Saturday, January 8, 2011

1/9 Cambodia News | Khmer News - ពត៌មានខ្មែរ on janurary



Cambodia News | Khmer News - ពត៌មានខ្មែរ







កម្ពុជា​មិន​ខ្វល់​នឹង​ការ​គំរាម​ទាក់ទង​ការ​ចាប់​ខ្លួន​ជន​ជាតិ​ថៃ​៧​នាក់

January 9, 2011 at 12:39 AM
ដោយ ដែន អយុធ្យា
2011-01-08
​វិទ្យុ​អាស៊ីសេរី

មេ​បញ្ជាការ​កងទ័ព​កម្ពុជា ប្រចាំការ​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ​តាម​ព្រំដែន​កម្ពុជា-​ថៃ មិន​​ខ្វល់​នឹង​ការ​គំរាម​ណា​មួយ​របស់​រដ្ឋាភិបាល​ក្រុង​បាងកក ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​ជនជាតិ​ថៃ ៧​នាក់​នោះ​ទេ បើ​ទោះ​ជា​ប៉ុន្មាន​ថ្ងៃ​មក​នេះ ប្រទេស​ថៃ​បាន​បង្កើន​កងទ័ព​នៅ​តាម​ព្រំដែន ឬ​ក៏​ថ្នាក់​ដឹកនាំ​ថៃ បាន​លើក​ឡើង​ពី​ហានិភ័យ​រវាង​ប្រទេស​ទាំង​ពីរ​បែប​ណា​ក្ដី។
បន្ទាប់​ពី​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ បាន​ចាប់​ខ្លួន​ជន​ជាតិ​ថៃ ចំនួន ៧​នាក់ ដែល​ចូល​មក​ទឹក​ដី​ខ្មែរ​ដោយ​ខុស​ច្បាប់ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១០​រួច​មក រដ្ឋាភិបាល​ថៃ បាន​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង​ជន​ជាតិ​ថៃ​ទាំង ៧​នាក់ និង​បាន​បញ្ជូន​កងទ័ព ព្រមទាំង​សព្វាវុធ​មក​តាម​ព្រំដែន​ច្រើន​សន្ធឹកសន្ធាប់ ក្នុង​​នោះ​នាយករដ្ឋមន្ត្រី​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) បាន​ព្រមាន​ថា បើ​កម្ពុជា​មិន​ដោះលែង​ជនជាតិ​ថៃ​ទាំង ៧​នាក់ អាច​​នាំ​ឲ្យ​ប្រទេស​ទាំង​ពីរ​មាន​ទំនាស់​ស្រួចស្រាវ។
ទោះ​យ៉ាង​នេះ​ក្តី មន្ត្រី​ជាន់​ខ្ពស់​កងទ័ព​កម្ពុជា កំពុង​បំពេញ​បេសកកម្ម​នៅ​តាម​ព្រំដែន​កម្ពុជា-​ថៃ បាន​ថ្លែង​ថា កម្ពុជា​មិន​មាន​ការ​តក់​ស្លុត ឬ​ព្រួយ​បារម្ភ​ទៅ​នឹង​ការ​គំរាម​តាម​គ្រប់​រូបភាព​របស់​រដ្ឋាភិបាល​ក្រុង​បាងកក​នោះ​ទេ បើ​ទោះ​ជា​ប្រទេស​ថៃ ចាប់​ពី​ដើម​ខែ​មករា ឆ្នាំ​២០១១​នេះ បាន​បញ្ជូន​កងទ័ព និង​សព្វាវុធ​មក​ដាក់​ពង្រាយ​តាម​បន្ទាត់​ព្រំដែន​ច្រើន​យ៉ាង​ណា​ក្តី។
លោក ជា តារា នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​បួន និង​ជា​អគ្គ​មេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​៧ ខែ​មករា​នេះ​ថា រដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​មិន​ព្រួយ​បារម្ភ​ពី​ស្ថានការណ៍​អាក្រក់​អាច​នឹង​កើត​មាន​ឡើង​ទៅ​តាម​ការ​គំរាម​របស់​រដ្ឋាភិបាល​ថៃ​នោះ​ទេ។ លោក​ថា នៅ​តាម​ព្រំដែន កង​ទ័ព​កម្ពុជា បាន​ត្រៀម​លក្ខណៈ​ជា​ស្រេច ដើម្បី​ការពារ​បូរណភាព​ទឹក​ដី​មិន​ឲ្យ​កងទ័ព​ថៃ ចូល​ឈ្លាន​ពាន​បាន​ដូច​កាល​ពី​ឆ្នាំ​២០០៨ ទៀត​ឡើយ។
លោក ជា តារា ដែល​ជា​មេបញ្ជាការ​កងទ័ព​សមរភូមិ​ជួរ​មុខ​ទិស​យោធភូមិភាគ​ទី​៤ បាន​សង្កត់​ធ្ងន់​ថា ការ​ដែល​រដ្ឋាភិបាល​ថៃ បង្កើន​កងទ័ព​ជាមួយ​សព្វាវុធ​គ្រប់​ធុន​នៅ​តាម​ព្រំដែន មិន​ធ្វើ​ឲ្យ​កងទ័ព​កម្ពុជា ខ្លាច​ញញើត​នោះ​ទេ ព្រោះ​កងទ័ព​កម្ពុជា បាន​ត្រៀម​​លក្ខណៈ​ប្រយុទ្ធ​មិន​ធ្វេសប្រហែស​នោះ​ទេ។
លោក ជា តារា មាន​ប្រសាសន៍​ទៀត​ថា ៖ «ខ្មែរ​មាន​សម្ដេច​តេជោ​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​លោកជំទាវ​បណ្ឌិត មាន​ពលទាហាន​ទាំង​អស់​គោរព និង​ស្តាប់​តាម​បទបញ្ជា​សម្ដេច​តេជោ គឺ​ការពារ​សម្ដេច​តេជោ ការពារ​ទឹក​ដី​កម្ពុជា ម៉ោង​នេះ​មិន​ដូច​ឆ្នាំ​២០០៨​ទេ គឺ​ឆ្នាំ​២០១១​ហើយ ខ្ញុំ​សូម​ជម្រាប​អ៊ីចឹង»។
ប្រភព​ដដែល​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា​​នេះ នៅ​ចំណុច​​បង្គោល​ព្រំដែន​កម្ពុជា-​ថៃ​លេខ​៤៦ ស្ថិត​ក្នុង​ភូមិសាស្ត្រ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ មិន​ថា​តែ​កងទ័ព​ថៃ​នោះ​ទេ បាន​បញ្ជូន​កម្លាំង​មក​ដាក់​ពង្រាយ​នៅ​តំបន់​នោះ សូម្បី​​កង​កម្លាំង​ចម្រុះ​កម្ពុជា ក៏​បាន​បង្កើន​ចំនួន​ផង​ដែរ។ ការ​បង្កើន​កម្លាំង​នៅ​ព្រំដែន​កម្ពុជា-​ថៃ ចំណុច​ភូមិ​ជោគជ័យ​របស់​កម្ពុជា និង​ភូមិ​ណងចាន់ របស់​ថៃ ប្រយោជន៍​ដើម្បី​ការពារ​កុំ​ឲ្យ​ក្រុម​បាតុក​រអាវ​លឿង​ថៃ ដែល​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​តំបន់​នោះ​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា ដែល​ក្រុម​ជ្រុល​និយម​ថៃ​ទាំង​នោះ ចាត់​ទុក​ថា ជា​ទឹក​ដី​របស់​គេ។
ទាក់ទង​បញ្ហា​នេះ លោក កាស៊ីត ភិរម្យ (Kasit Piromya) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ ថ្មីៗ​នេះ​ត្រូវ​បាន​កាសែត​ថៃ ឌឹ ណេហ្សិន (The Nation) បាន​ស្រង់​សម្ដី​មក​ចុះ​ផ្សាយ​ដោយ​​​បាន​​ស្នើ​ឲ្យ​​រដ្ឋាភិបាល​ថៃ ពិចារណា​លើ​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​កម្ពុជា ប្រសិន​បើ​កម្ពុជា មិន​ធ្វើ​ឲ្យ​ស្ថានការណ៍​មាន​​ភាព​ប្រសើរ​ឡើង​ទាក់ទង​​ការ​ចាប់​ខ្លួន​ជន​ជាតិ​ថៃ​ទាំង ៧​នាក់​ទេ​នោះ។
លោក កា​ស៊ីត ភិរម្យ បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ថៃ កាល​ពី​​ថ្ងៃ​ទី​៤ ខែ​មករា ដោយ​បាន​លើក​ឡើង​ថា រូប​លោក​បាន​បរាជ័យ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ការ​ចាប់​ខ្លួន​ជនជាតិ​ថៃ​ទាំង ៧​នាក់ ​ជាមួយ​កម្ពុជា។
យ៉ាង​នេះ​ក្តី ទាំង​មន្ត្រី​ការទូត ក៏​ដូច​ជា​មេបញ្ជាការ​កងទ័ព​កម្ពុជា មិន​ចាប់​អារម្មណ៍ ឬ​ខ្វល់​ថា ការ​លើក​ឡើង​របស់​មន្ត្រី​ការទូត​ថៃ ជា​ការ​គំរាម​របស់​ថៃ​នោះ​ទេ ហើយ​ក៏​មិន​បាន​​យក​ចិត្ត​ទុក​ដាក់​ជុំវិញ​សម្ដី​របស់​លោក កាស៊ីត ភិរម្យ នោះ​ដែរ។
លោក កុយ គួង មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា នៅ​តែ​ចាត់​ទុក​ករណី​ចាប់​ខ្លួន​ជន​ជាតិ​ថៃ​ទាំង ៧​នាក់​ថា ជា​កិច្ចការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា។ លោក​បាន​ពន្យល់​ថា កម្ពុជា​​នៅ​រក្សា​ជំហរ​របស់​ខ្លួន ​ដោយ​បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន​ជនជាតិ​ថៃ បាន​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ គឺ​ជា​រឿង​ដាច់​ដោយ​ឡែក មិន​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ទ្វេ​ភាគី រវាង​កម្ពុជា-​ថៃ​នោះ​ទេ។
ទាក់ទង​បញ្ហា​នេះ លោក កាស៊ីត ភិរម្យ ក៏​ធ្លាប់​បាន​លើក​ឡើង​នៅ​​ចំពោះ​មុខ​អ្នក​កាសែត នៅ​ក្រោយ​ជំនួប​របស់​លោក​ជាមួយ​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ដោយ​អះអាង​ថា ការ​ចាប់​ខ្លួន​ជន​ជាតិ​ថៃ​ទាំង ៧​នាក់ រដ្ឋាភិបាល​ថៃ មិន​ឲ្យ​បញ្ហា​នេះ​ប៉ះពាល់​ដល់​​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​​ទេ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​ជនជាតិ​ថៃ​ទាំង ៧​នាក់ ដែល​រំលោភ​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា គឺ​មិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំង​ពីរ​ឡើយ ហើយ​រូប​លោក​ក៏​មិន​លូក​លាន់ ឬ​អន្តរាគមន៍​​លើ​ករណី​ចាប់​ខ្លួន​ដែរ ដោយ​ទុក​ឲ្យ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​ចាប់​ជន​ជាតិ​ថៃ ៧​នាក់ ដែល​ជា​ក្រុម​អាវ​លឿង តំណាងរាស្ត្រ ២​រូប បូក​ជាមួយ​អ្នក​កាសែត​មួយ​ចំនួន​ទៀត។ អន្តរាគមន៍​មក​សុំ​ឲ្យ​ដោះលែង​អ្នក​តំណាងរាស្ត្រ ២​នាក់ ខ្ញុំ​បាន​ប្រាប់​ទៅ​វិញ តំណាងរាស្ត្រ ២​រូប​នេះ​មក​ជាមួយ​នូវ​សំណុំ​រឿង បើ​ដោះ ២​នាក់ ទុក ៥​នាក់​គឺ​វា​ខុស​រឿង។ តំណាងរាស្ត្រ​ថៃ គឺ​មាន​អភ័យឯកសិទ្ធិ​តែ​ក្នុង​ដី​ថៃ តែ​ចូល​ក្នុង​ដី​កម្ពុជា គឺ​សុំ​ទោស!»។
ឆ្លើយ​តប​ការ​ព្រមាន​របស់​ថៃ លោក ស្រី ឌឹក មេបញ្ជាការ​កងទ័ព​កម្ពុជា ប្រចាំ​ទិស​តំបន់​ប្រាសាទ​ព្រះវិហារ បាន​ថ្លែង​ឲ្យ​វិទ្យុ​អាស៊ី​សេរី ដឹង​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ដែរ​ថា រាល់​សកម្មភាព​ណា​មួយ​របស់​កងទ័ព​ថៃ ឬ​ជន​ជាតិ​ថៃ រំលោភ​​ចូល​ក្នុង​ទឹក​ដី​ប្រទេស​កម្ពុជា ទោះ​តាម​រូបភាព​ណា​ក៏ដោយ កងទ័ព​កម្ពុជា នឹង​ប្រយុទ្ធ​ប្ដូរផ្ដាច់​មិន​ឲ្យ​បាត់​ដី​មួយ​ចំអាម​ណា​ឡើយ។
ទោះ​ជា​បែប​នេះ​ក្តី លោក​មេបញ្ជាការ​បាន​អះអាង​ថា ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-​ថៃ គឺ​មាន​សភាព​ធម្មតា មិន​មាន​អ្វី​ប្រែប្រួល​គួរ​ឲ្យ​កត់​សម្គាល់​ឡើយ ៖ «យើង​មិន​ចាប់​អារម្មណ៍​ទេ​សម្ដី​ទាំង​នេះ ហើយ​យើង​ក៏​មិន​ព្រួយ​បារម្ភ​អី​ដែរ ព្រោះ​យើង​ប្រទេស​ផ្សេង គាត់​ប្រទេស​ផ្សេង​ទេ​តើ! ហើយ​យើង​មិន​មែន​ជា​ប្រទេស​ក្រោម​អាណានិគម​របស់​ថៃ​ឯ​ណា អត់​ទេ។ យើង​ខ្ញុំ​នឹង​​​អនុវត្ត​បទបញ្ជា​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី យើង​ខ្ញុំ​អនុវត្ត​ការពារ ១​មិល្លីម៉ែត្រ​ការពារ​មិន​ឲ្យ​ថៃ ឈ្លាន​ពាន​បាន​ទេ។ ខ្ញុំ​ធ្វើ​ការ​តប​ត​នៅ​ពេល​ដែល​ថៃ ឈ្លាន​ពាន​ខ្ញុំ ខ្ញុំ​ត្រូវ​តែ​ការពារ​ដាច់​ខាត គឺ​មិន​បាន​ទេ ត្រូវតែ​ប្ដូរផ្ដាច់​ជីវិត​ហើយ»។
តុលាការ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា បាន​នាំ​ជនជាតិ​ថៃ​ទាំង ៧​នាក់ មក​សាកសួរ ក្នុង​នោះ​មាន​​ឈ្មោះ ផានិក វិគិតសេត (Panich Vikitsreth) សមាជិក​សភា​ក្រុង​បាងកក មក​ពី​គណបក្ស​ប្រជាធិបតេយ្យ លោក វីរៈ ស៊ុំឃ្វាមឃីត (Veera Somkwamkid) មេដឹកនាំ​អាវ​លឿង​នៃ​បណ្តាញ​អ្នក​ស្នេហា​ជាតិ​ថៃ ​រួម​ជាមួយ​សកម្មជន​អាវ​លឿង ៤​នាក់ និង​អ្នក​កាសែត​ម្នាក់ ប៉ុន្តែ​មិន​ទាន់​សម្រេច​បែប​ណា​នៅ​ឡើយ។
បន្ទាប់​ការ​សាកសួរ មេធាវី​ការពារ​ជន​ជាតិ​ថៃ លោក រស់ អូន ថ្លែង​ថា តុលាការ​ក្រុង​ភ្នំពេញ បាន​សម្រេច​រក្សា​ការ​ចោទ​ប្រកាន់​កូន​ក្ដី​របស់​លោក​ពី​បទ​ឆ្លង​ដែន​​ចូល​ក្នុង​ទឹក​ដី​កម្ពុជា ដោយ​ខុស​ច្បាប់ និង​ចូល​ទីលាន​យោធា​ក្នុង​បំណង​ទុច្ចរិត៕










លោក រ៉ុង ឈុន នឹង​ចុះទៅ​ពិនិត្យ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​នៅ​ថ្ងៃ​ស្អែក

January 9, 2011 at 12:34 AM
ដោយ គី សុខលីម
ថ្ងៃ សៅរ៍ 08 មករា 2011
RFI

លោក រ៉ុង ឈុន ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​នឹង​ចុះ​ទៅ​ពិនិត្យ​បង្គោល​ ព្រំដែន​កម្ពុជា​វៀតណាម​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ស្អែក​នៅក្នុង​ខេត្ត​ ព្រៃវែង។ ប៉ុន្តែ​មន្ត្រី​ជំនាញ​ព្រំដែន​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​ ប្រតិកម្ម​រិះគន់​ថា លោក រ៉ុង ឈុន មិនមែន​ជា​អ្នក​ជំនាញ​ព្រំដែន​នោះ​ទេ។
គណៈ​ប្រតិភូ​ប្រមាណ​​ជាង​១០​នាក់​ដែល​ដឹកនាំ​ដោយ​លោក រ៉ុង ឈុន ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​នឹង​ចេញ​ដំណើរ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​ចំនួន​២​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ស្អែក​នៅក្នុង​ខេត្ត​ព្រៃវែង។ បង្គោល​ព្រំដែន​លេខ​១៣០​ និង​១៣១​ស្ថិត​នៅ​ក្នុង​ឃុំ​ក្របៅ​ ស្រុក​កំចាយមារ​ខេត្ត​ព្រៃវែង។
នេះ​ជា​លើក​ទី៤​ហើយ​ដែល​លោក រ៉ុង ឈុន ធ្វើ​បេសកកម្ម​ត្រួត​ពិនិត្យ​ព្រំដែន​នៅ​ភាគ​ខាង​កើត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម។ ទស្សនកិច្ច​ត្រួត​ពិនិត្យ​បង្គោល​ព្រំដែន​នា​ពេល​កន្លង​មក​បាន​ធ្វើ​ឡើង​នៅក្នុង​ខេត្ត​តាកែវ ខេត្ត​កំពង់ចាម ខេត្ត​ស្វាយរៀង​ និង​លើក​ទី​៤​នេះ​នៅ​ក្នុង​ខេត្ត​ព្រៃវែង។
លោក រ៉ុង ឈុន ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​បាន​បញ្ជាក់​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា គម្រោង​ចុះ​ត្រួត​ពិនិត្យ​បង្គោល​ព្រំដែន​នៅ​ថ្ងៃ​ស្អែក​នេះ​ គឺ​ដោយសារ​លោក​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាជន​ និង​ពី​គ្រូ​បង្រៀន​នៅ​ទីនោះ​និយាយ​ថា ការ​បោះបង្គោល​ព្រំដែន​លេខ​១៣០​ និង​១៣១​បាន​ចូល​ក្នុង​ទឹកដី​ខ្មែរ​ពី​៥០០​ទៅ​៦០០​ម៉ែត្រ។
លោក ឈុន បាន​បញ្ជាក់​ទៀត​ថា ប្រសិនបើ​មាន​ភាព​មិន​ប្រក្រតី​មែន​នោះ​លោក​នឹង​សរសេរ​របាយការណ៍​ដាក់​ជូន​ទៅ​រដ្ឋាភិបាល​បន្ទាប់​ពី​លោក​ត្រលប់​មក​ពី​ខេត្ត​ព្រៃវែង​វិញ។ ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​បាន​បន្ត​ទៀត​ថា លោក​គ្មាន​បំណង​ណា​មួយ​រារាំង​ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម​នោះ​ទេ​ ប៉ុន្តែ​លោក​ចង់​ស្វែង​រក​ការពិត​ និង​ចង់​អោយ​មាន​តម្លាភាព​ក្នុង​ការ​បោះបង្គោល​ព្រំដែន​ ពោល​គឺ​លោក​មិន​ចង់​ឃើញ​ភាគី​ណាមួយ​ជា​អ្នក​ចំណេញ​ឬ​ខាត​នោះ​ទេ។
ប្រតិកម្ម​ទៅ​នឹង​គម្រោង​ត្រួត​ពិនិត្យ​បង្គោល​ព្រំដែន​របស់​លោក រ៉ុង ឈុន លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​បាន​លើក​ឡើង​ថា លោក រ៉ុង ឈុន មិនមែន​ជា​អ្នកជំនាញ​ខាង​ព្រំដែន​ទេ។ លោក វ៉ា គឹមហុង​បាន​បន្ត​ទៀត​ថា លោក ឈុន អាច​ចុះ​ទៅ​មើល​បង្គោល​ព្រំដែន​បាន​ ប៉ុន្តែ​កុំ​ប៉ះពាល់​បង្គោល​ព្រំដែន​ទាំងនោះ​អោយ​សោះ។ លោក វ៉ា គឹមហុង បាន​ចោទ​ជា​សំណួរ​ថា តើ​លោក រ៉ុង ឈុន ជឿ​លើ​សម្ដី​របស់​ប្រជាជន​ជា​សកម្មជន​បក្ស​ប្រឆាំង​ ឬ​ជឿ​លើ​ស្ថាប័ន​ជំនាញ​របស់​រដ្ឋ?
សូម​បញ្ជាក់​ថា កាល​ពី​ម្សិលមិញ​ក្នុង​ទិវា​ថ្ងៃ​៧​មករា លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​ជំហរ​គាំទ្រ​ដំណើរការ​បោះ​បង្គោល​ព្រំដែន​ជា​មួយ​ប្រទេស​វៀតណាម​ និង​ជាមួយ​ប្រទេស​ឡាវ។
ការ​តវ៉ា​រឿង​ព្រំដែន​របស់​លោក រ៉ុង ឈុន ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​បាន​កើត​ឡើង​ជា​ហូរហែ​មក​ហើយ​ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​កត់​សម្គាល់​របស់​អ្នក​តាមដាន​សភាពការណ៍​នៅ​កម្ពុជា​ គឺ​ថា​លោក រ៉ុង ឈុន ប្រតិកម្ម​ខ្លាំង​រឿង​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​តែ​ប្រតិកម្ម​តិចតួច​ជាមួយ​ប្រទេស​ថៃ។
ឆ្លើយតប​ទៅ​នឹង​ការ​មន្ទិល​សង្ស័យ​នេះ លោក រ៉ុង ឈុន បាន​បក​ស្រាយ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ខ្លាំង​រឿង​ព្រំដែន​ខាង​លិច​ ប៉ុន្តែ​មិន​សូវ​ប្ដេជ្ញា​ចិត្ត​ខ្លាំង​រឿង​ព្រំដែន​ខាងកើត​អ៊ីចឹង​ហើយ​ទើប​លោក​ចុះ​ទៅ​ត្រួត​ពិនិត្យ​ច្រើន​នៅ​ភាគ​ខាង​កើត​នោះ៕










សង្គម​ស៊ីវិល៖ ថៃ​បាញ់​សម្លាប់​ខ្មែរ​ជា​ការ​រើស​អើង​ជាតិ​សាសន៍

January 9, 2011 at 12:20 AM
ដោយ ទីន ហ្សាការីយ៉ា
2011-01-08
​វិទ្យុ​អាស៊ីសេរី

ក្រោយ​ពី​មាន​បញ្ហា​ជម្លោះ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ថៃ​មក គេ​សង្កេត​ឃើញ​អាជ្ញាធរ​ថៃ បាន​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​បន្ត​បន្ទាប់ នៅ​ខណៈ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​នោះ​បាន​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ខុស​ច្បាប់​។
មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស និង​អ្នក​វិភាគ​នយោបាយ​ដែល​បាន​តាម​ដាន​ស្ថានការណ៍​បញ្ហា​ជម្លោះ​​ព្រំដែន​រវាង​ប្រទេស​កម្ពុជា-​ថៃ បាន​ថ្កោល​ទោស​អាជ្ញាធរ​ថៃ ដែល​បាន​ប្រើ​អាវុធ​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ស៊ីវិល​ខ្មែរ​ជា​បន្ត​បន្ទាប់ នៅ​ខណៈ​ដែល​ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​ថៃ ខុស​ច្បាប់​នោះ ដែល​គេ​ចាត់​ទុក​ថា ថៃ​មាន​ការ​រើស​អើង​ជាតិ​សាសន៍។
ការ​លើក​ឡើង​ដូច្នេះ នៅ​បន្ទាប់​ពី​ទាហាន​ថៃ បាន​បាញ់​ប្រហារ​ទៅ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ១១​នាក់ បណ្ដាល​ឲ្យ​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​របួស ខណៈ​ដែល​អ្នក​ទាំង​នោះ​បាន​ឆ្លង​ដែន​ពី​ទឹក​ដី​ខ្មែរ ក្នុង​ខេត្ត​បន្ទាយមានជ័យ ចូល​ទៅ​ស៊ី​ឈ្នួល​កាប់​ឈើ​នៅ​ក្នុង​ស្រុក​តាប់ព្រះយ៉ា ខេត្ត​ស្រះកែវ ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១១។
មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក លោក ចាន់ សុវ៉េត បាន​បញ្ជាក់​ថា ទាហាន​ថៃ ក៏​ដូច​ជា​រដ្ឋាភិបាល​ថៃ បាន​បង្ហាញ​អំពី​ការ​រើសអើង​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​នៅ​តែ​បន្ត​ការ​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ឥត​ឈប់ឈរ​បែប​នេះ ដែល​បញ្ហា​នេះ​បាន​ស​ឲ្យ​ឃើញ​ថា អាជ្ញាធរ​ថៃ កំពុង​តែ​រំលោភ​សិទ្ធិ​រស់​រាន​មាន​ជីវិត​ជា​សាកល​របស់​ប្រជាពលរដ្ឋ។
លោក ចាន់ សុវ៉េត បាន​ពន្យល់​ថា កន្លង​មក​នៅ​គ្រា​ដែល​ពលរដ្ឋ​ខ្មែរ​ត្រូវ​បាន​គេ​បាញ់​សម្លាប់ និង​ត្រូវ​បាន​គេ​ចាប់​ខ្លួន​នៅ​ក្នុង​ទឹក​ដី​ថៃ មន្ត្រី​ក្រសួង​ការបរទេស​ខ្មែរ ហាក់​បី​ដូច​ជា​មិន​បាន​ខ្នះខ្នែង​ជួយ​អន្តរាគមន៍ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រង​គ្រោះ​ទាំង​នោះ​ទេ គឺ​ផ្ទុយ​ពី​រដ្ឋាភិបាល​ថៃ ដែល​គេ​បាន​ជ្រោមជ្រែង​ជួយ​ដល់​ប្រជាពលរដ្ឋ​របស់​គេ ពិសេស​ដូចជា​ករណី​កាល​ពី​ថ្ងៃ​ទី​២៩ ធ្នូ ឆ្នាំ​២០១០ កន្លង​ទៅ ដែល​អាជ្ញាធរ​កម្ពុជា បាន​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ថៃ ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​ទឹក​ដី​កម្ពុជា រួម​ទាំង​មាន​តំណាងរាស្ត្រ​ថៃ ម្នាក់​ផង​នោះ ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក កាស៊ីត ភិរម្យ (Kasit Piromya) បាន​មក​កម្ពុជា​ភ្លាមៗ ដើម្បី​សុំ​ឲ្យ​កម្ពុជា ដោះ​លែង​ពួកគេ។
ទាក់ទង​ទៅ​នឹង​ករណី​នេះ លោក កុយ គួង មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស​ខ្មែរ បាន​បំភ្លឺ​ថា ក្រសួង​ការបរទេស​ខ្មែរ ជា​រឿយៗ​បាន​ធ្វើ​លិខិត​ផ្ញើ​ជូន​រដ្ឋាភិបាល​ថៃ ជា​បន្ត​បន្ទាប់ ពី​ករណី​ទាហាន​ថៃ បាញ់​ប្រហារ​មក​លើ​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​អាជ្ញាធរ​ថៃ។
របាយការណ៍​ប្រចាំ​ឆ្នាំ​២០១០ របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ឲ្យ​ដឹង​ថា ទាហាន​ថៃ បាន​បាញ់​ប្រជាពលរដ្ឋ​ខ្មែរ​មាន ១៥​ករណី ដែល​មាន​មនុស្ស​ស្លាប់​ចំនួន ១៦​នាក់ ហើយ​ប្រជាពលរដ្ឋ​រង​គ្រោះ​ទាំង​នោះ ដោយសារ​តែ​ពួកគេ​បាន​ចូល​ទៅ​ស៊ី​ឈ្នួល​ដឹក​ឈើ និង​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ទឹក​ដី​ថៃ មាន​មួយ​ចំនួន​ទៀត​ចូល​ទៅ​ទឹក​ដី​ថៃ ធ្វើ​ជា​កម្មករ ដែល​គេ​ចូល​ទៅ​ពេល​ព្រឹក​ចេញ​មក​ទឹក​ដី​ខ្មែរ​វិញ​ពេល​ល្ងាច ហើយ​ពួកគេ​ទាំង​នោះ​ត្រូវ​បាន​អាជ្ញាធរ​ថៃ ចោទ​ថា បាន​ចូល​ទឹក​ដី​ថៃ​ខុស​ច្បាប់។
របាយការណ៍​ដដែល​បាន​បង្ហាញ​ថា ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទាំង​នោះ មាន​ខ្លះ​ថៃ បាន​ចាប់​ដុត​ទាំង​រស់​ផង​ដែរ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ក្រុម​គ្រួសារ​របស់​ពួកគេ រដ្ឋាភិបាល​ថៃ មិន​ទាន់​បាន​ផ្ដល់​យុត្តិធម៌​ជូន​ពួក​គេ​នៅ​ឡើយ។ របាយការណ៍​នេះ​ក៏​បាន​សរសេរ​បញ្ជាក់​ថា ថៃ​បាន​ប្រើ​អាវុធ​បាញ់​ប្រជាពលរដ្ឋ​ខ្មែរ​បាន​កើត​មាន​ក្រោយ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨​មក ដែល​សរុប​ទាំង​អស់​មាន ២៩​នាក់ ដែល​ទាហាន​ថៃ បាន​បាញ់​សម្លាប់។
អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច បាន​មាន​ប្រសាសន៍​ថា រដ្ឋភិបាល​ថៃ មិន​គោរព​ច្បាប់​អន្តរជាតិ ពី​ព្រោះ​ថា ប្រទេស​នៅ​ក្នុង​តំបន់​តែងតែ​មាន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ធ្វើការ​ឆ្លង​កាត់​ទៅ​មក​រវាង​ប្រទេស​នីមួយៗ ដូច្នេះ​បើ​សិន​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ ខុស​ច្បាប់​នោះ រដ្ឋាភិបាល​ថៃ គួរ​តែ​យក​ច្បាប់​អន្តរជាតិ ឬ​ច្បាប់​នៃ​ប្រទេស​នេះ​មក​អនុវត្ត​កាត់​ទោស​ពួកគេ មិន​ត្រូវ​បាញ់​សម្លាប់​ដូច្នេះ​ទេ។
សាធារណជន​ខ្មែរ​មួយ​ចំនួន​បាន​លើក​ឡើង​ថា អាជ្ញាធរ​ថៃ បាន​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​បន្ត​បន្ទាប់ នៅ​ខណៈ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ប្រទេស​ថៃ ពួកគេ​បាន​បញ្ចេញ​ទស្សនៈ​ថា មូលហេតុ​អ្វី​បាន​អាជ្ញាធរ​កម្ពុជា មិន​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ថៃ ដែល​បាន​ចូល​​មក​កម្ពុជា ខុស​ច្បាប់​ដែរ​នោះ?
មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​អធិប្បាយ​ថា កម្ពុជា​ជា​ប្រទេស​គោរព​នូវ​អធិបតេយ្យ​របស់​ខ្លួន និង​គោរព​ច្បាប់​អន្តរជាតិ គឺ​កម្ពុជា​មិន​ធ្វើ​បាប​ប្រជាពលរដ្ឋ​ស៊ីវិល​នោះ​ទេ។ កម្ពុជា​ចាត់​ការ​ប្រជាពលរដ្ឋ​ថៃ ចូល​មក​ទឹក​ដី​កម្ពុជា ខុស​ច្បាប់ ទៅ​តាម​ផ្លូវ​ច្បាប់។
ទោះ​ជា​យ៉ាងណា លោក​បណ្ឌិត សុខ ទូច បាន​អះអាង​ថា ប្រសិន​បើ​ប្រទេស​ថៃ មិន​គោរព​កិច្ច​ព្រមព្រៀង​អន្តរជាតិ និង​សន្ធិសញ្ញា​នៃ​អង្គការ​សហ​ប្រជាជាតិ​ទេ​នោះ កម្ពុជា​ត្រូវ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​ប្រទេស​ថៃ​វិញ គឺ​កម្ពុជា​ត្រូវ​បិទ​ច្រក​ព្រំដែន​ថៃ-​កម្ពុជា មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ថៃ នាំ​ផលិតផល​ចូល​មក​កម្ពុជា​ទេ និង​ត្រូវ​ផ្ដាច់​ចំណង​ការទូត ពីព្រោះ​ថា ថៃ​មិន​ចង់​មាន​ការ​ទំនាក់ទំនង​ល្អ និង​កម្ពុជា​នោះ ហើយ​ថា អ្នក​ដែល​ខាត​បង់​គឺ​ភាគី​ថៃ។
កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១០ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​ស្នើ​សុំ​ឲ្យ​ទាហាន​ថៃ ឈប់​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-​ថៃ ដែល​ឆ្លង​ចូល​ទឹក​ដី​ថៃ ខុស​ច្បាប់ ដើម្បី​រក​ទទួល​ទាន ឬ​កាប់​ព្រៃ​ឈើ​នោះ។
ការ​ស្នើ​សុំ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ទ្វេ​ភាគី រវាង​រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា លោក ហោ ណាំ​ហុង ជា​មួយ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ថៃ លោក កាស៊ិត ភីរម្យ (Kasit Piromya) នៅ​ឯ​ក្រសួង​ការ​បរទេស​កម្ពុជានៅ​ក្នុង​ទីក្រុង​ភ្នំពេញ។
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ថៃ កំពុង​តែ​រំលោភ​លើ​គោលការណ៍​សិទ្ធិ​មនុស្ស ព្រោះ​ថា លោក​បាន​ធ្វើការ​ស៊ើបអង្កេត​រួច​រាល់​ហើយ រដ្ឋាភិបាល​ថៃ ពុំ​មាន​យន្តការ​ហាមឃាត់​ទាហាន​ថៃ មិន​ឲ្យ​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​នោះ​ឡើយ ក្រោយ​ពេល​មាន​ការ​ស្នើ​សុំ​ពី​មន្ត្រី​ក្រសួង​ការបរទេស​ខ្មែរ​នោះ។
អ្នក​វិភាគ​នយោបាយ បាន​លើក​អំពី​មូលហេតុ​ដែល​ថៃ នៅ​តែ​បន្ត​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ថា វា​មាន​ហេតុផល​ពីរ ទី​១ គឺ​ជញ្ជីង​សេដ្ឋកិច្ច ព្រោះ​ថា កម្ពុជា​មាន​សេដ្ឋកិច្ច​ទាប​ជាង​ប្រទេស​ថៃ ទី​២ គឺ​អំណាច​ប្រទេស​កម្ពុជា មាន​អំណាច​នៅ​ក្នុង​តំបន់​មាន​កម្រិត​ទាប ហើយ​នយោបាយ​ការទូត​របស់​កម្ពុជា ក៏​នៅ​មាន​កម្រិត​ដែរ ដែល​ធ្វើ​ឲ្យ​ថៃ នៅ​តែ​វាយ​ប្រហារ​ប្រជាពលរដ្ឋ​កម្ពុជា ឥត​ឈប់​ឈរ​នេះ។
អ្នក​វិភាគ​នយោបាយ​ដដែល បាន​សង្កត់​ធ្ងន់​ថា បើ​សិន​ជា​កម្ពុជា ប្រើ​ច្បាប់​ព្រៃ ជន​ជាតិ​ថៃ​ចំនួន ៧​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​មក​ទឹក​ដី​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១០​នោះ កម្ពុជា​ត្រូវ​យក​ពួកគេ​ទៅ​ដាក់​គុក​សិន មិន​ត្រូវ​យក​ពួកគេ​មក​ដោះស្រាយ​តាម​ប្រព័ន្ធ​តុលាការ​ភ្លាមៗ​ទេ ព្រោះ​ថា ពលរដ្ឋ​កម្ពុជា បច្ចុប្បន្ន​កំ​ពុង​ជាប់​គុក​ក្នុង​ប្រទេស​ថៃ ដោយសារ​តែ​ឆ្លង​ដែន​ខុស​ច្បាប់ ហើយ​មិន​ត្រូវ​បាន​តុលាការ​ថៃ កាត់​ទោស​នៅ​ឡើយ​នោះ។
ទោះ​ជា​យ៉ាង​នេះ​ក្តី ជា​ទូទៅ​គេ​សង្កេត​ឃើញ​ថា ការ​ឆ្លង​ដែន​ខុស​ច្បាប់​របស់​ប្រជាពលករ​ខ្មែរ នៅ​តាម​ច្រក​របៀង​នានា​ចូល​ទៅ​ទឹក​ដី​ថៃ ដើម្បី​ស្វែង​រក​ការងារ​ធ្វើ ពុំ​មាន​ការ​ថយ​ចុះ​ឡើយ ដោយសារ​តែ​ភាព​ឥត​ការងារ​ធ្វើ​នៅ​កម្ពុជា ហើយ​ជន​ជាតិ​ថៃ​វិញ គេ​កម្រ​ឃើញ​ចូល​មក​ទឹក​ដី​កម្ពុជា ខុស​ច្បាប់ មាន​ចំនួន​ច្រើន​ដូច​ខ្មែរ​ចូល​ថៃ​នោះ​ទេ៕










ទាហាន​ថៃ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ម្នាក់​ទៀត​ហើយ

January 9, 2011 at 12:15 AM
ដោយ ប៉ែន បូណា
ថ្ងៃ សៅរ៍ 08 មករា 2011
RFI

មើល​ទៅ​ការ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ពី​សំណាក់​ទាហាន​ការពារ​ព្រំដែន​ថៃ​ មិន​អាច​បញ្ចប់​បាន ឡើយ។​ នៅ​ពេល​ដែល​អាជ្ញាធរ​ខ្មែរ​បាន​ចាប់​ខ្លួន​ជនជាតិ​ថៃ​៧​នាក់​ដោយ​សន្តិវិធី​ តាម​ផ្លូវ​ច្បាប់ ហើយ​រដ្ឋាភិបាល​ថៃ​កំពុង​ស្វែង​រក​ដំណោះស្រាយ​មិន​ទាន់​ទាំង​បាន​លទ្ធផល​ផង​ ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​បើក​ការ​វាយ​ប្រហារ​មក​លើ​ពលរដ្ឋ​ខ្មែរ​មួយ​ឈុត​ទៀត​ ដែល​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​រង​របួស​ម្នាក់​កាល​ពី​ថ្ងៃ​ទី​៦​មករា។ ​ក្រសួង​ការបរទេស​កម្ពុជា​កំពុង​ត្រៀម​ធ្វើ​កំណត់​ទូត​ថ្មី​មួយ​ទៀត​ដើម្បី​ តវ៉ា​ទៅ​ក្រសួង​ការបរទេស​ថៃ។
ពលរដ្ឋ​ខ្មែរ​ម្នាក់​បាន​ស្លាប់​ទៀត​ហើយ​នៅ​ក្រោម​គ្រាប់​កាំភ្លើង​បាញ់​ប្រហារ​ដ៏​ឃោរឃៅ​ពី​សំណាក់​ទាហាន​ការពារ​ព្រំដែន​ថៃ។ ​ការ​បាញ់​ប្រហារ​បាន​កើត​ឡើង​នៅ​ថ្ងៃ​៦​មករា​ ប៉ុន្តែ អាជ្ញាធរ​ខ្មែរ​ទើប​ទទួល​បាន​ព័ត៌មាន​នៅ​ល្ងាច​ថ្ងៃ​៧​មករា​ម្សិលមិញ​ប៉ុណ្ណោះ​ ពី​ព្រោះ​តែ​ទីនោះ​ជា​តំបន់​ព្រៃ​ជ្រៅ។
ប្រភព​ព័ត៌មាន​ពី​ព្រំដែន​ឲ្យ​ដឹង​ថា​ពលរដ្ឋ​ខ្មែរ​១០​នាក់​បាន​នាំគ្នា​ឡើង​ភ្នំ​ទៅ​កាប់​ឈើ​ក្រញូង​នៅ​លើ​ភ្នំ​ដងរែក​ត្រង់​បង្គោល​ព្រំដែន​លេខ​២៦​ ព្រំប្រទល់​រវាង​ឃុំ​បន្ទាយឆ្មារ​ ស្រុក​ថ្មពួក​ ខេត្ត​បន្ទាយមានជ័យ​ជាមួយ​នឹង​ស្រុក​ឡាក់ហានសាយ​របស់​ថៃ។ ​ក៏​ប៉ុន្តែ ​ពួក​គេ​បាន​ទទួល​រង​ការ​បាញ់​ប្រហារ​គ្មាន​ត្រាប្រណី​ពីសំណាក់​ទាហាន​ឈុត​ខ្មៅ​ការពារ​ព្រំដែន​ថៃ​ដែល​បណ្តាល​ឲ្យ​បុរស​ម្នាក់​ឈ្មោះ​ ឡាង ​សម្បត្តិ ​អាយុ​៣២​ឆ្នាំ​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ រីឯ​បុរស​ម្នាក់​ទៀត​បាន​រង​របួស។ ​អ្នក​ក្រៅ​ពី​នោះ​បាន​នាំ​គ្នា​រត់​ប្រសេច​ប្រសាច​ទម្លាក់​ខ្លួន​ពី​លើ​ភ្នំ​ ដើម្បី​រត់​យក​ប្រះ​​​អាយុ​រៀងៗ​ខ្លួន។​
ក្រុម​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង​នោះ​បាន​នាំគ្នា​ឡើង​ភ្នំ​កាប់​ឈើ​ក្រញូង​ដើម្បី​លក់​ឲ្យ​ឈ្មួញ​ហើយ​ ជា​ញឹក​ញាប់​ពួកគេ​បាន​ចូល​ក្នុង​ទឹកដី​ថៃ​ដោយ​មិន​ដឹង​ខ្លួន។ ​ជំនួស​ឲ្យ​ការ​ចាប់​ខ្លួន​យក​ទៅ ផ្តន្ទា​ទោស​តាម​ច្បាប់​ ទាហាន​ថៃ​បាន​ប្រើ​ច្បាប់​ព្រៃ​តាម​រយៈ​ការ​កាត់​ទោស​ប្រហារ​ជីវិត​ពលរដ្ឋ​ខ្មែរ​ដោយ​គ្រាប់​សំណ​ទៅ​វិញ។ ​សោកនាដកម្ម​ដដែលៗ​នេះ​បាន​ក្លាយ​ជា​រឿង​ភាគ​មួយ​ដ៏​វែង​ដែល​មិន​អាច​ទប់​ស្កាត់​បាន​ ទោះ​បី​ជា​មេដឹកនាំ​ខ្មែរ​បាន​បញ្ចេញ​ប្រតិកម្ម​ និង​បាន​លើក​បញ្ហា​នេះ​ជាមួយ​ភាគី​ថៃ​ជា​ញឹកញាប់​ហើយ​ក៏​ដោយ។
អ្នកនាំពាក្យ​ក្រសួង​ការបរទេស​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ​ ប៉ុន្តែ​ប្រភព​ឲ្យ​ដឹង​ថា​ ក្រសួង​ការបរទេស​កម្ពុជា​កំពុង​រង់ចាំ​របាយការណ៍​ពិស្តារ​ពី​អគ្គកុងស៊ុល​របស់​ខ្លួន​នៅ ខេត្ត​ស្រះកែវ​មុន​នឹង​ធ្វើ​កំណត់​ទូត​តវ៉ា​ទៅ​ក្រសួង​ការបរទេស​ថៃ។ ​ជារៀងរាល់​លើក​ដែល​មាន​ការ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ ក្រសួង​ការបរទេស​តែងតែ​តវ៉ា​តាម​រយៈ​កំណត់​ទូត​ដោយ​បាន​ប្រើ​ពាក្យ​ធ្ងន់ៗ​ទៀត​ផង​ ប៉ុន្តែ​ ការ​តវ៉ា​ទាំង​នោះ​ហាក់​គ្មាន​លទ្ធផល​ទេ។
ជា​វិធានការ​បន្ថែម​ អាជ្ញាធរ​ខ្មែរ​នៅ​តាម​ជាយ​ដែន​បាន​ព្យាយាម​ហាម​ឃាត់​ពលរដ្ឋ​របស់​ខ្លួន​មិន​ឲ្យ​ចូល​ទៅ​ប្រកប​របរ​កាប់​ឈើ​ខុស​ច្បាប់​នៅ​តាម​ព្រំដែន​ថៃ​ទៀត​ឡើយ។ ​ជាក់ស្តែង ​កាល​ពី​ថ្ងៃ​ទី​៦​មករា​នេះ​ដែរ​ ពលរដ្ឋ​១៣​នាក់​ដែល​នាំ​គ្នា​បម្រុង​ឡើង​ភ្នំ​កាប់​ឈើ​តាម​ព្រំដែន​នៅ​ចំណុច​អូរម្លូ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ ដើម្បី​អប់រំ​និង​ព្រមាន​អំពី​គ្រោះថ្នាក់។
យ៉ាង​ណា​ក៏​ដោយ​ ពលរដ្ឋ​ជា​ច្រើន​នៅ​តែ​ផ្សងព្រេង​លួច​ឡើង​ភ្នំ​ដោយ​ស្ងាត់ៗ​ដើម្បី​ស៊ី​ឈ្នួល​កាប់​ឈើ​ឲ្យ​ឈ្មួញ​ដដែល​ ដោយ​មិន​បាន​គិត​ដល់​គ្រោះថ្នាក់​ឡើយ។​នៅ​ថ្ងៃ​ម្សិលមិញ​ដែរ​ ពលរដ្ឋ​ខ្មែរ​៦០​នាក់​ដែល​នាំគ្នា​ចូល​ព្រៃ​កាប់​ឈើ​នៅ​លើ​ភ្នំ​ដងរែក​ក៏​ត្រូវ​បាន​ទាហាន​ថៃ​ដេញ​បាញ់​រត់​ពេញ​ព្រៃ​ម្តង​ទៀត​ ប៉ុន្តែ ​ពួកគេ​អះអាង​ថា​គ្រាន់​តែ​បាញ់​បង្អើល​តែ​ប៉ុណ្ណោះ៕










ទាហាន​ថៃ​បាញ់​រះ​លើ​ពលរដ្ឋ​ខ្មែរ​១១​នាក់ ស្លាប់​ម្នាក់

January 8, 2011 at 1:21 PM
ដោយ សួន សុផលមុន្នី
2011-01-08
​វិទ្យុ​អាស៊ីសេរី

កង​ទាហាន​ថៃ បាន​បាញ់​ប្រហារ​ទៅ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ១១​នាក់ បណ្ដាល​ឲ្យ​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​របួស ខណៈ​ដែល​អ្នក​ទាំង​នោះ​បាន​ឆ្លង​ដែន​ពី​ទឹក​ដី​ខ្មែរ ក្នុង​ខេត្ត​បន្ទាយមានជ័យ ចូល​ទៅ​ស៊ី​ឈ្នួល​កាប់​ឈើ​នៅ​ក្នុង​ស្រុក​តាប់ព្រះយ៉ា ខេត្ត​ស្រះកែវ ប្រទេស​ថៃ។
លោក វ៉ាត ហាន មេ​ឃុំ​បន្ទាយឆ្មារ ក្នុង​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ បាន​ស្រង​សេចក្ដី​រាយការណ៍​ពី​កង​ទាហាន​ការពារ​ព្រំដែន​ខ្មែរ​ឲ្យ​ដឹង​ថា ទាហាន​ថៃ បាន​ធ្វើការ​បាញ់​ប្រហារ​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មករា​នេះ។
លោក វ៉ាត ហាន បន្ត​ថា ៖ «តាម​ព័ត៌មាន​ដែល​ថា​ស្លាប់​ហ្នឹង ស្លាប់​តែ​ម្នាក់​ទេ ហើយ​ប្រជាពលរដ្ឋ​ដែល​ទៅ​នោះ​ទាំង​អស់ ១១​នាក់ នៅ​ក្នុង​ភូមិ​ខ្ញុំ​មាន ៧​នាក់។ វា​ឡើង​ចេញ​ពី​ភូមិ​យើង គឺ​ភូមិ​ដងរែក ឡើង​ឆ្ពោះ​ទៅ​ឡាក់​លេខ ២៧ ឆ្លង​ឡាក់ ២៧ ចូល​ទៅ​ដល់​ដី​ថៃ។ តាម​ព័ត៌មាន​ថា ទៅ​កាប់​ឈើ​នៅ​ប្រទេស​គេ ហើយ​ថៃ​ហ៊ុម​បាញ់​តែម្ដង»។
ប្រភព​ពី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ដែល​រង​ការ​បាញ់​ប្រហារ​ពី​សំណាក់​ទាហាន​ថៃ​ទាំង​នោះ មាន​ចំនួន ១១​នាក់ អ្នក​ទាំង​នោះ​រស់​នៅ​ក្នុង​ឃុំ​បន្ទាយឆ្មារ និង​ឃុំ​គោករមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ៖ «ខាង​ព្រំដែន​គេ​រាយការណ៍​មក​ថា នៅ​ម្ដុំ​ថ្ម​ស ក្បែរ​ឡាក់ ២៨។ បាន​ដឹង​ហ្នឹង ឃើញ​ដឹង​តែម្នាក់​ហ្នឹង​ស្លាប់ ម្នាក់​ទៀត​របួស ថៃ​បាញ់​នៅ​ទឹក​ដី​ថៃ ក្នុង​ស្រុក​តាប់ព្រះយ៉ា។ អត់​ដឹង​ត្រកូល​ទេ ឈ្មោះ សម្បត្តិ ស្លាប់ អាយុ​ខ្ទង់ ៣៣-៣៥ ហើយ​ម្នាក់​ទៀត​ឈ្មោះ សឺត របួស តែ​មិន​ដឹង​ថា ស្រាល​ប៉ុណ្ណា ធ្ងន់​ប៉ុណ្ណា»។
លោក ចាន់ កុសល ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ មាន​ប្រសាសន៍​ថា សាកសព​ជនជាតិ​ខ្មែរ​ដែល​ត្រូវ​ទាហាន​ថៃ បាញ់​សម្លាប់​នោះ កំពុង​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ថៃ​នៅ​ឡើយ ហើយ​ខាង​អាជ្ញាធរ​ខ្មែរ​កំពុង​ស្នើ​ទៅ​ភាគី​ថៃ ដើម្បី​យក​សាកសព​មក​ធ្វើ​បុណ្យ​នៅ​ស្រុក​កំណើត​វិញ៕










ចាន់ តារាទី​ នៅ​តែ​ឈរ​លើ​វិថី​សិល្បៈ​សំដែង

January 8, 2011 at 1:17 PM
ដោយ ៖ សា​ម៉​ន
ថ្ងៃ សុក្រ ទី ៧ ខែ មករា ឆ្នាំ ២០១១
Koh Santepheap Daily

រាជធានីភ្នំពេញ​ ៖ អ្នក​នាង​ ចាន់ តារាទី ជា​តារាភាពយន្ត​មួយ​ដួង​​ដែល​ចាប់​ផ្តើមរះ​ឡើង​​នៅ​ពាក់​កណ្តាល​ទស​វត្ស​​ទី​៨០ ។ អ្នក​នាង​​​ចូល​​រួម​សំដែង​​បាន​ជា​ច្រើន​រឿង​ ហើយ​​មាន​កេរ្តិ៍ឈ្មោះ​​​ល្បីខ្លាំង​ក្នុង​ពិភព​សិល្បៈ​ភាព​យន្ត ។ អ្នក​នាង ចាន់​ តារា​ទី​ ទោះ​បី​ជា​មាន​វ័យ​ចំណាស់​បនិ្តច​ហើយ​ក្តី​នៅ​តែចាប់​អាជីព​សិល្បៈ​សំដែង​ភាព​យន្ត​ដដែល​។ ​នៅ​ក្នុង​ឆ្នាំ​២០១០ អ្នក​នាង​បាន​ចូល​រួម​សំដែង​រឿង​ភាគ​សំរាប់​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរ​ទស្សន៍​ជា​ច្រើន​រឿង​ ដូច​ជា​រឿង​ផ្កា​រីក​ពេញ​រដូវ​ ​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរ​ទស្សន៍​អាស៊ី​អាគ្នេយ៍​រឿងកែវ​ភ្នែក ឱ្យ​ទូរ​ទស្សន៍​ជាតិ​កម្ពុជា​​ រឿង​រដឺន​មាន​ស្នេហ៍​ ឱ្យ​ផលិត​កម្ម​ F.C.I រឿង​សំណុំ​រឿង​បរទេស ថត​ឱ្យ​ក្រុមហ៊ុន​​បារាំង​ និង​រឿង​​ឆ្អែត​ចិត្ត​ ឱ្យ​ផលិត​កម្ម​មហា​ហង្ស​សំរាប់​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរ​ទស្សន៍​អប្សរា​ប៉ុស្តិ៍​​លេខ​១១ ។ បច្ចុប្បន្ន​នេះ​​ភាគ​ច្រើន​អ្នក​នាង​សំដែង​ជា​តួ​ម្តាយ​។
អ្នក​នាង ចាន់ តារាទី កន្លង​មក​ក្រៅ​ពី​សំដែង​​វី​ដេ​អូ​ប្រមាណ​​ជាង​១០០​រឿងក៏​ធ្លាប់​ចូល​រួម​សំដែង​កាយ​វិការ​ខារ៉ា​អូខេ​ផ​ង​ដែរ​ ។ ​អ្នក​នាង​ធ្លាប់​បាន​ចេញ​​ទៅ​សំដែង​នៅ​ប្រទេស​បារាំង អាល្លឺ​ម៉ង់ កាណាដា និង​ស្វ៊ីស​។ ខណៈ​ទទួល​ជោគ​ជ័យ​ក្នុង​វិស័យ​សិល្បៈ​ភាព​យន្ត​ អ្នក​នាង​ចាន់ តារាទី​ បាន​រៀប​ការ​​ជាមួយ​លោក​កែវ វណ្ណ​ថន មន្ត្រី​នគរ​បាល​ក្រសួង​មហា​ផ្ទៃ​កាល​ពី​ឆ្នាំ​១៩៩០​ ប៉ុន្តែ​បាន​បែក​បាក់​គ្នាវិញ​​នា​ឆ្នាំ​២០០៥​ ដោយ​មាន​​កូន​ប្រុស​ស្រី​៣​នាក់​ គឺ​កូន​ប្រុស​ច្បង​ជា​និស្សិត​ឆ្នាំ​ទី​១ កូន​ស្រី​ទី​២ រៀន​ថ្នាក់​ទី​១២ និង​កូន​ប្រុស​ពៅ​កំពុង​រៀន​ថ្នាក់​ទី​៨។
អ្នក​នាង ចាន់ តារាទី​ និយាយ​ថា ទោះ​បី​សំដែង​ជា​តួ​ម្តាយ​ក៏​ដោយ​ ឱ្យ​តែ​ឈរ​លើ​វិថី​សិល្បៈ​សំដែង​មាន​ប្រិយ​មិត្ត​ទស្សនិក​ជន​គាំ​ទ្រ​ អ្នក​នាង​នៅ​តែ​សំដែង​មិន​បោះ​បង់​​ឡើយ ៕










ផលប្រយោជន៌នៃការថើប

January 8, 2011 at 1:04 PM
សរសេរដោយ ភ្នំពេញដេលីញូវ
សុក្រ, 07 មករា 2011


តើអ្នកបាន ដឹងទេថា ការថើប គឺមាន ប្រយោជន៍ បែបណាចំពោះ សុខភាព រាងកាយ ? ខាងក្រោមគឺជា អត្ថប្រយោជន៍ ដែលទទួលបាន មកពីការថើប ។
១- ជំរុញចរន្តឈាម
ការថើបអាចធ្វើឱ្យ ចង្វាក់បេះដូង របស់បុរស កើនឡើងពី ១១០ ទៅ ១២០ ដង ក្នុងមួយនាទី និង ចង្វាក់បេះដូងស្ត្រី កើន ឡើងរហូតដល់ ១៨០ ដង ក្នុងមួយនាទី ដែលនេះអាច ជួយកែលម្អ ចរន្តឈាម នៅក្នុងរាងកាយ ។ បណ្តាកោសិកា នៃ អវយវៈ ក្នុងរាងកាយ ក៏ទទួលបាន អុកស៊ីហ្សែនច្រើន ដោយសារ ប្រការនេះដែរ ។ ទាំងនេះជួយឱ្យ ស្មារតីបាន ធូរស្រាល និង ពោពេញដោយ ថាមពល និង ភាពរស់ រវើកនៃជីវិត ។

២- អារម្មណ៍នឹងន និង រក្សាភាពជឿជាក់
ការថើបធ្វើឱ្យស្មារតី បានធូរស្រាល និង បណ្តេញភាព តានតឹងក្នុង អារម្មណ៍ ។ ក្រៅពីនេះការថើប ក៏ធ្វើឱ្យក្រពេញ ក្រលៀន របស់យើងអាច បញ្ចេញសកម្មភាព បានច្រើនដែល ជួយរក្សាភាព រីករាយបានយូរ ។ ការថើបក៏ជួយ ឱ្យស្ត្រី មានការធូរ ស្រាលក្នុងអារម្មណ៍ កាត់បន្ថយសម្ពាធ នានាពីការងារ ផងដែរ ។

៣- ទប់ស្កាត់ជំងឺ និង ការពារសុខភាព
ការថើប អាចពន្យារពេល ការប្រមូលផ្តុំ នៃបណ្តា ជាតិគីមីពុល នៅក្នុងរាងកាយ ។ អ្នកដែលបាន ថើបគ្នាញឹកញាប់ មានអត្រាកើតជំងឺ ទាក់ទងនឹងឈាម ក្រពះ ពោះវៀន និង ថង់ប្រមាត់ តិចបំផុត ។ ការថើបថែមទាំង អាចទប់ស្កាត់ អាការរឹង សរសៃ ឈាមក្រហម ក្នុងរាងកាយ យ៉ាងមានប្រសិទ្ធភាព ហើយទន្ទឹម នឹងនេះ វាក៏ជួយការពារ មិនឱ្យកើតជំងឺ ទាក់ទងនឹង ឈាម និង សរសៃប្រសាទ ។ ការថើប ជាញឹកញាប់ ក្នុងអំឡុងពេលវែង អាចជួយបំបាត់ ជំងឺស្ទះដង្ហើម ដោយសារតែ ក្នុងពេលថើប ប្រព័ន្ធដង្ហើម ត្រូវទទួលសម្ពាធ ហើយនេះក៏ជា ប្រយោជន៍ដ៏ល្អ សម្រាប់កោសិកា ក្នុងរាងកាយ ព្រោះថាដំណើរការ របស់វាស្រដៀង នឹងការហាត់ យោហ្គា ឬហាត់ដកដង្ហើម ។ ការថើប ក៏អាចជួយ កាត់បន្ថយ គ្រោះថ្នាក់ នៃការកើតជំងឺ សម្ពាធឈាម ខ្ពស់ ស្វិតសាច់ដុំ និង កាត់បន្ថយការ ឡើងកូឡេស្តេរ៉ូល ខ្ពស់ផងដែរ ។

៤- បង្កើតកម្លាំង ការពាររាងកាយ
យោងទៅតាមការ ពិសោធថ្មីៗនេះ បានឱ្យដឹងថា ការប្តូរផ្លាស់ខាងលើ រវាងមនុស្សពីរនាក់ ក៏អាចជួយឱ្យប្រព័ន្ធ ការពាររាងកាយ របស់យើង បង្កើតបានសារជាតិ សម្រាប់ការពារ រាងកាយបាន កាន់តែច្រើន ៕










ពលករខ្មែរ ធ្លាក់ពីលើអគារ កម្ពស់ ៥ ជាន់ ស្លាប់នៅ ប្រទេសសៀម ក្រុងបាងកក

January 8, 2011 at 12:44 PM
សរសេរដោយ ភ្នំពេញដេលីញូវ
សុក្រ, 07 មករា 2011


សពពលករខ្មែរម្នាក់ ត្រូវបានរាជ រដ្ឋាភិបាលសៀម ដឹកមកប្រគល់ ជូនសាច់ញាតិ នៃសពកាលពីថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០១១ នៅចំណុច ស្ពានមិត្តភាព កម្ពុជាសៀម នៅវេលាម៉ោង ១១ និង ២៥ នាទី ។
បើតាមសម្តី ក្រុមគ្រួសារ នៃសព បានប្រាប់អ្នក យកព័ត៌មាន ភ្នំពេញដេលី យើងថា សពដែលបាន ស្លាប់នោះឈ្មោះ ញាន កញ្ញា ភេទប្រុសអាយុ ៣១ ឆ្នាំ ស្រុកកំណើត នៅភូមិពពេល ឃុំរហាស ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
សពដែលបានស្លាប់ ខាងលើគឺរូបគេ ជាកម្មករសំណង់ នៅទីក្រុងបាងកក ប្រទេសសៀម ឧបទ្ទវហេតុបាន កើតឡើងកាលពីថ្ងៃ ទី ២៩ ខែធ្នូ ឆ្នាំ ២០១០ ពោលគឺបានធ្លាក់ ពីលើអគារកម្ពស់ ៥ ជាន់ ខណះពេលរូបគេ កំពុងធ្វើសំណង់ ក្រោយពីបាន ធ្លាក់ រួចមក ជនរងគ្រោះត្រូវបាន យកទៅព្យាបាល នៅប្រទេសសៀម ដោយសភាព ជំងឺធ្ងន់ធ្ងរពេក ទើបបណ្តាលអោយស្លាប់ នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ២០១១ នៅមន្ទីរពេទ្យ ក្រុងបាងកក ។
ក្រោយមកដោយមាន បងប្អូនដែលរួម ការងារជាមួយ សពខាងលើបាន ទូរស័ព្ទមកប្រាប់ ដល់អ្នកផ្ទះ ទើបក្រុមគ្រួសារ នៃសពបានទំនាក់ទំនង តាមរយះការិយាល័យ ទំនាក់ទំនងកម្ពុជា សៀម ទើបដល់ថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០១១ រាជរដ្ឋាភិបាល សៀម ក៍បានដឹកសាកសព មកប្រគល់ជូន សាច់ញាតិ នៅត្រង់ពាក់កណ្តាល នៃស្ពានមិត្តភាព កម្ពុជាសៀម នៅវេលាម៉ោង ១១ និង ២៥ នាទី ៕










រឿង ដាំ ឆ័ត្ររីយ៍ មុនចូលគុគ

January 8, 2011 at 12:20 PM
សរសេរដោយ ភ្នំពេញដេលីញូវ
សៅរ៍, 08 មករា 2011


ចំណុចដែល នាំឱ្យមានការ ចាប់ខ្លួនលោក ដាំ ឆ័ត្ររីយ៍ និង គូកនរបស់គាត់ គឺផ្តើមចេញពី រឿងរ៉ាវទំនាស់ដីធ្លី ជាមួយប្រជាពលរដ្ឋ នៅខេត្ត បន្ទាយមានជ័យ ដែលបុរសខ្មែរ សញ្ជាតិអាមេរិក រូបនេះបានទៅ បោកប្រាស់ ប្រជាពលរដ្ឋ នៅទីនោះ ហើយ បាន អួតអាងថា លោកជាទីប្រឹក្សារបស់ អតីតប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចច ដាប់ប៊លយូ ប៊ូស និង ជា សមាជិកឧត្តម ក្រុមប្រឹក្សាពិសេស កែទម្រង់សេដ្ឋកិច្ច របស់លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី សហរដ្ឋអាមេរិក នាពេល បច្ចុប្បន្ន ។ មិនតែប៉ុណ្ណោះ លោក ដាំ ឆ័ត្ររីយ៍ បានអួតថា លោកមាន ទឹកប្រាក់ជាង ៥០០ លានដុល្លារ នៅធនាគារ ក្រៅប្រទេស ដែលធ្វើឱ្យសមត្ថកិច្ច មានការសង្ស័យ ទើបនាំឱ្យមានការ ស៊ើបអង្កេត និង ស្រាវជ្រាវ ហើយសមត្ថកិច្ច បានរកឃើញ ឯកសារក្លែង ក្លាយ ជាច្រើនដែល ពាក់ព័ន្ធ ជាមួយលោក ដាំ ឆ័ត្ររីយ៍ និង ដៃគូរបស់គាត់ ម្នាក់ទៀត ។

មុនពេលចាប់ ខ្លួនលោក ដាំ ឆ័ត្ររីយ៍ និង លោក សួស សារឿន ដែលជាជំនួយការ របស់គាត់នោះ កាលពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១០ ក្រសួងសេដ្ឋកិច្ច និង ហិរញវត្ថុ បានចេញ លិខិតមួយ ដោយស្នើឱ្យ ក្រសួងមហាផ្ទៃ ធ្វើការស៊ើបអង្កេត ទៅលើ អាជីវកម្ម ក្រុមហ៊ុន ARP-OITC GROUPCO.,LTD. ដែលមានឈ្មោះ លោក សួស សារឿន ជាប្រធានក្រុមហ៊ុន ដោយបានលើក ឡើងថា ដើម្បីការពារ ហានិភ័យ ជាយថាហេតុ ដល់សាធារណជន ដោយក្រសួងសេដ្ឋកិច្ច និង ហិរញវត្ថុ មានការ សង្ស័យលើ ប្រតិបត្តិការ របស់ក្រុមហ៊ុននេះ ។ បន្ទាប់ពីរកឃើញ មិនមាន អាជ្ញាប័ណ្ណអនុញ្ញាត ពីក្រសួងសេដ្ឋកិច្ច និង ហិរញវត្ថុ និង រកឃើញឯកសារ ពាក់ព័ន្ធក្លែងក្លាយ មួយចំនួន ទើបនៅថ្ងៃទី ១៧ និង ១៨ ខែធ្នូ ឆ្នាំ ២០១០ ដោយអនុវត្ត តាមដីកា របស់ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចនាយកដ្ឋានសន្តិសុខផ្ទៃក្នុងបានឃាត់ខ្លួន លោក ដាំ ឆ័ត្ររីយ៍ ភេទប្រុស អាយុ ៥៩ ឆ្នាំ ដែលជាប្រធានក្រុមហ៊ុន OITC នៅក្នុងភូមិគ្រឹះរបស់គាត់ ផ្ទះលេខ ៣៤ ព ផ្លូវ ២៤០ សង្កាត់ចតុម្ខុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ជាមួយគ្នានោះក៏មានការចាប់ឃាត់ខ្លួនលោក សួស សារឿន ខណៈពេល ដែលរូបគេជិះរថយន្តចូលផ្ទះលោក ដាំ ឆ័ត្ររីយ៍ នេះ ហើយនៅថ្ងៃដដែលនោះកម្លាំងសមត្ថកិច្ច បានធ្វើ ការឆែកឆេរលំនៅស្ថានចំនួនពីរកន្លែង ដោយទីមួយឆែកឆេរភូមិគ្រឹះលោក ដាំ ឆ័ត្ររីយ៍ ហើយសមត្ថកិច្ចបានរឹបអូស វត្ថុតាងមួយចំនួនដូចជា កុំព្យូទ័រ Laptop ចំនួនមួយគ្រឿង លិខិតផ្ទេរប្រាក់របស់ធានាគារក្រៅប្រទេសជាច្រើនសន្លឹក ឯកសារលិខិតថតចម្លង ជាភាសាអង់គ្លេស ក្រោមរូប ភាពក្រុមហ៊ុន OITC នៅកម្ពុជាជាច្រើនប្រភេទ និង ច្រើនសន្លឹក ឯកសារលិខិតថតចម្លងជាភាសាអង់គ្លេសក្រោមរូបភាពក្រុមហ៊ុន OITC នៅកម្ពុជាជាច្រើនប្រភេទ និង ច្រើនសន្លឹក ឯកសារទិញ លក់ ផ្ទេរកម្មសិទ្ធិ ដីធ្លីជាច្រើនសន្លឹក ត្រាក្រុមហ៊ុន ជា ច្រើនប្រភេទ ។ ការឆែកឆេរ កន្លែងទីពីរនៅ ក្រុមហ៊ុន ARP-OITC Group Co.,Ltd. ផ្ទះលេខលេខ ២៧៧ ផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ របស់ឈ្មោះ សួស សារឿន ជាមួយគ្នានោះ សមត្ថកិច្ចបាន រឹបអូសកុំព្យូទ័រ Laptop មួយគ្រឿង លិខិតតែងតាំងរបស់ ដាំ ឆ័ត្ររីយ៍ ដោយផ្តល់ថ្នាក់បណ្ឌិត ឱ្យលោក សួស សារឿន លិខិតផ្ទេរប្រាក់ របស់ធនាគារ ក្រៅប្រទេស ជាច្រើនសន្លឹក ឯកសារទិញ លក់ ផ្ទេរកម្មសិទ្ធ ដីធ្លីជាច្រើនច្បាប់ និង ត្រាក្រុមហ៊ុន ជាច្រើនប្រភេទ ។
ក្នុងការឆែកឆេរលំនៅស្ថានទាំងពីរកន្លែង សមត្ថកិច្ចជំនាញបានរកឃើញថា ឈ្មោះ ដាំ ឆ័ត្ររីយ៍ មានការ ជាប់ពាក់ព័ន្ធសកម្មភាពក្លែងឯកសារសាធារណៈ និង ប្រើប្រាស់លិខិតក្លែងប័ណ្ណឥណទានរបស់ធនាគារនៅក្រៅ ប្រទេសដែលមានទឹកប្រាក់ ចំនួន ៥០០ លានដុល្លារ ក្រោមរូបភាពអាជីវកម្មទិញ-លក់អចលនវត្ថុដើម្បីបន្លំប្រាក់អ្នក វិនិយោគទុនក្នុងស្រុក និង ក្រៅប្រទេស ព្រមទាំងរដ្ឋាភិបាលផងដែរ ចំពោះឈ្មោះ សួន សារឿន ជាអ្នកផ្សំគំនិត ជាមួយឈ្មោះ ដាំ ឆ័ត្ររីយ៍ ។ ជនត្រូវចោទ ដាំ ឆ័ត្ររីយ៍ អាយុ ៥៩ ឆ្នាំ មានសញ្ជាតិអាមេរិក ដើមកំណើតខ្មែរនៅ ក្នុងឯកសារដែលសមត្ថកិច្ចរកឃើញនោះ ដាំ ឆ័ត្ររីយ៍ មានមុខងារជាអ្នកសម្របសម្រួលច្បាប់ធនាគារ និង ហិរញវត្ថុ អន្តរជាតិប្រចាំក្រុមហ៊ុន ។ មិនតែប៉ុណ្ណោះ គាត់បានប្រើនាមប័ណ្ណ ដោយដាក់ថា ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតរដ្ឋ តែ គេរកពុំឃើញលិខិតស្នាមបញ្ជាក់ជាផ្លូវការនោះទេ ។ មានឯកសារមួយផ្សេងទៀតរបស់សមាគមសមណនិស្សិតកម្ពុជា បានបញ្ជាក់ថា ដាំ ឆ័ត្ររីយ៍ ជាប្រធាន ឧត្តមក្រុមប្រឹក្សា នៃសាកលវិទ្យាល័យ មហាចុឡាលុងកន រាជវិទ្យាល័យ (ប្រទេស ថៃ) ខាងផ្នែកបកប្រែ កែសម្រួលសៀវភៅ អភិធម្ម សៀវភៅធម៌ទូទៅ សៀវភៅសង្គមសិក្សា និង ជាអ្នកឧបត្ថម្ភ បោះពុម្ព ផ្សព្វផ្សាយ ទូទាំងពិភពលោក ដើម្បីទ្រទ្រង់ ព្រះពុទ្ធសាសនា និង ជាអ្នកឧបត្ថម្ភបោះ ពុម្ពផ្សព្វផ្សាយទូទាំងពិភពលោក ដើម្បី ទ្រទ្រង់ព្រះពុទ្ធសាសនា និង ជាអ្នកឧបត្ថម្ភទ្រទ្រង់កម្មវិធីបុណ្យបព្វជ្ជា អប់រំសីលធម៌ ចរិយាធម៌ ដល់កុលបុត្រ កុលធិតា ខ្មែររបស់សមាគមខេមរនិស្សិត ។ ក្រៅពីក្លែងបន្លំឯកសារទាំងនេះ ឈ្មោះនេះបានតាំងខ្លួន ជា ឧត្តមសេនីយ៍ឯក ដោយយកឈ្មោះរាជរដ្ឋាភិបាលជារនាំងបាំងមុខ ដើម្បីឱ្យសាធារណជនជាតិ និង អន្តរជាតិមានការជឿទុកចិត្ត ។ ការ ក្លែងឯកសារទាំងអស់នេះគឺ ដាំ ឆ័ត្ររីយ៍ ចង់ឱ្យអ្នកវិនិយោគទុននៅក្រៅប្រទេស មានការជឿជាក់ដើម្បី បោះ ទុនវិនិយោគ ជាមួយក្រុមហ៊ុនរបស់គេដែលមានគម្រោងទឹកប្រាក់ ៥០០ លានដុល្លារ ប៉ុន្តែរហូតមកដល់ពេលនេះ គេពុំទាន់រកឃើញ ថា គាត់បានទទួលទឹកប្រាក់វិនិយោគចំនួនប៉ុន្មាននៅឡើយទេ ។
* ចម្លើយសារភាពរបស់ជនសង្ស័យទាំងពីរនាក់ដែលទទួលបានពីនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ
នៅចំពោះមុខ សមត្ថកិច្ចប៉ូលិស ឈ្មោះ ដាំ ឆ័ត្ររីយ៍ ហៅ អ៊ុង ដាំតារា បានសារភាពថា ខ្លួនមានតួនាទីជាជំនួយ ការអតីតប្រធានាធិបតី សហរដ្ឋអាមេរិក (ប៊ូស) និង ជាអ្នកសម្របសម្រួល ច្បាប់ធនាគារ និង ហិរញវត្ថុអន្តរជាតិ ប្រចាំ ឿទីជ ហើយក៏ ជាសមាជិក ឧត្តមក្រុមប្រឹក្សា ជាន់ខ្ពស់ផ្នែក កែទម្រង់សេដ្ឋកិច្ច របស់រដ្ឋាភិបាល សហរដ្ឋអាមេរិក (អូបាម៉ា) ហើយក៏ជាប្រធាន អង្គការមួយ មានទីតាំងប្រចាំនៅ សហរដ្ឋអាមេរិក ប៉ុន្តែលិខិតតែងតាំង ខាងលើនេះគឺពុំ មានច្បាប់ដើម នៅកម្ពុជាឡើយ (ថតចម្លងទាំងអស់) ។ ចំពោះក្រុមហ៊ុន ARP-OITC GROUP Co.,Ltd. មិនមានការពាក់ព័ន្ធ នឹងខ្លួនទេ គឺជាក្រុមហ៊ុន របស់ឈ្មោះ សួស សារឿន ដែលបានយក វីបសាយរបស់ខ្លួន (ដាំ ឆ័ត្ររីយ៍ ហៅ អ៊ុង ដាំតារា) មកផ្សាយពាណិជ្ជកម្ម ដើម្បី សាធារណៈជន ជឿជាក់ក្នុងការ ទិញលក់អចលនទ្រព្យ ប៉ុន្តែឈ្មោះ សួស សារឿន ជាជំនួយការ របស់ខ្លួន សម្រាប់ធ្វើការងារ ទូទៅក្នុងប្រទេសកម្ពុជា ។ រីឯស្ត្រីម្នាក់ទៀត ឈ្មោះជំទាវ ហូ សុវណ្ណ ដែលជានាយិកា ក្រុមហ៊ុន OITC BANK TRUST LTD ក៏ជាជំនួយការ របស់ខ្លួនដែរ សម្រាប់ទាក់ទង ធ្វើការងារក្នុងប្រទេស ហើយលោកជំទាវនេះ មានភារកិច្ចជាអ្នក ធ្វើកិច្ចសន្យាជាមួយ ក្រុមហ៊ុនផ្សេងៗទៀត ដូចជាក្រុមហ៊ុន វៀតណាម និង ថៃ ។ ដោយឡែក ខ្លួន (ដាំ ឆ័ត្ររីយ៍) ធ្វើការងារតែ នៅក្រៅ ប្រទេស ប៉ុណ្ណោះ ។
ដោយឡែក លិខិតរបស់ធនាគារ ្ហព្ថជ ចុះថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០០៩ ដែលមានទឹកប្រាក់ ចំនួន ៥០០.០០០.០០០ ដុល្លារ ដាំ ឆ័ត្ររីយ៍ បានដោះសាថា ជាមូលប័ត្រ ធានារ៉ាប់រ៉ង ពិតប្រាកដដែលខ្លួន បានទំនាក់ទំនង ផ្ទាល់ជាមួយ ធនាគារ HSBC នៅ ប្រទេស អង់គ្លេស ។
ឈ្មោះ ដាំ ឆ័ត្ររីយ៍ ក៏បានបញ្ជាក់ដែរថា រូបថតរបស់ខ្លួន ដែលថតពាក់ ឯកសណ្ឋានជា កងយោធពល ខេមរភូមិន្ទ ថ្នាក់ឧត្តមសេនីយ៍ឯកនោះ គឺខ្លួនពុំមានមុខងារ នេះឡើយ ។
ដោយឡែក ឈ្មោះ សួស សារឿន បានសារភាពថា ខ្លួនជានាយកក្រុមហ៊ុន ARP-OITC GROUP CO., LTD នឹងខ្លួន មានទំនាក់ទំនង ជាមួយឈ្មោះ ដាំ ឆ័ត្ររីយ៍ តាំងពីឆ្នាំ ២០០៦ រួចខ្លួនបានទទួល យកឈ្មោះ ដាំ ឆ័ត្ររីយ៍ ជាគ្រូបង្រៀន ក្នុងមុខរបរ ជំនួញ ។ ក្រុមហ៊ុនរបស់ ខ្លួននេះបានសុំច្បាប់ ពីក្រសួងពាណិជ្ជកម្ម ប៉ុន្តែពុំមាន អាជ្ញាប័ណ្ណ ពីក្រសួង សេដ្ឋកិច្ច និង ហិរញវត្ថុ ។ ក្រុមហ៊ុននេះបាន ធ្វើអាជីវកម្មទៅលើ សេវាលក់ ទិញ អចលនទ្រព្យ និង ជួយផ្សាយ ពាណិជ្ជកម្មវីបសាយ របស់លោក ដាំ ឆ័ត្ររីយ៍ ។
ចំពោះឯកសារ ទឹកប្រាក់ចំនួន ៥០០.០០០.០០០ ដុល្លារ នៅធនាគារ ្ហព្ថជ គឺខ្លួន (សួស សារឿន) បានមកតាម រយៈឈ្មោះ ដាំ ឆ័ត្ររីយ៍ ផ្ញើមកឱ្យតាមរយៈ អ៊ីម៉ែល ដើម្បីបង្ហាញឱ្យអតិថិជន ដែលមានគម្រោង វិនិយោគទុន ជឿជាក់ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ ផល អគ្គស្នងការរង នគរបាលជាតិ ដែលដឹកនាំ ធ្វើការងារនេះ យ៉ាងសកម្មនោះ បានមានប្រសាសន៍ថា បទល្មើសជាក់ស្តែង របស់ឈ្មោះ ដាំ ឆ័ត្ររីយ៍ មានចំនួនបួនករណី គឺទីមួយគាត់ធ្វើ លិខិតក្លែងក្លាយ ពីធនាគារ HSBC ដែលជាធនាគារ ដ៏ល្បីល្បាញមួយ នៅទីក្រុងហុងកុង ដែលគាត់បានអួតថា មានលុយរាប់រយ លានដុល្លារ នៅក្នុងធនាគារនោះ ប៉ុន្តែក្រោយមក តាមការបញ្ជាក់របស់ ធនាគារនេះគឺគាត់ មិនមានប្រាក់នៅក្នុង ធនាគារនោះ ទេ ហើយលិខិត បញ្ជាក់ពីធនាគារ ដែលគាត់មាននោះ ជាលិខិតក្លែងក្លាយ ។ ទីពីរគាត់ធ្វើ ឯកសារក្លែងក្លាយ ក្នុងនាមរូបគាត់ ជាទីប្រឹក្សារបស់ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដើម្បីយកឥទ្ធិពលនេះ សម្រាប់ការរកស៊ី របស់គាត់ ។ ទីបី គាត់មានការ ប៉ះពាល់ដី ប្រជាពលរដ្ឋ នៅ ខេត្តបន្ទាយមានជ័យ និង ទីបួនបណ្តឹងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គាត ឈន់ ដែលបានប្តឹងគាត់ ពីបទបើកក្រុមហ៊ុន ទិញ លក់ អចលនទ្រព្យ ដោយមិនមានការ សុំអាជ្ញាប័ណ្ណ ឬ សុំការផ្តល់សិទ្ធិ ពីក្រសួង សេដ្ឋកិច្ច និង ហិរញវត្ថុឡើយ ហើយក្រុមហ៊ុននេះ មិនបានបង់ពន្ធ ចូលរដ្ឋឡើយ ដោយឡែកឈ្មោះ សួស សារឿន គ្រាន់តែជា អ្នកឈរឈ្មោះ ជំនួសឱ្យឈ្មោះ ដាំ ឆ័ត្ររីយ៍ តែប៉ុណ្ណោះ ។ ចំពោះការងារនេះ សមត្ថកិច្ចរបស់យើង បានធ្វើការងារដោយ សហការជា មួយ ធពី ដោយគេបាន បញ្ជាក់ថា ឈ្មោះ ដាំ ឆ័ត្ររីយ៍ មិនមែនបុគ្គលិក របស់សេតវិមាន សហរដ្ឋអាមេរិកឡើយ ហើយគាត់ក៏មិនមែន ជាទីប្រឹក្សារបស់ អតីតប្រធានាធិបតី សហរដ្ឋអាមេរិក ចច ដាប់ប៊លយូ ប៊ូស នោះឡើយ ។ ប្រសិនបើ យើងមិនធ្វើ ការបង្ក្រាបទាន់ ពេលវេលានោះទេ គាត់នឹងធ្វើការ បោកប្រាស់ ប្រជាពលរដ្ឋ ជាច្រើនទៀត ។ ករណីដំបូង ដែលនាំឱ្យមាន ការចាប់ខ្លួនគាត់នោះ គឺដោយសារគាត់ មានទំនាស់ដីធ្លីមួយ នៅខេត្ត បន្ទាយមានជ័យ ជាមួយប្រជាកសិករ ជាច្រើនគ្រួសារ ដែលគាត់បាន ទៅទិញដីនៅទីនោះ ដោយគាត់ បានកក់ដី គេរួចហើយ គាត់បានយកប្លង់ កម្មសិទ្ធិដី ទាំងអស់នោះ មកដាក់បញ្ចាំ យកប្រាក់ពី ធនាគារដើម្បីយកប្រាក់ ទៅរកស៊ីវិញ មិនតែប៉ុណ្ណោះគាត់បាន ធ្វើឱ្យប៉ះពាល់ដល់ដីធ្លី ប្រជាពលរដ្ឋដទៃ ទៀត រហូតមានរឿងរ៉ាវ ឡើងទៅដល់ តុលាការខេត្ត បន្ទាយមានជ័យ ។
ជនសង្ស័យទាំងពីរនាក់ ត្រូវបានសាលាដំបូង រាជធានីភ្នំពេញ បានធ្វើការឃុំខ្លួន ដាក់ក្នុងពន្ធនាគារ ជាបណ្តោះ អាសន្ន កាលពីរសៀល ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១០ កន្លងទៅនេះ ក្រោមការចោទប្រកាន់ ពីបទក្លែងបន្លំ និង បទប្រើប្រាស់ លិខិតក្លែង ដែល មានចែង និង ផ្តន្ទាទោស តាមមាត្រា ៦២៧ និង ៦២៨ នៃក្រមព្រហ្មទណ្ឌ ។ ចំណែកគូកន ដែលរត់គេច ខ្លួនបាត់ ក៏ត្រូវតុលាការចោទ ប្រកាន់ពីបទក្លែង បន្លំឯកសារសាធារណៈ ដែលមានចែង និង ផ្តន្ទាទោសតាមមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ ។ ដូច្នេះ បើយោងតាមមាត្រា ៦២៧ និង ៦២៨ នេះ ជនសង្ស័យ ទាំងពីរនាក់នេះ នឹងត្រូវប្រឈមមុខ ជាប់ពន្ធនាគារពី ២ ឆ្នាំទៅ ៦ ឆ្នាំ និង ពិន័យជាប្រាក់ពី ៤ លានរៀល ទៅ ១២ លានរៀល ប្រសិនបើតុលាការ រកឃើញថា ពិតជាមានពិរុទ្ធភាព ដូចការចោទ ប្រកាន់ប្រាកដមែន ៕










សឿ សុធារ៉ា ដល់ពេលចូលពេទ្យ

January 8, 2011 at 11:54 AM
សរសេរដោយ ភ្នំពេញដេលីញូវ
សៅរ៍, 08 មករា 2011


បើគិត មកទល់ពេលនេះ នៅសល់ប៉ុន្មាន ថ្ងៃទៀតប៉ុណ្ណោះ ដែលអ្នកនាង សឿ សុធារ៉ា ដល់កំណត់ ចូលមន្ទីរពេទ្យ ដើម្បី សម្រាលកូន ។ មិនត្រឹមខកខាន ការងារសិល្បៈ ប៉ុណ្ណោះទេ សូម្បីរបរសម្អាងការ ដែលកំពុង ត្រូវប៉ាន់ ក្នុងរដូវនេះ ក៏ សឿ សុធារ៉ា ទុកឱ្យបងៗ របស់នាង ជាអ្នកមើលការ ខុសត្រូវដែរ ។ ភាពព្រងើយកន្តើយ របស់អតីតតារា ដែលធ្លាប់មាន ឈ្មោះបោះសំឡេង រូបនេះ ត្រូវបានលោក សាពូន មីដាដា និយាយថា "ភរិយារបស់ខ្ញុំ មិនបង្ហាញមុខ ដោយសារគាត់ ចង់សម្រាកថែ ទាំសុខភាព ឱ្យបានល្អ ។ ម៉្យាងពេល មានផ្ទៃពោះ គាត់ពិបាកក្នុងការ តុបតែងខ្លួនផង តែយ៉ាងណា ក្រោយសម្រាលកូន រឹងដៃជើងហើយ គាត់នឹងចូលប្រឡូក យ៉ាងពេញ ទំហឹងហើយ (សើច)" ។
ក្នុងកំឡុងពេលនេះ សុខភាពរបស់ សឿ សុធារ៉ា និង កូនក្នុងផ្ទៃ ល្អប្រសើរ ជាធម្មតាទេ ។ បើតាមកាលកំណត់ នាងត្រូវសម្រាលកូន នៅមួយអាទិត្យ ខាងមុខនេះ ។
ក្នុងអំឡុងពេល សឿ សុធារ៉ា កៀកដល់ថ្ងៃ សម្រាលកូននោះ សាពូន មីដាដា បាននិយាយថា ភរិយារបស់លោក មានបំណង សម្រាលកូន នៅមន្ទីរពេទ្យ រ៉ូយ៉ាល់រតនៈ អ្វីដែលពិសេស ខាងមន្ទីរពេទ្យ មិនបានគិតតម្លៃអ្វីទេ ហើយថែមទាំងផ្តល់ សេវាពិសេសស ម្រាប់ភរិយាលោក ថែមទៀតផង ។
ទោះជាមិនទាន់ បានឃើញ មុខកូនស្រី ក៏ពិតមែន តែ សាពូន មីដាដា និង សឿ សុធារ៉ា បានត្រៀមឈ្មោះ យ៉ាងពីរោះ សម្រាប់កូនស្រីរបស់ខ្លួន ។ មិនត្រឹមតែប៉ុណ្ណោះ គូស្វាមីភរិយា សិល្បៈមួយគូនេះ មានគម្រោងរៀបចំ ពិធីជប់លៀងធំមួយ ដោយគ្រោង អញ្ជើញមិត្តភក្តិ ក្នុងសិល្បៈចូលរួម ក្រោយពេលកូនស្រី មានអាយុមួយខែ ។




This email was sent to samautoblog.news@blogger.com.
Delivered by Feed My Inbox
PO Box 682532 Franklin, TN 37068
Create Account
Unsubscribe Here Feed My Inbox

0 comments: