉ឺន​ដុល្លារ​ដើម្បី​កសាង​អគារ​ទី​ស្នាក់ការ​សាខា​ខេត្ដ​ ព្រម​ទាំង​​​​ចាត់ចែង​ថវិកា​​មួយ​ចំនួន​​ទៀត​សម្រាប់​បម្រើ​​ដល់​​ការ​ជីក​ស្រះ​ទឹក​​ស្អាត​ជូន​ប្រជាជន​ក្នុង​មូលដ្ឋាន​ខេត្ដ​ទាំង​មូល​ផង​ដែរ៕                  

   
   
៣នាក់​ច្រៀង​ខា​រ៉ា​អូខេ​គ្មាន​ប្រាក់ឱ្យ​ម្ចាស់​ហាង២​នាក់​រត់​គេចខ្លួន
January 14, 2011 at 7:49 AM
 
៣នាក់​ច្រៀង​ខា​រ៉ា​អូខេ​គ្មាន​ប្រាក់ឱ្យ​ម្ចាស់​ហាង២​នាក់​រត់​គេចខ្លួន​បុរ​ស​ម្នាក់ត្រូវ​ប៉ូលិស​ចាប់​​ឃាត់​ខ្លួន​​

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​បុរ​ស​ម្នាក់​ក្នុង​ចំណោម​បក្ស​ពួក​៣នាក់​​​ បានត្រូវ​ប៉ូលិស​ចាប់​​ឃាត់​ខ្លួន​​កាលពីព្រឹក​​ថ្ងៃ​ទី១១ មករា ​ឆ្នាំ​២០១១ នៅ​ចំណុច​ផ្ទះ​ខារ៉ា​អូខេ​មួយកន្លែង​​ ស្ថិត​ក្នុង​ភូមិ១​​ សង្កាត់​ព្រះ​ពន្លា ក្រុង​​សិរី​សោភ័ណ ​ក្រោយ​ពី​ចូល​​ច្រៀង​ខា​រ៉ា​អូ​ខេ​ ហើយ​គ្មាន​លុយ​ឱ្យ​ម្ចាស់​ហាង ។ ​លោក​វរ​សេនីយ៍​ត្រី​រ៉ែម ​វីរៈ ​អ​ធិការ​នគរ​​បាល​ក្រុង​សិរី​សោ​ភ័ណបានឱ្យ​ដឹង​ថា បុរស​ដែល​ត្រូវ​ឃាត់​ខ្លួន​​នេះឈ្មោះ​សាន ផុន ​ហៅ​ម៉ៅ អាយុ​​៣២​ឆ្នាំ មានទីលំនៅ​ភូមិ​បាណយ ​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ។ ចំណែក​បក្ស​​​ពួក​គេ​២​នាក់​ទៀត​គេចខ្លួន​បាត់​ ម្នាក់​ឈ្មោះ​​វ៉ាន់ នី​ ភេទប្រុស អាយុ​៥០​ឆ្នាំ នៅភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ និងម្នាក់​ទៀត​ឈ្មោះ​ជឿន លន់ ភេទ​ប្រុស អាយុ៤៦​ឆ្នាំ ​នៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល​ ។ បុរស​ទាំង៣នាក់​ខាងលើនេះ កាលពី​យប់ថ្ងៃទី១០​ មករា ឆ្នាំ ២០១១ បាន​ចូល​ទៅ​ផឹក​ស៊ី​ និងច្រៀង​ខា​រ៉ា​អូខេ​​នៅហាងមួយ​​ក្នុងភូមិ​​១ សង្កាត់​ព្រះពន្លា ក្រុង​ សិរី​សោ​ភ័ណ ​ដែល​មាន​ម្ចាស់​ឈ្មោះ​មឿន ស្រី​ពៅ ភេទស្រី ​អាយុ​៣៨​ឆ្នាំ ​សរុប​ប្រាក់​អស់​ចំនួន​៤៨​ម៉ឺន​រៀល ។

នៅចំពោះ​មុខ​សមត្ថ​កិច្ច​​ជនឈ្មោះ​សាន ផុន ហៅ​​ម៉ៅ បានឆ្លើយ​​ថា មុនចូល​​ច្រៀងខា​រ៉ា​អូខេ​ពួក​គេ​នាំ​គ្នា​ផឹក​ទឹក​ត្នោត​ជូរ​រហូត​ដល់​ស្រវឹង​​រៀងៗខ្លួន​ទៅហើយ ពេលនោះ​ស្រាប់​តែ​​ឈ្មោះ​ជឿន លន់ ​បបួល​មកច្រៀង​ខារ៉ា​អូខេ​​ដោយ​​អះ​អាង​ថា ខ្លួនគាត់​ជា​អ្នក​ចេញ​លុយ ។ ​ក្រោយ​ពី​ផឹកស៊ីច្រៀង​ខារ៉ា​អូខេ​​​ចប់នៅ​ម៉ោង​១២​យប់ ម្ចាស់​ហាង​​គិតលុយ​អស់​៤៨ម៉ឺន​រៀល ​បែរ​ជាឈ្មោះ​ជឿន លន់ គ្មានលុយឱ្យ​គេ ​ក៏​នាំ​គ្នាដេកនៅទីនោះ​មួយយប់ ។ លុះភ្លឺ​ឡើង​ឈ្មោះ​វ៉ាន់ នី​ និងឈ្មោះ​ជឿន លន់ បាននិយាយ​ប្រាប់​ម្ចាស់​ហាង​ថា គាត់​ទៅរក​លុយ​មក​សង​ដោយឱ្យ​​ខ្លួននៅ​ចាំ​ទីនោះ​​ តែចាំ​បាត់ៗ​រហូត​ដល់​ម៉ោង​១០ព្រឹកថ្ងៃទី១១ មករា ក៏​នៅពុំ​ទាន់​ឃើញ​គាត់​យកលុយ​មកសង​ម្ចាស់​ហាង​សោះ បន្ទាប់​មក​ស្រាប់​តែ​ឃើញ​ឪពុក​របស់ខ្លួន​ និងប៉ូលិស​មកឃាត់​​ខ្លួននាំមកកាន់​អធិការដ្ឋាននគរបាល​ក្រុង​ ដើម្បី​​ធ្វើ​ការ​សាកសួរ ។ លោក​អធិការ​នគរបាល​ក្រុង​បានឱ្យ​ដឹង​ថា ​បុរស​ឈ្មោះ​សាន ផុន ហៅម៉ៅ ​ត្រូវ​បាន​កសាង​សំណុំ​រឿង​​​បញ្ជូន​ទៅ​ស្នង​ការ​ដ្ឋាននគរ​បាលខេត្ត ដើម្បី​មាន​វិធាន​ការ​បន្ត​តាមច្បាប់ ចំណែក​បក្សពួក​គេ២​នាក់​ទៀត សមត្ថកិច្ច​បន្តធ្វើការ​ស្រាវ​ជ្រាវ ដើម្បី​នាំខ្លួន​មកសាកសួរផង​ដែរ ៕

   
   
ទង់​ជាតិ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​មិន​ដូច​គ្នា មិន​ដឹង​ជា​ស្ថាប័ន​ណា​មួយ​ជា​អ្នក
January 14, 2011 at 7:12 AM
 
អ្នក​អាន​របស់​កោះ​សន្តិ​ភាព​ផ្ញើ​របាយ​ការណ៍​តាម​អ៊ី​ម៉ែល​ដោយ​ភ្ជាប់​រូប​ទង់​ជាតិ​២​មក​ជាមួយ​ផង

រាជ​ធានី​ភ្នំ​ពេញ​ ៖ គ្មាន​ន័យ​អ្វី​ត្រូវ​​ទំលាក់​កំហុស​ ឬ​ក៏​​មួល​បង្កាច់​ក្នុង​ចេតនា​បែប​ណា​មួយ​ឡើយ តែ​ក្នុង​ស្មារតី​ជាតិ​និយម ​បញ្ហា​ទង់​ជាតិ​ ​គឺ​សំខាន់​ខ្លាំង​ណាស់​។ យើង​តែង​តែ​ឃើញ​ជំលោះ​​ជាតិ​សាសន៍​នានា​លើ​ពិភព​លោក​ដែល​គេ​យក​ទង់​ជាតិ​ប្រទេស​ជា​សត្រូវ​​មក​ហែក​ ឬ​ដុត​​ចោល​ជា​កាយ​​វិការ​ប្រឆាំង​ទៅ​នឹង​ជាតិ​សាសន៍​នោះ។ សំរាប់​​យើង​ជា​ខ្មែរ​​ក៏​ឈឺ​ចាប់​ដូច​គ្នា​ដែរ​ប្រសិន​បើ​ជាតិ​សាសន៍​ណា​មួយ​ធ្វើ​មិន​គប្បី​មក​លើ​ទង់​ជាតិ​របស់​ខ្លួន​។

អ្វី​មួយ​ដែល​ត្រូវ​និយាយ​ពេល​នេះ​គឺ​អ្នក​អាន​របស់​កោះ​សន្តិ​ភាព​ផ្ញើ​របាយ​ការណ៍​តាម​អ៊ី​ម៉ែល​ដោយ​ភ្ជាប់​រូប​ទង់​ជាតិ​២​មក​ជាមួយ​ផង​។ បើ​យើង​មិន​ចាប់​អារម្មណ៍​ពិត​ជា​មិន​ដឹង​ថាខុស​គ្នា​ទេ តែ​បើ​សិន​ជា​យើង​ប្រៀប​ធៀប​ទៅ​នឹង​គំរូ​ទង់​ជាតិ​ក្នុង​ឧប​សម្ព័ន្ធ​ទី​១​នៃ​រដ្ឋ​ធម្ម​នុញ្ញ​ទើប​យើង​ដឹង​ថា មាន​លក្ខណៈ​ខុស​គ្នា ដូច្នេះ​​​​គួរ​គប្បី​ត្រួត​ពិនិត្យ​ច្បាស់​លាស់​មុន​ពេល​បោះ​ពុម្ព​ជា​ផ្លូវ​ការ​។

ជាការ​កត់​សំគាល់​នៅ​ពេល​មាន​បុណ្យ​ជាតិ​ម្តងៗ​ ដូចជា​ព្រះ​រាជ​ពិធី​ចំរើន​ព្រះ​ជន្ម​ ពិធី​ឡើង​គ្រង​រាជ្យ​​ បុណ្យ​ឯក​រាជ្យ​ បុណ្យ​អុំ​ទូក​ជា​ដើម​នៅ​តាម​ស្ថាប័ន​រដ្ឋ ឯក​ជន​គេ​តែង​ឃើញ​មាន​ការ​ដោត​លំអ​ទង់​ជាតិ​ ពិសេស​តាម​ដង​ផ្លូវ​សាធា​រណៈ​ក្នុង​រាជ​ធានី​ភ្នំពេញ។ ​ទង់​ជាតិ​​ដែល​លំអ​​មិន​ថា តាម​ដង​ផ្លូវ​​សាធារណៈ​ និង​តាម​ស្ថាប័ន​កំពូលៗ​ របស់​ជាតិ​ ដូច​ជា​រដ្ឋ​សភា​ វិមានឯក​រាជ្យ​ វិមានរដ្ឋា​ភិបាល​នោះ​ទេ គេ​សង្កេត​ឃើញ​ថា ទង់​ជាតិ​ទាំង​អស់​នោះ​ខុស​ពី​ទង់​ជាតិ​ដែល​ស្ថិត​ក្នុង​ឧប​សម្ព័ន្ធ​ទី​១​នៃ​រដ្ឋ​ធម្ម​នុញ្ញ​ត្រង់​កន្លែង​បង្អួច​ និង​ជណ្តើរ​របស់​រូប​ប្រាសាទ​អង្គ​រ​វត្ត​។ សួរ​ថា​តើ​ចំណុច​ខុស​គ្នា​នេះ​គួរ​ត្រូវ​កែ​លំអ​ឡើង​វិញ​ឬ​ទេ?​

   
   
សន្តិ​សុខ​​ឯក​ជន​២នាក់​ត្រូវ​ឃាត់​ខ្លួនព្រោះ​បង្ក​គ្រោះ​ថ្នាក់​ចរា​ចរណ៍
January 13, 2011 at 5:39 PM
 
រថយន្ត​ទំនើប​ឡង់គ្រីស្ស័រ​ដែលរងការបុក

រាជធានីភ្នំពេញ ៖ សន្តិ​សុខ​ឯក​ជន​២នាក់​​​ត្រូវ​ប៉ូលិស​ចាប់​​ឃុំ​​ខ្លួននៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ​ដោយ​សារ​តែ​បង្ក​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​ធ្វើឱ្យ​មនុស្ស​​ពីរ​នាក់​រង​របួស​ធ្ងន់​ និង​ម្នាក់​ទៀត​របួស​ស្រាល ចំណែក​រថ​យន្ត​ទំនើប​​មួយគ្រឿង​​រង​ការ​ខូច​ខាត​​យ៉ាង​ដំណំ ។ ករណី​នេះកើត​ឡើង​​នៅ​វេលា​ម៉ោង​១០យប់ថ្ងៃទី១២ មករា នៅ​មុខ​ហាង​ពីរ៉ា​មីតក្នុង​សង្កាត់​​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ សន្តិ​សុខ​​២​នាក់នោះ ១-​ឈ្មោះ​មាស សុវណ្ណ ភេទប្រុស អាយុ​២៨​ឆ្នាំ មាននាទី​យាមម៉ូតូ​-រថ​យន្ត​​នៅ​​​ហាង​ពីរ៉ាមីត ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​២-ឈ្មោះ​ជីម រាម ភេទប្រុស ​អាយុ​​២៥ឆ្នាំ ជាសន្តិសុ​ខឯក​ជន នៅ​សង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ ។

រី​ឯ​អ្នក​រងរបួស​ធ្ងន់​២​នាក់​​នោះឈ្មោះ​រស្មី ភេទប្រុស អាយុ​ប្រមាណ​២០​ឆ្នាំ បាក់​ដងកាំបិត​ស្មាស្តាំ​​និង​ម្នាក់​ទៀត​ឈ្មោះ​​​គឹម ស៊ុន​ ភេទប្រុស អាយុ​២១​ឆ្នាំ ​​បាក់​ម្រាម​ដៃ ។ អ្នក​ទាំង​ពីរស្នាក់នៅក្នុង​សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែន​សុខ កំពុង​​ព្យា​បាលនៅ​មន្ទីរ​ពេទ្យ​ឯក​ជន​មួយក្នុង​ខណ្ឌ​ទួលគោក ។ ​ចំពោះ​​រថ​យន្ត​ទំនើប​ម៉ាកឡង់គ្រីស្ស័រ ឆ្នាំ២០១០ ​ពណ៌​ពង​មាន់ គ្មានស្លាកលេខ​​បានរង​ការ​ខូច​ខាត​ចង្កៀង​មុខ ហើយ​អ្នក​បើក​បរ​ត្រូវគេ​បង្ហើប​​ឱ្យ​​ដឹង​ថា ឈ្មោះ​ដារ៉ា ហៅភ័ន្ត ​​តែ​ទីលំនៅ​ត្រូវ​​​ប៉ូលិស​​លាក់​​មិន​ឱ្យ​អ្នក​កា​សែត​ដឹង​ទេ ។

លោកម៉ក់ ហុង អធិការ​ប៉ូលិស​​ខណ្ឌ​សែន​សុខ ឱ្យ​ដឹង​ថា ​ប៉ូលិស​ឃាត់​ខ្លួន​សន្តិសុខ២​នាក់​ដោយ​មាន​បញ្ជា​ពីព្រះ​រាជ​អាជ្ញា​​រងសាលា​រាជ​ធានីភ្នំពេញ ។ សន្តិសុខ​២នាក់នោះ​បាន​ប្រើ​ដំបង​គប់ទៅលើ​យុវ​ជន​​៣​នាក់​ដែលកំពុង​ជិះ​​ម៉ូតូ​ C100 ស៊េរី​៩៦ គ្មានស្លាក​លេខ ​គ្មាន​កញ្ចក់ និង​មិន​ពាក់​មួក ហើយ​គេច​​ទៅ​បុក​ចំរថយន្ត​ទំនើប​ឡង់គ្រីស្ស័រ​ដែលកំពុង​បើក​បញ្ច្រាស​​ទិស​គ្នា ។ ​ហេតុការណ៍​នោះ​បណ្តាល​ឱ្យ​​យុ​វ​ជន​ទាំង​៣​នាក់​រងរបួស​ធ្ងន់ដោយ​សារ​ដួល​ម៉ូតូ ។
លោក​បន្ត​ទៀត​ថា ក្រោយកើត​ហេតុ​ភ្លាម ប៉ូលិស​ទៅ​ដល់ ​ហើយ​នាំអ្នករងគ្រោះ​ទៅមន្ទីរ​ពេទ្យ​ ។ ចំណែកសន្តិ​សុខ​​២​នាក់​នោះ​ត្រូវ​បាន​ឃាត់​ខ្លួន ។ ​ប្រភព​ព័ត៌​មានពីកន្លែង​កើតហេតុ​ឱ្យ​ដឹងថា​សន្តិសុខ​ប្រើ​ដំបង​គប់​ទៅលើ​យុវ​ជន​៣​នាក់​នោះ ដោយសារ​តែជិះ​ម៉ូតូ​ទៅរក​រឿង​ពួក​គេ​ដែល​កំពុង​ឈរ​យាម​រថយន្ត​ និង​​ម៉ូតូ​នៅមុខ​ហាង​ពីរ៉ា​មីត​ តែមិន​ដឹងថា មកពីរឿង​អ្វីទេ ៕

   
     
 
This email was sent to samautoblog.news@blogger.com.
Delivered by Feed My Inbox
PO Box 682532 Franklin, TN 37068
Create Account
Unsubscribe Here Feed My Inbox
 
     

0 comments: